អ្នមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ

អ្នមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ

អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន

បទពាក្យប្រាំពីរ

ចាស់ថាអ្នកមានរក្សាខ្សត់នោះដូចសំពត់ព័ទ្ធពីក្រៅ
រីឯអ្នកប្រាជ្ញរក្សាខ្លៅនោះដូចសំពៅនូវសំប៉ាន ។
ពាក្យថាអ្នកមានរក្សាខ្សត់នេះពុកសន្មតឱ្យស្តាប់បាន
អ្នកមានពឹងក្រកំដរប្រាណសន្សំសុខសាន្តបានយប់ថ្ងៃ  ។
ជាអ្នកការពារជាជំនួយបិទបាំងភ័យព្រួយជួយកែច្នៃ
ជាភ្នែកត្រចៀកប្រសើរក្រៃជំនួសជើងដៃសព្វកិច្ចការ ។
នោះប្រៀបសំពត់ព័ទ្ធពីក្រៅរាងកាយកក់ក្តៅប្រាណភ្លឺថ្លា
អ្នកមានកបយសខ្ពស់ហ៊ឺហាអាស្រ័យដោយសាររក្សាខ្សត់។
ឯន័យមួយទៀតគឺអ្នកមានសំបូរធនធានពិតប្រាកដ
រមែងខ្លាចណាស់ភាពក្រខ្សត់ភ័យព្រួយបំផុតមិនចង់យល់។
ចំណុចនោះហើយដែលពោលថាអ្នកមានរក្សាប្រឹងទប់ទល់
ខ្លាចធ្លាក់ខ្លួនខ្សត់កើតអំពល់នេះពុកពន្យល់ស្ងួនបវរ ។
ច្នេះហើយអ្នកមានរក្សាខ្សត់​​សន្មតថាខ្លាចភាពក្រក្រី
ទើបខំរក្សាកេរអាករការពារខ្យត់ក្រមកបៀតបៀន ។
នោះហើយន័យថារក្សាខ្សត់បំភ្លឺហ្មត់ចត់ស្រាយនិទាន
ចូរកូនចងចាំខំសូត្ររៀនឪពុកទូន្មានជាតម្រា ។
រីឯអ្នកប្រាជ្ញរក្សាខ្លៅពាក្យចាស់ប្រដៅពិតពិស្តារ
អ្នកប្រាជ្ញអាចល្បីវៃបញ្ញានោះព្រោះឧស្សាហ៍ចែកចំណេះ ។
ប្រសិនអ្នកប្រាជ្ញស្អប់អ្នកខ្លៅមិនជួយប្រដៅផ្តល់ឱ្យចេះ
វិជ្ជាដូចខ្ចប់កប់តម្រិះថ្ងៃមុខចំណេះម្លេះបាត់បង់ ។
ដូច្នេះអ្នកប្រាជ្ញរក្សាខ្លៅព្យាយាមប្រដៅប្រៀនតម្រង់
ប្រយោជន៍កេរ្តិ៍ឈ្មោះមិនបាត់បង់ត្រចះត្រចង់សព្វទីស្ថាន ។
ច្នេះហើយពាក្យនេះលោកតម្រូវប្រៀបដូចសំពៅនូវសំប៉ាន
ពាក្យពេចន៍លេចពិតពីបូរាណសំប៉ានប្រៀបបានកូននាវា ។
ទោះនឹងសំពៅទៅទីណាសំប៉ានយាត្រាជាមួយគ្នា
សំពៅខូចខកលើជលធារអាចឆ្លងគ្រោះគ្រាដោយសំប៉ាន ។
ន័យនេះសង្ខេបពុកចងក្រងងាយយល់កន្លងមិនព្រួយស្មាន
ប្រៀបធៀបគង់ជ្រាបដល់ដើមដានចូរចាំឱ្យបាននូវឃ្លោងឃ្លា ។
សរុបដោយខ្លីន័យតែមួយលោកឱ្យលើកស្ទួយជួយគ្នីគ្នា
ធ្វើអ្វីម្នាក់ឯងក្រែងមិនជាចាំបាច់រួមគ្នាទើបមាំមួន  ។
លោកថាអ្នកចេះរបេះក្បាច់នោះព្រោះសម្រេចខុសច្បាប់ក្បួន
ធ្វើអ្វីឯកឯងក្រែងក្រខ្លួនសម្ងំលាក់ពួនខាតប្រយោជន៍។
កុំលាក់គំនួចកួចកំណាញ់កុំអាងតែអញវាមិនខ្មោច
ចាស់ថាខ្លាំងពេកអាចនឹងខ្លោចនោះនាំហិនហោចខូចកិច្ចការ ។
កូនអើយបូរាណបានពោលច្បាស់ធ្វើស្រែកុំស្រាស់ព័ទ្ធបន្លា
សង្គ្រោះផងគ្នាគ្រាយាត្រានោះទើបអាត្មាផុតអំពល់ ។

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន

វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ  ឡាយ  រិន

វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace