សុត្តប្រេត
សម្រង់ចេញពី គម្ពីរព្រះត្រៃបិដក ភាគ៥៦
បានឮថា ក្នុងស្រុកមួយ មិនឆ្ងាយអំពីក្រុងសាវត្ថី មុនពេលព្រះសាស្ដារបស់យើងទ្រង់កើតឡើង ៧០០ឆ្នាំ មានទារកម្នាក់ ជាឧបដ្ឋាករបស់ ព្រះបច្ចេកពុទ្ធ មួយអង្គ។ កាលចម្រើនវ័យហើយ មាតារបស់ទារកនោះ ទៅសូមកុលធីតាម្នាក់មកអំពីត្រកូលស្មើគ្នា ដើម្បីជាប្រយោជន៍ដល់បុត្តនោះ។ ក្នុងថ្ងៃរៀបការនោះឯង កុមារនោះ ទៅងូតទឹកជាមួយសម្លាញ់ ត្រូវពស់ចឹកស្លាប់ទៅ។ អាចារ្យពួកខ្លះពោលថា ត្រូវយក្ខចាប់ ក៏មាន។ កុមារនោះ ធ្វើកុសលកម្មទុកច្រើន ដោយការឧបដ្ឋាកព្រះបច្ចេកពុទ្ធ ដោយអំណាចខ្លួនមានចិត្តប្រតិព័ទ្ធក្នុងទារិកានោះ ទើបកើតជាវេមានិកប្រេត តែជាប្រេតមានឫទ្ធិច្រើន មានអានុភាពច្រើន។
លំដាប់នោះ វេមានិកប្រេតនោះ ប្រាថ្នានឹងនាំទារិកានោះ មកកាន់វិមានរបស់ខ្លួន គិតថា ដោយឧបាយដូចម្ដេចហ្ន៎ ទើបនាងអាចធ្វើកម្មដែលត្រូវឲ្យផលក្នុងបច្ចុប្បន្ន ហើយមកត្រេកអរក្នុងទីនេះជាមួយអញ ទើបពិចារណាដល់ហេតុ ដែលបានសោយភោគសម្បត្តិដែលជាទិព្វនោះ ឃើញព្រះបច្ចេកពុទ្ធកំពុងធ្វើចីវរកម្ម ទើបនិម្មិតខ្លួនជាមនុស្សទៅថ្វាយបង្គំ ហើយពោលថា កឹ ភន្តេ សុត្តកេន អត្ថោ អត្ថិ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ត្រូវការអំបោះឬ។
ព្រះបច្ចេកពុទ្ធឆ្លើយថា ចីវរកម្មំ ករោមិ ឧបាសក អាត្មាធ្វើចីវរកម្ម ឧបាសក។ វេមានិកប្រេតនោះ ក៏ពោលថា បពិត្រលោកម្ចាស់ បើដូច្នោះ សូមលោកម្ចាស់ស្វែងរកអំបោះ ក្នុងទីឈ្មោះនោះ ដូច្នេះហើយ ក៏ចង្អុលផ្ទះរបស់កុមារិកានោះ។ ព្រះបច្ចេកពុទ្ធបានទៅក្នុងទីនោះ ហើយឈរត្រង់ទ្វារផ្ទះ។ លំដាប់នោះ ទារិកាឃើញព្រះបច្ចេកពុទ្ធឈរក្នុងទីនោះ មានចិត្តជ្រះថ្លា ដឹងថា លោកម្ចាស់របស់យើងមានសេចក្ដីត្រូវការអំបោះ ទើបប្រគេនអំបោះមួយដុំ។ លំដាប់នោះ អមនុស្សនោះ បានកាឡាខ្លួនជាមនុស្ស ទៅកាន់ផ្ទះរបស់ទារិកា អង្វរមាតារបស់នាង ហើយនៅជាមួយនាង ពីរបីថ្ងៃ ដើម្បីអនុគ្រោះដល់មាតារបស់នាង ទើបធ្វើភាជនៈគ្រប់យ៉ាងក្នុងផ្ទះនោះ ឲ្យពេញដោយប្រាក់និងមាស ហើយសរសេរឈ្មោះទុកលើភាជនៈទាំងអស់នោះ ដោយសេចក្ដីថា នេះជាទ្រព្យដែលទេវតាឲ្យ អ្នកដទៃមិនគួរដណ្ដើមយក ដូច្នេះហើយ នាំទារិកានោះ ទៅកាន់វិមានរបស់ខ្លួន។ មាតារបស់នាងបានទ្រព្យជាច្រើន ឲ្យ ដល់ពួកញាតិរបស់ខ្លួន មនុស្សកំព្រានិងអ្នកដំណើរជាដើម ចំណែកខ្លួនបរិភោគហើយ កាលជិតធ្វើកាលកិរិយា បានផ្ដាំពួកញាតិទាំងឡាយថា បើកូនស្រីរបស់ខ្ញុំមក សូមឲ្យទ្រព្យនេះ ហើយក៏ស្លាប់ទៅ។
ក្នុងកាលកន្លងទៅ ៧០០ ឆ្នាំ បន្ទាប់អំពីកាលនោះ ព្រះមានព្រះភាគនៃយើង ទ្រង់កើតឡើងក្នុងលោក ទ្រង់ប្រកាសធម្មចក្កដ៏បវរ ប្រថាប់គង់នៅក្នុងនគរសាវត្ថីដោយលំដាប់ កាលស្រីនោះ នៅរួមជាមួយអមនុស្សនោះ ការអផ្សុកក៏កើតឡើង។ នាងពោលនឹងអមនុស្សនោះថា អយ្យបុត្ត សូមលោកនាំខ្ញុំត្រឡប់ទៅកាន់ផ្ទះវិញ ដូច្នេះហើយ បានពោលគាថាទាំងនេះថា
អហំ បុរេ បព្វជិតស្ស ភិក្ខុនោ សុត្តំ
អទាសិ ឧបគម្ម យាចិតា តស្ស
វិបាកោ វិបុលំ ផលូបលព្ភតិ
ពហូ ច មេ ឧប្បជ្ជរេ វត្ថកោដិយោ។
ក្នុងកាលមុន បព្វជិតភិក្ខុ គឺព្រះបច្ចេកពុទ្ធ បានចូលមកសុំអំបោះ ខ្ញុំក៏បានប្រគេន (ឥឡូវនេះ) ខ្ញុំបានផលនៃការប្រគេនអំបោះនោះ ជាផលចម្រើនលើសលុប ទាំងសំពត់ច្រើនកោដិ ក៏កើតឡើងដល់ខ្ញុំ។
បុប្ផាភិកិណ្ណំ រមិតំ វិមានំ
អនេកចិត្តំ នរនារិសេវិតំ
សាហំ ភុញ្ជាមិ ច បារុបាមិ ច
បហូតវិត្តា ន ច តាវ ខីយតិ។
ខ្ញុំនោះ បានប្រើប្រាស់នូវវិមានជាទីត្រេកអរ ដ៏ដេរដាសដោយផ្កា វិចិត្រដោយកែវច្រើនយ៉ាង ដែលជនប្រុសស្រីសេពហើយផង បានស្លៀកដណ្ដប់ (សំពត់តាមចំណង់) ផង ទាំងទ្រព្យដ៏ច្រើន ក៏មិនចេះអស់ផង។
តស្សេវ កម្មស្ស វិបាកមន្វ្យា
សុខញ្ច សាតញ្ច ឥធូបលព្ភតិ
សាហំ គន្ត្វា បុនទេវ មានុសំ
កាហាមិ បុញ្ញានិ នយេយ្យបុត្ត មំ។
ខ្ញុំបានសេចក្ដីសុខនិងសេចក្ដីស្រួល ក្នុងវិមាននេះ ព្រោះអាស្រ័យផលនៃកម្មនោះឯង ខ្ញុំនោះ នឹងទៅកាន់មនុស្សលោកវិញ ហើយធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្ត សូមអ្នកនាំខ្ញុំទៅ ( ឯមនុស្សលោកចុះ)។
