សង្គហធម៌

សង្គហធម៌

របស់ព្រះមហា ឡាច វត្តនួនមុនីរាម ក្រុងភ្នំពេញ
ព. ស. ២៤៩១ គ.ស.១៩៤៨


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ខ្ញុំព្រះករុណា សូមនមស្សការ ចំពោះព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ដោយសេចក្ដីគោរព ជាសង្ខេបតែប៉ុណ្ណេះ ។
លំដាប់ពីនេះទៅ អាត្មាភាព នឹងប្រារព្ធសំដែងព្រះសទ្ធម្មទេសនាដូចតទៅនេះ៖

ទានញ្ច បេយ្យវជ្ជញ្ច អត្ថចរិយា ច យា ឥធ
សមានត្តតា ច ធម្មេសុ តត្ថ តត្ថ យថារហំ ។
ឯតេ ខោ សង្គហា លោកេ រថស្សាណីវ យាយតោ
ឯតេ ច សង្គហា នាស្ស ន មាតា បុត្តការណា
លភេថ មានំ បូជំ វា បិតា វា បុត្តការណាតិ ។

វេលានេះ អាត្មាភាព បានដក់ស្រង់ព្រះពុទ្ធដីកាមួយកន្លែងដែលមានមកក្នុងគម្ពីរទីឃនិកាយ ត្រង់សិង្គាលោវាទសូត្រ យកមកសំដែង ដើម្បីថ្វាយដល់ទ្រង់នឹងអស់លោកអ្នកសាធុសប្បុរសទាំងឡាយ ដែលជាអ្នកប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ជាហេតុធ្វើខ្លួនឲ្យដល់នូវអរិយធម៌ ដែលជាធម៌របស់ព្រះអរិយបុគ្គលទាំងឡាយ មានព្រះសម្មាសម្ពុទ្ធជាដើម ។ សមដូចធម្មភាសិត ដែលបាននិពន្ធទុកខាងដើមថា ទានញ្ចបេយ្យ វជ្ជញ្ច ។ល។ បិតា វា បុត្តការណា ដូច្នេះជាដើម ប្រែថា ធម៌សម្រាប់សង្គ្រោះរបស់មនុស្សក្នុងលោកមាន៤យ៉ាងគឺៈ

១- ទាន

២- បេយ្យវជ្ជ

៣- អត្ថចរិយា

៤- មានត្តតា

នឹងលើកយកមាតិកាខទី១ មកអធិប្បាយជាបព្វភាគ ឲ្យឃើញថា ការឲ្យនូវវត្ថុដែលគួរឲ្យ មានវត្ថុសម្រាប់ទទួលទាន នឹងវត្ថុសម្រាប់ប្រើប្រាស់ជាដើម នេះឈ្មោះថាទាន, ប៉ុន្តែទាននេះ មានច្រើនយ៉ាងគឺ មានក្នុងព្រះសូត្រ១០, ព្រះវិន័យ៤, ព្រះអភិធម្ម៦, តែបើបំព្រួញរួបរួមនូវទានទាំងអស់នោះឲ្យខ្លីចុះមក ដើម្បីជាសេចក្ដីងាយកំណត់សំគាល់ចាំបាននោះ មានត្រឹមតែពីរយ៉ាងគឺៈ អាមិសទាន១, ធម្មទាន១ ។

ការចែកនូវភោគទ្រព្យរបស់ខ្លួន ឲ្យដល់មនុស្សកំសត់ទុគ៌តអនាថា ឬសមណព្រាហ្មណ៍ដែលបួសក្នុងព្រះពុទ្ធសាសនា ឬបូជាមាតាបិតាដែលលោកមានគុណចំពោះបុត្រាបុត្រីទាំងអស់គ្នា នេះហៅថា អាមិសទាន ។ បើចែកទៅតាមអ្នកឲ្យមានពីរយ៉ាង គឺៈ

១- សង្ឃទាន, ២- បាដិបុគ្គលទាន, មាតាបិតាចែកទ្រព្យសម្បត្តិដល់កូនប្រុសស្រី មានសំពត់អាវដីស្រែចម្ការ គោក្របីជាដើម ឈ្មោះថា បាដិបុគ្គលិកទាន ឬហៅថា អសាអារណទាន

ទាយកឲ្យទេយ្យវត្ថុរបស់ខ្លួនដល់បុគ្គលដទៃ មិនចំពោះមុខថាព្រះថេរអង្គនេះនោះដូច្នេះជាដើម ឈ្មោះថា សង្ឃទាន ឬហៅថា សាធារណទាន

