ច្បាប់កេរកាលថ្មី

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸ចេះឯងឲ្យក្រែងចេះគេ។


ច្បាប់កេរកាលថ្មី

នេះបទព្រហ្មប្រាជ្ញប្រាយខ្ញុំអធិប្បាយលើកល្បត់ល្បង
ប្រដៅកូនចៅផងចងជាច្បាប់ខុសនិងត្រូវ ។
កត្តិកខ្នើតគ្នេរគ្នាន់ក្នុងវស្សន្តរដូវ
ទឹកស្រែជន់លិចស្រូវនៅសំណល់សំណាបខ្ចី ។
កេរកាលពីព្រេងព្រឹទ្ធដើមគំនិតពីសេដ្ឋី
ខ្ញុំលើកកេរកាលថ្មីចែងសេចក្តីជាបរមត្ថ ។
ក្នុងថៃ្ងពេញបូរមីម៉ោង៨ព្រលប់សា្ងត់
ឆ្នាំចចត្វាក្សត្រផាត់សករាជកន្លងឆា្ងយ ។
សាសនាព្រះសមណៈបានពីរពាន់បួនរយប្លាយ
ហុកសិបប្រាំកំចាយចាត់អធិប្បាយពីខុសត្រូវ ។
កេរកាលដំណាលទុកជាទំនុកដំណែលនៅ
ដំណតរៀងទៅតម្រូវចិត្តជនប្រុសស្រី ។
កូនអើយពាក្យអាពុកជាទំនុកទំនើបថ្មី
អនិស្រាយរាយបាលីអាពុកស្តីឱ្យកូនស្តាប់ ។
គួរស្តាយកេរ្តិ៍ម៉ែឳកិរិយាត្រូវឱ្យខំត្រាប់
កិរិយាណាខុសច្បាប់គួរក្រឡាប់ក្រឡាស់ចោល ។
ម្តាយអាពុកនិងកូនបីដូចខ្លួននិងស្រមោល
ឃើញខុសកុំដេញដោលកុំថ្កោលទោសអ្នកមានគុណ ។
ល្ងង់ខ្លៅត្រូវតែសួរពាក្យឱ្យគួរកុំឱ្យស៊ុន
យកពាក្យផ្អែមជាមុនទន់លំទោនឱនប្រតិបត្តិ ។
ទោះម៉ែឳស្លូតកាចគួរតែខ្លាចដូចមហាក្សត្រ
ម្តាយជេរពីរបីម៉ាត់គួរតែសា្ងត់ស្ងៀមឱ្យឈឹង ។
ប្រដៅត្រូវតែស្តាប់យកតម្រាប់កុំទទឹង
ម្នោម្នះចចេសរឹងនឹងហើយហៅកូនសេសកម្ម ។
ធម៌អាថ៌ចេះតែភ្លេចជេរប្រទេចចេះតែចាំ
អាពុកពត់ទៅស្តាំអកុសលកម្មទាញទៅឆ្វេង ។
អវជាតបុត្រខូចបំផុតតាំងពីក្មេង
ប្រព្រឹត្តព្រើលផ្សេងៗបើលេងអ្វីស្តីមិនស្តាប់ ។
មិនស្តាយជាតិកំណើតល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់
ត្រឹមត្រូវមិនសូវស្តាល់ព្រួយគេប្រាប់ទាំងយប់ថៃ្ង ។
ម៉ែឳមានគុណណាស់មិនសំពះខ្មាសអៀនដៃ
បើអ្នកក្រៅដទៃវិស័យសោះសំពះបាន ។
ឆ្លើយបាទចាះចា៎ខ្ញុំរាបរម្យទមនឹងសន្តាន
ម៉ែឳឯងក្នុងឋានហ៊ានឆ្លើយអីអញអឺអើ ។
អនុជាតបុត្រស្លូតបំផុតស្រណុកប្រើ
ប្រកបការប្រសើរដើរតែតាមលំអានឳ ។
ប្រដៅទទួលយកចេះលៃលកស្គាល់ខុសត្រូវ
ស្រណុកញាក់ធ្លាក់ផ្លូវមិនសូវភ្លេចដំបូន្មាន ។
