សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ
ព្រះនាម និល ទៀង
ព.ស. ២៤០១ – ២៤៥៧
គ.ស. ១៨៥៧ – ១៩១៣
ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសៅរ៍ ៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស ២៣៦៨ គ.ស ១៨២៤ ក្នុងស្រុកពោធិព្រះបាទ ខែត្រកៀនស្វាយ (ស្រុកកៀនស្វាយ ខែត្រកណ្តាល បច្ចុប្បន្ន) ។ ព្រះអង្គជាបុត្រច្បង នៃបិតានាម និល មាតានាម ឡឹក ។
ក្នុង គ.ស.១៨៣១ កាលនោះកុមារ ទៀង ទើបតែអាយុបាន ៨ឆ្នាំ ទ័ពយួន និង សៀម បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់ កៀនស្វាយ, ដើម្បីដណើ្តមយកស្រុកខែ្មរ គ្រួសារសម្តេច ទៀង ទាំងប៉ុន្មានត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀមទុកធ្វើជា ទាសាទាសី ។ កុមារ ទៀង និងជីដូនត្រូវគេបញ្ជូនឱ្យទៅរស់នៅឯទីក្រុងបាងកក ។ នៅទីនោះ កុមារ ទៀង បានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្តេច ព្រះ អង្គឌួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់, ដែលសៀមកេណ្ឌ កៀរយកទៅធ្វើជា ឈ្លើយដែរ ។ ចំណែកគ្រួសារសម្តេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកឱ្យរស់នៅ ស្រុក មង្គលបុរី ក្នុងខែត្របាត់ដំបង ។
ព្រះអង្គមានព្រះជន្មាយុបាន ១១ឆ្នាំ ក្នុងឆ្នាំមមី ឆស័ក ព.ស ២៣៧៨ គ.ស ១៨៣៤ បានបំពេញផ្នួសជាសមណេរ នៅវត្តមួយនៅទីក្រុងបាងកក ។
ព្រះជន្មាយុបាន ២១ឆ្នាំ ក្នុងឆ្នាំរោង ព.ស ២៣៨៨ គ.ស ១៨៤៤ សម្តេចព្រះ ណាំងក្លាវ ព្រះចៅក្រុងសៀម ទ្រង់ព្រះរាជានុញ្ញាតឱ្យសាមណេរ ទៀង ចូលបំពេញ ឧបសម្ប័ទ ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្តារាមគឺ វត្តព្រះកែវ មរកត ក្រុងបាងកក ។
ព្រះជន្មាយុបាន ២៦ឆ្នាំ ក្នុងឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ព្រះអង្គបានទៅថ្វាយព្រះពរលាសម្តេចព្រះ ណាំងក្លាវ ត្រឡប់មកប្រទេសកម្ពុជាវិញ ។ លុះមកដល់ប្រទេសកម្ពុជាហើយ ព្រះបាទហរិរក្សរាមាឥស្សរាធិបតីព្រះ អង្គឌួង ទ្រង់សូម និមន្តឱ្យគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្តេចព្រះ ណាំងក្លាវ ។
ព្រះជន្មាយុបាន ៣៤ឆ្នាំ ក្នុងម្សាញ់ នពស័ក ព.ស ២៤០១ គ.ស ១៨៥៧ ព្រះបាទ សម្តេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះ អង្គឌួង ទ្រង់បានបានលើកព្រហ្មមុនី និល ទៀង ឱ្យគង់ទីសម្តេចព្រះមហាសង្ឃរាជក្រុងកម្ពុជា ។
លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស ២៤០២ គ.ស ១៨៥៨ ព្រះបាទសម្តេច ព្រះហរិរក្សរាមាធិបតីព្រះ អង្គឌួង ទ្រង់បានតាំង សម្តេចមហាសង្ឃរាជ និល ទៀង ជាស្តេចសង្ឃរាជពេញទី ហើយបានរៀបចំពីធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧដុង្គមាន ជ័យ មានគោរម្យងារជា ‹‹ សម្តេចព្រះសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្តមបរមមេធសង្ឃជេដ្ឋា មហាសង្ឃ រាជា ធម្មិកវរោត្តមបរមបពិត្រដ៏ជាអធិបតីឰដ៏គណសង្ឃ ក្នុងក្រុង កម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យ ឧត្តមរាជបនិជា មហា មគ្គនាយក ›› សំរេចកិច្ចអស់ទ្រទ្រង់សង្ឃ ព្រះរាជាគណៈទាំងបួនសម្រាប់ ។
សម្តេចព្រះមហាព្រះសង្ឃរាជ និល ទៀង ព្រះអង្គមានឋានន្តរស័ក្តិ ជាមហាសង្ឃរាជ នៅក្នុងរាជ្យ ៣ គឺៈ
១- ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះ អង្គឌួង ។
២- ព្រះបាទសម្តេចព្រះ នរោត្តម ព្រះចៅក្រុងកម្ពុជាធិបតី ។
៣- ព្រះបាទសម្តេចព្រះ ស៊ីសុវតិ្ថ ព្រះចៅក្រុងកម្ពុជាធិបតី ។
ព្រះជន្មាយុបាន ៩០ឆ្នាំគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយព្រះទីវង្គត នៅថ្ងៃ ព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស ២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស. ១៩១៣ វេលាម៉ោង១២ និង ៤០នាទី អាធ្រាត្រ ដោយព្រះរោគជរាពាធ នៅ ព្រះរាជដំណាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ ៕
ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ – គ.ស. ២០០៣ ។
វត្តខេមររតនារាម, ថ្ងៃទី៧ ខែសីហា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on June 13, 2024