រៀនព្យញ្ជនៈ៣៣តួ
បទពាក្យប្រាំពីរ
ខ្មែរមានព្យញ្ជនៈស្រៈនព្វន្ត | ខ្មែរគួរគយគន់រត់រករៀន |
រូតរះស្វះស្វែងកុំអៀនប្រៀន | សិល្បៈរបៀនស្ពានបញ្ញា ។ |
រៀន រាប់រៀនអានរៀនសរសេរ | រៀន កុំទំនេររៀនឧស្សាហ៍ |
រៀន លេខនព្វន្តគុណគណនា | រៀន ស្រៈអក្ខរាចារសេចក្តី ។ |
រៀន រាប់ ក ខ ស្រៈ អ អា | រៀន ថាសរសេរឃ្លាវែងខ្លី |
រៀន មានគំនិតគិតកែច្នៃ | រៀន រកសេចក្តីឱ្យផូរផង់ ។ |
រៀន ក រៀនកាន់កាប់កិច្ចការ | រៀន កុំឫស្យាកោងដូចកង់ |
រៀន កួចគំនិតគិតត្រឹមត្រង់ | រៀន កុំកន្លងក្បួនតម្រា ។ |
រៀន ខ រៀនខំសន្សំល្អ | រៀន ខិតជិតធម៌បានសុខា |
រៀន កុំខិលខូចដូចសត្វស្វា | រៀន ខុសតម្រានាំខូចខួរ ។ |
រៀន គ រៀនគេងគងគិតគូរ | រៀន គាប់គុណគ្រូឱ្យបានគួរ |
រៀន កុំគុំគួនគិតហ្មងមួរ | រៀន គង់គាប់គួរបានគប្បី ។ |
រៀន ឃ រៀនឃាត់ចិត្តឃោរឃៅ | រៀន ឃើញខុសត្រូវផ្លូវចាស់ថ្មី |
រៀន កុំឃុបឃិតឃាតអប្រិយ | រៀន ឃុំសិរីកុំបីឃ្លាត ។ |
រៀន ង រៀនងើបកុំងងោះ | រៀន ងុយស្អុយឈ្មោះរស់ដូចងៀត |
រៀន ងារឱ្យងំកុំចង្អៀត | រៀន ងោកចោលម្សៀតដូចងងឹត។ |
រៀន ច រៀនចេះចាប់ចាត់ចែង | រៀន ចេះកោតក្រែងកុំតាមចិត្ត |
រៀន ចេះចរចាថ្លាថ្លែងពិត | រៀន ចូរចេះគិតជួយចែកចាយ |
រៀន ឆ រៀនឆន្ទកុំឆេវឆាវ | រៀន ឆាំងឆោតខ្លៅកុំឆើតឆាយ |
រៀន កុំឆាឆៅមិត្តជិតឆ្ងាយ | រៀន ឆួលឆេះកាយក្លាយប្រេះឆា ។ |
រៀន ជ រៀនជួយប្រទេសជាតិ | រៀន ជាកុំឃ្លាតជាតិថ្លៃថ្លា |
រៀន កុំជិះជាន់ជាតិសាសនា | រៀនជួយផ្សះផ្សាជាតិជោគជ័យ |
រៀន ឈ រៀនឈប់បង្ហូរឈាម | រៀន ឈោងយកនាមពិរោះល្បី |
រៀន ឈានទៅមុខឱ្យឃ្មាតខ្មី | រៀន ឈរលើដីកុំឈូឆរ ។ |
រៀន ញ រៀនញត្តិកុំញុះញង់ | រៀន ញាក់អ្នកឆ្គងកុំញីញ័រ |
រៀន ញ៉ាំងញញឹមប្រិមប្រិយល្អ | រៀន ញៀនស្មោះសឱ្យញឹកញាប់។ |
រៀន ដ រៀនដេកដើរដឹងដាន | រៀន ដឹងប្រមាណបានដល់ដប់ |
រៀន ដាំដោះដូរគួរប្រសប់ | រៀន ដុសទម្លាប់ឱ្យឧត្តម ។ |
រៀន ឋ រៀនឋិតក្នុងឋានសុខ | រៀន ថែម៉ែពុកជាបឋម |
រៀន ថែមកុំថយឱ្យស័ក្តិសម | រៀន ថាបន្លំបាត់សួគ៌ឋាន ។ |
រៀន ឌ រៀន ឌុនកុំឌឺដង | រៀន កុំចងក្រងប្រឌិតដាន |
រៀន ដូចដូនតាពីបូរាណ | រៀន កុំហួសដានលំអានថ្នាក់ ។ |
រៀន ឍ រៀនធន់ទុនវុឌ្ឍី | រៀន ធម៌សាមគ្គីម្នីកុំអាក់ |
រៀន ធម៌នាំធូរឧបសគ្គ | រៀន ធន់ថ្នាំងថ្នាក់ជាក់ជោគជ័យ។ |
រៀន ណ រៀនណែនាំអ្នកណាស់ | រៀន នាំឱ្យច្បាស់ណា៎! ចរណៃ |
រៀន ឱ្យណែនណាន់តាន់សេចក្តី | រៀន ហ្នឹងមានន័យនឹងចំណាន ។ |
រៀន ត រៀនតបគុណម៉ែឪ | រៀន តាមផ្លូវត្រូវកុំតឹងតាន |
រៀន តោងតាមច្បាប់ឆាប់នាំប្រាណ | រៀន ដល់ត្រើយត្រាណបានសុខា។ |
រៀន ថ រៀនថែកេរ្តិ៍ម៉ែពុក | រៀន ថាំចាំទុកថង់ថវិកា |
រៀន ថែមកុំថយតាមគេថា | រៀន ថួនរក្សាកេរទ្រព្យា ។ |
រៀន ទ រៀនទប់ទល់ទុក្ខទោស | រៀន ទាញត្រូវខុសកុំទាស់គ្នា |
រៀន ទេទោរទៅតាមមាគ៌ា | រៀន ទន់ឫក្សពារតាមទំនង ។ |
រៀន ធ រៀនធ្វើមើល៍ធនធាន | រៀន ធម៌យកឈានស្ពានគន្លង |
រៀន ធំកុំធុញធៀបអ្នកឆ្គង | រៀន ធន់ម៉ត់ហ្មងពិតប្រពៃ ។ |
រៀន ន រៀននៅឱ្យនឹងនួន | រៀន នីតិ៍នាំខ្លួនឱ្យមានន័យ |
រៀន នឹកនាគុណអ្នកដទៃ | រៀន នោះនឹងថ្លៃថ្លាអាត្មា ។ |
រៀន ប រៀនបទកុំបែកបែរ | រៀន បែបបទខ្មែរកេរមេបា |
រៀន បង់បៀតបៀនបាបប្ញស្យា | រៀន បានថ្លៃថ្លាកុំរបេះ ។ |
រៀន ផ រៀនផាតិភោគផលផុស | រៀន ផឹកចាំចុះជាក់មិនផេះ |
រៀន ផិតភូតភរផាយដូចសេះ | រៀន ផុងតម្រេះផុតភក្តី ។ |
រៀន ព រៀនពោលពាក្យពេចន៍ពិត | រៀន ពត់ពាតចិត្តពេញប្រពៃ |
រៀន កុំពិសពុលពាលអប្រិយ | រៀន ពន្ទអ្នកថ្លៃនៃជីវិត ។ |
រៀន ភ រៀនភាណកុំភូតភរ | រៀន ភាន់វឹកវរនាំភ័យភិត |
រៀន ភូតច្រើនភប់ជួបអមិត្ត | រៀន ភរភូតពិតស្វិតអង្គា ។ |
រៀន ម រៀនមើលឱ្យមុតមាំ | រៀន មន្តនឹងនាំផុតវេរា |
រៀន មានមេត្តាផ្សះផ្សាគ្នា | រៀន កុំដូចមារមោហ៍ដាសមីរ ។ |
រៀន យ រៀនយឹតយោងអ្នកយ៉ាប់ | រៀន យល់គល់ច្បាប់កុំយាយី |
រៀន យកយោគយល់មកសំភី | រៀន យល់នាទីយើងគេផង ។ |
រៀន រ រៀនរស់យសរុងរឿង | រៀន រស់ថ្កុំថ្កើងរួចមួរហ្មង |
រៀន រូតរួសរាន់មិនរេរង់ | រៀន រៀបប្ញកផងឱ្យរួសរាយ ។ |
រៀន ល រៀនលះចិត្តលោភលន់ | រៀន លួចលូកលាន់ជួនរលាយ |
