គុណសោកកថា
បទកាកគតិ
| យើងខ្ញុំបង្គំ | ||
| ក្រួញក្រាបប្រណម | ក្រោមព្រះបាទា | នៃអង្គសម្តេច |
| ព្រះសង្ឃរាជា | អគ្គមេធា | មហាវីរៈ ។ |
| កំពូលអ្នកប្រាជ្ញ | ||
| ព្រះទ័យអង្គអាច | វាងវៃប្រត្យក្ស | ទាំងអក្សរសាស្ត្រ |
| ទាំងពុទ្ធចក្រ | ទ្រង់ជាឯកអគ្គ1 | អ្នកបដិវត្ត ។ |
| រៀបរៀងធម៌អាថ៌ | ||
| វិន័យសិក្ខា | ដែលមានភ្លាំងភ្លាត់ | ឱ្យបានត្រឹមត្រូវ |
| ត្រង់ដូចបន្ទាត់ | ព្រះសង្ឃរាល់វត្ត | ប្រតិបត្តិសិក្សា។ |
| អក្សរសាស្ត្រជាតិ | ||
| ព្រះអង្គខ្មីឃ្មាត | សង្វាតរចនា | សើរើរៀបរៀង |
| ផ្ទៀងផ្ទាត់ភាសា | ឱ្យមានលក្ខណា | ថ្លៃថ្លាពិសី ។ |
| ទោះមានឧបសគ្គ | ||
| ពើបពះគ្រោះថ្នាក់ | បង្អាក់ម្តេចក្តី | ព្រះអង្គឥតរា |
| ពុះពារឃ្មាតខ្មី | ប្រយោជន៍ដើម្បី | សិរីខេមរា ។ |
| ប្រកបព្រះគុណ | ||
| គុណគាប់មហាធ្ងន់ | ធ្ងន់ឥតឧបមា | ទាំងផែនការជាតិ |
| ទាំងផ្នែកសាសនា | ទ្រង់ព្រះឧស្សាហ៍ | ពុំមានរសាយ ។ |
| ទោះទ្រង់ជរា | ||
| តែត្រង់ការងារ | ពុំមានជិនណាយ | ឥតទ្រង់តម្រិះ |
| ដល់ព្រះអង្គកាយ | ព្រះទ័យខ្វល់ខ្វាយ | និងជាតិសាសនា ។ |
| កិច្ចការឧត្តម | ||
| ដែលទ្រង់ខិតខំ | ប្រើព្រះប្រាជ្ញា | បំពេញទុកឱ្យ |
| អ្នកក្រោយសិក្សា | មានច្រើនប្រការ | ហួសនឹងអធិប្បាយ ។ |
| ព្រះទ័យមេត្តា | ||
| អាសូរករុណា | មនុស្សសត្វទាំងឡាយ | ស្មោះស្មើទូទៅ |
| ទោះនៅជិតឆ្ងាយ | គ្រប់ក្រុមនិកាយ | ស្រស់ស្រាយរាក់ទាក់ |
| ឥឡូវព្រះអង្គ | ||
| ប្រសើរលើសទ្រង់ | ឯកអង្គអគ្គៈ | ទ្រង់ទិវង្គត |
| រលត់ជន្មជាក់ | ខានយល់ព្រះភក្ត្រ | ព្រះអង្គទៀតហើយ ។ |
| ពីថ្ងៃនេះទៅ | ||
| យើងខ្ញុំរស់នៅ | សោកសៅឥតស្បើយ | អាឡោះអាល័យ |
| ម្ចាស់ថ្លៃខ្ញុំអើយ2 | ពីនេះទៅហើយ | ខានយល់ភក្ត្រា ។ |
| ខានត្រងខានត្រាប់ | ||
| ខានឮខានស្តាប់ | ព្រះរាជឱង្ការ | ឮតែសូរសៀង |
| ស័ព្ទព្រះវាចា | តាមឃោសនាការ | គឺអក្សរសាស្ត្រ ។ |
| ដែលទ្រង់បរិយាយ | ||
| ពន្យល់ដោះស្រាយ | ដោយក្តីវៃឆ្លាស | វែកញែកហេតុផល |
| ផ្តល់ន័យប្រកាស | ដោយព្រះតម្រាស់ | ជាក់ច្បាស់ក្បោះក្បាយ ។ |
| ព្រះកាយបាត់ទៅ | ||
| ព្រះកេរ្តិ៍គង់នៅ | ឱ្យយើងទាំងឡាយ | រៀនសូត្រសិក្សា |
| ភ្លឺថ្លាពណ្ណរាយ | នឹកឡើងសែនស្តាយ | ស្តាយឥតឧបមា ។ |
| ឱអម្ចាស់ថ្លៃ | ||
| យើងខ្ញុំអាល័យ | អាឡោះសោកា | រន្ធត់តក់ស្លុត |
| ស្រយុតចិន្តា | ក្តួលក្តៅខ្លោចផ្សា | ពុំមានស្រាកស្បើយ ៕ |
កំណាព្យនិពន្ធដោយៈ ព្រឹទ្ទបាលឯក ជា សំបូរ (ការិយាល័យទី៥ នៃ អ.ស.យ.ខ)
សរសើរស្នាដៃ សម្តេចព្រះសង្ឃរាជ ជួន ណាត


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី




