ព្រះរាជជីវប្រវត្តិ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(អវសានកថា)

អវសានកថា

សម្តេច​ព្រះ​សង្ឃ​រាជ​ជា​អម្ចាស់ ជា​អច្ឆរិយបុរស​មួយ​អង្គ​កម្រ​រកបាន, ព្រះអង្គ​មាន​ការ​ព្យាយាម​ហួស​ប្រមាណ​ ហាក់​ដូច​ជា​ឥតបាន​គិត​ថា ព្រះអង្គ​មាន​ព្រះជន្ម ៨៦ឆ្នាំ ហើយ​សោះ, ទ្រង់​ធ្វើការ​ទាំងអស់​ហាក់​ដូច​ជា​ទ្រង់​ស្មាន​ថា ព្រះអង្គ​នឹង​មាន​ព្រះជន្ម​ពីរបីរយ​ឆ្នាំទៅ​មុខ​ទៀត។ លុះមក​ដល់​ថ្ងៃ​អង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំរកាឯកស័ក ព.ស ២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី ២៣ ខែកញ្ញា គ.ស ១៩៦៩ វេលា​ម៉ោង ១៥ និង ៤៥នាទី ស្រាប់​តែ​មាន​រោគ​ចម្លែក​ គឺ​ចុក​ព្រះឳរា ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ដងប៉ាកកា​ជាប់​ក្នុង​ព្រះហស្ថ កំពុង​ទ្រង់​សរសេរ​ពាក្យ​បន្ថែម​វចនានុក្រម​ខ្មែរ លើ​ព្រះក្រឡាបន្ទំ។ រោគ​ចម្លែក​នេះ ជា​ធម្មជាតិ​បានប​ណ្តាល​ឲ្យ​ផ្អើល​​ទាំង​បព្វជិត ទាំង​គ្រហស្ថ រហូត​ដល់​សម្តេច​ព្រះប្រមុខ​រដ្ឋ និង​សម្តេច​ព្រះមហា​ក្សត្រីយានី​ជា​អម្ចាស់​ជីវិត ទ្រង់​ជ្រាប​ភ្លាម ទ្រង់​បញ្ជា​វេជ្ជបណ្ឌិត​ធំៗ ទាំង​ខ្មែរទាំង​បារាំង ឲ្យ​មក​ប្រជុំ​គ្នា​ព្យាបាល បាន​ស្រាកស្រាន្ត​ក្នុង​វេលា​យប់​នោះ។

ព្រឹកឡើង​ថ្ងៃ​ពុធ ខ្ញុំ​(ឈឹម ស៊ុម) បាន​យក​យាគូ​ទៅ​ថ្វាយ ទ្រង់​សោយ​ដោយ​ព្រះរាជ​ហ្ឫទ័យ​រីករាយ ទ្រង់​មាន​ព្រះបន្ទូល​អំពី​ការ​ស្ថាបនា​មហាស្រះ និង​ការ​ជួសជុល​កម្រាល​បេតុង​ខឿន​ព្រះវិហារ​វត្តពោធិព្រឹក្ស ហើយ​ទ្រង់​សួរ​ពី​ចៅៗ កូនរបស់​ខ្ញុំ។ ខ្ញុំ​ក៏​ក្រាប​បង្គំ លា​ត្រឡប់​ទៅ​វិញ។

នុត សៀក
នុត សៀក (ភរិយាខ្ញុំ) ត្រូវជា​ក្មួយ​សម្តេច​ព្រះ​សង្ឃរាជ

ព្រឹកស្អែក​ឡើង​ទៀត ថ្ងៃព្រហស្បតិ ភរិយា​ខ្ញុំ​ យកយាគូ​ទៅ​ថ្វាយ​ទៀត។ ទ្រង់​មាន​ព្រះបន្ទូល​ថា៖ អញ​ឆាន់​បាន​តែ​បបរ​របស់​នាង សៀក ឯង​តាំង​ពី​ម្សិល​មក​ម្ល៉េះ, ម្ហូប​គេ​ពោរពាស​អញ​មិន​ហ៊ាន​ឆាន់ ព្រោះគ្រូពេទ្យ​ថា​ឆាន់​បបរ​ទើប​ស្រួល, ថ្ងៃរសៀល​នេះ ឬ​ស្អែក ចង់​ទៅ​ស្រែ, ទៅ​មើល​មហា​ស្រះ, បើឯង​ទៅ​ដែរ រក​ដំឡូង​ជ្រូក ស្ងោរ​អោយ​អញ​ឆាន់​ កុំ​ដាក់អ្វី​ឲ្យ​សោះ ទុក​ឲ្យ​នៅ​រសជាតិ​កំណើត​របស់​វា… ។

ទ្រង់​ផ្ទំ​មាន​ព្រះបន្ទូល​ហៅ​កូន​តូច​របស់​ខ្ញុំ ឲ្យ​ចូល​ទៅ​ជិត ទ្រង់​អង្អែល​ក្បាល​ចៅប្រាប់​ថា៖ អាស្រស់ ឯងខំរៀន ។ ភរិយា​ខ្ញុំ​ត្រឡប់​មក​ផ្ទះ ប្រុង​ប្រៀប​ខ្លួន​នឹង​តាម​ហែ​ព្រះអង្គ​ទៅ​ស្រែ ជា​ជាតិភូមិ ស្រាប់​តែ​ពេល​ព្រលប់​ឮថា ព្រះអង្គសោយទិវង្គត ហើយ…។

ថ្ងៃនេះទី ១៨ ខែមករា ឆ្នាំ១៩៧០… បីខែ ម្ភៃ​ប្រាំថ្ងៃ​កន្លង​ទៅ​ហើយ ខ្ញុំ​លើក​ដៃសរសេរ​រឿង​នេះ​តទៅ​ទៀត​ពុំ​រួច, ខ្ញុំ​សូម​បញ្ចប់​សេចក្តី​នេះ​ត្រឹម​ប៉ុណ្ណេះ… ៕

ឈឹម ស៊ុម

សម្តេចព្រះសង្ឃរាជ ជួន ណាត
សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់គង់សរសេរ​បែបនេះ…

សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់គង់សរសេរ​បែបនេះ…

ប្រភពអត្ថបទៈ ខេមរៈវប្បធម៌

ព្រលឹងជាតិរស់ ប្រជារីករាយ

🔸Last Updated កំណែចុងក្រោយ on August 10, 2024