អត្ថទ្វារកថា

អត្ថទ្វារកថា

ភិក្ខុ ព្រុំ នឿ វត្តលង្កា ភ្នំពេញ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។


អារោគ្យមច្ឆេ បរមញ្ច លាភំ សីលញ្ច ពុទ្ធានុមតំ សុតញ្ច

ធម្មានុវត្តី ច អលីនតា ច អត្ថស្ស ទ្វារា បមុខា ឆឡេតេ ។

វេលានេះជាថ្ងៃឧបោសវ អាត្មាភាពបានទទួលនិមន្តមកទេសនា តាមវិទ្យុឧគ្ឃោ- សនស័ព្ទកម្ពុជាប្រចាំថ្ងៃឧបោសថ ដើម្បីជាសណ្តាប់នៃពុទ្ធបរិស័ទទាំងឡាយ ដូចធម្មកថា ដែលត្រូវសំដែងដូចតទៅនេះៈ

ពុទ្ធភាសិតដែលតាំងខាងលើនេះ មានឈ្មោះថា អត្ថទ្វារៈ មានមាតិកាធម៌៦យ៉ាង ដែល សំដែងអំពីទ្វារនៃប្រយោជន៍របស់មនុស្ស ។
ពាក្យថា “ប្រយោជន៍” នេះជាពាក្យដែលយើងធ្លាប់និយាយស៊ប់ស៊ាំមកណាស់ ហើយ ព្រមទាំងបានយល់សេចក្តីជាក់លាក់ហើយដែរ ប៉ុន្តែក្នុងទីនេះសូមបញ្ជាក់ អធិប្បាយបន្ថែមទៀត ដូចសេចក្តីតទៅៈ

ប្រយោជន៍ប្រែថា “ការប្រកប, វត្ថុជាទីលៃលក, វត្ថុសម្រាប់ប្រើប្រាស់, ផលដែលសម្រេចដូចប៉ង សេចក្តីត្រូវការអម្រស់អម្រ” ។
មួយទៀតដែលហៅថា “ប្រយោជន៍” បានដល់ឥដ្ឋារម្មណ៍គឺអារម្មណ៍ជាទីប្រាថ្នា ជាទីចង់ បានរបស់មនុស្សទាំងរបស់ដែលឥតមាននរណាម្នាក់ បដិសេធចោលឡើយ សុទ្ធតែគេត្រូវការ ចង់បានគ្រប់ៗគ្នា ។

ប្រជាជនគ្រប់ជាតិក្នុងលោកនេះដែលមានជីវិតរាងកាយជាទីស្រឡាញ់តែងបែរឈមទៅរកប្រយោជន៍ខំប្រឹងប្រែងស្វែងរកប្រយោជន៍ក្នុងជាតិនេះ ដើម្បីយកមកទំនុកបំរុងជីវិតរាងកាយ របស់ខ្លួនឱ្យរស់នៅដោយសុខស្រួល ។ ពិតណាស់ការសិក្សារៀន សូត្រក្នុងផ្លូវវិទ្យាសិល្បៈ ណាមួយក្តីក្នុងផ្លូវកសិកម្មពាណិជ្ជកម្មក្តី របស់មនុស្សក្នុងសម័យ អតីតឬសម័យបច្ចុប្បន្ននេះ សុទ្ធតែជាមធ្យោបាយសំរាប់ដេញស្ទាក់រកចាប់យកប្រយោជន៍ មកឧបត្ថម្ភជីវិតរាងកាយទាំងអស់ ប៉ុន្តែការស្វះពន្លះស្វែងរកប្រយោជន៍ របស់ប្រជាជន នោះ ជួនកាលក៏កាក់កប ជួនកាលក៏ចេះតែឃ្វាងចេះតែឆ្នែង គឺថា អ្នកស្វែងខ្លះចេះតែ មានលាភមានចំណេញ អ្នកខ្លះក៏ចេះតែឃ្វាងចេះតែខាតមិនបាន ឡើងឋានៈទៅជាអ្នក មានទ្រព្យនឹងគេសោះ នៅតែក្រីក្រដុនដាបទាបថោកអស់មួយ ជីវិតក៏មានបានឡើង ដល់ថ្នាក់ខ្ពងខ្ពស់ក៏មាន ។ ធម៌៦យ៉ាងដែលបានអាងដំកល់ទុកខាងលើ ជាសុភាសិត គាថានេះ ជាធម៌នាំផ្លូវប្រជាជនទៅរកប្រយោជន៍ ដែលបណ្ឌិតអ្នកប្រាជ្ញសំដែងទុកមក មានក្នុងគម្ពីរអដ្ឋកថាជាតក ឯកនិបាត ឈ្មោះថា អត្ថទ្វារជាតក ។

សេចក្តីប្រែស្រាយក្នុងសុភាសិត គាថានោះថា “ធម៌៦យ៉ាងនេះជាទ្វារដ៏ប្រធាននៃ ប្រយោជន៍គឺ អ្នកប្រាថ្នាលាភដ៏ក្រៃលែង អាស្រ័យអារោគ្យៈ គឺការមិនមានរោគ១ សីល១ ពុទ្ធានុម័ត១ សុតៈ១ ធម្មានុវត្តិ គឺការប្រព្រឹត្តតាមធម៌១ អលីនតា គឺការមិនដំអក់១” ។

ក្នុងផ្ទៃសុភាសិតគាថានេះមានធម៌៦យ៉ាង ដូចសេចក្តីអធិប្បាយ ចំពោះអត្ថបទនៃ ធម៌ មួយតទៅនេះៈ

១- អារោគ្យ = ការមិនមានរោគ

២- សីល = ការប្រព្រឹត្តរៀបរយល្អ

៣- ពុទ្ធានុម័ត = ការយល់តាមធម៌នៃព្រះពុទ្ធ

៤- សុតៈ = ការស្តាប់, ការរៀនសូត្រ

៥- ធម្មានុវត្តិ = ការប្រព្រឹត្តតាមធម៌

៦- អលីនតា = ភាពនៃការមិនដំអក់

១-អារោគ្យ = ការមិនមានរោគ
រោគាពាធផ្សេងៗ ដែលកើតមាន ឡើង សុទ្ធតែកើតអំពីសរីរកាយរបស់មនុស្សសត្វ គឺថាជម្ងឺដម្កាត់ទាំងអស់ មានសរីរកាយ ជាសមុដ្ឋាន ឬជាប្រភព(ជាដែនកើត) នៃរោគដោយហេតុថា រាងកាយរបស់មនុស្ស សត្វសុទ្ធសឹងប្រឡាក់ដោយសាច់ឈាម ព័ន្ធព័ទដោយស្បែក ទាក់ទងដោយសរសៃ បញ្ចុះជ្រំដោយក្រពះ និងពោះវៀនធំតូច សួតថ្លើម មានឆ្អឹងជាសសរ នឹងជាចន្ទុលរបស់ ទាំងនេះ ទុកជាសំបុកនៃរោគ ។ រួបរួមប្រដាប គ្រោងកាយនេះ មានចិត្តចេតសិក ជាម្ចាស់ អាចជ្រកអាស្រ័យនៅក្នុង ដែលនាំយើងឱ្យទទួលដឹង សុខ ទុក្ខ ក្តៅ ត្រជាក់ ស្រេកឃ្លានជាដើម ។ រាងកាយរបស់យើងដែលត្រូវគ្រោះថ្នាក់ដោយ រោគាពាធ មានការឈឺចាប់ចុកសៀត រួយស្រពន់ជាដើម ពុំមែនមានកំហុសអំពីអ្នកណាមួយចែកឱ្យ យើងទេ គឺរោគកើតមកតែ អំពីយើងមានរូបកាយ គឺទាល់តែអំពីយើងចង់កើតប៉ុន្តែយើង មិនបានគិតពីទោសនៃការកើតនោះថា តើការកើតប្រាកដនៃខន្ធ៥យ៉ាងណាខ្លះ? ព្រោះ តែយើង កើតបានជាយើងត្រូវទទួលលទ្ធផល គឺការចាស់ ឈឺ ស្លាប់ ឬថាព្រោះតែយើង មានសរីរកាយ បានជាយើងត្រូវទទួលលទ្ធផលពីសរីរកាយវិញ គឺរោគាពាធនេះឯង ។ ដំណើរនេះបើតាមច្បាប់ពុទ្ធសាសនាថា រូបកាយតែងទទួលទុក្ខវេទនា ដោយរោគាពាធ ណាមួយ ព្រោះហេតុតែកំហុសរបស់មនុស្សសត្វ ដែលដើមដំបូងឡើងនាំគ្នាប្រាថ្នា រលេញចង់កើត ប៉ុន្តែឥតគិតអំពីទោសនៃការកើតសោះ លុះដល់ពេលមានរោគាពាធ បៀតបៀនញ៉ាំញីទើបក្តៅក្រហាយ ស្តាយក្រោយយំយែកស្រែកថ្ងូរ ។

រោគាពាធទាំងអស់ ជាលទ្ធផលខាងអាក្រក់របស់មនុស្សសត្វដែលកើតមកអំពី បាបកម្មរបស់ខ្លួន ក្នុងកាលមុនក៏មាន ក្នុងកាលបច្ចុប្បន្នក៏មាន ។ រាងកាយរបស់បុគ្គល ដែលធ្វើបុញ្ញកម្មក៏ត្រូវមានលទ្ធផល្អ នាំឱ្យមានសុខភាព សុខសប្បាយពុំសូវមានរោគ ដែលនាំឱ្យឈឺចាប់ក្រៀមក្រំឡើយ ។ ភាពនៃកាយដែលគ្មានជម្ងឺដម្កាត់ មិនមានអាការ ក្តៅរោលរាល មិនមានការឈឺចាប់ មិនមានការរួយស្រពន់ជាដើម ទាំងនេះហៅថា ការមិនមានរោគ ។

