នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸តក់ៗពេញបំពង់។
ចង់ចេះឱ្យសម្លាប់អាចារ្យ
ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់
| – ចង់ចេះឱ្យសម្លាប់អាចារ្យ | ចង់បានផ្លែផ្កាឱ្យដុតគល់ |
| ពាក្យចាស់បូរាណបានពន្យល់ | ឱ្យស្ងួននិមលពិចារណា ។ |
| – ម្តេចឡើយចាស់លោកពោលដូច្នេះ | ចង់ចេះឱ្យសម្លាប់អាចារ្យ |
| រីឯបើចង់បានផ្លែផ្កា | សន្យាយកភ្លើងដុតគល់វិញ ។ |
| – កូនអើយនោះហើយសុភាសិត | លោកឱ្យរិះគិតកុំទោម្នេញ |
| ន័យនេះប្រៀបធៀបទើបចំណេញ សារ ។ | នោះពិតពោរពេញដោយខ្លឹម |
| – ឧទានបំភ្លឺគឺគ្រូម្នាក់ | នោះពិតបញ្ជាក់ជាអាចារ្យ |
| បូរាណលោកហៅថាគ្រូបា ។ | នោះហើយអាចារ្យថាមិនស្មាន |
| – បើយើងចង់ចេះត្រូវសម្លាប់ | ពុំមែនចាក់កាប់ឱ្យស្លាប់ប្រាណ |
| សម្លាប់អាចារ្យលោកប្រមាណ | គឺសម្លាប់បាននូវចិត្តលោក ។ |
| – ទោះគ្រូកោងកាចចិត្តកំណាញ់ | កូនកុំស្អប់ខ្នាញ់ត្រូវឱនឈ្ងោក |
| ព្យាយាមកៀកកិតថ្នមចិត្តលោក | ចំណេះគគោកលោកមិនលាក់ ។ |
| – ចេះផ្គាប់រាប់រកលោកអាណិត | តំរេះលោកពិតលែងព័ន្ធពាក់ |
| បូជាឱ្យមកលោកមិនលាក់ | នោះហើយបញ្ជាក់ថាសម្លាប់ ។ |
| – ឯន័យម្យ៉ាងទៀតឆ្លៀតសំគាល់ | គឺខ្លួនយើងផ្ទាល់ចូរត្រងត្រាប់ |
| អាចារ្យដែលយើងត្រូវសម្លាប់ | បើស្តីតាមច្បាប់ថាមានបី ។ |
| – ទិដ្ឋិ មានះ និង តណ្ហា | នោះជាប្រការធំប្រពៃ |
| សម្លាប់អាចារ្យនោះទាំងបី | កុំឱ្យរស់អីនាំរំខាន ។ |
| – ន័យនេះរិះគិតពិតនឹងយល់ | ត្បិតជាពិសពុលឋិតជាប់ប្រាណ |
| បើយើងសម្លាប់ឱ្យស្លាប់បាន | នោះនឹងនាំបា្រណឱយល់ដឹង ។ |
| – ដូច្នេះចូរស្ងួនឱនកាយចិត្ត | បើចង់ចេះពិតត្រូវប្រឹតប្រឹង |
| កំចាត់ទិដិ្ឋមានះរឹង | បំផ្លាញឱ្យឈឹងទាំងតណ្ហា ។ |
| – នោះហើយលោកថាអាចារ្យបី | ជាអរូបីយ៍ជាប់អាត្មា |
| បើសម្លាប់បានប្រាណថ្លៃថ្លា | ទើបនឹងសិក្សាចេះចាំឆាប់ ។ |
| – ឯឃ្លាមួយទៀតនិទានថា | ចង់បានផ្លែផ្កាឱ្យប្រញាប់ |
| យកភ្លើងដុតគល់ទើបចំណាប់ | កូនអើយចូរស្តាប់ហើយគិតក្រែង ។ |
| – ពាក្យថាយកភ្លើងទៅដុតគល់ | នោះគឺឈ្មុសឈ្មុលខំប្រឹងប្រែង |
| គល់គឺកំណត់ពិតជាក់ស្តែង | លោកឱ្យខ្នះខ្នែងស្វែងខាងដើម ។ |
| – ប្រៀបនឹងដំណាំសព្វសារពើ | មុនដាំត្រូវធ្វើឱ្យបានឆ្នើម |
| ដាស់ដីផ្សំជីជាដង្ហើម | នោះទើបដងដើមឆាប់ល្អបាន ។ |
