ចេះពីរៀន មានពីរក
បទពាក្យ៧
| – ចេះមកពីរៀនមានពីរក | ហៃស្ងួនពន្លកគ្រប់អង្គា |
| ពាក្យចាស់ពន្យល់រាល់វេលា | ឱ្យកូនគ្រប់គ្នាចងចាំទុក ។ |
| – លោកថាចំណេះបានពីរៀន | នេះដំបូន្មានចំពោះមុខ |
| ចំណេះជួយ ឆ្លងចម្លងទុក្ខ | ចូរចាំទំនុកលោកស្រដី ។ |
| – វិជ្ជាគឺជាឃ្លាំងសម្បតិ្ត | ចាយមិនចេះខ្ចាត់ទេពីសី |
| ចោរលួចមិនបាត់ទោះយប់ថ្ងៃ | ចរណៃចំណាំគឺវិជ្ជា ។ |
| – ចំណេះអាចស្គាល់ពន្យល់ផ្លូវ | ស្គាល់ហេតុខុសត្រូវសព្វការងារ |
| បើមានឆន្ទៈខ្វះវិជ្ជា | ធ្វើអ្វីនានាច្រីនសៅហ្មង ។ |
| – អវិជ្ជាងងឹតពិតដូចខ្វាត់ | យល់ក្តីគ្រោះថ្នាក់ច្រីនកន្លង |
| សូន្យសុងលង់លិចភេ្លចឆ្គាំឆ្គង | សឹងសេពគប់ផងដោយបាបកម្ម ។ |
| – ពាក្យពីបូរាណបានចងចារ | តំណដូនតាជាបណ្តាំ |
| ហៃមាសស្ងួនអើយចូរកូនចាំ | លោកផ្តាំភ្លើងភ្លឺគឺប្រាជ្ញា ។ |
| – កកើតចំណេះគឺខិតខំ | សន្សំសង្វាតឆ្លាតសិក្សា |
| ប្រមូលតក់ៗឆក់តម្រា | មានលេខអក្ខរាជាប្រភព ។ |
| – ចេះចាំកាលណាភ្លឺកាលនោះ | នាំខ្លួនផុតគ្រោះលែងធុញថប់ |
| ភ្លឺអចិន្រ្តៃយ៍ទាំងថ្ងៃយប់ | ឧបសគ្គសព្វគ្រប់ឈប់អំពល់ ។ |
| – ពុកពោលរួចហើយឃា្លមួយថា | ចង់បានផ្លែផ្កាឱ្យដុតគល់ |
| កូនអើយប្រឹងរៀនហ៊ានឈ្មុសឈ្មុល | ថ្ងៃមុខគង់យល់ដោយសម្បតិ្ត ។ |
| – កំណប់មាសប្រាក់គឺសាលា | ត្រូវកាយកាប់ឆ្ការកុំស្ងៀមស្ងាត់ |
| កូនចេះចាំហើយស្បើយវិបត្តិ | ទុក្ខព្រួយខ្ចាយខ្ចាត់ពីអាត្មា ។ |
| – ក អ៊ើយកកើតជារូបកាយ | កូនកុំកាត់ឆ្ងាយពីកិច្ចការ |
| កាប់គាស់កុះករល្អកាយា | កេរកាលផ្តាំថាកុំកោងកាច ។ |
| – ខ អ៊ើយខខំកុំខូចខិល | ខកខានប្រាណខ្ជិលវិលទាល់ប្រាជ្ញ |
| ខែងរ៉ែងក្រែងខុសឈ្មោះខូចកាច | ខិតខំខ្លបខា្លចអាចសុខា ។ |
| – គ អ៊ើយគគួរចេះគិតគូរ | ចេះគាប់គុណគ្រូកុំគេចបា |
| កុំកួចគុំគួនកាន់មោហា | គេងគិតកិច្ចការគង់គប្បី ។ |
| – ឃ អ៊ើយឃឃើញភាពឃោឃៅ | កុំទៅឃុបឃិតជិតគេអី |
| ជួយឃាត់មនុស្សឃាតឱ្យឃ្លាតភ័យ | កើតក្តីឃុំឃាំងទាំងអ្នកជួយ ។ |
| – ង អ៊ើយងងឹតពិតដូចងោះ | ងប់ងុលជ្រុលជ្រួលព្រោះខ្វះព្រួយ |
| ងីងើងំៗយំរងួយ | ងើបងើយផុតត្រួយធ្លោយការងារ ។ |
| – ច អ៊ើយចចាប់ចេះចាត់ចែង | ចាស់ៗលោកថ្លែងថាចិត្តជា |
| ចូលចិត្តចោទស្រាយចែកចាយគ្នា | ចាំចុះអ្នកជាចេះចចារ ។ |
| – ឆ អ៊ើយឆឆោមកុំឆើតឆាយ | ឆុងឆាំងនាំកាយក្លាយប្រេះឆា |
| ឆិនឆៃដៃឆៅឆាប់ឈើផ្សា | កុំឆោតអាត្មាឆាបឆួលឆេះ ។ |
| – ជ អ៊ើយជជួបជោគជយា | ជនជាតិអ្នកជាល្អពិសេស |
| មិនជេរជជែកស្រែកចចេស | ជួយជាតិប្រទេសមិនជិះជាន់ ។ |
| – ឈ អ៊ើយឈឈានឱ្យលឿនឆាប់ | ឈូឆរប្រញាប់ឈោងឱ្យទាន់ |
| កុំឈៀងឈរឈប់ចង់ទប់ឈ្នាន់ | ខំប្រឹងរួសរាន់ទាន់ឈឺចាប់ ។ |
| – ញ អ៊ើយញញឹមកុំញញើត | កុំញាក់ញ័រព្រើតប្រឹងប្រញាប់ |
| ញុះញង់ញឹកញាប់គាប់កុំត្រាប់ | ញ៉េះញ៉ោះខុសច្បាប់នាំញាតិស្អប់។ |
| – ដ អ៊ើយដឹងដល់សល់ដើមដាន | ដេកដើរប្រមាណដានប្រសព្វ |
| ដាំដុះដេរដាស់អស់ធុញថប់ | ដូចដឹងដល់ដប់ឈប់ដុនដាប ។ |
| – ឋ អ៊ើយឋឋិតក្នុងឋានសុខ | បឋមស្តម្ភស្តុករៀងដរាប |
| ឋានៈខ្ពង់ខ្ពស់ព្រោះគ្មានបាប | សាងបុណ្យឱ្យកា្របជួបសួគ៍ឋាន ។ |
| – ឌ អ៊ើយឌឌឺឮប្រឌិត | ដៀមដាមញាតិមិត្តពិតរំខាន |
| ឌុកដាន់ឌឺដងសៅហ្មងប្រាណ | ដៀលខុសដើមដានគេផ្តន្ទា ។ |
| – ឍ អ៊ើយឍធំជួបជុំញាតិ | វឌ្ឍនភាពជាតិឃ្លាតវេរា |
| ចាកផុតទុក្ខទោសព្យុះព្យោមារ | ឆ្លងកាលវឌ្ឍនាអភិឌវ្ឍន៍ ។ |
| – ណ អ៊ើយណណាស់ប៉ះអ្នកណា | ដំណាងដួនតាចារទៀងទាត់ |
| ដំណឹងតំណតប្រវតិ្ត | ដំណើរធំធាត់ដំណែលកេរ្តិ៍ ។ |
| – ត អ៊ើយតតូចនៅតេះតះ | តោងតាមតាចាស់ណាមាសមេ |
| តូចតាចកុំតាំងខ្លាំងជាងគេ | តក់ៗគង់តែតាមគេទាន់ ។ |
| – ថ អ៊ើយថថាឱ្យថែថួន | ថោកដៃថ្លៃខ្លួនលោកថាគ្រាន់ |
| ថែកេរ្តិ៍ថេរថិតគិតគ្នេរគ្នាន់ | កុំថប់ធុញទ្រាន់ចេះថែមថយ ។ |
| – ទ អ៊ើយទទៅឱ្យទៀងទាត់ | ទន្ទេញចាំមាត់ទើបមិនស៊យ |
| ទិសទីទើសទាល់កុំទៅញយ | ទាស់ទែងនាំឱ្យទុក្ខទោសា ។ |
| – ធ អ៊ើយធធនធានធូរធារ | ធំធាត់សោភាសមប្រាថ្នា |
| សន្ធឹកសន្ធាប់គាប់ចិន្តា | សន្សំធម៌អាថ៍កុំធុញថប់ ។ |
| – ន អ៊ើយននាងកុំទំនេរ | និត្យនៅរិះរេរៀនឱ្យចប់ |
| នោះទើបនឹមនួនមានកំណប់ | ន័យនេះជាទ្រព្យណានួនភ្ងា ។ |