ឯធម្មទាននោះ បានដល់ការចែករំលែកនូវធម្មវិន័យ ដែលខ្លួនបានរៀនចេះចាំមកហើយ គឺត្រូវប្រៀនប្រដៅណែនាំបុគ្គលដទៃ ដែលល្ងិតល្ងង់ខ្លៅជាងខ្លួន ឲ្យបានដឹងនូវធម៌ដែលអាចធ្វើខ្លួនឲ្យបានទទួលយកនូវសេចក្ដីសុខក្នុងលោកទាំងពីរ ពុំនោះសោតដូចជាមន្ត្រីធំ – តូច ដែលជាអ្នកចេះចាំច្បាប់ក្បួនប៉ែកខាងផ្លូវលោក ត្រូវប្រដៅណែនាំដល់អាណាប្រជានុរាស្ត្រ ដើម្បីធ្វើជាតិរបស់ខ្លួនឲ្យឡើងកាន់អារ្យធម៌មិនសង្កត់សង្កិនរឹបជាន់ដោយឥស្សរភាពរបស់ខ្លួនទេ នេះហៅថាធម្មទាន ។

បើបុគ្គលមានសង្គហធម៌ទី១ ដក់ជាប់ក្នុងចិត្តហើយ ទោះបីគ្រហស្ថបព្វជិតមន្ត្រីតូច ក៏អាចធ្វើខ្លួនឲ្យជាទីរាប់អាននៃជនដទៃបាន, នេះជាសង្គហធម៌ទី១ ។ កាលបើឲ្យតែប៉ុណ្ណោះ ប៉ុន្តែមិននិយាយពាក្យពិរោះ គួរឲ្យចាប់ចិត្តផង ទោះបីឲ្យច្រើនក៏ដូចជាឲ្យតិច ព្រោះមិនពោលវាចាពីរោះផ្អែមចំពោះអ្នកផងដែលទទួលយកទេយ្យវត្ថុនោះ បានជាព្រះឈ្នះមារជាម្ចាស់ទ្រង់សំដែងនូវបេយ្យវជ្ជ ជាសង្គហធម៌ទី ២ ។

បើបុគ្គលណាជាអ្នកមានវាចាពីរោះផ្អែម គួរឲ្យពេញចិត្តចាប់ចិត្តដូចជាមាតាបិតា ហៅបុត្រាបុត្រី អានាង ម៉ែ នាងដូច្នេះ ជាហេតុធ្វើចិត្តកូនឲ្យស្រឡាញ់រាប់អានដោយសារពាក្យនោះផង ឬក៏ចៅហ្វាយហៅរកបាវព្រាវ ដោយសំដីទន់ភ្លន់ពីរោះផ្អែម ជាគ្រឿងធ្វើអ្នកបំរើនោះឲ្យស្មោះស្ម័គ្រចំពោះខ្លួន អាចបំរើខ្លួនឥតគិតនឿយហត់សោះ បើជាពួកក្រុមរាជការវិញ ត្រូវពោលពាក្យរ៉ាក់ទាក់តាមថ្នាក់ តាមជាន់ ស្គាល់ចាស់ព្រឹទ្ធាចារ្យ កាលបើមន្ត្រីណាមានវាចាដ៏សភាពរាបសាដូច្នេះ ជាគ្រឿងពូតផ្គំរីកពូនសេចក្ដីល្អរបស់ខ្លួនផង ជាឧបាយធ្វើឲ្យរាស្ត្រស្រឡាញ់ផង បើនឹងទៅឈរនៅទីណា ជាទីរាប់អាន ឬជារបស់អាណាប្រជានុរាស្ត្របុណ្យស័ក្តិទៀតសោតក៏ឡើងដោយផលដែលខ្លួនប្រព្រឹត្តល្អ ចុះបើមនុស្សមានសំដីជូរប្រៃល្វីងទ្រគោះបោះបោកអសុរោះ ដោយអំណាចឥស្សរភាពរបស់ខ្លួន កុំថាឡើយតែគ្រឿងបូជា ដោយហោចទៅសូម្បីតែឈ្មោះក៏មិននឹកផង បើប៉ែកខាងបព្វជិតវិញ ត្រូវនិយាយពាក្យឲ្យសមរម្យតាមភាពជាសមណភេទ មិននិយាយញុះញង់ចាក់ដោត ត្លុកកំប្លែងលេងសើចក្អាកក្អាយដូចជាគ្រហស្ថនោះទេ ទើបរាប់ថាបេយ្យវជ្ជជាសង្គហធម៌ទី២ ។

