សារាណីយធម្មកថា

សារាណីយធម្មកថា

ព្រះមហាឧត្តមវិជ្ជា អេង – ខេមី វត្តស្វាយពពែ
ព.ស. ២៥០៩ គ.ស.១៩៦៦


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សូមនមស្ការចំពោះព្រះរតនត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ដោយគោរព ។

បន្ទាប់អំពីនេះ នឹងបានសំដែងនូវព្រះធម្មទេសនា ជាគ្រឿងប្រដាប់ប្រាជ្ញាបារមី និងជាផ្លូវវត្ត ប្រតិបត្តិ នាំអស់លោកពុទ្ធបរិស័ទទាំងឡាយ ដើម្បីនឹងបានសំរេចប្រយោជន៍ ក្នុងការស្តាប់តាមសមគួរ អាត្មាភាពដែលបានឱកាសមកសំដែងព្រះធម៌ទេសនា ផ្សាយតាមវិទ្យុជាតិក្នុងពេលនេះ នឹងលើកយក សារាណីយធម៌ ដែលមានមកក្នុងគម្ពីរសុត្តន្តបិដកអង្គុត្តរនិកាយឆក្កនិបាត មកធ្វើអត្ថាធិប្បាយ ដោយ សង្ខេបៗ ឱ្យសមល្មមទៅតាមកាលវេលា ដែលលោកអ្នកចាត់ការបានកំណត់ទុកឱ្យ ។

ពាក្យថា សារាណីយធម៌ ប្រែថាធម៌ជាទីតាំងនៃសេចក្តីរឭក ឬធម៌ជាគ្រឿងធ្វើឱ្យរឭកដល់គ្នា នឹងគ្នា, បានសេចក្តីថា ធម៌សំរាប់ធ្វើមនុស្សដែលមានជីវិតការរស់នៅប្រព្រឹត្តទៅដូចគ្នា មិនឱ្យមាន សេចក្តីប្រទូស្តរ៉ាយគ្នា មិនឱ្យបៀតបៀនគ្នា ឱ្យមានតែសេចក្តីស្រឡាញ់រាប់អានគ្នា មានសេចក្តី ព្រមព្រៀងគ្នា យល់គ្នាទៅវិញទៅមក ដែលជាហេតុឱ្យកើតសេចក្តីចម្រើន ។ នៅទីណាក៏ដោយ កាលបើខ្វះសេចក្តីសាមគ្គីព្រមព្រៀងគ្នា គ្មានសេចក្តីយោគយល់គ្នាទៅវិញទៅមកទេ មានតែការប្រកួត ប្រណាំងគ្នា ទាស់ទែងខ្វែងគំនិតគ្នាហើយ ទីនោះនឹងរកសេចក្តីសុខសេចក្តីចំរើនមិនបានជាដាច់ខាត, ផ្ទុយទៅវិញ កន្លែងណាដែលមនុស្សអាស្រ័យនៅមានសេចក្តីយោគយល់គ្នា មានសេចក្តីសាមគ្គី ព្រមព្រៀងគ្នាហើយ កន្លែងនោះរមែងមានតែសេចក្តីស្ងប់ស្ងៀម មនុស្សអ្នកនៅទីកន្លែងនោះ រមែង មានតែសេចក្តីសុខសេចក្តីចំរើនរុងរឿង ។

