៣. កុំជាប់ចិត្តក្នុងរសអាហារ
🔸ព្រះពុទ្ធជាម្ចាស់ប្រៀបឧបមា | កវលិង្កាហារមានន័យ |
ដូចជាភរិយានិងស្វាមី | បីទាំងកូនខ្ចីដើរផ្លូវឆ្ងាយ ។ |
🔸ផ្លូវកន្តារៈកើតទុរភិក្ស | ព្រោះខ្វះបាយទឹកផ្គត់ផ្គង់កាយ |
មានចោរសត្វកាចនាំអន្តរាយ | អមនុស្សទាំងឡាយបៀតបៀនផង ។ |
🔸ដើរយូរស្បៀងតិចដាច់អាហារ | គិតគ្នាប្រហារកូនតែម្តង |
យកសាច់បរិភោគដើម្បីឆ្លង | វាលធំកន្លងជាផ្លូវឆ្ងាយ ។ |
🔸ពេលលេបសាច់កូនពិចារណា | មិនមែនជាការលេងសប្បាយ |
មិនមែនសម្រាប់តាក់តែងកាយ | ជាប់ចិត្តរីករាយក្នុងការឆី ។ |
🔸ពីព្រោះជាសាច់កូនបង្កើត | ជាទីស្រលាញ់ពេញហឫទ័យ |
សាច់នោះនៅឆៅហើយទន់ខ្ចី | គ្មានរសជាតិប្រៃសាបសូន្យឈឹង ។ |
🔸មិនបានចំអិនក្លិនអសោច | ប៉ុន្តែយ៉ាងហោចគ្រាន់ទីពឹង |
បរិភោគបានរស់មានលំនឹង | ដើរឆ្លងវាលស្ទឹងឱ្យដល់ត្រើយ ។ |
🔸លុះដល់ទីដៅលាក់រឿងពិត | សល់សាច់កប់ជិតរួចស្រេចហើយ |
មិនអួតប្រាប់ញាតិមិត្តណាឡើយ | ថាបានបរិភោគសាច់កូនឯង ។ |
🔸រឿងនេះប្រៀបដូចពុទ្ធបរិស័ទ | បានលាភហើយស្ងាត់មិនសំដែង |
មិនអួតមិនមើលងាយគ្នាឯង | ប្រឹងប្រែងតម្រង់ផ្លូវជីវិត ។ |
🔸អនុគ្រោះដល់ព្រហ្មចរិយធម៌ | ថាស្អាតបវរល្អពេកពិត |
ដែលគួរក្រេបផឹកហើយប្រព្រឹត្ត | ជំរះផ្លូវជិតទៅនិព្វាន ។ |
នាទីកំណាព្យ រៀបរៀងដោយៈ ឧបាសិកា ឱម លក្ខិណា
🔸Last Updated កំណែចុងក្រោយ on July 12, 2024
Facebook Comments