នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលបានរៀននូវកម្មដ្ឋាន នៅក្នុងសំណាក់ នៃព្រះពុទ្ធជាម្ចាស់ ហើយបានក្រាបថ្វាយ បង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ នៅក្នុងព្រៃដែលស្ងាត់មួយកន្លែង ។
ភិក្ខុរូបនោះ ទោះបីជាខិតខំបំពេញកម្មដ្ឋាន ដ៏ខ្លាំងក្លា យ៉ាងណាក៏ដោយ ក៏នៅតែមិនបានសម្រេចព្រះឣរហត្តផល ដូចក្តីប្រាថ្នាដែរ ក្រោយមក លោកគិតត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីនឹងទូលសុំផ្លាស់កម្មដ្ឋានសាជាថ្មី លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់ តែឃើញនូវភ្លើងព្រៃកំពុងឆេះ ក៏បានកំណត់យកភ្លើងនោះ មកធ្វើជាឣារម្មណ៍ ថា “ភ្លើងនេះ ឆេះកំទេចព្រៃបាន យ៉ាងណា, ភ្លើង គឺឣរិយមគ្គញ្ញាណ ក៏ដុតបំផ្លាញ នូវសំយោជនៈ តូចធំបាន យ៉ាងនោះដែរ” ។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានបញ្ចោញព្រះរស្មីទៅរកភិក្ខុនោះ បីដូចជាទ្រង់ប្រថាប់គង់ នៅត្រង់ទីចំពោះមុខ នៃភិក្ខុរូបនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ឣប្បមាទរតោ ភិក្ខុ | បមាទេ ភយទស្សិ វា |
| សញ្ញោជនំ ឣណុំ ថូលំ | ឌហំ ឣគ្គីវ គច្ឆតិ ។ |
ប្រែថា👇
☸️ភិក្ខុឣ្នកត្រេកឣរ ក្នុងសេចក្តីមិនប្រមាទ ឬ ឃើញភ័យ ក្នុងសេចក្តីប្រមាទ រមែងដុតចោលនូវសំយោជនៈ ទាំងតូចទាំងធំបាន ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ) យ៉ាងដូច្នោះឯង ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។



