សង្គហធម៌មាតាបិតា

សង្គហធម៌មាតាបិតា

បទពាក្យប្រាំពីរ

មាតាបិតាជាម្លប់សុខនិងជាប្រមុខដ៏ថ្លៃថ្លា
ដឹកនាំរៀបចំបុត្តធីតាឲ្យបានសុខាគ្រប់ៗណា ។
ព្រោះលោកមានម្លប់សង្គហធម៌ប្រាំយ៉ាងបវរល្អថ្កើងថ្កាន
លើសអស់លើម្លប់គ្រប់ទីឋានពេញពិតកល្យាណឋានឧត្តម ។
ទីមួយលោកព្រួយខ្លាចកូនភ្លាត់ប្រព្រឹត្តប្រតិព័ទ្ធបទមិនសម
ឃើញកូនខុសហើយមិនសម្ងំហាមប្រាមអប់រំមិនលាក់ទុក ។
ទីពីរម៉ែឳខំដឹកនាំសន្សែសន្សំសេចក្តីសុខ
យកកល្យាណកម្មជាប្រមុខតាំងទុកជាទ្រព្យគាប់ចិន្តា ។
ទីបីដឹកនាំកូនឲ្យរៀនចំណេះរបៀនមានវិជ្ជា
វិជ្ជាជាទ្រព្យមហិមាចាយច្រើនហូរហៀរមិនហួតអស់ ។
ទីបួនផ្សំផ្គុំឱ្យមានគូមិនតឹងមិនធូរឈរលើស្មោះ
ភាគីទាំងពីរមិនជំទាស់ព្រមព្រៀងទាំងអស់ទើបរៀបការ ។
ទីប្រាំលោកចាំជាជំនួយតាមជួយរហូតគ្រប់វេលា
ទាំងចិត្តទាំងកាយទាំងទ្រព្យាក្នុងគ្រាណាកូនជួបឧបសគ្គ ។
នេះហើយហៅថាសង្គហធម៌ប្រសើរបវរល្អឥតអាក់
លោកទុកជាម្លប់ជប់ត្រជាក់សមស័ក្តិជាព្រះនៃបុត្តភ្ងា ។
ដូច្នេះគួរកូនទាំងប្រុសស្រីគប្បីគិតគូរគុណមេបា
ឲ្យបានទាន់ពេលទាន់វេលាទាន់លោកនៅជាទទួលបាន ។
កុំចាំលោកស្លាប់ដេកស្តូកស្តឹងទើបប្រឹងប្រញាប់ធ្វើបុណ្យទាន
ឧទ្ទិសកុសលជូនស្មានៗធ្វើម្តេចនឹងបានឃើញនឹងភ្នែក ។
កតញ្ញូខែភ្លឺមើលឃើញច្បាស់គួរកូនរូតរះកុំចាំស្អែក
អនិច្ចាសាង្ខារគួរសង្វេគថ្ងៃនេះថ្ងៃស្អែកមិនទៀងឡើយ ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តគិរីសោភា (កូនសត្វ), ថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០០៨

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).