គុណព្រះសង្ឃ ៩បទគឺ
១. សុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិដោយប្រពៃ គឺប្រតិបត្តិតាមគន្លងនៃព្រះនព្វលោកុត្តរធម៌។ ប្រតិបត្តិដោយប្រពៃ ព្រោះលោកដល់ព្រមដោយសម្មាបដិបទា ម្យ៉ាងទៀត លោកប្រតិបត្តិតាមឱវាទដែលព្រះពុទ្ធជាម្ចាស់ប្រៀនប្រដៅ ប្រតិបត្តិមិនខុស។ ន័យមួយទៀត គឺលោកប្រតិបត្តល្អ គឺតាំងទុកនូវសីល ដូចជារបង ឬកំផែងសម្រាប់ការពារសត្រូវ គឺជាទុច្ចរិតសំកិលេស ដែលជាអកុសលដែលមានក្នុងកាយ លោកធ្វើសមាធិ ដូចជាផែនថ្មបិទបាំងនូវសត្រូវខាងក្នុង គឺបរិយុដ្ឋានសំកិលេស ដែលជាអកុសលគ្របសង្កត់ចិត្ត លោកធ្វើបញ្ញា ដូចជាប្រទីបបំភ្លឺក្នុងកងសង្ខារទាំងពួងដោយចំណែកៗ មានខន្ធជាដើម ឃើញច្បាស់ថា ជាទុក្ខ មិនមែនខ្លួន លោកធ្វើបញ្ញាដូចជាអាវុធ សម្លាប់អនុសយកិលេសដែលជាចំណែកដ៏ល្អិត យ៉ាងទាបបំផុតបានត្រឹមសោតាបន្នបុគ្គល អស់វិចិកិច្ឆា ដោយឃើញគុណព្រះពុទ្ធជាក់ច្បាស់ លោកុត្តរធម៌ក៏កើតប្រាកដក្នុងសន្តាន លុះបានសម្រេចជាព្រះអរិយៈហើយ ទើបអស់សីលពត្វបរាមាសៈ ព្រោះឃើញច្បាស់ថា ខ្លួនបរិសុទ្ធិដោយត្រៃសិក្ខា ដែលជាសម្មាបដិបទា ផ្លូវប្រតិបត្តិប្រពៃ យ៉ាងនេះឈ្មោះថា សុបដិបន្នោ។
២. ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមាបដិបទា តាមផ្លូវប្រកបដោយអង្គ ៨ មានសម្មាទិដ្ឋិជាដើម។ ប្រតិបត្តិដោយត្រង់ ឆ្ពោះទៅរកព្រះនិព្វាន មិនពានពារទៅលើផ្លូវអមខាង ២ប្រការ គឺ កាមសុខល្លិកានុយោគ និងអត្តកិលមថានុយោគ ដែលជាផ្លូវប្រតិបត្តិខុស។ ម្យ៉ាងទៀត លោកប្រតិបត្តិត្រង់ដើម្បីលះនូវទោស គឺសេចក្តីកោង ឆ្គងកាយវាចាចិត្ត ដូច្នេះ ទើបឈ្មោះថា ឧជុបដិបន្នោ។
៣. ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ជាឋានក្សេមចាកទុក្ខទាំងពួង)។ លោកប្រតិបត្តិដើម្បីត្រាស់ដឹងនូវសម្មាបដិបទា ដែលជាផ្លូវសម្រាប់ដឹងច្បាស់ ចាក់ធ្លុះនូវព្រះនិព្វាន លោកប្រតិបត្តិដើម្បីចេញចាកសង្សារវដ្ត មិនប្រតិបត្តិដើម្បីលាភ យស ឬដើម្បីស្ថានសួគ៌ឡើយ យ៉ាងនេះ ទើបឈ្មោះថា ញាយបដិបន្នោ។
៤. សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម (ប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា)។ លោកប្រតិបត្តិតាមសម្មាបដិបទា ជាផ្លូវគួរដល់ព្រះនិព្វាន បានពត់កាយវាចាចិត្ត ដោយត្រៃសិក្ខា គឺសីល សមាធិ បញ្ញា សមគួរឲ្យគេថ្វាយបង្គំនមស្សការ យ៉ាងនេះទើបឈ្មោះថា សាមីចិបដិបន្នោ។
៥. អាហុណេយ្យោ លោកគួរទទួលនូវបច្ច័យ ៤ ដែលបុគ្គលនាំមកបូជា។ បច្ច័យ ៤ប្រការ មានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានភេសជ្ជបរិក្ខារ ដែលបុគ្គលនាំមក ដើម្បីបូជាដល់អ្នកមានសីលទាំងឡាយ។ បច្ច័យទាំងនោះ ព្រះសង្ឃជាសាវ័ក លោកគួរទទួលបាន ព្រោះលោកអាចធ្វើនូវបច្ច័យទាំងនោះ ឲ្យមានផលច្រើន ដោយគុណរបស់លោក ទើបឈ្មោះថា អាហុណេយ្យោ។
៦. បាហុណេយ្យោ លោកគួរទទួលនូវអាគន្តុកទាន (ទានដែលបុគ្គលតាក់តែងដើម្បីញាតិ និងមិត្តដែលមកអំពីទិសផ្សេងៗ បង្អោនចូលមកបូជា)។ ទានដែលបុគ្គលចាត់ចែងដោយគ្រឿងសក្ការៈ ដើម្បីទទួលញាតិមិត្តដែលមកអំពីទិសទាំងឡាយ ហៅថា អាគន្តុកទាន។ អាគន្តុកទាននោះ គួរនឹងវៀរនូវញាតិ និងមិត្ត និងមនុស្សដែលមកជាភ្ញៀវនោះ ហើយថ្វាយដល់សង្ឃតែម្យ៉ាង។ ព្រះសង្ឃគួរនឹងទទួលអាគន្តុកទាននោះមែនពិត មនុស្សដែលមកជាភ្ញៀវនោះ មិនប្រាកដដូចព្រះសង្ឃទេ ព្រោះព្រះសង្ឃដែលមកជាភ្ញៀវនោះ រមែងមានតែក្នុងកាលដែលមានព្រះពុទ្ធត្រាស់ដឹងប៉ុណ្ណោះ ហើយលោករមែងប្រកបដោយធម៌ មានសីលគុណជាដើម ព្រោះហេតុនោះ វត្ថុដែលសម្រាប់ទទួលភ្ញៀវនោះ គួរលើកមកថ្វាយព្រះសង្ឃមែនពិត ដូច្នេះទើបឈ្មោះថា បាហុណេយ្យោ។
៧. ទក្ខិណេយ្យោ លោកគួរទទួលនូវទក្ខិណាទាន។ ទានដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម បង្អោនបង្អោនមកបូជា។ លោកគួរទទួលនូវទាននោះ ព្រោះលោករមែងជម្រះទានរបស់ទាយក ឲ្យបរិសុទ្ធិបាន ឲ្យមានផលច្រើន ទើបបានឈ្មោះថា ទក្ខិណេយ្យោ។
៨. អញ្ជលិករណីយោ លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ គឺគេគួរថ្វាយបង្គំ ដោយហោចទៅ សូម្បីតែសត្វលោករមិលមើលព្រះសង្ឃដោយចក្ខុប្រកបដោយមេត្តាចិត្ត ចក្ខុនោះ ក៏រមែងប្រាសចាកទោសជាដើមបាន។
៩. អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញក្ខេតនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ ព្រះសង្ឃ ជាស្រែកើតបុណ្យនៃសត្វលោក ព្រោះបុណ្យកុសលដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខរបស់សត្វលោក រមែងមានពន្លកល្អ លូតលាស់ចម្រើនបាន អាស្រ័យនឹងព្រះសង្ឃ ដ្បិតព្រះសង្ឃជាស្រែបរិសុទ្ធិ ប្រាសចាកទោស គឺកិលេស ដែលជាគ្រឿងប្រទូស្តក្នុងសន្តាននៃខ្លួន និងប្រទូស្តចំពោះទាន និងការបូជានៃសត្វលោក ទើបបានឈ្មោះថា ស្រែបុណ្យដ៏ឧត្តមនៃសត្វលោក។ ម្យ៉ាងទៀត ទានដែលបុគ្គលថ្វាយដល់ព្រះសង្ឃ ដែលជាបុញ្ញក្ខេត ប្រកបដោយអង្គ ៨ នេះ រមែងមានផលច្រើន។
អង្គ ៨ ប្រការគឺ
- សម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ
- សម្មាសង្កប្ប មានការត្រិះរិះត្រូវ
- សម្មាវាចា មានវាចាត្រូវ
- សម្មាកម្មន្ត មានការងារត្រូវ
- សម្មាអាជីវ មានការចិញ្ចឹមជីវិតត្រូវ
- សម្មាវាយាម មានព្យាយាមត្រូវ
- សម្មាសតិ មានសេចក្តីរឭកត្រូវ
- សម្មាសមាធិ មានចិត្តដម្កល់ត្រូវ។
ព្រះសង្ឃសាវ័ក ដែលមាននាមថា អាហុណេយ្យោ បាហុណេយ្យោ ទក្ខិណេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេតំ លោកស្ស រមែងប្រកបដោយអង្គ ៥ គឺ
- សោតា ជាអ្នកស្តាប់នូវធម៌ដែលព្រះតថាគតសម្តែង
- ហន្តា ជាអ្នកសម្លាប់នូវអកុសលវិតក្កៈ ទាំង៣
- រក្ខិតា ជាអ្នករក្សានូវឥន្ទ្រិយទាំង ៦
- ខន្តា ជាអ្នកអត់ធន់នឹងក្តៅ ត្រជាក់ ជាដើម
- គន្តា ជាអ្នកទៅកាន់ទិស ដែលគេមិនដែលទៅ គឺព្រះនិព្វាន។
ប្រភពៈ ប្រស្នាត្រៃគុណ ដោយលោកអាចារ្យ ឈឹមទូច
សូមអនុមោទនា !!!