គួរឲ្យទានដល់បុគ្គលប្រភេទណា?

គួរឲ្យទានដល់បុគ្គលប្រភេទណា?


នាងវិសាខាថ្វាយភត្តាហារដល់ព្រះសម្ពុទ្ធ
នាងវិសាខាថ្វាយភត្តាហារដល់ព្រះសម្ពុទ្ធ

មាន​អ្នក​ខ្លះ​បាន​ចោទ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ថា ព្រះ​អង្គ​ទ្រង់​សរសើរ​ចំពោះ​តែ​ទាន​ដែល​គេ​ប្រគេន​ដល់​ព្រះ​ភិក្ខុ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធសាសនា​តែ​ប៉ុណ្ណោះ ទ្រង់​មិន​គាំ​ទ្រ​សរសើរ​ទាន​ដែល​គេ​ឲ្យ​ដល់​អ្នក​បួស​ដទៃៗ​ទៀតឡើយ​ តើ​សម្តី​នេះ​ពិត​ឬ​ទេ​?

ក្នុង​គម្ពីរ​សុត្តន្តបិដក អង្គុត្តរ​និកាយ តិកនិបាត ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា “…ម្នាលវច្ឆៈ បុគ្គល​ណា​និយាយ​ថា​ព្រះ​សមណគោត្តម​ត្រាស់​ថា គប្បី​ធ្វើ​ទាន​ចំពោះ​តថាគត​តែ​ម្នាក់ គប្បី​ឲ្យ​ទាន​​ដល់​សាវ័ក​របស់​តថាគត​តែ​ម៉្យាង មិន​គប្បី​ធ្វើ​ទាន​ដល់​សាវ័ក​របស់​អ្នក​ដទៃ​ៗ​ទៀត​ឡើយ ដូច្នេះ អ្នក​នោះ​ឈ្មោះ​ថា​មិន​និយាយ​តាម​ពាក្យ​ដែល​តថាគត​សំដែង ថែម​ទាំង​មួល​បង្កាច់​តថាគត​ដោយ​ពាក្យ​មិន​ល្អ មិន​ជា​ការ​ពិត​។

“.​.​.​ម្នាល​វច្ឆៈ បុគ្គល​ណា​ហាម​អ្នក​ដទៃ​ដែល​កំពុង​ឲ្យ​ទាន បុគ្គល​នោះ​ឈ្មោះ​ថា រមែង​ធ្វើ​អន្តរាយ​ដល់​វត្ថុ ៣​យ៉ាង ជា​ចោរ​ឆក់​ប្លន់​វត្ថុ​៣​យ៉ាង ចុះ​វត្ថុ​៣​យ៉ាង​នោះ​អ្វី​ខ្លះ​? វត្ថុ៣​យ៉ាង​នោះ​គឺ រមែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​បុណ្យ​កុសល​របស់​ទាយក​១ រមែង​ធ្វើ​អន្តរាយ​ដល់​លាភ​បដិគ្គាហក​១ បុគ្គល​នោះ​ខ្លួន​ឯង​ជា​អ្នក​ត្រូវ​បាន​កំ​ចាត់ និង​ត្រូវ​បាន​បំផ្លាញ​មុន​គេ​១.​.​.​។

“ម្នាលវច្ឆៈ ក៏​តថាគត​បាន​សំដែង​ដូច្នេះ​ថា បុគ្គល​ណា​ជះ​ទឹក​លាង​ភាជនៈ ឬ​ទឹក​លាង​ផ្តិល​ទៅ​សូម្បី​កន្លែង​ដែល​សត្វ​​នៅ​អាស្រ័យ​ក្នុង​ថ្លុក​ជ្រាំ ឬ​អណ្តូង​ដែល​ស្មោក​គ្រោក ក្បែរ​ទ្វារ​ផ្ទះ​ដោយ​តាំង​ចិត្ត​ថា សូម​ឲ្យ​សត្វ​ដែល​នៅ​អាស្រ័យ​ក្នុង​ទី​នោះ​ចូរ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​វត្ថុ​នេះ​ចុះ ដូច្នេះ ម្នាល​វច្ឆៈ តថាគត​ពោល​នូវ​ កម្ម​ដែល​មាន​ការ​ជះ​លាង​ទឹក​ភាជនៈ​នោះ​ជា​ហេតុ​ថា​ជា​ទី​មក​នៃ​បុណ្យ ចាំ​បាច់​ពោល​ថ្វី​ដល់​កា​ធ្វើ​ទាន​ចំពោះ​មនុស្ស​។