មនុស្សគ្រប់រូបដែលកើតក្នុងលោកនេះ មិនថាជានរណា ថ្នាក់ណា ភេទប្រុសឬស្រីទេ សុទ្ធតែជាអ្នកស្អប់ខ្លាចទុក្ខ ស្រឡាញ់សុខ ប្រាថ្នាចង់បានសុខ ដូចគ្នា ទាំងអស់ រហូតដល់សត្វតិរច្ឆានជាន់ទាបបំផុត ក៏ចេះស្អប់ខ្លាចទុក្ខ ស្រឡាញ់សុខដែរ ។ តែមាន មនុស្សពួកខ្លះ ស្អប់ទុក្ខស្រឡាញ់សុខ ហើយត្រឡប់ជាធ្វើអំពើអាក្រក់ទុច្ចរិត ដែលជាហេតុឱ្យខ្លួនបាន ទទួលសេចក្តីក្តៅក្រហាយវិញ, ទាំងនេះក៏ព្រោះសេចក្តីប្រមាទខ្លះ ព្រោះសេចក្តីល្ងង់ខ្លៅវង្វេងច្រឡំខ្លះ។ ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ដែលព្រះអង្គមានទឹកព្រះទ័យ ពេញពោរទៅដោយព្រះមហាករុណាទិគុណ ទ្រង់អាសូរដល់ប្រជាសត្វទូទៅឥតរើសមុខ កាលបើទ្រង់ជ្រាបច្បាស់នូវគោលបំណងរបស់សត្វលោក ដូច្នេះហើយ ទើបព្រះអង្គទ្រង់សំដែងនូវវិធីសំរាប់ស្វែងរកសេចក្តីសុខ ទុកឱ្យពួកពុទ្ធបរិស័ទបដិបត្តិតាម ដើម្បីនឹងបានទទួលផល គឺសេចក្តីសុខសេចក្តីចម្រើន តាមសមគួរដល់ការបដិបត្តិ ។

ពុទ្ធវីធីសម្រាប់ បដិបត្តិ្ដ ដើម្បីស្វែងរកសេចក្តីសុខ ដែលមានមកក្នុងព្រះសុត្តន្តបិដក អង្គុត្តរនិកាយ ឆក្កនិបាតនោះ មានឈ្មោះថា សារាណីយធម៌ គឺធម៌ជាគ្រឿងធ្វើមនុស្សឱ្យរឭកដល់គ្នានិងគ្នា ឱ្យមានការរួបរួមសាមគ្គី ព្រមព្រៀងគ្នា ឱ្យមានមេត្តាចិត្តជួយសង្រ្គោះគ្នា មិនឈ្លោះវិវាទបៀតបៀនគ្នា កាលបើធម៌សាមគ្គី មានឡើងហើយ សេចក្តីសុខសេចក្តីចម្រើន ក៏នឹងកើតមានដែរ ។

សារាណីយធម៌នោះ មាន ៦ ប្រការគឺៈ

១- ការតាំងកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ គឺការបង្អោនកាយប្រកបដោយមេត្តាជួយធ្វើកិច្ចការងារផ្សេងៗ ដែលសហធម្មិក អ្នករួមរស់នៅជាមួយគ្នា ត្រូវជួយប្រកបកិច្ចការដែលជាប្រយោជន៍សាធារណៈ ដោយសេចក្តីអនុគ្រោះ ពិតៗ ជួយព្យាបាលថែរក្សាគ្នាក្នុងពេលដែលអ្នកនៅជាមួយគ្នា មានរោគាព្យាធិបៀតបៀន ត្រូវមានការ សាមគ្គីព្រមព្រៀងគ្នាប្រកបដោយមេត្តា ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ ។

២- ការតាំងវចីកម្មប្រកបដោយមេត្តា ជួយរំឭកដាស់តឿន ជួយបង្ហាត់បង្រៀនមនុស្ស ដែលរស់ នៅក្នុងគ្រួសារ ភូមិស្រុកជាមួយគ្នា ឱ្យចេះដឹងធម៌អាថ៌សិក្ខាវិន័យ ឱ្យដឹងបាបបុណ្យ គុណទោស ព្យាយាមពន្យល់ឱ្យស្គាល់ច្បាស់ថា នេះជាអំពើអាក្រក់ ដែលនឹងឱ្យផលអាក្រក់ គឺនឹងនាំមកនូវសេចក្តី ទុក្ខ សេចក្តីក្តៅក្រហាយវិនាសអន្តរាយ ទាំងក្នុងលោកនេះ និងលោកខាងមុខ, អំពើនេះជាអំពើល្អ ជាអំពើដែលនឹងឱ្យផលល្អគឺ សេចក្តីសុខសេចក្តីចម្រើនដល់អ្នកធ្វើ ។ ជួយទូន្មានប្រៀនប្រដៅ ឱ្យចេះ ចៀសវាងការធ្វើទុច្ចរិតផេ្សងៗ ឱ្យធ្វើតែអំពើល្អដែលជាបុណ្យជាកុសល ជាហេតុឱ្យកើតសេចក្តីសុខ សេចក្តីចម្រើន ។

