ឱ!សាធុជន
| ឱ សាធុជនទាំងប្រុសស្រី | គប្បីត្រង់ត្រាប់ស្តាប់ទេសនា |
| បើបានស្តាប់ហើយកើតបញ្ញា | រឹងរឹតជ្រះថ្លាភ្លឺក្នុងចិត្ត ។ |
| ចូរអ្នកសង្រួមកុំនិយាយ | កុំឱ្យរាយមាយធ្លោយគំនិត |
| ពិបាកត្រចៀកអ្នកនៅជិត | គេស្តាប់ធម៌ពិតកើតសៅហ្មង ។ |
| បើរោយស្រពន់ចុកដៃជើង | គួរយើងថយទៅតម្រង់ខ្នង |
| កុំនិយាយគ្នាឬឆ្លើយឆ្លង | អ្នកផងនឿយណាយអន្តរាយធម៌ ។ |
| ទៅកើតខាងមុខជាមនុស្សល្ងង់ | ភ្នែកខ្វាក់ខ្វិនខ្វង់ថ្លង់ខ្លៅគ |
| គួរយើងកោតខ្លាចកុំមាត់ក | ឱ្យឮអ៊ូអរដល់អ្នកស្តាប់ ។ |
| ស្តាយអើយសែនស្តាយជាតិកំណើត | មិនគួរមកកើតឱ្យមានស្លាប់ |
| ស្មានថារស់យូរដូរជាឆាប់ | កោតមិននៅស្តាប់ធម៌ទេសនា។ |
| មិនស្និទ្ធមិនស្នាលស្មោះនឹងធម៌ | ក្រអើយសែនក្រជាអស្ចារ្យ |
| ក្រមិនបានស្តាប់ពុទ្ធដីកា | កើតមកនេះណាមហាអភ័ព្វ ។ |
| ដូច្នេះគួរយើងយកខន្តី | និងសុចរិតបីកាន់ឱ្យខ្ជាប់ |
| ទើបយើងនឹងបានធម៌រម្ងាប់ | ធម៌អកុសលពីសន្តាន ។ |
| បើបានរម្ងាប់ធម៌អកុសល | អ្នកកើយកុំខ្វល់បារម្មណ៍ប្រាណ |
| សុខសួគ៌ហ្នឹងហើយឱ្យនឹងបាន | នៅព្រះនិព្វានប្រាកដហោង ៕ |


🔸កំណែចុងក្រោយ Last Updated on July 16, 2024 by Johnny ចន្នី