អតិជាតបុត្រល្អបរិសុទ្ធស្គាល់សីលទាន
នាំឳទៅនិព្វានឈានទៅរកកន្លែងសុខ ។
ចេះលើសគេដរាបជឿបុណ្យបាបប្រេតនរក
មិនល្មោភនឹងមូត្រលាមកភ័យនឹងភក់ភពសង្សារ ។
នេះគឺដើមបាលីបុត្រទាំងបីបែបកិរិយា
ស្រឡាញ់ណាស្អប់ណាតាមសញ្ញាចូលចិត្តចុះ ។
អវធ្លាក់ផ្លូវក្រោមប្រព្រឹត្តព្រមតែខាងខុស
អតិជាតមារយាទខ្ពស់អនុនោះយ៉ាងកណ្តាល ។
អតិ១០០មានមួយគួរតែស្ទួយដាក់លើក្បាល
អវគឺស្រើបស្រាលត្រអាលយកតែពីរយ៉ាង ។
២៥- អតិជាតកំណើត គំនិតកើតពីកសាង
កុសលតម្កល់ខាងសំណាងកើតពីគំនិត ។
អនុអានាងអើយខ្លួនធំហើយឱ្យចេះគិត
ចេះកាញ់ស្គាល់ឆា្ងយជិតប្រព្រឹត្តយកតែខាងត្រូវ ។
រៀនរិះរកទ្រព្យធនយកប្រពន្ធមើលធុនឳ
ធុនថោកជ្រកខុសត្រូវអ្នកកុំទៅខ្លាចបន្លា ។
ផ្លូវវៀចកុំបោះបង់ផ្លូវព្រៃត្រង់កុំយាត្រា
ឈានឈរពិចារណាឆ្ការឱ្យស្អាតសឹមដើរទៅ ។
កុំដើរភ្លើភ្លេចខ្លួនខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ
ជ្រកម្លប់សំណាក់នៅកុំបោះពៅផ្ទប់គល់ឈើ ។
ឆេះខ្លោចសំបកក្រោមស្រពោនញមស្លោកស្លឹកលើ
មានភ្នែកឱ្យចេះមើល៍កុំលី្ងលើ្ងល្ងង់លិ្ងតពេក ។
រៀនដើរឱ្យមើលផ្លូវធ្វើស្រែស្រូវឱ្យមើលមេឃ
ម្លប់ធ្លកធ្លាប់ជ្រកដេកជាដំណេកអ្នកដំណើរ ។
ដំណែលដែលគេដាក់ជាដំណាក់ទំនួលផ្ញើ
ចំណាំចាំគ្រាន់បើដើរក្រោយៗគ្រាន់ជ្រកទៀត ។
ឈើណាទោសសត្រូវដុះជិតផ្លូវនាំចង្អៀត
ជំពប់យប់អធ្រាត្រឆ្លៀតកាប់ចេញកុំទុកវា ។
បន្លាគល់ដង្គត់កន្លងផុតតែភ្នែកជា
ដើរយប់ជំពប់ពារក្រែងគ្រោះគ្នាអ្នកដើរក្រោយ ។
៣៥- គ្នាមុតកុំចាំផ្ទាន់ឃើញគួរជាន់កុំបណ្តោយ
បណ្តើរមើលខ្លាំងខ្សោយឱ្យពិនិត្យពិចារណា ។
ពាក្យពិតត្រង់ប្រាកដត្រូវច្រើនបទច្រើនប្រការ
ប្រកបជាប្រស្នាប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់ ។
ផ្លូវពិតទាំងជិតឆា្ងយសព្វសុសសាយមិនសេសសល់
អ្នកណាប្រាជ្ញាដល់ដឹងយោបល់ច្រើនកន្លែង ។
កូនអើយការកេរ្តិ៍ឈ្មោះកុំចង់រស់តែម្នាក់ឯង
គិតអ្វីគិតឱ្យវែងក្រែងក្រក្រោយស៊យគំនិត ។
កំណើតរាល់រូបកាយចេញជួញឆា្ងយស្តាយជួញជិត
ចិញ្ចឹមជន្មជីវិតគិតឱ្យស្រេចទើបបានស្រួល ។
ធ្វើស្រែចង់បានស្រូវដើមរដូវធ្វើស្រែទួល
ស្រែទាបមើលទំនួលលើកទំនប់ឱ្យមាំមួន ។
កូនអើយកេរ្តិ៍មេបាចាំរក្សាមើលថែថួន
ធុញថប់ថយថោកខ្លួនជួនជាខ្សត់គេថាខ្សោយ ។
ស្រូវខ្សោយអង្ករថ្លៃលក់សំចៃទុកឆ្នាំក្រោយ
អ្នកក្ររកញយៗឱ្យអ្នកសុំជាងអ្នកខ្ចី ។
សប្បុរសពេកថយធនមូទូជនថយរាសី
ប្រពន្ធល្អច្រើនអាប់ប្តីពាក្យអប្រិយចាញ់អាត្មា ។
ឈើផ្លែចាញ់សន្លឹកត្រីវរវឹកទឹកមិនថ្លា
កំណាញ់ក្រៅតម្រាសោតសឹងអាប់ប្រយោជន៍យស ។
នឹងឱ្យៗមើលភាពឱ្យអ្នកទាបជាងអ្នកខ្ពស់
អ្នកទិញឈប់សិនចុះក្នុងតែរស់មិនស្លាប់ងាយ ។
កំណាញ់ហួសកំណត់ពាក្យអ្នកខ្សត់ខ្សបនិយាយ
ទេវតាផ្តន្ទាទាយរលាយអស់រលស់ឯង ។
សទ្ធាមើលធនធានជាតិអ្នកមានមិនអង្វែង
កំណាញ់ដោយកន្លែងក្រែងគ្រោះក្រដល់ឆ្នាំក្រោយ ។
អ្នកក្រខ្ចីនេះកុំអ្នកមានសុំនេះគួរឱ្យ
អ្នកប្រាជ្ញអង្គាសញយអស់ក៏ដោយឱ្យទៅចុះ ។
អ្នកក្របានជាហាមពិបាកតាមទៅឯណោះ
ទាល់ទឹកចូលច្រមុះច្រើនកើតឈ្លោះពីព្រោះយល់ ។
អ្នកមានគេមានខ្មាសសងរហ័សមិនអំពល់
ជួនយើងមានរវល់គេស្គាល់មុខស្រណុកខ្ចី ។
អ្នកក្រៗទាំងចិត្តស្រូវឆ្មារល្អិតឱ្យមើលល្អី
វាល់ល្អកន្តាំងបីទាន់ស្រូវថ្មីទារឆាប់បាន ។
ជួនក្រែងឯងក្រវិញទោះដូរទិញមើលប្រមាណ
ជឿបុលខ្ចីសន្តានកុំហ៊ានពារកញ្ជើធំ ។
ខ្លួនក្រកុំចង់ធាត់កុំងាយមាត់អាងតែសុំ
ជឿខ្ចីល្អីក្រមុំស្រូវឯងទុំស្រណុកសង ។
បើជឿខ្ចីគេឱ្យកុំទៅញយគេឱ្យខ្នង
ឯណេះឯណោះផងកុំច្រើនដងគេមើលងាយ ។
ក្រលុយកុំងុយដេកចូលដំណេកកុំនិយាយ
សំពត់ញាត់សំពាយរាយរើសរៀបញាត់សំពៀត ។
រៀបដេកសំពះគុណកុំដេកស៊ុនឱ្យប្រុងស្នៀត
ភ្លើងឆេះយប់អធ្រាត្រកណ្តៀតទូលប្រមូលរត់ ។
ខ្លួនរាស្ត្រក្រមាសប្រាក់ភើចកន្ត្រាក់អាវសំពត់
ទំរាំភ្លើងរលត់ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ ។
កូនអើយគិតឱ្យគ្រប់រៀងរាល់យប់កុំទំនេរ
ជាងដេកលក់ទទេយល់សប្តិជេរបិសាចក្រៅ ។
ទម្លាប់មាត់មមើស្រែកថាយើៗអៅៗ
ចោរខ្មាំងខ្មោចចិត្តខ្មៅហៅមេខ្មៃវ៉ៃឱ្យខ្មុក ។