បុគ្គលណាមួយ បុរសឬស្ត្រីដែលមានរាងកាយប្រកបដោយរោគាពាធច្រើន មិនអាចនឹងរកប្រយោជន៍បានឡើយ ដូចយ៉ាងលាភយស ដែលត្រូវបានក៏មានបាន ភោគសម្ប័ទដែលកើតមានហើយ ក៏វិនាសខូតខាតទៅវិញ ដែលមិនទាន់កើត ក៏កើត ឡើងមិនបាន ។ ភាពនៃបុគ្គលមានរោគនេះ ជាទោសមួយនាំឱ្យអភ័ព្វខាតប្រយោជន៍ គ្រប់យ៉ាង ទោះជាប្រយោជន៍បច្ចុប្បន្នក្នុងលោកក្តី ផ្លូវធម៌ក្តី ។ ហេតុនោះការដែល មិនមានរោគទើបឈ្មោះថា ជាលាភជាភ័ព្វគាប់ប្រសើរណាស់ ឈ្មោះថាជាទ្វារ ឬជាផ្លូវ បង្ហូរមកនូវប្រយោជន៍ ព្រោះថាបើរាងកាយមានសុខភាពល្អ ហើយគេនឹងស្វែងរក អម្រស់អម្រណាមួយចេះតែកើតមានបានទាំងអស់ តាមសមត្ថភាពរបស់ ខ្លួនសមដូច ពុទ្ធភាសិតថា អារោគ្យបរមាលាភា “លាភទាំងឡាយកើតមានព្រោះការមិនមានរោគ ជាការប្រសើរបំផុត” ។ ភាពនៃការមិនមានរោគនេះ រមែងជាទីស្រឡាញ់ជាទីចង់បាន របស់មនុស្សគ្រប់ជាតិ ឥតមាននរណាមួយចង់ឱ្យមានរោគឡើយ ព្រោះហេតុនោះទើប អ្នកវេជ្ជសាស្ត្រ បានបង្កើតច្បាប់អនាម័យ ដើម្បីបង្រៀនដឹកិនាំប្រជាជនឱ្យយល់ច្បាស់ ក្នុងការរក្សាគ្រប់គ្រងរាងកាយ ឱ្យមានសុខភាពមិនឱ្យមានជម្ងឺដម្កាត់ ។

ការរៀបចំខ្លួនតាមវិធីអនាម័យនោះគឺៈ

១- ការសំអាតរាងកាយ ការងូតលាងឱ្យស្អាត

២- ការបោកគក់សំពត់អាវឱ្យស្អាត

៣- ការបោសច្រាស់ទីលំនៅឱ្យស្អាត

៤- ការបោសច្រាស់គេហដ្ឋានទាំងខាងលើខាងក្រោម

៥- ការប្រយ័ត្នចំពោះអាហារបរិភោគ

៦- ការសំអាតបរិវេណគេហដ្ឋានកុំឱ្យមានជ្រាំ ។

២- សីល = ការប្រព្រឹត្តរៀបរយល្អ
ពាក្យថា “សីល” សំដៅយកការប្រព្រឹត្តល្អដោយកាយវាចា បានដល់ការ ដំកល់ទុកខ្លួនក្នុងផ្លូវត្រូវ គឺមិនឱ្យកាយ វាចា ប្រព្រឹត្តឈ្លានពានប៉ះពាល់ដល់ជីវិត រាងកាយ ទ្រព្យសម្បត្តិ និងសិទ្ធិសេរីភាពនៃអ្នកដទៃការប្រព្រឹត្តល្អ តាមប្រពៃណីរបស់ ត្រកូលដែលធ្លាប់មាន សណ្តាប់ធ្នាប់ល្អមកស្រាប់ដូចយ៉ាងការមិនសំលាប់សត្វជាដើម ឬមិនសេពសុរា មិនប្រព្រឹត្តក្នុងផ្លូវអបាយមុខទាំង៤យ៉ាងណាមួយទាំងនេះ ហៅថា “សីល” គឺជាច្បាប់សំរាប់រាំងទោសពៃរ៍មិន ឱ្យកើតឡើងបាន ។
សីលនេះ បើចាត់តាមប្រភេទបុគ្គលមាន២យ៉ាងគឺ គហដ្ឋសីលបានដល់សីល របស់គ្រហស្ថ មាននិច្ចសីលជាដើម១ បព្វជិតសីល បានដល់របស់បព្វជិត គឺភិក្ខុ សាមណេរ ដែលត្រូវរក្សាគ្រប់គ្រងនូវចតុប្បារិសុទ្ធសីល និងអតិរេកសីល១ ។ បុគ្គលជា គ្រហស្ថ និងបព្វជិត កាលបើបានរក្សាសីលឱ្យបរិសុទ្ធតាម ត្រណមនៃសិក្ខាបទសមគួរ ដល់នាទីនៃខ្លួននៃគ្រហស្ថ ជាបព្វជិតទើបឈ្មោះថាជាគ្រហស្ថមានសីល ឈ្មោះថា ជាបព្វជិតមានសីល ។ សីលនេះ លោកចាត់ជាកុសលផ្ទាល់ខ្លួន ដែលនាំឱ្យបានសុខ ដល់ខ្លួនឯងផង ដល់អ្នកដទៃផង ។ បើពោលដោយវីរតិគឺការវៀរមាន៣យ៉ាងគឺ សម្បត្ត- វីរតិ ការវៀរចំពោះសត្វឬទ្រព្យដែលជួបប្រទះគួរសំលាប់ គួរលួចយក ហើយមិនសំលាប់ មិនលួចយក១ សមាទានវីរតិ ការវៀរចាកអំពើទុច្ចរិតទុកពីមុន ដោយអំណាចសមាទាន១ សមុច្ឆេទវីរតិ ការវៀរចាកទុច្ចរិតមានបាណាតិបាតជាដើម ដោយដាច់ស្រឡះរបស់ព្រះ អរិយបុគ្គល មានសោតាបន្នជាដើម១ ។ បុគ្គលអ្នកមានសីលបរិសុទ្ធរមែង បានផលា- និសង្សឃើញជាក់ច្បាស់ តាំងអំពីជាតិនេះរហូតបរលោក ឈ្មោះថាជាអ្នកបើកទ្វារ ដើម្បីរកប្រយោជន៍ ទាំងបច្ចុប្បន្ននឹងបរលោក បានដោយប្រពៃឥតសង្ស័យឡើយ ។

