កំណាត់ឈើអណ្ដែតទឹកប្រសើរជាងជនអកតញ្ញូ !
កាលណាបានឃើញអ្នកដទៃមានទុក្ខ ចិត្តរបស់សាធុជនរមែងញាប់ញ័័រដោយករុណា គឺសេចក្ដីអាណិត ព្រោះធម្មជាតិដែលផ្លូវធម៌ហៅថាករុណា ជាធម្មជាតិធ្វើឱ្យកើតការញាប់ញ័រ កាលបានឃើញសត្វបានដល់សេចក្ដីទុក្ខ(ទុក្ខិតសត្វ) ខណៈដែលជួយរមែងមានសេចក្ដីអាណិត ចង់ឱ្យជួយឱ្យផុតអំពីសេចក្ដីទុក្ខ មិនគិតដល់ការតបស្នងសងគុណអ្វីឡើយ ទោះបីជាមិនដឹងថា ក្នុងកាលអនាគត អ្នកនោះនឹងត្រឡប់ស្នងតបមកវិញដោយទង្វើអាក្រក់ក៏តាម…..
– អ្នកដឹងឧបការគុណដែលអ្នកដទៃបានធ្វើចំពោះខ្លួន ហៅថា ជនអ្នកកតញ្ញូ
– អ្នកដែលផ្ទុយគ្នាពីនេះ ហៅថា ជនអកតញ្ញូ
– មិនកតញ្ញូ ក៏ហីទៅចុះ !
– មិនតបស្នងសងគុណ ក៏មិនអីដែរ !
ប៉ុន្ដែអ្នកខ្លះ បែរជាតបស្នងដោយទង្វើអាក្រក់ នាំមកនូវសេចក្ដីទុក្ខវិញក៏មានដែរ
នេះជារឿងធម្មតារបស់លោកមនុស្ស មិនមែនទើបតែមានក្នុងបច្ចុប្បន្ននេះទេ តាំងពីបុរាណកាលយូរលង់មកហើយ ក៏ធ្លាប់កើតមានមកហើយ….
ព្រះពោធិសត្វកាលសោយព្រះជាតិជាតាបស បានជួយបុរសម្នាក់ឱ្យរួចផុតពីការលង់ទឹកស្លាប់ តែបុរសនោះ បែរជាតបស្នងតាបសវិញ ដោយអំពើដែលនាំមកនូវសេចក្ដីទុក្ខ ស្ទើរបាត់បង់ជីវិត ព្រះពុទ្ធជាម្ចាស់ កាលកើតជាព្រះពោធិសត្វក្នុងជាតកនេះ បានពោលថា
សច្ចំ កិរេវមាហំសុ, នរា ឯកច្ចិយា ឥធ,
កដ្ឋំ និប្លវិតំ សេយ្យោ, ន ត្វេវេកច្ចិយោ នរោតិ ។
ជាការពិត ដូចបានឮមកថា នរៈពួកខ្លះក្នុងលោកនេះ បានពោលទុកយ៉ាងនេះថា កំណាត់ឈើអណ្ដែតទឹកប្រសើរជាង ចំណែកនរៈពួកខ្លះ(ដែលគេស្រង់ឡើងពីទឹក)មិនប្រសើរឡើយ ។
ការដែលព្រះពោធិសត្វបានទទួលទុក្ខ ព្រះអង្គរលឹកបានថា ព្រោះព្រះអង្គមិនបានប្រព្រឹត្តតាមពាក្យបុរាណកបណ្ឌិត ទើបបានទទួលទុក្ខទោសស្ទើរក្ស័យប្រាណ ទើបពោលពាក្យនេះ ។ អដ្ឋកថាពង្រីកសេចក្ដីថា បានឮថា ពួកបុរសអ្នកជាបណ្ឌិតបានពោលថា កំណាត់ឈើស្ងួតជាឈើស្រាល អណ្ដែតក្នុងទឹក គេស្រង់ឡើងមកទុកលើគោក ប្រសើរជាងមនុស្សអកតញ្ញូ ព្រោះឈើនោះអាចប្រើជាឧសសម្រាប់ដាំស្លក៏បាន សម្រាប់បង្កាត់ភ្លើងការពាររងាក៏បាន ឬការពារភយន្តរាយផ្សេងៗ ក៏បាន ។ តែជនអ្នកបំផ្លាញមិត្ត ជាមនុស្សអកតញ្ញូ មានចិត្តបាប…. មិនប្រសើរឡើយ ។
សម័យបច្ចុប្បន្ន អ្នកដែលបានទទួលបទពិសោធជាមេរៀនជីវិតបែបនេះ អាចនឹកក្នុងចិត្តថា “បើអញដឹង អញមិនជួយល្អជាង!”
——————————————-
ប្រភពៈ សុត្តន្តតិបិដក- ខុ.ជា. ៥៨, ទ. ៣១, ខ ៧៣), អដ្ឋកថាៈ សច្ចង្កិរជាតកវណ្ណនា
តាអារាមប៊យ
ខែកញ្ញា ២១, ២០១៩
🔸Last Updated កំណែចុងក្រោយ on March 26, 2023