| – ប្រឹងកាប់គាស់កាយខំខ្វាយខ្វល់ | បំប៉នឫសគល់ថែប្រមាណ |
| នោះពិតផ្លែផ្កាភោគផលបាន | ន័យនេះមិនស្មានជាការពិត ។ |
| – ដូច្នេះពាក្យថាឱ្យដុតគល់ | លោកពិតពន្យល់ឱ្យកូនគិត |
| មុនចាប់ភោគផលនៃជីវិត | ខំរៀនរិះគិតកុំទំរន់ ។ |
| – ដុតដៃដុតជើងយើងស្ទុះស្ទា | ប្រយុទ្ធការងារពិតពេកពន់ |
| ព្យយាមអំណត់ទ្រាំអត់ធន់ | ថ្ងៃមុខគាប់គន់ដោយផ្លែផ្កា ។ |
| -កូនអើយចូរចាំពាក្យចងក្រង | ឳពុកសាកល្បងស្រាយប្រស្នា |
| ធម្មតាភាសិតលោកចងចារ | ន័យច្រើនប្រការប្លែកៗគ្នា ។ |
| – នេះពុកវែកញែកតែមួយផ្លូវ | ប្រៀបធៀបតម្រូវតាមឃ្លោងឃ្លា |
| ពន្យល់ដល់កូនស្ងូនពុំងា | គេងគិតគ្រប់គ្នាណានិមល់ ។ |
| – ចង់ចេះត្រូវសម្លាប់អាចារ្យ | ចង់បានផ្លែផ្កាត្រូវដុតគល់ |
| ច្នេះការប្រឹងប្រែងស្វែងឈ្មុសឈ្មុល | រមែងបានយល់ផលទ្រព្យា ។ |
| – កុំកាប់បំពង់រងចាំភ្លៀង | ពាក្យពេចន៍សំនៀងលោកចងឃ្លា |
| លោកផ្តាំប្រដៅរាល់វេលា | ឱពិចារណាផ្លូវជីវិត ។ |
| – កុំដេករងចាំព្រេងវាសនា | កុំចោលកិច្ចការពឹងលាភពិត |
| កុំឆោតវង្វេងឆ្វេងគំនិត | ចោលការមកគិតផ្សងសំណាង ។ |
| -កុំឮផ្គរលាន់រួសរាន់អរ | ចាក់ចោលឈូរឆទឹកក្នុងអាង |
| ចាំត្រងទឹកថ្មីដាក់ប៉ោតពាង | គ្រោះកាចគ្រាប់ភ្លៀងវាងមិនធ្លាក់ ។ |
| – នោះឯងរមែងខូចប្រយោជន៍ | ទ្រព្យផងហិនហោចព្រោះជឿជាក់ |
| ផ្តរភ្លៀងមិនទៀងទេនាងអ្នក | ពាក្យពុកបញ្ជាក់មិនលាក់ភរ ។ |
| – យើងធ្វើស្រែច្បារប្រាថ្នាទឹក | កុំសង្ឃឹមនឹកពឹងភ្លៀងផ្គរ |
| ការពាររាំងជល់កុំឈប់ឈរ | ទើបផលកើនគរជាក់ជាបាន ។ |
| – កុំទីពឹងមេឃក្រែងខាតខក | ស្រូវស្រែបែរស្កកនាំរំខាន |
| មានវិធានការទើបថាថ្កាន | កុំខឹងជើងក្រានបើបាយឆៅ ។ |
| – ធ្វើស្រែនឹងទឹកសឹកនឹងស្បៀង | ពាក្យពីរបីព្យាង្គលោកប្រដៅ |
| ផ្សងព្រេងប្រវាស់ច្បាស់ជាខ្លៅ | ក្រែងពូជមួយតៅនៅមួយក្តាប់ ។ |
| – កូនអើយកុំផ្អែកអំរែកគេ | កំស្ងៀមទំនេរចាំផលស្រាប់ |
| កុំបានគេជួយលែងព្រួយយ៉ាប់ | រីករាយចំណាប់ភ្លេចកិច្ចការ ។ |
| – ជួនជាថ្ងៃក្រោយគេមិនគាប់ | ចាយវាយអស់ទ្រព្យទើបឆ្លេឆ្លា |
| បន្ទោសថាព្រោះព្រេងវាសនា | ខ្វះក្តីមេត្តាដល់ជីវិត ។ |
| – នោះឯងប្រៀបបាននឹងភ្លៀងផ្គរ | មិនអាចនឹងនទេវរមិត្ត |
| ខ្លួនត្រូវពឹងខ្លួនស្ងួនគួរគិត | នោះទើបជីវិតមានរស្មី ។ |
| – លោកថាបើដុតៗឱ្យខ្លោច | នោះជាប្រយោជន៍ល្អប្រពៃ |
| បញ្ជាក់ថាអ្នកនឹងធ្វើអ្វី | លូកឱ្យកប់ដៃចូលឱ្យជ្រៅ ។ |
| – ឧបមេយ្យបំណងប៉ងប្រាថ្នា | បង្កើតផល្លាច្បារស្រែស្រូវ |
| តោងប្រឹងឈ្មុសឈ្មុលរុលឱ្យជ្រៅ | ទោះត្រជាក់ក្តៅត្រូវពុះពារ ។ |
| – ចង់បានជាប្រាជ្ញជាបណ្ឌិត | គប្បីរិះគិតស្វែងវិជ្ជា |
| ចេះចាំឆ្អិនខ្លោចច្បាប់នានា | នោះទើបក្លាយងារជាអ្នកចេះ ។ |
| – ប្រៀបបានពិសោធសព្វដំណាំ | អាស្រ័យសកម្មទើបបានបេះ |
| ដាំចោលមិនខ្វល់ផលមិនផេះ | ដើមស្វិតផ្លែក្រេះត្បិតស្ទើរភ្លើង។ |
| – នោះហើយន័យថាដុតឱ្យខ្លោច | លោកផ្តាំប៉ប៉ោចចំពោះយើង |
| ការប្រឹងស្ទុះស្ទានោះជាភ្លើង | ឃ្លានេះគួរយើងគិតរំពៃ ។ |
| – ម្យ៉ាងទៀតពុកឆ្លៀតប្រៀបប្រដូច | ពាក្យថាដុតខ្លោចគឺសំដី |
| បំណាច់ចោទឆ្លើយចម្លើយក្តី | គប្បីស្រដីឱ្យមឹងម៉ាត់ ។ |
| – ពោលពាក្យហ្មត់ចត់សង្កត់ច្បាស់ | ហេតុផលឱ្យណាស់ចូរប្រយ័ត្ន |
| បើដុតមិនខ្លោចអសោចិ៍ក្តាត់ | ម្ល៉េះបង់សម្បត្តិដ្បិតភ្លើងស្ទើរ ។ |
| – នេះន័យអត្ថបដិរូប | កូនអើយគង់ជួបដោយអន្លើ |
| ពាក្យដុតឱ្យខ្លោចជាទង្វើ | អ្វីសព្វសារពើធ្វើឱ្យណាស់ ។ |
| – ម្យ៉ាងទៀតលោកថារោចឱ្យឆៅ | ពាក្យពោលប្រដៅភ្លឺស្រឡះ |
| លោកផ្តាំកូនចៅទាំងក្មេងចាស់ | ឱ្យយល់ជាក់ច្បាស់លើអត្ថន័យ ។ |
| – កូនអើយបើរោចៗឱ្យឆៅ | លោកបំភ្លឺផ្លូវស្ងួនប្រុសស្រី |
| ដកខ្លួនឱ្យឆ្ងាយភាពអប្រីយ៍ | គុំចូលជិតអីថ្លៃព្រលឹង ។ |
| – ឧទាហរណ៍ខ្លីស្តីពីចោរ | ក្រខ្វះអាវខោតែវាប្រឹង |
| លបលួចឆឆក់ភ្នែកស្លក់ស្លឹង | ភ័ព្វល្អក្រម្លឹងក្លាយជាមាន ។ |
| – របរនោះឯងផ្សងព្រេងស្លាប់ | ជួនភ្លាត់ចំណាប់អន្តរធាន |
| ប្រព្រឹត្តទុច្ចរិតចិត្តបំពាន | តើគួរសូត្ររៀនឬគួរកុំ? ។ |
| – របរឥតដើមកុំប្រថុយ | ក្រែងរាសីស្អុយវាស៊យធំ |
| បើត្រាស់តាមច្បាស់លោកថាកុំ | នាំទុក្ខទោសធំដល់ជីវិត ។ |
| -កូនអើយនោះហើយរោចឱ្យចៅ | ពុកផ្តាំប្រដៅមិនត្រូវស្និទ្ធ |
| ល្ងង់នឹងខិលខូចញាតិអាណិត | ឆៅនឹងទុច្ចរិតពិតល្អកាយ ។ |
| – ពាក្យរោចប្រដូចថាដកចេញ | រីពាក្យដុតវិញខំខ្វល់ខ្វាយ |
| ដូច្នោះឆៅចុះព្រោះអបាយ | បើកាប់គាស់កាយឱ្យខ្លោចចុះ ។ |
| – ចូរចាំជានិច្ចកុំភ្លេចឡើយ | ពាក្យចាស់ផ្តាំហើយមិនសូវខុស |
| ប្រៀបបានប្រទីបបំភ្លឺឆ្លុះ | ប្រាប់ផ្លូវត្រូវខុសដល់ពុំងា ៕ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on May 12, 2025 by Johnny ចន្នី