៣- ការតាំងមនោកម្មប្រកបដោយមេត្តា ផ្សាយមេត្តាចិត្តទៅកាន់មនុស្សដែលរស់នៅក្នុងគ្រួសារ ឬភូមិស្រុកជាមួយគ្នា ដោយផ្គងមេត្តាចិត្ត គិតរំពឹងឱ្យមនុស្សទាំងនោះ ទោះជាមិត្តក្តី ជាសត្រូវក្តី បានជួបប្រទះតែនឹងសេចក្តីសុខចម្រើន មានកេរ្តិ៍ឈ្មោះពីរោះល្អ កុំបីជាអ្នកមានពៀរវេរានឹងគ្នា កុំបៀត បៀនគ្នា កុំបីជាអ្នកមានទុក្ខភ័យបៀតបៀន ឱ្យលំបាកកាយលំបាកចិត្តឡើយ ។ តាំងមេត្តាចិត្ត គិតឱ្យ គេបានសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាទូទៅឥតរើសមុខ ក្នុងទីចំពោះមុខក្តី ក្នុងទីកំបាំងមុខក្តី ។

៤- ការចែករំលែកលាភសក្ការៈ ដែលរកបានដោយធម៌ ឱ្យដល់គ្នានិងគ្នា គឺបើខ្លួនមានសំលៀក បំពាក់ អាហារភោជន សេនាសនៈ ទីស្នាក់អាស្រ័យ ថ្នាំសម្រាប់ព្យាបាល ការពាររោគ ដែលរកបាន ដោយសុចរិតធម៌ មិនមែនបានមកដោយការលួចប្លន់បោកគេទេ ហើយមានល្មមនឹងចែករំលែកឱ្យបាន គួរបែងចែកដល់មនុស្សអាស្រ័យនៅជាមួយគ្នា ឱ្យបានបរិភោគប្រើប្រាស់ ដើម្បីបានទទួលនូវសេចក្តី សុខប្រាសចាកទុក្ខ ព្រោះសេចក្តីខ្វះខាតផង ។ ផ្តល់ឱ្យដោយការតាំងចិត្តជួយសង្រ្គោះគ្នា ឱ្យបាន សេចក្តីសុខផុតចាកទុក្ខពិត ។

៥- ការរក្សាសីលឱ្យបរិសុទ្ធហ្មត់ចត់ស្មើគ្នា រក្សាចរិយាការប្រព្រឹត្តដោយកាយវាចា ឱ្យស្អាត បរិសុទ្ធ ផុតចាកមន្ទិលទោសផេ្សងៗ គឺតាំងវីរតិចេតនា ចៀសវាងការសម្លាប់ សត្វបំបាត់ជីវិតគេ វាយដំច្រំធាក់ប្រទូស្តរ៉ាយរាងកាយអ្នកដទៃ រាប់តាំងពីសត្វជាន់ទាប រហូតដល់មនុស្ស, ចៀសវាងការ ប្រព្រឹត្តរំលោភ លើបុត្រធីតា ភរិយា ស្វាមីអ្នកដទៃ ដែលជាហេតុឱ្យកើតសេចក្តីទុក្ខក្តៅក្រហាយ មិនសម្បាយចិត្ត, ចៀសវាងការនិយាយកុហក បញ្ឆោតអ្នកដទៃ, ចៀសវាងការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុឱ្យកើតសេចក្តីវង្វេងភ្លេចស្មារតី ហ៊ានធ្វើអំពើអាក្រក់ផេ្សងៗ មានការកាប់ សម្លាប់ជាដើម ជាហេតុឱ្យមានអន្តរាយដល់សិក្ខាបទដទៃទៀត ។ ជាពិសេសជាងនេះទៅទៀត ត្រូវរក្សា សីល៨ សីល១០ ឱ្យបរិសុទ្ធហ្មត់ចត់ស្មើគ្នា កុំបណ្តោយឱ្យធ្លាយធ្លុះពព្រុះពពាល តាំងចិត្ត សង្រួមរវាំងយ៉ាងតឹងរ៉ឹង ទាំងក្នុងទីចំពោះមុខទាំងក្នុងទីកំបាំងមុខ ដែលជាគ្រឿងបំបាត់នូវសេចក្តី រង្កៀសមិនឱ្យកើតមានឡើង ក្នុងចំណោមមនុស្សដែលរស់នៅជាមួយគ្នា ។

៦- ការមានទិដ្ឋិសេចក្តីយល់ឃើញស្របគ្នា មិនមានមតិយល់ខ្វែងគ្នាឡើយ, មានសេចក្តី យល់ត្រូវ យល់ល្អប្រពៃ ស្របទៅតាមគន្លងធម៌ដែលហៅថា សម្មាទិដ្ឋិ បានដល់សេចក្តីយល់ថា សង្ខារទាំងឡាយ ទោះឧបាទិន្នកសង្ខារ គឺសង្ខារដែលមានវិញ្ញាណគ្រប់គ្រងក្តី អនុបាទិន្នកសង្ខារ គឺសង្ខារដែលគ្មានវិញ្ញាណគ្រប់គ្រង់ក្តី សូម្បីមានប្រភេទផេ្សងៗគ្នាយ៉ាងណាក៏ដោយ ក៏គង់មានការ ប្រព្រឹត្តទៅដូចគ្នា មានសភាពស្មើគ្នា ដោយមានលក្ខណៈទាំង៣ ប្រចាំដូចគ្នាទាំងអស់គឺ អនិច្ចតា សភាពជារបស់មិនទៀង ទុក្ខតា សភាពជារបស់ទុក្ខ អនត្តតា សភាពជារបស់មិនមែនជាខ្លួនជាប្រាណ និងមានសេចក្តីយល់ឃើញយ៉ាងជ្រាលជ្រៅ ឬ យ៉ាងជាន់ខ្ពស់តទៅទៀត គឺយល់ច្បាស់ថា នេះជាទុក្ខ នេះជាហេតុឱ្យទុក្ខកើត នេះជាសេចក្តីរលត់ទុក្ខ នេះជាផ្លូវសម្រាប់បដិបត្តិ ដើម្បីដល់នូវសេចក្តីរលត់ទុក្ខ ការមានទិដ្ឋិសេចក្តីយល់ត្រូវស្មើគ្នានេះ រមែងធ្វើមនុស្សអ្នកនៅជាមួយគ្នា ឱ្យមានសេចក្តីស្រឡាញ់ទុក ចិត្តស្និទ្ធស្នាលនឹងគ្នា មិនរង្កៀសគ្នា មានតែសេចក្តីព្រមព្រៀងគ្នាយ៉ាងជិតស្និទ្ធ ។

ធម៌ទាំង៦ប្រការ ដូចបានរៀបរាប់មកនេះ ជាធម៌មានប្រសិទ្ធិភាព អាចដឹកនាំមនុស្សឱ្យចេះ ស្រឡាញ់រាប់អានគ្នា ឱ្យចេះគោរពកោតក្រែងគ្នាទៅវិញទៅមក មិនមើលងាយបៀតបៀនគ្នា ។ សារាណីយធម៌នេះ មាននៅមនុស្សពួកណា រមែងនាំឱ្យមនុស្សពួកនោះ មានសេចក្តីសាមគ្គី ព្រមព្រៀងគ្នា មិនប្រជែងប្រណាំងគ្នា ចេះអត់ឱនយោកយល់អធ្យាស្រ័យគ្នា ជួយសង្រ្គោះគ្នាទៅវិញ ទៅមក ។

បុគ្គលពួកណាដែលមានសេចក្តីព្រមព្រៀងយល់ស្របគ្នា មិនទាស់ទែងខ្វែងគំនិតគ្នាហើយ បុគ្គលពួកនោះ រមែងជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើន បា្រសចាកឧបសគ្គផេ្សងៗ ទៅបាន ។

តាមធម្មតា គ្រួសារនីមួយៗ តែងមានការរស់នៅដោយសេចក្តីសុខស្ងប់ស្ងៀម មានរបៀបរៀបរយ ល្អណាស់ ទាំងនេះក៏ព្រោះសមាជិកនៃគ្រួសារនោះ មានធម៌សាមគ្គីព្រមព្រៀងគ្នា មានការយោគយល់ ស្គាល់អធ្យាស្រ័យគ្នាទៅវិញទៅមក, ស្វាមីមានមេត្តាចិត្ត អាណិតអាសូរជួយសង្រ្គោះភរិយាតាមឋានៈ, ភរិយាក៏ចេះគោរពកោតក្រែងស្វាមី បដិបត្តិទំនុកបម្រុងស្វាមី មិនពោលពាក្យគ្រោតគ្រាត ប្រើតែវាចា ដែលសុភាពរាបសា ផ្អែមល្ហែមទៅកាន់ស្វាមី, បិតាមាតា ជួយទំនុកបម្រុងបុត្រធីតា ថែទាំរក្សាបុត្រធីតា រហូតដល់មនុស្សដែលអាស្រ័យនៅជាមួយផង ឱ្យបានសេចក្តីសុខសួស្តីផុតចាកទុក្ខភ័យវិបត្តិផេ្សងៗ, បុត្រធីតា ក៏ចេះគោរពកា្របសំពះមាតាបិតា បដិបត្តិតាមពាក្យទូន្មានប្រៀនប្រដៅរបស់មាតាបិតា, បង មានធម៌មេត្តាចេះអត់ឱនឱ្យប្អូន ចែករំលែកវត្ថុផ្ទាល់ខ្លួនឱ្យដល់ប្អូន ផ្តល់សុខឱ្យដល់គ្នានិងគ្នា, ប្អូន ក៏ចេះគោរពបងតាមឋានៈ ។ ដោយអាស្រ័យការយោគយល់ស្គាល់អធ្យាស្រ័យគ្នានេះហើយ ទើប គ្រួសារនីមួយៗ តែងមានសេចក្តីស្ងប់ស្ងៀម គ្មានការវិវាទទាស់ទែងកាប់សម្លាប់ដណ្តើមអំណាចគ្នាឡើយ ។

ដូច្នេះ ប្រសិនបើមនុស្សដែលនៅរួមគ្នាជាពួកជាក្រុមច្រើនៗ ក្នុងភូមិស្រុកប្រទេសណា ដែល ប្រជាពលរដ្ឋ មានសេចក្តីព្រមព្រៀងគ្នា មានការយោកយល់គ្នា មិនប្រជែងប្រណាំងគ្នាហើយ, ភូមិ ស្រុកនោះប្រទេសនោះ នឹងមានសេចក្តីសុខរឹងប៉ឹង មានកម្លាំងមាំមួន អាចតទប់នឹងសត្រូវរក្សាការពារ សេចក្តីស្ងប់សុខ កំចាត់ភយន្តរាយគ្រប់យ៉ាងបាន, ពលរដ្ឋក្នុងភូមិស្រុកប្រទេសនោះ ក៏នឹងបានផុត អំពីសេចក្តីទុក្ខលំបាកផេ្សងៗ មានតែសេចក្តីសុខសេចក្តីចម្រើនលូតលាស់ជាពិតប្រាកដ ។

បើពលរដ្ឋ ក្នុងពិភពលោកទាំងមូលនេះ ចេះអប់រំបណ្តុះសារាណីយធម៌ ឱ្យកើតមានក្នុងសន្តានចិត្តគ្រប់ៗគ្នា មានសេចក្តីព្រមព្រៀងគ្នា យល់អធ្យាស្រ័យគ្នាទៅវិញទៅមក មានមេត្តាចិត្ត គិតឱ្យមនុស្សផងគ្នាបាន សេចក្តីសុខផុតចាកទុក្ខស្មើៗគ្នា មិនចងចិត្តបៀតបៀនគ្នាហើយ សកលលោក ក៏នឹងមិនមានការចលា ចលជ្រួលច្របល់ កាប់សម្លាប់គ្នាឡើយ, នឹងមានតែសេចក្តីសុខសន្តិភាព ប្រជាពលរដ្ឋក្នុងលោកទាំង អស់ ក៏នឹងផុតចាកសេចក្តីទុក្ខក្តៅក្រហាយ មានតែសេចក្តីសុខកាយសប្បាយចិត្ត ដូចសេចក្តីសុខ សម្រាន្ត ដែលកើតមានដល់គ្រួសារនីមួយៗ ដូច្នោះឯង ។

សាធុសប្បុរសទាំងឡាយ អ្នកប្រាថ្នានូវសេចក្តីសុខសេចក្តីចម្រើនគប្បីព្យាយាម អប់រំបណ្តុះ សារាណីយធម៌ ឱ្យដុះលូតលាស់នៅក្នុងសន្តានចិត្តជាប់ជានិច្ច, កាលបើមានសារាណីយធម៌ហើយ សេចក្តីសាមគ្គីព្រមព្រៀងគ្នា សេចក្តីស្រឡាញ់រាប់អានគ្នា ការយោគយល់អធ្យាស្រ័យគ្នា ក៏កើតមាន ឡើងដែរ, អស់លោកក៏បានជួមប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើន តាមសមគួរដល់ការបដិបត្តិ តាមគោលធម៌ទាំង៦ប្រការ មានន័យដូចអាត្មាភាព បានពណ៌នាមកដោយប្រការដូច្នេះឯង ។

សម្តែងមកក្នុងសារាណីយធម្មកថា ក៏ល្មមបញ្ចប់ត្រឹមប៉ុណ្ណេះ តែមុននឹងបញ្ចប់ អាត្មាភាព សូមថ្វាយនូវព្រះរាជកុសល ដល់អង្គសម្តេចព្រះមហាក្សត្រិយានី ព្រះអគ្គសាសនូបត្ថម្ភិកា និងសម្តេច ព្រះប្រមុខរដ្ឋ សូមព្រះអង្គទ្រង់គង់នៅប្រកបដោយព្រះបរមសុខ ក្នុងសិរីរាជសម្បត្តិអស់កាលយូរ ដើម្បីបានជាម្លប់ជាទីជ្រកកោននៃប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ក្នុងព្រះរាជាណាចក្រទាំងមូល និងសូម ឱ្យអស់លោកសាធុសម្បុរសទាំងឡាយ បានជួបប្រទះនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា កុំបី ឃ្លៀងឃ្លាតឡើយ ។

ព្រះធម៌ទេសនា ក៏សន្មតថាចប់ត្រឹមប៉ុណ្ណេះឯង ឯវំ ។៚

ចប់

វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃ២៦ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 4, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).