គារវបុគ្គល១០ជំពូក

គារវបុគ្គល១០ជំពូក

បទព្រហ្មគីត

ព្រះពុទ្ធព្រះបច្ចេកនិងឯកអគ្គារហា
អគ្គសាវកានិងមាតាបិតាផង ។
គ្រូនិងសាស្ត្រាចារ្យនិងទាយកឥតមោះហ្មង
និងអ្នកទេស្នាផងកុំយង់ឃ្នងឆ្គងប្រមាថ ។
បុគ្គលទាំងដប់នេះប្រាជ្ញគួររិះរេសម្អាត
ត្រូវកុំបីប្រមាថគួរឱហាតឱ្យចងចាំ ។
ថាមិនត្រូវប្រទូស្តឬរឹងរូសធ្វើឱ្យឆ្គាំ
ឆ្គងខុសក្រែងនឹងនាំឱ្យបានទុក្ខឃើញទាន់ភ្នែក។
ខ្ញុំតែងពាក្យកាព្យនេះដោយរិះរេមិនរារែក
មិនតែងចេញឱ្យប្លែកពីគាថាបាលីឡើយ។
អ្នកណាបានគោរពបុគ្គលដប់ពុំតោះតើយ
តាមបែបខាងលើហើយអ្នកនោះរែងជួបក្តីសុខ ។
មានរឿងតំណាលថាពួកទេព្តានិរទុក្ខ
ព្រះឥន្ទ្រជាប្រមុខតែងសំពះទិសទាំងដប់ ។
គឺទិសទាំងប្រាំបីទិសក្រោមលើដោយគ្រប់សព្វ
លើកអម្រាមទាំងដប់ប្រណម្យឆ្ពោះជននានា ។
ដែលគេបានប្រព្រឹត្តសុចរិតឥតសង្កា
ទោះនៅត្រង់ទីណាក៏ដោយចុះឥតរើសមុខ ។
ថាសូមឱ្យជននោះបានរវាតឃ្លាតចាកទុក្ខ
តាំងពីនេះទៅមុខសូមបានសុខអាយុវែង ។
ព្រោះហេតុនោះបានជាព្រះសាស្តាទ្រង់សម្តែង
ថាជនទាំងនោះឯងទោះទេព្តាក៏រាប់អាន ។
ទេព្តាទាំងតូចធំតែងបង្គំមករាល់ប្រាណ
ឆ្ពោះជនទាំងប៉ុន្មានដែលបានកាន់សីលនិងធម៌ ។
ហេតុនេះសាធុជនកុំទំរន់គួរត្រេកអរ
ឆ្ពោះធម៌ដ៏បវរដែលព្រះពុទ្ធទ្រង់សរសើរ ៕


កំណាព្យនិពន្ធដោយ: សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

វត្តឧណ្ណាលោម ថ្ងៃសុក្រ ទី១៩ ខែកក្កដា ព.ស. ២៥១២ គ.ស. ១៩៦៨

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).