អមនុស្សនោះ កាលបានស្ដាប់ដូច្នោះហើយ មិនប្រាថ្នានឹងឲ្យទៅដោយសេចក្ដីអនុគ្រោះ ព្រោះអំណាចដែលខ្លួនមានចិត្តប្រតិព័ទ្ធក្នុងភរិយា ទើបពោលគាថាថា
សត្ត តុវំ វស្សសតា ឥធាគតា
ជិណ្ណា ច វុឌ្ឍា ច តហឹ ភវិស្សសិ
សព្វេវ តេ កាលកតា ច ញាតកា
ត្វំ តត្ថ គន្ត្វាន ឥតោ ករិស្សសិ។
នាងមកក្នុងវិមាននេះ បាន ៧០០ ឆ្នាំហើយ (បើនាងទៅអំពីទីនេះវិញ ទៅនៅ) ក្នុងមនុស្សលោកនោះ នឹងគ្រាំគ្រាចាស់ ពួកញាតិរបស់នាងទាំងអស់ ស្លាប់អស់ហើយ (ព្រោះហេតុនោះ) នាងនឹងទៅអំពីទេវលោក នេះ ធ្វើអ្វី ក្នុងមនុស្សលោកនោះ។
អធិប្បាយថា នាងមានអត្តភាពដែលឧតុនិងអាហារជាទិព្វ ឧបត្ថម្ភក្នុងវិមាននេះ តាំងនៅដោយអាការក្មេងខ្ចីដដែល អស់កាលមានប្រមាណប៉ុណ្ណេះ ដោយអានុភាពនៃកម្ម។ ម្យ៉ាងទៀត កាលនាងទៅអំពីទេវលោកនេះ នឹងក្លាយជាមនុស្សចាស់ជរា តាមវ័យក្នុងមនុស្សលោកនោះ ព្រោះកម្មអស់ទៅ និងព្រោះអំណាចនៃឧតុ និងអាហាររបស់មនុស្ស។ ដើម្បីចៀសវាងនូវពាក្យសួរថា តើសេចក្ដីនេះដូចម្ដេច ទើបវេមានិកប្រេតពោលថា ពួកញាតិទាំងអស់របស់នាង ស្លាប់អស់ហើយ អធិប្បាយថា ញាតិរបស់នាងទាំងអស់នោះឯង ស្លាប់ទៅអស់ហើយ ព្រោះកាលកន្លងទៅយូរ ហេតុនោះ នាងចេញអំពីទេវលោកនេះ ទៅកាន់មនុស្សលោកនោះ នឹងធ្វើអ្វីក្នុងមនុស្សលោកនោះ អធិប្បាយថា ចូរនាងញ៉ាំងអាយុឲ្យអស់ទៅក្នុងទីនេះ កុំឲ្យសេសសល់ គឺចូរនៅក្នុងទីនេះ។
ស្រីនោះ កាលអមនុស្សពោលហើយយ៉ាងនេះ មិនស្ដាប់ពាក្យនៃអមនុស្សនោះ ទើបពោលគាថាទៀតថា
សត្តេវ វស្សានិ ឥធាគតាយ មេ
ទិព្វញ្ច សុខញ្ច សមប្បិតាយ
សាហំ គន្ត្វា បុនរេវ មានុសំ
កាហាមិ បុញ្ញានិ នយេយ្យបុត្ត មំ។
ខ្ញុំបានមកក្នុងវិមាននេះ ជាស្រីបរិបូណ៌ដោយវត្ថុទិព្វ និងសេចក្ដីសុខអស់ត្រឹម ៧ ឆ្នាំ ខ្ញុំនោះនឹងទៅកាន់មនុស្សលោកវិញ ហើយធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្ត សូមអ្នកនាំខ្ញុំទៅចុះ។
ក្នុងគាថានេះ មានអធិប្បាយថា បពិត្រអយ្យបុត្ត កាលខ្ញុំនៅក្នុងទីនេះ ប្រហែលជាកន្លងទៅត្រឹម ៧ ឆ្នាំ។ នាងកំណត់កាលដែលកន្លងទៅដ៏ច្រើន មិនបាន ទើបពោលយ៉ាងនេះ ព្រោះអំណាចដែលខ្លួនដល់ព្រមដោយទិព្វសម្បត្តិនិងសុខសម្បត្តិ ដល់ទៅ ៧០០ ឆ្នាំ។
វេមានិកប្រេតនោះ កាលនាងរំអុកយ៉ាងនេះហើយ ទើបប្រៀនប្រដៅ មានប្រការផ្សេង ៗ ហើយពោលថា ឥឡូវនេះ នាងមិននៅក្នុងទីនោះ លើស ៧ ថ្ងៃ ទ្រព្យដែលយើងឲ្យម្ដាយរបស់នាងកប់ទុក មាន ចូរនាងឲ្យទ្រព្យនោះ ដល់សមណព្រាហ្មណ៍ ហើយប្រាថ្នាមកកើតក្នុងទីនេះវិញ ទើបចាប់ដើមដៃ នាំមកដាក់កណ្ដាលស្រុក ពោលថា ចូរនាងប្រាប់ជនដទៃដែលមកកាន់ទីនេះថា អ្នកទាំងឡាយ ចូរធ្វើបុណ្យតាមកម្លាំងចុះ ដូច្នេះហើយ ក៏ទៅវិញ។ ព្រោះហេតុនោះ ទើបព្រះធម្មសង្គាហកាចារ្យពោលថា
សោ តំ គហេត្វាន បសយ្ហ ពាហាយំ
បច្ចានយិត្វាន បុនរេវ ថេរឹ សុទុព្វលំ
វជ្ជេសិ អញ្ញំបិ ជនំ ឥធាគតំ
ករោថ បុញ្ញានិ សុខូបលព្ភតិ។
វេមានិកប្រេតនោះ ក៏កំហែងចាប់ស្រីនោះ ត្រង់ដើមដៃ នាំមក (កាន់ស្រុកផៅពង្ស) វិញ ហើយនិយាយនឹងស្រីចាស់មានកម្លាំងទន់ខ្សោយនោះថា នាងត្រូវប្រាប់ដល់ជនដទៃទៀត ដែលមកក្នុងទីនេះថា អ្នកទាំងឡាយ ចូរធ្វើបុណ្យទាំងឡាយ អ្នកទាំងឡាយ នឹងបានសេចក្ដីសុខ។
បានឮថា ក្នុងលំដាប់នៃការចេញអំពីវិមានប៉ុណ្ណោះ នាងក៏ក្លាយជាមនុស្សចាស់គ្រាំគ្រា ជរា ទុព្វលភាព ព្រោះមានវ័យកន្លងទៅ ទើបវេមានិកប្រេតនោះ ប្រាប់ថា នែនាងដ៏ចម្រើន នាងគប្បីធ្វើបុណ្យ សូម្បីមនុស្សដែលមកកាន់ទីនេះ ដើម្បីសួរសុខទុក្ខ នាងក៏គប្បីពោលទូន្មានថា នែអ្នកមានមុខល្អ ចូរសម្លឹងមើលសីសៈ ឬសំពត់ដែលត្រូវភ្លើងឆេះ ហើយ បំពេញបុណ្យ មានទាននិងសីលជាដើម និងប្រាប់ថា កាលធ្វើបុណ្យហើយ អ្នកនឹងបានទទួលសេចក្ដីសុខ ដែលជាផលនៃបុណ្យនោះ ដោយពិតប្រាកដ មិនគួរធ្វើសេចក្ដីសង្ស័យក្នុងបុណ្យនោះឡើយ។
កាលវេមានិកប្រេតនោះ ពោលយ៉ាងនេះហើយ ទើបទៅ ស្រីនោះ ទៅកាន់លំនៅពួកញាតិរបស់ខ្លួន ឲ្យញាតិទាំងនោះ ស្គាល់ខ្លួនហើយ ទើបកាន់យកទ្រព្យទាំងនោះ ដែលញាតិប្រគល់ឲ្យ កាលនឹងឲ្យ ទានដល់សមណៈនិងព្រាហ្មណ៍ ទើបបានឲ្យឱវាទដល់ពួកជនដែលមកហើយកាន់សម្នាក់ខ្លួន ដោយគាថានេះថា
ទិដ្ឋា មយា អកតេន សាធុនា
បេតា វិហញ្ញន្តិ តថេវ មានុសា
កម្មញ្ច កត្វា សុខវេទនីយំ
ទេវា មនុស្សា ច សុខេ ឋិតា បជា។
ពួកប្រេតដែលខ្ញុំបានឃើញហើយ ជាអ្នកមានអំពើល្អមិនបានធ្វើ តែងលំបាក យ៉ាងណាមិញ ពួកមនុស្សក៏យ៉ាង នោះដែរ ពួកសត្វ គឺទេវតានិងមនុស្ស ដែលបានធ្វើកម្មមានសេចក្ដីសុខជាកម្រៃហើយ តែងតាំងនៅក្នុងសេចក្ដីសុខ។
ក្នុងសេចក្ដីនេះ មានអធិប្បាយដូច្នេះថា ខ្ញុំឃើញពួកមនុស្សក្ដៅក្រហាយ ព្រោះមិនបានធ្វើកុសលទុក ធ្វើតែអកុសល ដល់នូវការលំបាក ដោយការឃ្លាននិងការស្រេកជាដើម សោយទុក្ខយ៉ាងមហន្ត (ធំ) ដូចពួកប្រេត។ ម្យ៉ាងទៀត ខ្ញុំបានឃើញពួកជនដែលរាប់បញ្ចូលក្នុងទេវតានិងមនុស្ស អ្នកធ្វើកម្មដែលជាហេតុឲ្យនូវសេចក្ដីសុខ ដោយកុសលកម្មដែលខ្លួនធ្វើទុកនោះ និងអកុសលកម្មដែលខ្លួនមិនបានធ្វើ តាំងនៅក្នុងសេចក្ដីសុខ ហេតុនោះ បានប្រាកដច្បាស់ចំពោះខ្លួនឯង ព្រោះហេតុនោះ អ្នកទាំងឡាយ កាលវៀរនូវអំពើអាក្រក់ឲ្យឆ្ងាយហើយ ក៏ចូរប្រកបខ្វល់ខ្វាយក្នុងការបំពេញបុណ្យ។
ស្រីនោះ កាលឲ្យឱវាទយ៉ាងនេះហើយ បានបំពេញមហាទានអស់ ៧ថ្ងៃ ដល់សមណៈនិងព្រាហ្មណ៍ជាដើម ក្នុងថ្ងៃទី៧ ស្លាប់ទៅកើតក្នុងស្ថានតាវត្តិង្ស។ ភិក្ខុទាំងឡាយក្រាបបង្គំទូលរឿងនោះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគទ្រង់បានធ្វើរឿងនោះ ឲ្យជាអត្ថុប្បត្តិហេតុហើយ ទើបសម្ដែងធម៌ដល់បរិស័ទដែលដល់ព្រមហើយ។ តែពោលដោយការប្លែកគ្នា ទ្រង់ប្រកាសនូវភាពនៃទានដែលឲ្យក្នុងព្រះបច្ចេកពុទ្ធថា មានផលច្រើន មានអានិសង្សច្រើន។ មហាជនបានស្ដាប់ដូច្នោះហើយ ជាអ្នកប្រាសចាកសេចក្ដីកំណាញ់ ដែលជាមន្ទិល ត្រេកអរក្រៃលែងក្នុងបុណ្យ មានទានជាដើម ដូច្នេះឯង៕
សុត្តប្រេត ចប់។
[ស្រង់ចាកអដ្ឋកថា បេតវត្ថុ បិ.៥៦ ទំ.៥៧ ឃ.២៣។]។
🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម
🔸Last Updated កំណែចុងក្រោយ on September 12, 2024