៣- ពុទ្ធានុម័ត = ការយល់តាមធម៌នៃព្រះពុទ្ធ
ធម៌របស់ព្រះពុទ្ធ យើងជាពុទ្ធ-សាសនិកសម័យនេះបានសិក្សា ចេះដឹងក៏កាន់តែច្រើនដែរហើយ ។ ពាក្យថា “ធម៌” នេះមានន័យច្រើនណាស់ មិននឹងរាប់ឱ្យបានអស់ក្នុងទីនេះទេ សូមលើកយកចំពោះ តែធម៌ពីរយ៉ាង ព្រមទាំងអធិប្បាយដូចតទៅនេះៈ

១- លោកិយធម៌ = ធម៌ជាវិស័យនៃសត្វលោក

២- លោកុត្តរធម៌ = ធម៌ដែលឆ្លងផុតចាកលោក

ពាក្យថា “ធម៌” សំដៅយកពុទ្ធវចនៈទាំងអស់ ដែលព្រះសម្មាសម្ពុទ្ធសំដែងទុក ឱ្យបរិស័ទសិក្សា ឱ្យប្រតិបត្តិកាន់តាម ឱ្យយកជាច្បាប់សំរាប់ទ្រទ្រង់ទុក មិនឱ្យធ្លាក់ចុះ ចាកឋានខ្ពង់ខ្ពស់ បានដល់ពុទ្ធានុញ្ញាត និងពុទ្ធប្បញ្ញត្តិពួកកុសលធម៌ គឺអលោភៈ ការមិនជាប់ជំពាក់ក្នុងអារម្មណ៍ អមោហៈ ការមិនវង្វេង មិនភាន់ច្រឡំក្នុងអារម្មណ៍ ទាំងនេះចាត់ជាភាវេតព្វធម៌ គឺជាធម៌ត្រូវចំរើនបណ្តុះឱ្យកើតមានឡើង ។ ពួកអកុសល ធម៌ គឺលោភៈ ទោសៈ មោហៈ ទាំងនេះចាត់ជាបហាតព្វធម៌ គឺជាធម៌ត្រូវលះចោល មិនត្រូវបណ្តោយឱ្យកើតមានឡើយ ។ ពួកអកុសលធម៌ណាដែលព្រះសម្ពុទ្ធសំដែង ដើម្បី ដឹងនាំឱ្យប្រព្រឹត្តប្រតិបត្តិតាម ឱ្យចំរើនរឿយៗ ពួកកុសលធម៌នោះសង្គ្រោះចូលក្នុង ពុទ្ធានុញ្ញាតិទាំងអស់ ។ ពួកអកុសលធម៌ណាដែលព្រះសម្ពុទ្ធសំដែងទុកមក ដើម្បីគ្រាន់តែ ជានិទស្សន៍ (សម្រាប់ចង្អុលបង្ហាញ) ថានេះជារបស់អាក្រក់ ត្រូវលះចេញពួកអកុសល ធម៌នោះសង្គ្រោះចូលក្នុងបញ្ញត្តិ គឺការហាមឃាត់មិនឱ្យប្រព្រឹត្ត ។ ពួកធម៌ទាំងចំណែក កុសលនិងអកុសល ដែលសត្វតែងប្រតិបត្តិកាន់តាមឬអាចលះចេញបាន តាមវិស័យនៃ លោកដូច្នេះឈ្មោះថា លោកិយធម៌ ។

មួយទៀតព្រហ្មវិហារ៤យ៉ាងគឺ មេត្តា សេចក្តីរាប់អានជិតស្និទ្ធចំពោះមនុស្សសត្វ ទូទៅ១ ករុណា សេចក្តីអាណិតអាសូរចំពោះមនុស្សសត្វដែលកំពុងមានទុក្ខ១ មុទិតា សេចក្តីត្រេកអរ ចំពោះមនុស្សសត្វដែលកំពុងមានសេចក្តីសុខចំរើន១ ឧបេក្ខា ការតាំង ចិត្តប្រកបដោយតុល្យភាព ផ្សាយទូទៅចំពោះមនុស្សសត្វទាំងអស់១ ។ ព្រហ្មវិហារធម៌ ចាត់ជាលោកិយធម៌គឺធម៌ ដែលប្រព្រឹត្តទៅក្នុងលោក ឬធម៌ជាប់ទាក់ទងនៅក្នុងលោក ដែលសត្វលោកគួរបណ្តុះ ឱ្យកើតឡើងក្នុងចិត្តដើម្បីឈានទៅរកលោកុត្តរធម៌ ។ ព្រហ្ម- វិហារធម៌នេះ ជាភាវេតព្វធម៌គឺធម៌ដែល ត្រូវចំរើនឱ្យកើតមានក្នុងសន្តានជារឿយៗ ។

លោកុត្តរធម៌សំដៅយកធម៌ជន់ខ្ពស់ ដែលអាចញ៉ាំងសត្វឱ្យឆ្លងចាកលោកបាន ។ លោកុត្តរធម៌មាន៩យ៉ាងគឺ បគ្គ៤ ផល៤ និព្វាន១ ។ ធម៌ទាំងនេះជាធម៌ប្រសើរបំផុត ជាលទ្ធផលនៃពុទ្ធសាសនិក ដែលបានប្រតិបត្តិតាមលោកិយធម៌ ។ លោកុត្តរធម៌នេះ អាចញ៉ាំងសត្វឱ្យ ស្អាតចាកកិលេសទាំងពួងឱ្យដល់នូវសមុច្ឆេទប្បហាន ជាធម៌មិន កក្រើកញាប់ញ័រក្នុងលោកទៀតឡើយ ជាធម៌ស្ងប់រម្ងាប់ចាកកិលេសធម៌ ចាកអារម្មណ៍ ទាំងអស់ ដល់នូវព្រះនិព្វានជាឯកន្តសុខ គឺសុខខ្ពស់សុខឯកជាងសេចក្តីសុខក្នុងលោក ។

ព្រះអរិយទាំងឡាយ មានព្រះសម្ពុទ្ធជាដើម តែងសំដែងធម៌បញ្ញត្តិវិន័យ ដើម្បី ស្ងប់ចាក ទោសទាំងបច្ចុប្បន្នទាំងបរលោកដើម្បីមិនឱ្យសត្វលោកមានពំនៀរមានការ អាឃាតដល់គ្នានិងគ្នាតទៅ ។ បុគ្គលណាមួយទោះគ្រហស្ថ ឬបព្វជិតមានចិត្តជ្រះថ្លា យល់ឃើញតាមធម៌របស់ លោកអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម ដូចសំដែងមក នេះបុគ្គលនោះឈ្មោះថា បានបើកទ្វារចូលទៅរកប្រយោជន៍ គឺសេចក្តីសុខចំរើន ទាំងជាតិនេះទាំងជាតិមុខដរាបដល់ព្រះនិព្វានពុំខាន ។ ប្រជាជនក្នុងលោកគ្រប់ប្រទេស បើអាចព្រមព្រៀងគ្នាសុខចិត្តទទួលយកពុទ្ធសាសនា ទៅអនុវត្តឱ្យត្រឹមត្រូវម៉តចត់នោះ ប្រាកដជានឹងបានទទួល សន្តិសុខឃើញជាក់ច្បាស់តាំងអំពីជាតិនេះជាប្រាកដ ។

៤- សុតៈ = ការស្តាប់,
ការរៀនសូត្រការស្តាប់ឬការរៀននេះ ទុកជាករណីកិច្ច មួយមុនដំបូងបង្អស់របស់មនុស្ស ដើម្បីលើកឋានៈមនុស្សឱ្យខ្ពង់ខ្ពស់ ឱ្យមានវឌ្ឍនធម៌ សីលធម៌ល្អឡើង ព្រោះថាមនុស្សទាំងអស់ ដែលមានឋានៈផ្សេងគ្នានោះ ដោយហេតុតែ មានការសិក្សាបរិបូណ៌ឬខ្វះខាតការសិក្សាប៉ុណ្ណោះ ការស្តាប់ ការៀននេះ មានសារ ប្រយោជន៍ច្រើនណាស់ គឺជាមូលហេតុនាំឱ្យអ្នកស្តាប់ អ្នករៀនមានសមត្ថភាព មានប្រាជ្ញាស្មារតីរ៉ឹងប៉ឹងដឹងទាន់កាលសម័យ ។ បណ្តាករណីយ កិច្ចរបស់មនុស្ស ទាំងអស់, សុតៈ ការស្តាប់ ការៀននេះ ទុកជាប្រធានធំជាងករណីយកិច្ចឯទៀតៗ ដូចកាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្មនៅឡើយ ទ្រង់សម្តែងម្តងៗញ៉ាំងពុទ្ធបរិស័ទអ្នក ស្តាប់ដោយគោរពឱ្យសំរេចមគ្គផលជាច្រើនម៉ឺនណាស់ ។

ពាក្យថាសុតៈ ឬសវនៈ ដែលធ្លាប់ប្រែមកថាស្តាប់ ប៉ុន្តែបើតាមជម្រៅបាលីនេះ ពុំមែនតែស្តាប់ដោយត្រចៀកតែម៉្យាងទេ សំដៅយកការសិក្សារៀនទន្ទេញដោយមាត់ផង ដើម្បីឱ្យចេះចាំយល់សេចក្តីបាន ។ ការស្តាប់ធម៌ទេសនាតាមវិទ្យុជាតិកម្ពុជាប្រជាំថ្ងៃ ឧបោសថសីលក្តី ស្តាប់ក្នុងឱកាសបុណ្យណាមួយក្តី ដែលលោកអ្នកបានធ្វើមករាប់ថា ជាមង្គលដ៏ឧត្តម ដោយឡែកមែនពិតហើយ ប៉ុន្តែបើអ្នកស្តាប់នោះ មិនធ្លាប់បានរៀនមក ពីមុនផងទេ ក៏យល់សេចក្តីបានដោយក្រណាស់ ។ ដំណើរនេះយើងអ្នកមានបំណងល្អ ពុំគួរពឹងផ្អែកទៅលើតែការស្តាប់មួយយ៉ាងប៉ុណ្ណោះទេ ត្រូវមានការរៀនទន្ទេញការ មើលសៀវភៅ ការពិនិត្យពិចារណាផង ទើបមានប្រយោជន៍រីកធំទូលាយជំនួយដល់ការ ស្តាប់នោះទៀត ។

ការស្តាប់និងការរៀននេះ រួមមកហៅថាការសិក្សា ។ ការសិក្សារាប់ថា ជា ជំហានទី១របស់មនុស្ស ដើម្បីឱ្យមានវឌ្ឍនធម៌ ព្រោះថាការសិក្សាសិល្បវិទ្យានេះ ទុកដូចជាកូនសោសំរាប់ចាក់បើកទ្វារ រាវរកប្រយោជន៍ទាំងបច្ចុប្បន្ននិងបរលោក ។ ការសិក្សានេះជាអង្គការប្រចាំជីវិតមួយ ដ៏ប្រសើរបំផុតរបស់មនុស្សដែលនាំឱ្យមាន ប្រាជ្ញាស្មារតីចំពោះសាមីខ្លួនអ្នកសិក្សាផង នាំឱ្យថ្កើងចំពោះជាតិសាសនាផង ។ ការសិក្សាទុកជាអាយុ ឬជាមូលដ្ឋានរបស់អក្សរសាស្ត្រ ដែលនាំឱ្យអក្សររបស់ជាតិ លូតលាស់ចំរើនឡើងដោយពិត ។ អក្សរសាស្ត្រឈ្មោះថាជាឃ្លាំងសំរាប់ផ្ទុកវិទ្យាសាស្ត្រ ផ្សេងៗ ។ ព្រោះហេតុនោះការស្តាប់ធម៌ទេសនាក្តី ស្តាប់សន្និសីទណាមួយក្តី ក៏គួរស្តាប់ ដោយគោរពដោយហេតុថាការស្តប្តា់នេះទុកជាមេរៀនមួយក្នុងផ្លូវប្រាជ្ញា សមដូចពុទ្ធ ភាសិតថា សុស្សូសំ លភតេ បញ្ញំ “អ្នកស្តាប់ដោយគោរពគឺការយកចិត្តទុកដាក់ រមែងបាន នូវបញ្ញា”។ ព្រោះថាប្រាជ្ញារមែងកើតមានព្រោះការស្តាប់ដែលលោកហៅថា សុតាមយបញ្ញា។ ការស្តាប់នេះទុកថាជាមគ្គុទេសក៏(ជាធម៌នាំផ្លូវ) ចង្អុលបង្ហាញប្រាប់ ប្រយោជន៍ដូចអធិប្បាយមកនេះ ។

៥- ធម្មានុវត្តិ = ការប្រព្រឹត្តតាមធម៌
ពាក្យថាប្រព្រឹត្តនេះ បានសេចក្តីថាការធ្វើតាម, ការប្រតិបត្តិតាម ការកាន់យកតាម ដែលចេញពីបាលីថា “អនុវត្តិ”។ ឯពាក្យថាធម៌ក្នុងទីនេះសំដៅយកសុចរិតធម៌ ។ ករណីយកិច្ច គឺនាទីមុខការរបស់មនុស្សទាំងអស់ ត្រូវធ្វើឱ្យប្រកដោយសុចរិតធម៌ ។ ទើបឈ្មោះថា ប្រព្រឹត្តតាមធម៌ ។ ដែលហៅថានាទីឬមុខការនោះដូចមាតាបិតា មាននាទីតបឧបការគុណនៃមាតបិតាវិញ ព្រះឧបជ្ឈាយាចារ្យមាននាទីប្រៀនប្រដៅ ដាសតឿនសិស្សគណ, សិស្សគណក៏មាននាទីទទួល ឱវាទព្រមទាំងតបឧបការគុណ នៃព្រះឧបជ្ឈាយ៍វិញ រដ្ឋាភិបាលមាននាទីខាងគ្រប់គ្រងពលរដ្ឋ ដោយស្មោះត្រង់ដើម្បីឱ្យ បានសុខចំរើនដល់ជាតិប្រទេសពលរដ្ឋ ក៏ត្រូវមាននាទីបំពេញករណីយកិច្ចតាមនាទីនៃ ពលរដ្ឋ មានការបង់ពន្ធដារជាដើម ។ មនុស្សគ្រប់ប្រភេទដែលមាននាទីដូច្នេះ ត្រូវប្រព្រឹត្តដោយស្មោះត្រង់ទៀងទាត់ដល់គ្នា និងគ្នាតាមកន្លងច្បាប់ មិនត្រូវធ្វេស ប្រហែស ពាយងាយចំពោះនាទីរបស់ខ្លួនឡើយ ។ ការប្រតិបត្តិតាមនាទីរៀងៗខ្លួន ដោយសុចរិតដូច្នេះ ឈ្មោះថា ការប្រព្រឹត្តតាមធម៌ ។

ក្នុងផ្លូវព្រះពុទ្ធសាសនា បព្វជិតទាំងភិក្ខុទាំងសាមណេរត្រូវមាននាទីខាងសិក្សា រៀនសូត្រ ប្រតិបត្តិតាមធម៌វិន័យត្រ័យសិក្ខា ឱ្យត្រឹមត្រូវវិសេសឡើងជាងគ្រហស្ថ ព្រោះ បព្វជិតបានទទួលការឧបត្ថម្ភដោយ បច្ច័យបួនអំពីគ្រហស្ថ មានគ្រហស្ថជាមូលដ្ឋាននៃ អាជីវៈរបស់បព្វជិត ។ កាលបើយ៉ាងនេះ បព្វជិតត្រូវតែកាន់យកានាទី មុខការរបស់ខ្លួន ដោយម៉ត់ចត់ មិនត្រូវប្រព្រឹត្តពាយងាយ ដែលឱ្យគេរិះគន់ពេបជ្រាយបានឡើយ ។ បព្វជិតទុកជាពុទ្ធបរិស័ទច្បង ឧបាសក ឧបាសិកា ជាបរិស័ទប្អូន ព្រះពុទ្ធបរមគ្រូ ទុកជាបិតា ។ បើកូនច្បងប្រព្រឹត្តធូរថយថោកទាប មិនត្រឹមត្រូវតាមនាទីរបស់ខ្លួន ដែលមានឋានៈជាបងទេ គឺពុំដឹកនាំប្អូនទៅរកល្អ ទុកឱ្យប្អូនសង្ឃឹមកក់ក្តៅតោងជាយ ចីពរបងបានទេ តើឱ្យប្អូនមានសទ្ធាជ្រះថ្លាដូចម្តេចកើត? ។