| – ប អ៊ើយបបោះបង់ឱ្យបាន | បែបបទសាមាន្យធ្វើបាបគ្នា |
| កុំបែកបែរបុណ្យគុណបុព្វជា | បីបមបុត្រភ្ងាជាប្រចាំ ។ |
| – ផ អ៊ើយផផុសដុះផល្លា | បំផុតផ្លែផ្កាព្រោះប្រឹងដាំ |
| ភោគផលផូរផងផ្ចង់ផ្សែផ្សាំ | ផូងផាងផឹកញ៉ាំងផលមិនផេះ។ |
| – ព អ៊ើយពពោលពាក្យឱ្យពិត | ដូចពេជ្រប្រណីតពេញពិសេស |
| កុំពានពួកពាលពុតមិនខ្មេះ | ពាក់ព័ន្ធពួកនេះខូចពូជពង្ស ។ |
| – ភ អ៊ើយភរភូតនាំអភ័ព្វ | ភាន់ភាំងបង់ទ្រព្យមិនគាប់គង់ |
| ភិតភ័យភោគផលផ្តល់លិចលង់ | ពិភពល្ងិតល្ងង់កុំសំភី ។ |
| – ម អ៊ើយមមានមិត្តចិត្តមួយ | មាំមួនមិនព្រួយមួយជីវី |
| មាសមេមើលមុខមុនមានពីរ | មោះមុតមូលមីរឱ្យម៉ឹងម៉ាត់ ។ |
| – យ អ៊ើយយយាន្តស្ពានយិតយោង | យាងយាត្រកុំឃ្លោងយើងប្រយ័ត្ន |
| ប្រយោជន៍យឺនយូរគួរយាមស្កាត់ | ប្រយែងប្រយ័ត្នយល់គ្រប់យ៉ាង ។ |
| – រ អ៊ើយររស់រត់រករៀន | រិះរេរាប់អានញាតិជិតខាង |
| រួតរះរួសរាន់ទាន់សំណាង | រឹងរូសរ៉ូងរ៉ាងរែងរិចរិល ។ |
| – ល អ៊ើយលលេងកុំលីលា | លូកលាន់ប៉ោបៀវាខូចខិល |
| លោភលន់លួចលាក់ធ្លាក់មន្ទិល | លិចលង់ខូចខិលគួរលះលែង ។ |
| – វ អ៊ើយវវាងរឿងវិបត្តិ | វៀចវេរប្រយ័ត្នគេវាស់វែង |
| វានឹងវិលវល់យល់ទាស់ទែង | វឹកវរវង្វេងគេវាត់វិញ ។ |
| – ស អ៊ើយសសួនស្ងួនសុខសាន្ត | ញាតិសរសើរប្រាណសាយសព្វពេញ |
| សន្សំសិក្សាសូត្រទន្ទេញ | សោកសៅទោម្នេញសឹងសូន្យសោះ ។ |
| – ហ អ៊ើយហហាត់ឱ្យហំហួន | ហើយហាមមាសស្ងួនកុំហើរហោះ |
| ហួងហែងហួសហេតុអសុរស | ហិនហោចរបស់អស់ហ៊ឺហា ។ |
| – ឡ អ៊ើយឡឡើងកុំឡប់ឡែ | ឡេះឡោះចែប្រែឡកឡូឡា |
| ឡឹកឡក់ឡេឡឺមិនធ្វើការ | លោកថាឡប់ឡិនមិនល្អឡើយ ។ |
| – អ អ៊ើយអឱ្យចិត្តអង់អាច | កុំអាងអំណាចឥតកោះត្រើយ |
| អែបអបអញឯងក្រែងមិនស្បើយ | កុំអួតអ្នកអើយចេះឱនអត់ ។ |
| – សាមអ៊ើយសិបបីតួនេះឯងហើយ | មាសស្ងួនកូនអើយលោកកំណត់ |
| ប្រៀបបានប្រទីបពិតប្រាកដ | ភ្លឺច្បាស់បំផុតទាំងយប់ថ្ងៃ ។ |
| – កូនអើយខំរៀនឱ្យសកម្ម | រៀនផ្សំផ្សែផ្សាំពិសោធន៍ច្នៃ |
| រៀនបូកគុណគូររៀនយប់ថ្ងៃ | រៀនកុំសំចៃរៀធ្វើការ ។ |
| – រៀនបណ្តុះដាំដំណាំគ្រប់ | រៀនកុំធុញថប់គ្រប់សញ្ញា |
| រៀនលីសែងរែកបែកប្រាជ្ញា | រៀនសព្វស្រែច្បាររៀនសាងសង់ ។ |
| – រៀនគូរចាំងឆ្លាក់វិចិត្រករ | រៀនត្រាច់បើកបររៀនផ្ចិតផ្ចង់ |
| រៀនសាងសីលទានរៀនស្មោះត្រង់ | រៀនបំបាត់បង់នូវបាបកម្ម ។ |
| -រៀនសរសេរស័ព្ទចាប់ចុងចួន | រៀនហាត់ពត់ខ្លួនជាប្រចាំ |
| រៀនសព្វកីឡាកាយវប្បកម្ម | រៀនតស៊ូទ្រាំរៀនរកស៊ី ។ |
| – រៀនហើយរៀនទៀតរៀនសព្វមុខ | រៀនរកទំនុករៀនសំភី |
| រៀនរៀបរៀនរាប់គ្រប់នាទី | រៀនរួមសាមគ្គីរៀនសុចរិត ។ |
| – រៀនហើយគង់ចេះតម្រេះបាន | រៀនចប់កល្យាណបានផលពិត |
| ចេះចាំជាថ្នាំដ៏ស័ក្តិសិទ្ធ | ចាស់ៗចូលចិត្តអ្នកចេះការ ។ |
| – ចេះបានជាប្រាជ្ញជាបណ្ឌិត | ចេះបានជាព្រឹទ្ធជាគ្រូបា |
| ចេះដេកដើរស្តីពិចារណា | ចេះនាំអាត្មាយល់ផ្លូវល្អ ។ |
| – ចេះជួសចេះជុលចេះធ្វើជាង | ចេះភ្លេងចេះច្រៀងសិល្បករ |
| ចេះច្បាប់វិន័យចេះសីលធម៌ | ចេះសព្វអក្សរគ្រប់ភាសា ។ |
| – កូនអើយឳពុកទុកបណ្តាំ | ចូរស្ងួនចំណាំរាល់រូបា |
| កុំរៀនវិជ្ជាក្រៅតម្រា | ជាអាទិ៍ស្រីស្រាល្បែងអបាយ ។ |
| កុំរៀនធ្វើចោរចេះលួចឆក់ | ចេះភរកុហកបោកប្រាស់ប្រាយ |
| ចេះហ៊ឺហាហួសឈ្មោះអន្តរាយ | ពុកផ្តាំឆោមឆាយកុំឱ្យរៀន ។ |
| – កូនអើយចំណេះពិសេសផុត | នោះគឺប្រាកដចេះខ្មាស់អៀន |
| សូវខ្វះសម្បតិ្តទ្រព្យធនធាន | តែទ្រង់ខ្មាស់អៀនកុំខ្វះអី ។ |
| – ឯឃ្លាមួយទៀតគួរនឹកភ្នក | មានមកពីរកលោកស្រដី |
| កុំស្ពឹកស្រពន់ស្ងួនប្រុសស្រី | ដេកដើរយបថ្ងៃរំពៃគិត ។ |
| – បើរពិសដៃទើបផ្ទៃឆ្អែត | នោះជាបុព្វហេតុច្នៃប្រឌិត |
| ត្រូវស្នេហ៍កិច្ចការស្មើជីវិត | នោះទើបវរមិត្តពិតមានបាន ។ |
| – ឧស្សាហ៍ព្យាយាមកុំទំនេរ | ប្រឹងប្រែងគ្នាន់គ្នេរគង់ស្រាកស្រាន្ត |
| របរសុចរិតឥតសាមាន្យ | បង់បោយមើលប្រាណស្មានកម្លាំង ។ |
| – រកស៊ីផ្សែងផ្សំសន្សំទ្រព្យ | រិះរេឱ្យជាប់កុំឆុងឆាំង |
| កុំលោភលាភផលលើសកម្លាំង | ប្រមាណចានឆ្នាំងជាទម្លាប់ ។ |
| – កុំដេកផ្សងព្រេងពឹងវាសនា | រង់ចាំទេវតាផ្តល់ភោគភ័ព្វ |
| សង្ឃឹមរាសីមមៃទ្រព្យ | សំណាងមិនគាប់អភ័ព្វខ្លួន ។ |
