នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸មាតានិងបិតាលោកហៅថា ព្រហ្ម (របស់បុត្រ)។



សូធ្យគោតមប្រវត្តិ
| ខ្ញុំសូមថ្វាយវន្ទា | ព្រះសាស្តាដ៏មានបុណ្យ |
| និងសូមគោរពគុណ | គ្រាព្រះអង្គចុះចាកឋាន ។ |
| មកចាប់ផ្ទៃមាតា | ស្រីស្រឹង្គារស្រស់កល្យាណ |
| កាលនោះមហាជនបាន | សុខក្សេមក្សាន្តព្រោះបារមី ។ |
| ក្នុងថ្ងៃព្រហស្បតិ៍អា- | សាឍមាសាពេញបូណ៌មី |
| រកាជាឆ្នាំថ្មី | សុខសិរីដល់ជនា ។ |
| កាលបានដប់ខែហើយ | ព្រះគុណអើយកើតអស្ចារ្យ |
| នៅនាដងព្រឹក្សា | ឈ្មោះហៅថាព្រៃសាលវ័ន ។ |
| កក្រើកផែនពសុធា | មានទេវតារាប់រយពាន់ |
| ឋិតនៅក្នុងតំបន់ | នៃឧទ្យានលុម្ពិនី ។ |
| ឆ្នាំចពិសាខនា | ថ្ងៃសុក្រជាពេញបូណ៌មី |
| ថ្ងៃនោះព្រះជិនស្រី | ទ្រង់ប្រសូតឥតមានព្រួយ ។ |
| កាលសិទ្ធត្ថក្សត្រា | មានវស្សាដប់ប្រាំមួយ |
| បិតាបានលើកស្ទួយ | អភិសេកនឹងស្រឹង្គារ ។ |
| នារីស្រស់កល្យាណ | អ្នកផងបានស្គាល់គ្រប់គ្នា |
| ថាឈ្មោះនាងពិម្ពា | ស្រស់សោភាលើសលែងក្រៃ។ |
| កាលនោះក្នុងឆ្នាំឆ្លូវ | ត្រូវថ្ងៃសៅរ៍មានសិរី |
| អាសាឍពេញបូណ៌មី | ក្សត្រាថ្លៃបានសុខា ។ |
| ស្តេចមានព្រះរាជបុត្រ | បរិសុទ្ធភ័ក្ត្រស្រស់ថ្លា |
| គួរឱ្យព្រះរាជា | ស្តេចជំពាក់ចិត្តពេកក្រៃ ។ |
| តែទ្រង់បានកាត់ផ្តាច់ | ទ្រង់សម្រេចព្រះហឫទ័យ |
| ថាត្រូវកាត់អាល័យ | ពីបុត្រថ្លៃមួយគ្រាណា ។ |
| បើបិតាបានត្រាស់ | វិលរហ័សរកបុត្រា |
| មកប្រោសស្ងួនពុំងារ | ចាកសង្សារណាបុត្រថ្លៃ ។ |
| កាលនោះថ្ងៃព្រហស្បតិ៍ | ក្នុងឆ្នាំថោះមានសិរី |
| អាសាឍពេញបូណ៌មី | ក្សត្រាថ្លៃចេញបព្វជ្ជា ។ |
| កាលបានបព្វជ្ជាហើយ | មិនព្រងើយខំឧស្សាហ៍ |
| ធ្វើទុក្ករកិរិយា | គ្មាននរណាធ្វើដូចអី ។ |
| បានត្រាស់ឆ្នាំរកា | ពិសាខាពុធបុណ្ណមី |
| ជាថ្ងៃព្រះជិនស្រី | មានសិរីឈ្នះក្រុងមារ ។ |
| ត្រាស់ដឹងបានពីរខែ | ទ្រង់គ្នាន់គ្នេរប្រោសទេសនា |
| ប្រោសបញ្ចវគ្គិយា | នាកណ្តាលដងព្រឹក្សព្រៃ ។ |
| គឺក្នុងឆ្នាំរកា | អាសាឍមាសាបុណ្ណមី |
| ថ្ងៃសៅរ៍ព្រះជិនស្រី | ផ្តើមពោលស្តីធម៌ទេសនា ។ |
| ក៏ជាថ្ងៃកំណើត | សង្ឃបានកើតក្នុងលោកា |
| សាវ័កព្រះសាស្តា | មានរហូតដល់សព្វថ្ងៃ ។ |
| នាថ្ងៃមួយនោះណា | គួរសោកាណាស់ម្ចាស់ថ្លៃ |
| គឺថ្ងៃព្រះជិនស្រី | កាត់ព្រះទ័យដាក់សង្ខារ ។ |
| គឺក្នុងថ្ងៃអាទិត្យ | ឆ្នាំម្សាញ់ពិតមាឃមាសា |
| នៅចំពោះមុខមារ | នាបាវាលចេតិយ ។ |
| បីខែកន្លងទៅ | មិនឈប់នៅយឺតយូរអី |
| ដល់ថ្ងៃព្រះជិនស្រី | ទ្រង់និព្វានចាកលោកា ។ |
| គឺក្នុងឆ្នាំនោះឯង | មានការផ្សេងតែមាសា |
| គឺខែពិសាខនា | ថ្ងៃអង្គារពេញបូណ៌មី ។ |
| ដោយអំណាចអានុភាព | ដែលខ្ញុំក្រាបថ្វាយវន្ទីយ៍ |
| នឹកគុណព្រះមុនី | សូត្រប្រវត្តិព្រះសាស្តា ។ |
| សូមឱ្យសម្រេចបុណ្យ | ដែលជាគុណល្អថ្លៃថ្លា |
| អន្ទោលក្នុងសង្សារ | សូមប្រាថ្នាជួបបណ្ឌិត ។ |
| សូមជួបព្រះសិអារ្យ | ជាសាស្តាដ៏ពិសិដ្ឋ |
| សូមចាក់ធ្លុះធម៌ពិត | សមដូចចិត្តប្រាថ្នាហោង ៕ |
(ក្រាបថ្វាយបង្គំម្តង)
☸️🔸🙏🔸☸️


🔸កំណែចុងក្រោយ Last Updated on April 13, 2025 by Johnny ចន្នី