“…ប្រការ​មួយ​ទៀត តថាគត​រមែង​ពោល​ថា ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ដល់​អ្នក​មាន​សីល មាន​ផល​ច្រើន ជាង​ការ​ឲ្យ​ដល់​អ្នក​ដទៃ ទាំង​អ្នក​មាន​សីល​នោះ​ជា​អ្នក​លះ​អង្គ​៥​បាន​ហើយគឺ 

១- កាមច្ឆន្ទៈ (សេចក្តី​ផ្គង​ចិត្ត​ចុះ​ក្នុង​កិលេស​កាម និង​វត្ថុ​កាម)

២- ព្យាបាទ (គុំ​គួន​អា​ឃាត ចំពោះ​អារម្មណ៍​ដែល​ខ្លួន​ស្អប់)

៣- ថីនមិទ្ធៈ (សេចក្តី​ធុញ​ទ្រាន់ ច្រអូស​កាយ ​ច្រអូស​ចិត្ត)​

៤- ឧទ្ធច្ចកុក្កច្ចៈ (សេចក្តី​អន្ទះ​អន្ទែង​ចិត្ត អណ្តែត​អណ្តូង​ចិត្ត រំខាន​ចិត្ត)

៥- វិចិកិច្ឆា (សេច​ក្តី​សង្ស័យ​មិន​អស់​មិន​ហើយ ងងឹត​ងងល់ មិន​ទុក​ចិត្ត​)

.​.​.​ប្រកប​ដោយ​អង្គ​៥​គឺ​ប្រក​ប​​ដោយ ​សីលក្ខន្ធ ដែល​ជា​របស់​ព្រះ​អសេក្ខ​បុគ្គល (ព្រះ​អរហន្ត)​១ ប្រកប​ដោយ​ សមាធិខន្ធ ដែល​ជា​របស់​ព្រះ​អសេក្ខ​បុគ្គល១ ប្រកប​ដោយ ​បញ្ញា​ខន្ធ ដែល​ជា​របស់​ព្រះ​អសេក្ខ​បុគ្គល​១ ប្រកប​ដោយ ​វិមុត្តិខន្ធ (ពួក​ធម៌​ដែល​នាំ​ឲ្យ​ធ្វើ​ចិត្ត​ឲ្យ​ផុត​ពី​កិលេស​និង​សេចក្តី​ទុក្ខ) ដែល​ជា​របស់​ព្រះ​អសេក្ខ​បុគ្គល​១ ប្រកប​ដោយ ​វិមុត្តិញ្ញាណទស្សនក្ខន្ធ (ពួក​ធម៌​ដែល​នាំ​ឲ្យ​ចាប់​ចិត្ត យល់​ដឹង​ជាក់​ច្បាស់​ក្នុង​សភាវៈ​ដែល​រួច​ផុត​ចាក​កិលេស​និង​សេច​ក្តីទុក្ខ) ដែល​ជា​របស់​ព្រះ​អសេក្ខ​បុគ្គល​១.​.​.​តថាគត​ពោល​ថា ទាន​ដែល​បុគ្គល​ឲ្យ​ហើយ​ដល់​លោក​អ្នក​ដែល​លះ​អង្គ​៥​បាន ប្រកប​ដោយ​អង្គ៥​ដូច​ដែល​ពោល​មក​នេះ ជា​ទាន​មាន​ផល​ច្រើន​។”

ប្រភពៈ

បានផ្សាយ​នៅ​ ខែមករា 10, 2012 ដោយ Saloeurm Savath

🔸Last Updated កំណែចុងក្រោយ on September 14, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).