ដេកផ្អៀងជាងអង្គុយលា្ងលា្ងន់ល្ងុយកុំទ្រាំងក់
ពីលា្ងចដេកកុំលក់មាន់រងាវជក់ស៊ីម្លូស្លា ។
ជាងលឹ្ងតឥតអំពើឥតអ្វីធ្វើសូត្រធម៌អាថ៌
បើច្បាស់វិបស្សនាស្មាស្មាធិ៍ស្មឹងប្រឹងឱ្យស្មោះ ។
គងខ្នើយដេកកើយស្មុគគ្របឱ្យសុខសូត្រអម្បោះ
កុំដាក់ដោយគៀនកោះអស់នឹងសត្វកណ្តៀរកោរ ។
កណ្តុរកន្លាតកាត់ដល់កំណាត់ខានដេរខោ
ជួនកាលមានអាចោរលលបលួចលីទៅបាត់ ។
កុំដាក់ឆា្ងយប្រយោលទុកជាចោលមិនប្រយ័ត្ន
ប្រយោជន៍យប់យាមសា្ងត់បង្កាត់ភ្លើងបង្គោលគោ ។
បង្ការក្រែងមូសខាំត្រូវចំណាំខ្យល់ជំនោរ
បាយកកផ្អកម្ហូបជោរឱ្យអាលោស៊ីចាំសេះ ។
កំណើតឆ្កែញីឈ្មោលដេកចំណូលតែនឹងផេះ
រៀនប្រើមើលចំណេះរិះចំណាំតាមកិរិយា ។
ទោះប្រើកូនតូចធំឬប្រើខ្ញុំឱ្យធ្វើការ
ធ្វើកលយល់ប្រាជ្ញាអាណាហ៊ានប្រើទៅឆា្ងយ ។
អាខ្លាចប្រើតែជិតឥតគំនិតប្រើរៀងអាយ
ខុសម្តងកុំជេរម្តាយពេលដល់បាយកុំនាំឈ្លោះ ។
មនុស្សឃ្លានវាហ៊ានឆ្លើយស៊ីរួចហើយបន្ទោសចុះ
បានឆ្អែតប៉េងពេញពោះស្តីខុសត្រូវមិនសូវខឹង ។
កូនអើយពាក្យអាពុកចំណាំទុកពីត្រឹមណឹង
ធ្វើប្រុសឱ្យខំប្រឹងរៀនឱ្យដឹងស្គាល់ពុតស្រី ។
មារយាទនិងមាយាម៉្យាងចិត្តជាចេះថ្នមប្តី
ប្តូរស្លាប់រស់វាហីយកពីរបីនេះមិនបាន ។
កុំលោភច្រើនៗព្រួយយកតែមួយសុខក្សេមក្សាន្ត
ចិត្តស្រីទាំងប៉ុន្មានហ៊ានប្រមូលម៉ៅមិនខុស ។
មិនខូចគ្រប់តែស្រីល្អពីរបីជឿចាំចុះ
ជាតិស្រីលោភលើប្រុសនោះមិនខុសស្រីណាមួយ ។
ខ្លាំងខ្សោយកុំឱ្យខ្សត់ទោះនឿយហត់កុំរំអួយ
ធ្វើប្រុសតែងតែព្រួយស្រីមិនជួយកុំត្អូញត្អែរ ។
ខ្លួនខ្លាំងកុំគិតខ្លាចស្រីៗកាចស្លូតដោយខែ
រដូវធ្វើស្រូវស្រែចែប៉ប្រែស្តីលើប្រុស ។
ខែស្ទូងនិងខែច្រូតកាចរហូតដល់ខែបុស្ស
ខែបែនបោករលស់រលីងអស់អំពីដី ។
ជញ្ជូនដាក់ជង្រុកពូជពេញទុកស្បោងពីរបី
ដំណើបបួនដប់ល្អីស្រីៗស្លូតហើយខែនឹង ។
ស្លូតផុតនៅខែមាឃស្តីធ្ងន់ពាក្យមិនសូវខឹង
បើប្រុសៗមិនដឹងប្រឹងតែព្រួតស្អប់ស្រីៗ ។
ម៉្យាងទៀតមារយាទខូចមាយាបេះក្រូចមាយាដកខ្ញី
មានប្រុសសាហាយថ្មីរឹតថ្នមប្តីមិនឱ្យអាក់ ។
អីអើតែមាត់ក្រៅចិត្តមួម៉ៅគ្មានត្រជាក់
ត្រីសាច់ល្អលួចលាក់ដាក់តែឆ្អឹងឱ្យឯងស៊ី ។
បញ្ជោរចេះបញ្ចើបញ្ឆោតប្រើឯងវក់វី
វរវឹកព្រួតប្រុសពីរស៊ីទាល់ងាប់គាប់សងខាង ។
មួយទៀតផឹតកំលោះស្រឡាញ់ស្មោះស្ម័គ្រអស់យ៉ាង
លោមប្តីលាសំណាងទាស់ក្អេងក្អាងទារសំបុត្រ ។
បើប្តីមិនព្រមលែងលបជំទែងជំទយរត់
មួយទៀតខូចបំផុតមត់ឱ្យប្រុសសម្លាប់ប្តី ។
ម៉្យាងទៀតមារយាទជាមានច្រើនគ្នាក្នុងលោកីយ៍
ប្រាកដពេញជាស្រីប្រុសពីរបីស្មាលាកម្ម ។
ស្លាប់រស់មួយនិងមួយមិនចង់ព្រួយយកប្រុសប្រាំ
ប្តីស្លាប់បួនដប់ឆ្នាំចាំសីលទានមិនមានទៀត ។
ធ្វើបុណ្យផ្សងសច្ចាសុំប្រាថ្នាជួបរាល់ជាតិ
អុចធូបដេកឱបធាតុកណ្តៀតថោកោរកាន់ទុក្ខ ។
និយាយពីពុតប្រុសចូរចាំចុះជាទំនុក
ដំណតទៅមុខអាពុកប្រាប់ឱ្យស្រីចាំ ។
ប្រពន្ធមួយមិនស្កប់ប្រពន្ធដប់គ្រាន់តែស្កាំ
កាចស្លូតរហូតឆ្នាំរ៉ាំដរាបរាល់រូបា ។
កាចម៉្យាងខាងលា្ងចព្រឹករឿងបាយទឹកថ្នាំម្លូស្លា
កាចម៉្យាងរឿងធ្វើការម៉្យាងទៀតណារឿងប្រចណ្ឌ ។
ប្រជុំជាតិចិត្តប្រុសត្រូវនិងខុសជាកំណាន់
គំនិតល្អសំខាន់ប្រកាន់មើលឥរិយាបថ ។
ប្រចណ្ឌរាវរាល់ឈ្មោះច្រើនកើតឈ្លោះទៅជាខ្សត់
មួយឃើញជាក់ប្រាកដប្រកៀកចាប់ធ្វើទោសបាន ។
លកលៃតែខាងប្រុសប្រពន្ធខុសបង្អង់ខាន
ខូចម្តងខាតប៉ុន្មានរាប់អានឱបក្រសោបទៀត ។
មួយលកលៃទាំងពីរនៅរកស៊ីដោយសារញាតិ
ស្រីមាយាឥតមារយាទស្មាលាជាតិមិនឱ្យជួន ។
ប្រចណ្ឌទាំងបីបទគួរគួចកត់ទុកក្នុងខ្លួន
លក់ពីរពេញចំនួនគួនគុំទុកយកជាច្បាប់ ។
ប្រចណ្ឌហើយយកទៀតហៅជួជាតិមារយាទអាប់
កូនណាយកតម្រាប់ស្លាប់នឹងស្រីៗមើលងាយ
ទោសតិចកុំទាញផ្សំឃើញមិនចំកុំនិយាយ
កុំចាប់ស្ទើររវើរវាយនាំឱ្យវល់អំពល់ចិត្ត ។
ពុតប្រុសនិងពុតស្រីចប់សេចក្តីពីក្បត់ផិត
រៀងរើសណាសុខចិត្តគិតសំគាល់រាល់រូបកាយ ។
បើមានកូនក្រមុំគួរតែកុំបណ្តោយឆា្ងយ
ឱ្យមើលនាយមើលអាយស្រេចនៅម្តាយរក្សាកូន ។
ប្រយ័ត្នកុំឱ្យឃ្លាតភ្លាត់មារយាទមិនសុទ្ធសូន្យ
កុំទុកចិត្តបងប្អូនជីដូនមួយជួយរក្សា ។
ក្រមុំមានម្រាក់មិត្រមេមួយគិតនាំកិច្ចការ
កុំជឿចិត្តនរណាមើលកិរិយានៃកូនឯង ។
ទោះស្ទូងដកយប់ថៃ្ងដើរយកដៃដាច់សង្វែង
ប្រុសខូចលួចបន្លែងតែទាស់ភ្នែកបែកមេបា ។
ច្រើនណាស់តែសែនខ្មោចកេរ្តិ៍អសោចផុតអាសា
នាំកូនឡើងសាលាគេថាឱ្យជំងឺចិត្ត ។
បើមានកូនប្រសាមិនទាន់ការគួរឱ្យប្រិត
កុំឱ្យបម្រើឆ្អិតអាណិតវាៗសងគុណ ។
យប់ថៃ្ងចូលប្រតិបត្តិគាតក្រវាត់រត់រែកពុន
អាចនឹងច្រើនជឿមុនស៊ុនអំពីឳពុកម្តាយ ។
រក្សាកូនប្រពន្ធរកទ្រព្យធនចង់ធូរចាយ
ជួញជិតគំនិតឆា្ងយជួញរៀងអាយរក្សាគុណ ។
អំពើបាបកុំរៀនកុំអៀនប្រៀនក្នុងការបុណ្យ
លាងទោសចេញជាមុនទើបធ្វើបុណ្យចម្រើនផល ។
បើនឹងចង់គង់ទ្រព្យកុំទម្លាប់សាងអកុសល
របិញរបុញវៀចកាចកល់ទេវតាផ្តល់ផ្តាច់ធនធាន ។
កុំឈ្នានីសអ្នកខ្សត់កុំបំភ្លាត់ទ្រព្យអ្នកមាន
បើខ្លួនខ្សត់អត់ឃ្លានរៀនតែរកតាមទៀតត្រង់ ។
ជួញខាតកុំឈប់ខានបើចង់បានកុំខ្លាចបង់
ខ្លាចបាត់ឱ្យផ្ចិតផ្ចង់ប្រុងថែទាំឱ្យមាំមួន ។
កុំភ្លើធ្វើជាភ្លេចភ្លាត់បន្តិចខ្លាចក្រែងជួន
ក្រែងចោរចូលមកពួនលូនលបលួចយកទ្រព្យទៅ ។
ប្រហែសតែងតែបាត់ប្រុងប្រយ័ត្នតែងតែនៅ
គិតសព្វគ្រប់ដោយផ្លូវសូវទ្រាំនឿយកុំទ្រាំក្រ ។
នៅផ្ទះស្រះរបងរបាចងឱ្យជាប់ល្អ
ប្រើប្រាស់ខ្ញុំកំដរឱ្យបរិភោគដោយខ្លួនឯង ។
នឹងប្រើទៅហៅមកកុំគំហកយកកំហែង
កុំហាឡើងហងឯងក្រែងកំហល់ទល់កំហឹង ។
កុំហួសពាក្យសម្តីការអ្វីៗឱ្យចេះថ្លឹង
កុំប្រើព្រួតលើប្រឹងក្រែងកើតខឹងវានាំខាត ។
មនុស្សខឹងច្រើនៗខុសមនុស្សច្រើនឈ្លោះច្រើនប្រមាថ
ការល្អច្រើនត្រូវខ្នាតយើងចង់ស្អាតកុំខ្លាចយូរ ។
ចង់ប្រាជ្ញឱ្យខំប្រឹងចងក្បិនតឹងរកស៊ីធូរ
គំនិតមុនគំនូររៀនមានគ្រូមានគេរាប់ ។
បម្រើឳពុកម្តាយអ្នកនៅឆា្ងយគេច្រើនគាប់
អ្នកណាបម្រើខ្ជាប់ធ្លាប់តែខុសមិនដែលត្រូវ ។
ជាតិមនុស្សទោះខ្ពស់ទាបមិនចោលភាពពីម៉ែឳ
ពាក្យមនុស្សវែងជាងផ្លូវស្រូវច្រើនខួបខូចអង្ករ ។
របស់ទ្រព្យថោកថ្លៃទុកសំចៃលៃឱ្យល្អ
អុងអាងពាងក្រឡត្រដរទិញកុំឱ្យខ្វះ ។
កើតមកខ្លួនជារាស្ត្រក្រប្រាក់មាសឱ្យមានខ្មាស
សារពើគ្រឿងប្រើប្រាស់ឱ្យមានចាស់ឱ្យមានថ្មី ។
ពូថៅដឹងកាំបិតពន្លាកខ្វិតចបវែងខ្លី
ខ្សែសេះគោក្របីឫស្សីផ្តៅកាច់សង្រែក ។
ការងាយកុំឱ្យក្រអាក្រក់ល្អមានដោយឡែក
ថៃ្ងនេះរបេះបាក់បែកស្អែកខំរើធ្វើជាឆាប់ ។
ឈ្មោះការប្រើលើដីកុំចាំស្រីតឿនប្រើប្រាប់
ឱ្យមានគ្រប់ប្រដាប់សម្រាប់រាល់ឱ្យសល់ប្រើ ។
កុំខ្ជិលល្ងង់ខ្លៅពេកឱ្យចេះដេកឱ្យចេះដើរ
ចេះសព្វគាប់ប្រសើរកុំចង់ហើរហួសភាពខ្លួន ។
ចង់ក្តីឱ្យរៀនច្បាប់រស់និងស្លាប់ឱ្យចេះក្បួន
ចេះអ្វីចេះឱ្យមួនកុំបន្លំផ្សំនឹងគេ ។
កុំដេកចាំសំណាងកុំក្អេងក្អាងចាំបុព្វេ
ខំរកកុំទំនេររេរៀនរិះចេះឱ្យគ្រប់ ។
នឹងដើរស្វែងរកផលមិនទាន់ដល់កុំអាលឈប់
ឈានខ្លាំងពេកជំពប់បើដេកយប់ឱ្យស្គាល់យាម ។
កុំដេកយូរទ្រមឹកលក់ហួសព្រឹកខុសទំនៀម
តែភ្លឺឡើងភ្ញាក់ភ្លាមព្រហាមឡើងក្រោកធ្វើការ ។
ជាតិមនុស្សទោះប្រុសស្រីរាស្ត្រមន្ត្រីជាធម្មតា
ពេលព្រឹកតែងឧស្សាហ៍ថៃ្ងក្តៅល្អាខ្ជិលល្អិតឆ្អឹង ។
ចង់ធំខំពីតូចបើខ្លាចខូចកុំឆាប់ខឹង
ការអ្វីឱ្យចេះថ្លឹងកុំប្រឹងជុះតាមដំរី ។
កុំចង់ខ្ពស់ស្មើមេឃកុំឱនពេកអាប់រាសី
ទោះដើរនិយាយស្តីលៃឱ្យល្មមតែគួរសម ។
យល់ឆា្ងយកុំណាយគិតទោះយល់ជិតកុំអាលខំ
មិនជាក់មើលឱ្យចំក្រែងច្រឡំសជាខ្មៅ ។
ទម្លាប់ធំជាងច្បាប់បើរៀនត្រាប់កុំត្រាប់ខ្លៅ
ត្រាប់ប្រាជ្ញអាចប្រដៅស្តីកូនចៅស្តីឱ្យស្មោះ ។
ស្មឹងស្មឹលសិល្ប៍របៀនឱ្យគេរៀនកុំឱ្យអស់
ស្រឡាញ់កុំញ៉េះញ៉ោះបើខឹងទាស់កុំឱ្យទាយ ។
ឆ្កែព្រុះកុំព្រួយពេកឃើញឆ្កែដេកកុំមើលងាយ
កំណប់ដប់សំពាយកុំនិយាយប្រាប់សំឡាញ់ ។
សំឡឹងមើលឱ្យសព្វបើនឹងស្អប់កុំអាលបាញ់
ក្តីឈ្នះគេចុះចាញ់កុំក្នាញ់តាមផ្តន្ទាទៀត ។
បើខឹងកុំរំលោភបើនឹងល្មោភឱ្យល្មមមាឌ
កុំរមាត់ក្រែងភ្លាត់ស្នៀតវាតហួសវង់ផុងគំនិត ។
កំណើតអាក្រក់ល្អមាននិងក្រពីគំនិត
ពីកាលបុព្វេពិតងងឹតពេកមើលមិនយល់ ។
ដាំដូងឱ្យខំថែចង់ស៊ីផ្លែឱ្យដុតគល់
បើជួនសំណាងដល់រវល់តែស៊ីឆា្ងញ់ពិសា ។
ប្រាជ្ញប្រិតប្រៀបប្រដៅចូរកូនចៅពិចារណា
រំពឹងក្នុងប្រាជ្ញាស្រាយបញ្ហានេះឱ្យដឹង ។
នេះច្បាប់កេរកាលថ្មីអស់សេចក្តីតែប៉ុណ្ណឹង
កូនប្រុសអ្នកខំប្រឹងសំឡឹងចាំតទៅមុខ ។
ពីឆ្នាំច តទៅខំធ្វើស្រូវដាក់ជង្រុក
អាសូរពាក្យអាពុកទុកឱ្យកូនចៅគ្រប់គ្នា ។
អាពុកកាន់តែចាស់ស្តាយខ្លួនណាស់ចូលជរា
ពាក្យពិតបាំ្ររយឃ្លាជាសូរេចម៉្លេះឯងហោង ។
អ្នកប្រាជ្ញភិរម្យល្បីលើកច្បាប់ថ្មីអស់ល្បត់ល្បង
ឈ្មោះ អ៊ូ ហៅ ង៉ុយ ផងចងជាច្បាប់សម្រាប់ជន ។
ខ្ញុំសូមផ្សងសច្ចាកើតជាតិណាសូមមានបុណ្យ
មូលកូនមូលប្រពន្ធធនសម្បត្តិសម្បូរចាយ ។
ស្មាលាក្រលំបាកសូមជៀសចាកចតុរាបាយ
សូមល្អពង្សរូបកាយកុំឱ្យឆា្ងយពីព្រះពុទ្ធ ។
ប្រាជ្ញាកុំទើសទាល់ចេះអាថ៌ធម៌ឱ្យមាំមុត
សូមជាប់សីលបរិសុទ្ធរលត់ទុក្ខសោករោគភ័យ ។
អានិសង្សបុណ្យខ្ញុំបានសាងប៉ុន្មានក្នុងលោកីយ៍
សម្បត្តិសួគ៌ាល័យកុំបីឃ្លាតរវាតវែងឆា្ងយ ។
ពីជាតិនេះទៅមុខមូលអាពុកជួបមូលម្តាយ
បងប្អូនកុំខ្ចាត់ខ្ចាយអធិប្បាយចែងចប់ឯវំ
អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ
១៨៦៥ – ១៩៣៦

👉ច្បាប់ក្រមង៉ុយក៏ត្រូវបានបោះពុម្ពផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យ ក្នុង ព.ស.២៥១៦ / គ.ស.១៩៧២ ដែលបានប្រមូលចងក្រងស្នាដៃរបស់គាត់មានដូចជា៖

  1. ច្បាប់ល្បើកថ្មី (​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២)
  2. ច្បាប់កេរកាលថ្មី (​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២)
  3. សេចក្ដីរំលឹកដាស់តឿន (​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១)
  4. ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី (​ជា​បទ​ពាក្យ​៧- មិនដឹង​កាលបរិច្ឆេទ​, អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះថា​ស្នាដៃ​ទី​៥)
  5. បណ្ដាំក្រមង៉ុយ (​ជា​បទ​ព្រហ្មគីតិ​- ក្នុង​រវាង​ឆ្នាំ​១៩៣៥)

ច្បាប់គោរពមាតាបិតា និង កិរិយាចិញ្ចិមជីវិតដោយកម្រ (​កំណាព្យ បណ្ឌិត អ៊ូ ចុង)

អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ
១៨៦៥ – ១៩៣៦ (អត្ថបទជីវប្រវត្តិ)

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).