ការប្រព្រឹត្តរបស់បព្វជិតនោះ មិនចាំបាច់ដល់ទៅប្រព្រឹត្តអាក្រក់ត្រូវទោសធំៗទេ សូម្បីគ្រាន់តែអើតងើតញឹកញយដើរក្នុងផ្សារ ឬត្រត្រុកចូលទៅកាន់ទីដែលមនុស្ស មានច្រើនកុះករ ឃ្លុំចីពរដើរសើយជាយម្ខាងដាក់លើស្មាក្តី ដើរទន្ទឹមគ្នានិយាយជជែក គ្នាដូចគ្រហស្ថក្តីក៏ពុំសម គួរដំកល់សមណសារុប្ប (នាទីរបស់សមណៈ) ដែរ ។ ករណីយនេះ បព្វជិតត្រូវតែប្រព្រឹត្តអនុវត្ត វិន័យឱ្យច្បាប់លាស់ឡើង សមដូចពុទ្ធភាសិត ថា សាមញ្ញេ សមណោ ទិដ្ឋេ “សមណៈត្រូវ ឋិតនៅក្នុងធម៌របស់សមណៈ ដើម្បី រក្សាកិត្តិយសឱ្យមានតំលៃផង ដើម្បីជាបុញ្ញក្ខេតនៃគ្រហស្ថជាប្អូនៗ ដែលមានសទ្ធាកុំឱ្យ ធ្លាក់ចុះផង” ។

បព្វជិតគួរពិចារណារឿយៗ ចំពោះទសធម្មសូត្រ ដេលព្រះសម្ពុទ្ធបរមគ្រូសំដែង ដឹកនាំចំពោះបព្វជិតជាពុទ្ធសាវ័កដើម្បីឱ្យមានសីលធម៌ល្អឡើង គួរឱ្យទុកជាកម្មវិធីមួយ ដ៏ប្រសើរបំផុត ជាជំនួយដល់ការប្រតិបត្តិក្នុងផ្លូវព្រះវិន័យ ។ កាលអនុវត្តតាមធម៌ ឬនាទី រាប់ថាជាទ្វារដែលជាប្រធានរបស់ប្រយោជន៍សំរាប់បុគ្គលនីមួយៗ ដូចពណ៌នាមកនេះ។

៦- អលីនតា = ភាពនៃការមិនដំអក់
ការមិនដំអក់នេះ ជាឈ្មោះនៃសេចក្តីព្យាយាម ក្នុងករណីយកិច្ចទាំងអស់ ដែលបុគ្គលត្រូវប្រកបត្រូវទទួល ។ ការងារដែលត្រូវទទួលទាំងប៉ុន្មាន សុទ្ធតែមាន ផលតាមសមគួរជាដរាប បើការងារធមមានផលក៏ច្រើន ការងារតូវមានផលក៏តិច ប៉ុន្តែការងារនីមួយៗរបស់បុរសស្ត្រី ច្រើនតែមានឧបសគ្គគឺហេតុការណ៍ឧបទ្រពចង្រៃ ជ្រៀតជ្រែករារាំងស្ទាក់ដំណើរពុំសូវ ដែលខានគឺបើខ្ពង់ខ្ពស់ត្រូវប្រទះឧបសគ្គក្គ៏តូច ព្រោះហេតុនោះ បានជាព្រះបរមគ្រូទ្រង់សរសើរសេចក្តីព្យាយាម ថាជាគុណដ៏ប្រសើរ បំផុត ដែលអាចតស៊ូនឹងឧបសគ្គបាន ។ បុគ្គលណា ជាមនុស្សដំអក់ទំរន់មានអាការ អ៊ីកអ៊ាកយឺតៗរង្វើលៗមិនខមប្រឹងបំពេញកិច្ចការរបស់ខ្លួន ក្នុងកាលដែលគួរខំប្រឹង បុគ្គលនោះរមែងធ្លាក់ខ្លួនទៅក្នុងរណ្តៅថោកទាប គឺសេចក្តីទុក្ខលំបាករហេមរហាម ក្តៅក្រហាយជាប្រាកដ ។

ពាក្យថាមិនដំអក់គឺមិនរួញរា មិនថយក្រោយដោយខ្លាចឧបសគ្គណាមួយទេ ។ បុគ្គលណា មានព្យាយាមមិនរួញរា ជាអ្នកប្រកបដោយសេចក្តីព្យាយាមក្នុងការងារ បុគ្គលនោះរមែង ឈានកន្លងនូវទុក្ខលំបាកបានដោយពិតសមដូចព្រះពុទ្ធភាសិតថា វីរិយេន ទុក្ខមច្ចេតិ “បុគ្គលឆ្លងនូវសេចក្តីទុក្ខបាន ព្រោះសេចក្តីព្យាយាម” ។ ផលប្រយោជន៍គឺទ្រព្យសម្បត្តិយស បរិវារដែលបុគ្គល បានសំរេចដូចគោលបំណងនោះ ក៏សុទតែកើតមកដោយអាស្រ័យកម្លាំង សេចក្តីព្យាយាមមិនរួញរា ។ អ្នកដែលមានទ្រព្យ សម្បត្តិស្តុកស្តម្ភ រមែងបានទទួលអំណរក្នុងចិត្តថា “ ទ្រព្យរបស់អាត្មាអញមានបរិបូណ៌ នឹងចាយវាយក្នុងគ្រូសាររបស់អាត្មាអញ ឬធ្វើអ្វីក៏បានដូចបំណង” ។ សេចក្តីត្រេកអរ ចំពោះទ្រព្យសម្បត្តិនេះ ជាផលានិសង្សដែលកើតមកអំពី សេចក្តីព្យាយាមមាំមួនមិន រួញរា ព្រមទាំងការយកចិត្តទុកដាក់ចំពោះទ្រព្យសម្បត្តិ ដែលរកបានមកហើយ ដោយមានការសន្សទុកដាក់លាក់រក្សាឱ្យគង់នៅប្រកបដោយអារក្ខសម្បទា ជាអ្នកវៀរ ចាកអបាយមុខ៤យ៉ាង មានល្បែងលេងស្រីជាដើម ។