| – ចង់ឆ្ងាញ់ខំស្វែងរកអន្លក់ | ស្ទុះស្ទាកុំស្ទក់ទើបមាំមួន |
| ចង់ស្បើយកុំគិតនឿយហត់ខ្លួន | នោះជាច្បាប់ក្បួនលោកស្រដី ។ |
| – ប្រឹងរកនាំមកនូវភោគផល | បើខ្វះខ្វាយខ្វល់នាំក្រក្រី |
| ទាល់ណាស់គាស់កាយធរណីដី | ម្ល៉េះគង់បានឆីខ្លួនរស់បាន ។ |
| – មានជើងមានដៃសព្វទាំងទ្វេ | កុំសុំទានគេអាប់ឱនប្រាណ |
| សឹងស៊ីឈ្នួលគេក៏រស់បាន | កុំត្រាច់សព្វឋានសំពះគេ ។ |
| – ចេះចាយឆោមឆាយត្រូវ ចេះរក | ពុកផ្តាំពន្លកស្ងួនមាសមេ |
| ក្រខ្សត់អត់ឃ្លានព្រោះទំនេរ | ទ្រព្យធនមានទ្វេព្រោះឧស្សាហ៍ ។ |
| – ឃ្លានេះរិះគិតពិនិត្យចុះ | ចូរស្ងួនស្រីប្រុសពិចារណា |
| ចំណេះចេះបានពីសិក្សា | សម្បតិ្តទ្រព្យាបានពីរក ។ |
| – ដូច្នេះពាក្យថាចេះពីរៀន | ជាដំបូន្មានត្រូវចាប់យក |
| ធនធានកើតមានព្រោះប្រឹងរក | ពន្លកគួរយកជាតម្រា ។ |
| – សំណាងកូនណាស់កើតជាខែ្មរ | មិនថាក្រុងស្រែឬចំការ |
| ឱ្យតែមានចិត្តមានប្រាជ្ញា | មិនខ្វះមុខការប្រកបឡើយ ។ |
| – ខ្លាចម្យ៉ាងតែខាងខ្ជិលទ្រមក់ | ស្ពឹកស្រពន់ស្ទក់ធ្វើកន្តើយ |
| បើនឹងឧស្សាហ៍ព្យាយាមហើយ | ជីវិតនឹងស្បើយសល់ត្រើយសុខ ។ |
| – ធម្មជាតិស្រុកយើងអំណោយផល | ទឹកដីយើងផ្តល់សម្បតិ្តស្តុក |
| កូនអើយខំរកកុំសំកុក | ក្តីសុខស្រណុកដ្បិតឧស្សាហ៍ ។ |
| – នេះបទទំនុកឳពុកផ្តាំ | ពន្លកចូរចាំណាកូនណា |
| ពាក្យពុកផ្ញើទុកនឹងអក្ខរា | ផ្តល់ឱ្យធីតាសំណព្វចិត្ត ។ |
| – កូនអើយវិជ្ជាជាទ្រព្យធន | ប្រាជ្ញាជាទុននៃគំនិត |
| កេរ្តិ៍ឈ្មោះជាយសនៃជីវិត | ន័យនេះគេងគិតកុំកន្តើយ ។ |
| – ពាក្យពុកផ្តាំទុកប៉ុណ្ណេះហោង | បញ្ចប់ចងក្រងប៉ុណ្ណឹងហើយ |
| សូមស្ងួនសំរេចត្រាច់ដល់ត្រីយ | អនាគតស្បើយឃ្លាតទុក្ខភ័យ ។ |
| – សូមជីវិតកូនភ្លឺត្រចះ | ដូចចួងច័ន្ទរះពេញបូរណ៍មី |
| ប្រសព្វសុខសាន្តប្រាណប្រិមប្រិយ៍ | ប្រកបជោគជ័យតរៀងទៅ ។ |
| – ពេលអត់ពីពុកកូនកុំភ្លេច | ពិនិត្យទឹកប៊ិចក្នុងសៀវភៅ |
| អក្ខរាចារចួនផ្ញើស្ងួនពៅ | ពេលពុកមិននៅត្រូវគេងគិត ៕ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី





