បទដាក់ទង់ព្រះពុទ្ធសាសនា
ស្តាប់សម្លេងសូត្រ
បទដាក់ទង់ព្រះពុទ្ធសាសនា
ជាតិយើងអ្នកកាន់សាសនា | ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី |
ទ្រង់មានឆព្វណ្ណរង្សី | គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។ |
ផ្សាយចេញពីព្រះកាយទ្រង់ | រុងរឿងឫទ្ធិរង្គប្រសើរបវរ |
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ | ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។ |
កំណើតនៃព្រះរស្មី | កើតដោយបារមីនៃព្រះភគវា |
ធ្វើទានឥតមានរួញរា | កាលដែលនៅជាព្រះពោធិសត្វ ។ |
រស្មីពណ៌ខៀវនោះណា | កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់ |
ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិត | កាលនៅជាក្សត្រនាមស្រីភិរាស្ត្រ។ |
រស្មីពណ៌លឿងភ្លឺថ្លា | កាលដែលទ្រង់អារសាច់ផែធ្វើមាស |
បិទពុទ្ធរូបភ្លឺល្អឱភាស | ព្រះឥន្ទ្រជាងមាសទ្រង់វៃបណ្ឌិត ។ |
រស្មីក្រហមនោះណា | កាលដែលមាតាពស់ខាំស្លាប់ពិត |
បទុមស៊ូប្តូរជីវិត | កាត់បេះដូងបិទធ្វើថ្នាំមាតា ។ |
រស្មីពណ៌សសុទ្ធសាធ | កាលដែលព្រះបាទវេស្សន្តរក្សត្រា |
ឱ្យទានដំរីសសោភា | ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញាណ។ |
រស្មីពណ៌ដូចជើងហង្ស | កាលមាតាទ្រង់យក្ខចាប់យកបាន |
វិជ្ជាធរអារសាច់ខ្លួនប្រាណ | ឱ្យយក្ខសាមាន្យស៊ីប្តូរជីវិត ។ |
រស្មីពណ៌ផ្លេកពណ្ណរាយ | កាលជាទន្សាយឈ្មោះសោមបណ្ឌិត |
ឱ្យទានសាច់ឈាមជីវិត | ដល់ឥន្ទព្រាហ្មណ៍គិតថាអត់អាហារ ។ |
រស្មីខៀវលឿងក្រហម | សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ |
ត្រូវជាប្រាំមួយប្រការ | ទាំងចាស់កុមារចូរចាំទុកអើយ ។ |
ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
🔸Last Updated កំណែចុងក្រោយ on July 16, 2024
Facebook Comments