រៀន លេងលីលាលង់អន្តរាយ | រៀន លត់ពត់កាយលឿនលូតលាស់។ |
រៀន វ រៀនវាងរឿងវិវាទ | រៀន វៀរចោលម្សៀតវាតឱ្យអស់ |
រៀន កុំវង្វេងវក់នឹងឈ្លោះ | រៀន វត្តខ្ពង់ខ្ពស់យសវិវឌ្ឍន៍ ។ |
រៀន ស រៀនស៊ូសូត្រសិក្សា | រៀន សព្វសញ្ញាសូន្យកំសត់ |
រៀន សាងសុខសាន្តលំអានរតន៍ | រៀន សន្សំបទផ្លូវសួគ៌ា ។ |
រៀន ហ រៀនហាត់ឆ្លាតហំហួន | រៀន ហាមប្រាមខ្លួនកុំហូរហៀរ |
រៀន កុំហ៊ឺហាហាច់លេលា | រៀន ហែកហួរគ្នាហូរហួតអស់ ។ |
រៀន ឡ រៀនឡើងកុំឡិកឡក់ | រៀន កុំតក់ម៉ក់ប្ញកឡេះឡោះ |
រៀន កុំឡូឡាឡូយឱ្យសោះ | រៀន កុំឡេះឡោះមិនល្អឡើយ ។ |
រៀន អ រៀនអត្ថឱ្យអង់អាច | រៀន ឱនឱ្យប្រាជ្ញ ណា៎អង្គអើយ |
រៀន ឱ្យអស់អត្ថអង្គនឹងស្បើយ | រៀន ហើយអង្គអើយកុំអួតអាង។ |
ក ខ គ ឃ ង ឈរត្រៀប | ឈររៀបជាខ្នាតស្អាតផូរផង់ |
ស្វាគមន៍អ្នករៀនដោយស្មោះត្រង់ | តម្រង់ទិសដៅទៅរកល្អ ។ |
ក ខ គ ឃ ង ខ្សឹបថា | បើលោកអ្នកណាចង់បវរ |
ត្រូវខំរៀនសូត្រដោយស្មោះស | ផលល្អនឹងមានមកមិនខាន ។ |
អ្នករៀនឱហាតឆ្លាតប្រសប់ | នឹងបានកំណប់គាប់ជាប់ប្រាណ |
កំណប់បញ្ញាថ្លាថ្កើងថ្កាន | ប្រៀបបានពន្លឺភ្លឺយប់ថ្ងៃ ។ |
បូរាណលោកបានធ្វើប្រៀបធៀប | ទុកដូចប្រទីបភ្លឺថ្លាក្រៃ |
លើសអស់ពន្លឺភ្លឺដទៃ | ភ្លឺអ្វីមិនស្មើមានបញ្ញា ។ |
ម្យ៉ាងទៀតលោកឆ្លៀតផ្តាំទូន្មាន | ថាចេះពីរៀនមានទ្រព្យា |
បញ្ញាទ្រព្យកើតដ្បិតឧស្សាហ៍ | ព្យាយាមខ្លាំងក្លាសាងសន្សំ ។ |
ច្នេះហើយខ្ញុំក៏រៀនតាក់តែង | រៀបរាប់ថ្លាថ្លែងតែងផ្សែផ្សំ |
រាវរកសេចក្តីន័យស័ក្តិសម | ប្រៀបធៀបឬចំផ្សំតាមក្បួន ។ |
ទុកអានកំដរពេលសម្រាក | បំបាត់តោកយ៉ាកចាកពីខ្លួន |
ពង្រឹងស្មារតីឱ្យមាំមួន | តាមក្បួនកំណាព្យកាព្យអាចជួយ។ |
របៀបតែងកាព្យរាប់ព្យញ្ជនៈ | មួយវគ្គមួយវគ្គមានន័យមួយ |
គ្រាន់បានអានលេងគេងមិនព្រួយ | ទុកជាជំនួយស្មារតី ហោង ៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តឧណ្ណាលោម, ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៨
🔸Last Updated កំណែចុងក្រោយ on August 9, 2024