ចរិតលក្ខណៈ និងកម្មវិធីប្រចាំថ្ងៃ
ការប្រព្រឹត្តជាប់ដោយកាយវាចាចិត្ត គ្រប់ពេលវេលាយូរៗទៅ អាចជាប់ទៅជាទម្លាប់ ហៅថា ចរិតប្រក្រតី ដូចយ៉ាង៖
- សម្ដីគ្រោតគ្រាត ដែលធ្លាប់និយាយជាប់ជាទំនៀម ហៅថា ចរិតគ្រោតគ្រាត ។
- ការនិយាយកុហកលេងចំពោះមិត្តសំឡាញ់ យូរៗទៅក៏អាចធ្លាប់មាត់ជាទំនៀម នេះហៅថា ចរិតកុហក ។
- ការជក់បារី ដើមដំបូងឃើញគេជក់ ក៏ជក់លេងតាមគេ យូរៗទៅក៏អាចជាប់ជាទំនៀមជក់បារី ។
- ការដេកថ្ងៃ ដើមដំបូងឃើញគេដេកថ្ងៃ ក៏ដេកតាមគេ លុះដេកថ្ងៃយូរៗទៅក៏អាចក្លាយជាទំនៀម នេះហៅថា ចរិតដេកថ្ងៃ ។ការប្រព្រឹត្តិទាល់តែជាប់ប្រយោគ ដែលអាចលះចេញបានដោយកម្រ ដូច្នេះហៅថា ចរិតប្រក្រតី ។
- មនុស្សខ្លះមានចរិតប្រក្រតីជាប់ជោកធ្ងន់ណាស់ ដូចយ៉ាងចរិតប្រក្រតីផឹកស្រា ទាល់តែកឹកជាប់ ដែលអាចលះបង់ចេញបាន។ ចរិតប្រក្រតីបែបនេះ ឈ្មោះថា ជាចរិតនាំឲ្យខូចខាតទាំងជីវិតខ្លួនផង ទាំងទ្រព្យសម្បត្តិរបស់ខ្លួនផង។
- ការជក់អាភៀន ក៏អាចនាំឲ្យជាប់ញៀន លះចេញបានដោយកម្រណាស់។ ការញៀនអាភៀននេះ ហៅថា ចរិតប្រក្រតីជក់អាភៀន។ មនុស្សអ្នកមានចរិតបែបនេះ ឈ្មោះថាជាចរិតតឹង ចរិតធ្ងន់ ព្រោះនាំឲ្យខូចខាតទាំងជីវិត ទាំងទ្រព្យសម្បត្តិ ជាងចរិតអ្នកផឹកសុរា ដែលជាចរិតតឹងធ្ងន់ដែរនោះ ច្រើនណាស់ទៅទៀត។
ចរិតប្រក្រតីនៃសម្ដេចព្រះសង្ឃរាជ
សម្ដេចព្រះសង្ឃរាជ ព្រះអង្គក៏មានចរិតប្រក្រតីដែរ ប៉ុន្តែចរិតរបស់សម្ដេច ជាចរិតធូរស្រាល ពុំមែននាំឲ្យខូចខាតពេលវេលា ខូចខាតប្រយោជន៍នោះឡើយ។
- សម្តេចទ្រង់សោយស្លាម្លូ ជាញឹកញយក្នុងថ្ងៃនីមួយៗ ទ្រង់មិនសោយបារីទេ។ ប៉ុន្តែលោកអ្នកធ្លាប់ដឹង-ឃើញ និយាយថា សម្ដេចព្រះសង្ឃរាជ កាលពីរវាងព្រះជន្ម ២០ឆ្នាំ រហូតដល់ព្រះជន្មជាង៣០ឆ្នាំ ទ្រង់សោយបារីដែរ ប៉ុន្តែសោយរង្វើលៗ មិនញឹកញាប់ទេ, លុះដល់មកព្រះជន្មរវាង៤០ឆ្នាំ ទើបសម្ដេចសោយស្លាម្លូ កាន់តែញឹកញាយឡើងដរាបមក។
- សម្ដេច កាលបើមានរោគផ្ដាសាយ ដែលនាំឲ្យតឹងច្រមុះ និងក្អកដោយរោគផ្ដាសាយនោះ អ្នកផងច្រើនតែឃើញទ្រង់សោយថ្នាំចិនញាត់ខ្សៀ ហើយសម្ដេចមានបន្ទូលថា រោគផ្ដាសាយបានតែជក់ថ្នាំចិនទើបឆាប់ជាសះស្បើយ, ថ្នាំចិននេះនាំឲ្យជាឫសដូងច្រមុះទៀតផង។
- សម្ដេចមានចរិតប្រក្រតី ក្នុងការសោយភត្តាហារ ច្រើនតែសព្វព្រះទ័យនឹងសម្លស្រឡក់ស្លឹកច្រេស, ប្រហើរក្តិបត្រឡាច-រពៅ, កកូរបន្លែត្នោត និងសម្លស្លឹកល្ងៀង, ពុំសូវសោយសាច់ឈាមទេ។ ម្ហូបប៉ុន្មានមុខខាងលើនេះ ច្រើនតែឲ្យគេស្លនឹងត្រីឆ្អើរ, បើពុំមានម្ហូបនោះទេ ច្រើនសព្វព្រះទ័យម្ហូបក្រៀមក្រោះ មានបុកត្រីឆ្អើរម្ជូរក្រសាំង ឬផ្លែម្កាក់ជាដើម។ សម្ដេចពុំសូវសោយបង្អែមច្រើនទេ សោយតែបន្ដិចបន្តួច, មិនសូវសោយកាហ្វេ ទឹកក្រូច(លីម៉ូណាត់) ញឹកញាយទេ សោយតែទឹកតែ និងស្ករស។
- សម្ដេចសព្វព្រះរាជហ្ឬទ័យនឹងកូនឈើផ្សេងៗ ដែលមានមែកច្រើន ដូចយ៉ាងដើមច្រកែងទួយ រទាំងជាដើម យកមកដាំដាក់ក្នុងផើងជាច្រើន ចំនួនជាង ១០០ផើង ទុកនៅវត្តឧណ្ណាលោម។
- ដើមឈើឯទៀតៗ ជាឈើដំណាំស្រុកក្ដី ឈើក្នុងព្រៃក្ដី ក៏សម្ដេចរឹតតែសព្វព្រះរាជហ្ឬទ័យដាំច្រើនណាស់ទៅទៀត ដូចឈើក្នុងរបងឈាបនដ្ឋានវត្តឧណ្ណាលោម និងឈើឯវត្តពោធិព្រឹក្ស និងក្នុងមន្ទីរពេទ្យជាដើម។
កម្មវិធីប្រចាំថ្ងៃរបស់សម្ដេច
កម្មវិធីរបស់សម្ដេចទៀងទាត់ចំពោះត្រង់តែសោយព្រះស្ងោយពេលថ្ងៃត្រង់ ហើយនឹងពេលដែលធ្វើការប៉ុណ្ណោះ ដូចយ៉ាងសរសេរដកស្រង់ធម៌អាថ៌រៀបចំធ្វើសៀវភៅផ្សេងៗ មានវចនានុក្រមខ្មែរជាដើមនេះទៀងទាត់រៀងរាល់ថ្ងៃរាល់យប់ទាល់ៗ តែភ្លឺរវាងម៉ោង៦កន្លះ ទើបសោយយាគូ ថ្ងៃខ្លះពុំបានទាំងសោយយាគូថែមទៀត, ឃើញថាពេលយាគូពុំសូវទៀងទាត់ទេ។ លុះសោយព្រះស្ងោយថ្ងៃត្រង់ហើយទើបផ្ទំ។
ពេលដែលសម្ដេចកំពុងជាប់ព្រះហស្ថសរសេរ ហើយមានភ្ញៀវចូលមកថ្វាយបង្គំគាល់ សម្ដេចក៏បែរមកធ្វើបដិសណ្ឋារៈភ្លាមៗ ហើយមិនឲ្យនៅយូរទេ ព្រោះមានកិច្ចការច្រើនណាស់។ បើថ្ងៃណាមួយដែលសម្ដេចទំនេរមិនមានកិច្ចការ ហើយមានភ្ញៀវ បព្វជិត ឬគ្រហស្ថចូលមកថ្វាយបង្គំគាល់ នោះសម្ដេចសព្វព្រះរាជហ្ឬទ័យប្រាស្រ័យទាក់ទង ដោយព្រះរាជឱង្ការសាកសួរពីនេះពីនោះ ហើយទ្រង់ដឹកនាំបំភ្លឺអំពីផ្លូវសាសនាយ៉ាងពិស្ដារវែងឆ្ងាយណាស់ អស់៤-៥ម៉ោងក៏មាន ទាល់តែភ្លឺក៏មាន មិនចេះត្អូញថាងងុយសឹង ថាចុករួយស្រពន់ទេ ឲ្យតែភ្ញៀវនោះទ្រាំអង្គុយចូលចិត្តស្ដាប់ចុះ (ការណ៍នេះ ចំពោះតែពេលណាមួយដែលសម្ដេចមានព្រះសុខភាពរាងកាយស្រួលល្អ)។
សម្តេចស្ទាត់បំផុតខាងការផ្ទំ ពុំមាននរណាមួយយកតម្រាប់តាមបានឡើយ។ វេលាផ្ទំមិនមានកំណត់ពេលណាមួយអោយប្រាកដប្រជាទេ គឺស្រេចតែមានឳកាស, បើព្រះអង្គមានឳកាសពេលណា ក៏ផ្ទំពេលនោះភ្លាម លក់ភ្លាម រវាង ១ម៉ោង ឬកន្លះម៉ោងទ្រង់តើនឡើងភ្លាម។ ទីកន្លែងដែលសម្តេចត្រូវផ្ទំនោះ មិនរើសទេ ទោះបីទីណាមួយមានសំឡេងអ៊ូអរ ឬសំឡេងគេធ្វើការវាយដំឮក្តុងក្ឌាំងក៏ដោយ សម្តេចផ្ទំចេះតែលក់ស្រួលទាំងអស់ គឺថាងាយក្នុងការផ្ទំ ក្នុងការលក់ ក្នុងការតើនឡើងវិញពេកណាស់ គឺថាត្រង់ណាក៏ផ្ទំបាន ត្រង់ណាក៏លក់បាន កំណត់ប៉ុន្មានម៉ោងក៏អាចតើនឡើងបានតាមកំណត់មិនបាច់ដាស់។
ការផ្ទំលក់របស់សម្តេចមិនយូរទេ ដូចយ៉ាងលើរថយន្ត លើកប៉ាល់ទឹក ឬលើយន្តហោះក៏អាចផ្ទំលក់បានភ្លាមៗ ។ សម្តេចមានមនោមយិទ្ធិមួយត្រង់ផ្ទំនេះប្រសប់បំផុត គ្មានអ្នកណាមួយរៀនយកតម្រាប់តាមបានឡើយ។
ឈឹម ស៊ុម
*** មកដល់ចុងបញ្ចប់នេះ ខ្ញុំស្រុកស្រែ បាននឹកឃើញដល់ប្រសាសន៍របស់ព្រឹទ្ធាចារ្យមួយរូប ដែលជាអតីតសិស្សសាលាបាលី និងជាអ្នកនៅបំរើទឹកក្តៅ ទឹកត្រជាក់ជូនសម្តេចព្រះសង្ឃរាជ នៅវត្តឧណ្ណាលោម បានរំលឹកប្រាប់ខ្ញុំពីអនុស្សាវីយ៍មួយ រវាងគាត់ និងសម្តេចព្រះសង្ឃរាជជាអម្ចាស់ កាលក្នុងអំឡុងពេលទ័ពជប៉ុនចូលស្រុក…។ មានថ្ងៃមួយ កងទ័ពជប៉ុនមួយក្រុមបានចូលមកក្នុងទីអារាមវត្តឧណ្ណាលោម ហើយទាំងលោកនេនតូចៗ ទាំងភិក្ខុសង្ឃមិនដឹងថា កងទ័ពទាំងនោះមកក្នុងវត្តមានការស្អីទេ ក៏នាំពួកគេ អោយមកជួបព្រះតេជព្រះគុណ ជួន ណាត (កាលណោះ លោកឡើងជាចាងហ្វាងសាលាបាលី ជំនួសព្រះតេជព្រះគុណ ល្វី ឯម ហើយ)។ ពេលនោះព្រះអង្គបានមានសង្ឃដីកាជាភាសាជប៉ុន បែបធម្មតាជាមួយកងទ័ពជប៉ុនទាំងនោះ ធ្វើអោយអ្នកនៅជុំវិញព្រះអង្គ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កងទ័ពជប៉ុនទាំងនោះឆ្ងល់ ព្រមទាំងសួរទៅព្រះអង្គថា៖ តើព្រះអង្គចេះភាសាជប៉ុនតាំងពីអង្កាល? ហើយគ្រូណាបង្រៀនព្រះអង្គ?… សម្តេចព្រះសង្ឃរាជ លោកមានពុទ្ធដីកាប្រាប់ទៅកងទ័ពជប៉ុនវិញ ព្រមទាំងចង្អុលទៅវិទ្យុមួយ នៅក្បែរព្រះកាយព្រះអង្គ៖ នេះគ្រូអាត្មា!…
មានរឿងដោយឡែកមួយទៀត ទាក់ទងនឹងកាយសម្បទាពីកំណើតរបស់សម្តេចព្រះសង្ឃរាជជាអម្ចាស់ ដែលខ្ញុំឆ្ងល់ថា ហេតុអីបានជាព្រះអង្គ ពូកែខាងសំនួនវោហារខ្លាំងម្ល៉េះ?… លោកព្រឹទ្ធាចារ្យខាងលើបានប្រាប់ខ្ញុំថា៖ នរណាដែលមានរង្វះមាត់ធំ អ្នកនោះនឹងពូកែខាងវោហារ..!!.. ព្រះឳស្ឋរបស់សម្តេចព្រះសង្ឃរាជ មើលទៅឃើញធម្មតា, តែបើព្រះអង្គហាព្រះឳស្ឋឡើងគឺ អាចក្តាប់ដៃលូកចូលក្នុងមាត់ចុះ…
(ស្រុកស្រែ)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024