ការឲ្យនឹងនិយាយពីរោះ ជាគុណសម្បត្តិដ៏សំខាន់មែនហើយ តែបើជាមនុស្សមើលបំណាំ មិនធ្វើកិច្ចធុរៈអ្វីមួយដែលជាប្រយោជន៍ដល់ពួកក្រុមញាតិមិត្តកូនចៅទេ ជាហេតុធ្វើអំពើនោះ ឲ្យអន្តរាយសាបសូន្យបាត់បង់ទៅវិញជាមិនខាន ឬក៏តាំងនៅដែរ តែមិនបានជាប់នៅយូរឡើយ ព្រោះហេតុនោះ បានជាសម្ដេចព្រះបរមសាស្តាចារ្យ ទ្រង់សំដែងអត្ថចរិយា ជាសង្គហធម៌ទី៣ ។

បើបុគ្គលណាមួយជាអ្នកធ្វើនូវអំពើដែលជាប្រយោជន៍ដល់ជនដទៃ ដូចយ៉ាងមាតាបិតាជួយធ្វើកិច្ចធុរៈ កូនប្រុស – ស្រី មានសង់គេហស្ថានឲ្យជាដើម ឬក៏ពួកបព្វជិតដែលជាអ្នកប្រាជ្ញ បានរៀនចេះចាំព្រះពុទ្ធវចនច្រើន ហើយទូន្មានប្រៀនប្រដៅដល់គ្រហស្ថដែលមិនទាន់មានទាន សីល ភាវនា ឲ្យមានទាន សីល ភាវនាឡើង មិនតែប៉ុណ្ណោះ សូម្បីពួកក្រុមនាហ្មឺនរាជការធំ – តូច ដែលជាអ្នកចេះចាំច្បាប់ក្បួនប៉ែកខាងផ្លូវលោកច្រើន ក៏ត្រូវណែនាំពួករាស្ត្រដែរ ឬក៏ពួករាស្ត្រចូលទៅប្ដឹងក្នុងក្រសួងផ្សេងៗ ត្រូវជួយយកអាសាផង មិនត្រូវសង្កត់សង្កិនអ្នកម្ខាងឲ្យខូចប្រយោជន៍ ហើយស្រឡាញ់ពេញចិត្តអ្នកម្ខាងដែលបន់ស្រន់ដោយទេព្រក្សនោះទេ ការធ្វើចិត្តជាអសប្បុរសដូច្នេះ មិនមែនជាឧបាយធ្វើប្រទេសជាតិមាតុភូមិឲ្យឡើងកាន់វឌ្ឍនធម៌ឡើយ មានតែបំផ្លិចបំផ្លាញជាតិ ឬធ្វើជាតិរបស់ខ្លួនឲ្យធ្លាក់ថោកទាប បើបុរសស្ត្រី មន្ត្រីធំ-តូច ឯណាលះវៀរនូវអំពើណាដែលធ្វើទៅមិនសម្រេចប្រយោជន៍ដល់បុគ្គលដទៃទេ ត្រូវកុំធ្វើ តែត្រូវធ្វើអំពើដែលជាប្រយោជន៍វិញ ទើបរាប់ថា អត្ថចរិយាជាសង្គហធម៌ទី៣ ការឲ្យនឹងនិយាយពីរោះ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ ជាការប្រពៃណាស់ហើយ ប៉ុន្តែធ្វើខ្លួនឲ្យស្មើក្នុងកុសលធម៌ទាំងពួង ឬប្រព្រឹត្តខ្លួនឲ្យស្មើដល់ជនដទៃ ទើបអាចអប់រំនូវសេចក្ដីល្អនោះឲ្យរឹងរឹតតែឋិតថេរយឺនយូរតទៅទៀត ព្រោះហេតុនោះ បានជាសម្រេចព្រះលោកនាថសាស្តាចារ្យ ទ្រង់សំដែងនូវសមានត្តតា ជាសង្គហធម៌ទី៤ ។

បើបុគ្គលឯណាធ្វើខ្លួនស្មើចំពោះបុគ្គលដទៃ មិនសំដែងអាការក្អេងក្អាងក្រអឺតក្រទមជាអ្នកសភាពរាបសា គួរឲ្យអ្នកផងក្រឡេកមើលទៅតែងស្រឡាញ់រាប់អានដោយឫកពាមារយាទរបស់ខ្លួន ដូចយ៉ាងពួកញាតិមិត្តដែលមានវ័យតិចជាង ប៉ុន្តែមានយសសក្តិបរិបូណ៌ដោយភោគទ្រព្យសម្បត្តិបរិវារ ត្រូវគោរពកោតក្រែងដល់ក្រុមញាតិមិត្តដែលមានវ័យចំរើនជាង ជាឧបាយមួយយ៉ាង ដែលអាចតាំងវង្សត្រកូល ឬញាតិមិត្តឲ្យមានសេចក្ដីស្និទ្ធស្នាលស្មោះស្ម័គ្រឥតមានល្អៀងឡើយ ទាំងមាតាបិតារបស់ខ្លួនទៀតសោត ក៏រីករាយសប្បាយចិត្តដោយសារកូនចេះគួរសមផង ពុំនោះសោតដូចពួករាជការ ត្រូវប្រព្រឹត្តខ្លួនឲ្យស្មើក្នុងកុសលធម៌ទាំងពួងជាគ្រឿងដំកល់ខ្លួន ឬដំកើងខ្លួនឲ្យល្អក្នុងលោកទាំងពីរ ម្យ៉ាងទៀត ត្រូវធ្វើខ្លួនឲ្យស្មើចំពោះពួកបណ្ដារាស្ត្រដែលមានវ័យចាស់ជាងខ្លួនមិនត្រូវធ្វើក្អេងក្អាងគ្របសង្កត់ជនដទៃ ដោយអានុភាពរបស់ខ្លួនទេ ការដែលតាំងខ្លួនមានសភាពបែបនេះ ជាហេតុធ្វើខ្លួនឲ្យជាទីរាប់អានរបស់មហាជនមិនខានឡើយ ទើបរាប់ថាសមានត្តតា ជាសង្គហធម៌ទី៤ ។

សង្គហវត្ថុទាំង៤ យ៉ាងនេះ មានក្នុងសន្ដាននៃបុគ្គលណាហើយ អាចយឹតយោងបុគ្គលនោះឲ្យឡើងកាន់ឋានៈដ៏ខ្ពង់ខ្ពស់ ឬជាឧបាយឲ្យកើតសាមគ្គីធម៌ គឺសេចក្ដីព្រមព្រៀងគ្នាជាពួកក្រុមផង ប៉ុន្តែសង្គហធម៌ទាំង៤ យ៉ាងនេះ ដែលដុះដាលកើតមានឡើងក្នុងសន្ដាននៃបុគ្គលនីមួយៗ មិនមែនកើតឡើងឯងៗទេ លុះណាតែអាស្រ័យគ្រឿងផ្សំ គឺការសិក្សារៀនសូត្រទើបកើតឡើងបាន មិនមែនតែផ្លូវព្រះពុទ្ធសាសនាទេ សូម្បីផ្លូវលោកក៏ដូចគ្នាដែរ សមដូចព្រះបរមពុទ្ធោវាទថាៈ

យោគា វេ ជាយតេ ភូមិ អយោគា ភូរិសង្ខយោ “ប្រាជ្ញាកើតឡើងព្រោះគ្រឿងផ្សំ ការអស់ទៅនៃប្រាជ្ញា ព្រោះខ្វះគ្រឿងផ្សំ” ។

ហេតុនេះ យុវជន កុមារា-កុមារីទាំងឡាយ ត្រូវខំស្វះស្វែងរៀនសូត្រលេខនព្វន្ត អក្សរសាស្ត្រ ទាំងប៉ុន្មានឲ្យមាំមួនឡើង ដើម្បីពូនប្រាជ្ញារបស់អ្នកផង នឹងធ្វើប្រទេសជាតិមាតុភូមិរបស់អ្នកឲ្យឡើងកាន់វឌ្ឍនធម៌ផង ព្រោះថាក្នុងស្រុកប្រទេសណាមានមនុស្សសិក្សារៀនសូត្រច្រើន ស្រុកប្រទេសនោះ តែងមានសេចក្ដីចំរើនជានិច្ច ។

បើប្រាសចាកការសិក្សារៀនសូត្រហើយ កុំថាឡើយតែការកសាងជាតិ ដោយហោចទៅ សូម្បីតែសេចក្ដីចិញ្ចឹមជីវិតផ្ទាល់ខ្លួនក៏លំបាកដែរ បើយុវជនកុមារាកុមារីណា ឃើញសេចក្ដីវិនាសនឹងសេចក្ដីចំរើនដូចពណ៌នាមកខាងលើនេះ ត្រូវប្រឹងប្រែងក្នុងការរៀនសូត្រឲ្យមុតមាំមិនត្រូវខ្ជិលច្រអូសឡើយ ។

អាត្មាភាពសំដែងមក ក្នុងធម៌សង្គ្រោះទាំង ៤ យ៉ាង ព្រមទាំងលើកគាថាយកមកជាពស្ដុតាង ក៏សន្មតថា ចប់ តែប៉ុណ្ណេះ ។

ធម្មទេសនានុភាវេន និទ្ទុក្ខា ហោន្តុ សព្វទា ដោយអានុភាពនៃធម្មទេសនានេះ សូមពុទ្ធបរិស័ទនឹងជនរួមជាតិ ព្រមទាំងជនរួមលោកទាំងឡាយ កុំឲ្យមានទុក្ខសព្វ ៗ កាល ឯវំ ។ ៚

ចប់

🔸Last Updated កំណែចុងក្រោយ on August 6, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).