ទ្រព្យដើមទន់តិចសោះ ប៉ុន្តែអាចឡើងទៅជាទ្រព្យច្រើនបាន ព្រះគុណានុភាពនៃ សេចក្តីព្យាយាមប្រឹងប្រែងដូចព្រះពុទ្ធភាសិតថា ឧដ្ឋាតា វិន្ទតេ ធនំ “បុគ្គលអ្នក ប្រឹងប្រែង ក្រោកឡើងរមែងបាននូវទ្រព្យ” ។ ដំណើរនេះមាននិទានក្នុងគម្ពីរថា បុរសម្នាក់ជាអ្នកបំរើចុល្លកសេដ្ឋី បានឃើញកណ្តុរស្ទាប់មួយហើយរើសយួរយកទៅលក់ ឱ្យអ្នកចិញ្ចឹមឆ្មារ បានមួយកាកណិក ដែលជារបស់ចាយយ៉ាងតិចបំផុត ធៀបស្មើនឹង មួយសេនរបស់យើង ។ បុរសនេះ មានដើមទុនដំបូង តែមួយសេនប៉ុណ្ណោះសោះ ប៉ុន្តែលុះដល់ចំណេរមកចេហតេលក់ទិញដូរ នេះខ្លះនោះខ្លះមិនឈប់ សន្សំម្តងបន្តិចៗ យូរៗទៅទាល់តែបានឋានៈទៅជាសេដ្ឋីដោយកំលាំង នៃសេចក្តីព្យាយាមក្នុងការស្វែងរក ក្នុងការសន្សំដូចសំដែងមកដោយសង្ខេបប៉ុណ្ណេះ ។ ភាពនៃការមិនដំអក់ទំរន់គឺសេចក្តី ព្យាយាមរវៀសរវៃដោយការប្រឹងប្រែងអន្ទោកអន្ទោល ទទូចចំពោះកិច្ចការ ទាន់- សម័យកាល មិនឈប់មិនដាក់ធុរៈចោលនេះ លោករាប់ថាជាទ្វារដ៏ប្រសើរមួយ ដែលអាចនាំឱ្យមានប្រយោជន៍យ៉ាងច្រើន ដូចពណ៌នាមកនេះ ។

ធម៌ទាំង៦ប្រការដែល០នាអធិប្បាយមកនេះ ឈ្មោះថា អត្ថទ្វារកថា ពណ៌នាអំពី ទ្វារសំរាប់បើកចូលទៅរកប្រយោជន៍ដូចបានសំដែងមក ។ ធម៌ទាំង៦ប្រការនេះ កាល បើឋិតនៅបរិបូណ៌ក្នុងបុគ្គលណា រមែងញ៉ាំងបុគ្គលនោះឱ្យបានចូលទៅតាមទ្វារ ដើម្បី ជួបប្រទះនូវប្រយោជន៍ណាមួយ ដូចបំណងក្នុងលោកនេះឬលោកខាងមុខពុំខាន ។

មុននឹងបញ្ចប់ធម៌ទេសនា អាត្មាភាពសូមបួងសួងដូចតទៅនេះៈ

សាសនស្ស ច លោកស្ស វឌ្ឍី ភវតុ សព្វទា សាសនម្បី ច លោកញ្ច ទេវា រក្ខន្តុ សព្វទា (ដោយអានុភាពនៃធម្មទេសនានេះ) សូមឱ្យ ព្រះពុទ្ធសាសនា និងសត្វលោកមានសេចក្តីសុខ ចំរើនគ្រប់ៗកាល! សូមទេវតា ទាំងឡាយរក្សានូវព្រះពុទ្ធសាសនាផង នូវសត្វលោកផង (ឱ្យបានសេចក្តីសុខចំរើន) គ្រប់ៗកាល ។

ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បតា ច និព្ភយា

សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ ពុទ្ធិកា ។

(ដោយអានុភាពនៃធម្មទេសនា ដោយអានុភាពនៃកុសលចិត្តរបស់ពុទ្ធបរិស័ទ ដែលបានគោរពបូជាធម៌ទេសនានេះ) ពួកពុទ្ធបរិស័ទទាំងអស់ ដែលដល់នូវទុក្ខ សូមឱ្យ បាត់ទុក្ខ ដែលដល់នូវភ័យ សូមឱ្យបាត់ភ័យ ដែលដល់នូវសោកក្រៀមក្រំ សូមឱ្យបាត់ សោកក្រៀមក្រំទៅហោង! ៕៚

“ចប់ដោយបរិបូណ៌ហោង”

🔸Last Updated កំណែចុងក្រោយ on August 4, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace