រឿង ស្រះ​យក្ខ​ឡោម

ស្រះ​យក្ខ​ឡោម

នៅ​ក្នុង​តំបន់​ឡាបានសៀក ឃុំ​ឡាំងបាង ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ស្រះ​មួយ​ធំ ទំនង​ជា​អាង​ទឹក​បុរាណ ដែល​សេស​សល់​មក​ពី​លក្ខណៈ​ភូមិ​សាស្ត្រ, ព្រោះ​ស្រះ​នេះ នៅ​ចំ​ចន្លោះ​ជ្រលង​ភ្នំ ហើយ​មាន​សណ្ឋាន​មូល​ដូច​បាត​ខ្ទះ ។ អ្នក​ដំណើរ​ណា ដែល​បាន​ទៅ​ដល់​រតន​គិរី គេ​ពុំ​អាច​ភ្លេច​ទៅ​លំហែ ឬ ទៅ​ទស្សនា​ស្រះ​យក្ខ​ឡោម​ឡើយ, សម​បើ​សព្វ​ថ្ងៃ​នេះ នៅ​ឡាបានសៀក មាន​ការ​រៀបចំ​ភូមិ​ស្រុក​ល្អ​ផង ដូច​ជា​មាន​ផ្សារផ្សោ មាន​វត្ត​អារាម មាន​ភូមិ​និវេសនដ្ឋាន មាន​ចម្ការ​កៅស៊ូ​រដ្ឋ ។ល។ ក៏​រឹត​តែ​បាន​ជា​ទី​ជំនុំ​ចំណោម​ធំ​ដុំ​មួយ​ឡើង ។

កាល​បើ​ទៅ​ដល់ “ស្រះ​យក្ខ​ឡោម” គេ​តែង​នឹក​រក​ដើម​ហេតុ​នៃ​ឈ្មោះ​ចម្លែក​នេះ​ភ្លាម ។ ការ​ឆ្ងល់​នេះ ក៏​នាំ​ឲ្យ​សាក​សួរ​រក​ហេតុ​ដើម ដែល​មាន​នៅ​ជាប់​នឹង​បែប​និទាន​របស់​អ្នក​ស្រុក ជា​រឿង​ព្រេង​ប្លែក​ៗ គ្នា ដែល​យើង​លើក​មក​អធិប្បាយ ដូច​តទៅ​នេះ ៖ ពាក្យ​ថា “យក្ខ​ឡោម” គេ​អាច​យល់​បាន​ដោយ​ងាយ​ថា “យក្ខ​វា​ព័ទ្ធ” តាម​ពាក្យ​បរម្បរា​ត​ៗ គ្នា​មក មាន​រឿង​និទាន​ថា : តាំង​ពី​យូរ​លង់​មក​ហើយ មាន​ស្ដេច​ក្រុង​យក្ខ​មួយ មាន​ឫទ្ធិ​អំណាច​ខ្លាំង​ពូកែ​ណាស់ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រី​មួយ ស្អាត​លើស​ស្រី​នានា, ទាំង​សក់​ទាំង​រូប​កាយ​របស់​នាង តែង​មាន​ក្លិន​ក្រអូប​ជានិច្ច​រៀង​រាល់​ថ្ងៃ ទើប​យក្ស​ជា​បិតា​ឲ្យ​នាម​បុត្រី​នោះ​ថា: “នាង​សក់​ក្រអូប” ។ លុះ​ដល់​មាន​វ័យ​គ្រប់​គ្រាប់​កាល​ណា ក៏​មាន​មនុស្ស​មួយ​រូប ខ្លាំង​ពូកែ​ណាស់​ដែរ បាន​ចូល​ទៅ​លប​លួច​លួង​លោម​ស្នេហា​ជា​មួយ​នាង ។ ទាំង​ពីរ​ប្រាណ ដោយ​ភ័យ​ខ្លាច​ស្ដេច​យក្ខ​ជា​បិតា​ដឹង ក៏​នាំ​គ្នា​រត់​មក​ក្នុង​ព្រៃ​មួយ ។

ក្រោយ​មក ស្ដេច​ក្រុង​យក្ខ ដឹង​រឿង​រ៉ាវ​នេះ ក៏​ផ្អើល​ឆោឡោ ស្រែក​ឡូឡា កេណ្ឌ​ពល​យក្ខ​ជា​បរិវារ ហោះ​ហើរ​តាម​រក​កូន​សំឡាញ់​ខ្លួន ដល់​មក​ត្រង់​កន្លែង​ព្រៃ​ស្ដុក​នេះ ក៏​មាន​សេចក្ដី​សង្ស័យ​ថា ប្រហែល​ជា​បុត្រី​ខ្លួន​នៅ​ទី​នេះ ទើប​បញ្ជា​ឲ្យ​យក្ខ​ជា​កូន​ចៅ យាម​ល្បាត​ព័ទ្ធ​ព្រៃ​នោះ​យ៉ាង​មាំ ហើយ​ឲ្យ​យក្ខ ១ ក្រុម​ទៀត ដក​ព្រៃ​ព្រឹក្សា​គ្រវែង​ចោល ហើយ​នា​គ្នា​ជីក​កកាយ​រក​នាង តែ​ទោះ​បី​ជីក​យ៉ាង​ណា​ក៏​រក​ពុំ​ឃើញ ទើប​ស្ដេច​ក្រុង​យក្ខ នាំ​បរិវារ​ត្រឡប់​ទៅ​នគរ​ដើម​វិញ ។ អាស្រ័យ​ហេតុ​ពួក​យក្ខ កកាយ​រក​នាង​សក់​ក្រអូប​នេះ ទើប​មាន​នៅ​សល់​ជា​ស្រះ​មួយ​នៅ​រតន​គិរី ហៅថា “ស្រះ​យក្ខ​ឡោម” រហូត​ដល់​សព្វ​ថ្ងៃ ។

ស្រះ​យក្ខ​ឡោម ជា​ស្រះ​មួយ​មាន​ទឹក​ថ្លា​ឈ្វេង ដែល​មាន​ជម្រៅ​ជាង ៧០ ម. បា​រដូវ​ប្រាំង, មាន​បណ្ដោយ និង ទទឹង​ប្រហែល ១ គ.ម. រាង​រង្វះ​មូល​ស្មើ ។ នៅ​មាត់​ស្រះ មាន​ដើម​មាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវ ដុះ​នៅ​ពាស​ពេញ​ក្បែរ​មាត់​ស្រះ គួរ​ឲ្យ​ទស្សនា ។ នៅ​ជុំវិញ​ស្រះ​នេះ កង​ខេមរភូមិន្ទ​យើង ទើប​នឹង​បាន​ស្ថាបនា​ផ្លូវ​ថ្នល់​ដ៏​វិចិត្រ បើក​រថយន្ត​បាន​ដោយ​ស្រួល ។ មាន​ព្រះ​រាជ​ដំណាក់, ភោជនីយដ្ឋាន​តូច​ៗ សម្រាប់​ទទួល​ភ្ញៀវ ។ សព្វ​ថ្ងៃ កង​ខេមរភូមិន្ទ បាន​ចាត់​ចែង​ស្ថាបនា​ដំណាក់​ថ្មី​មួយ​ទៀត​ដោយ​បេតុង គឺ​ស្ថាបនា​ក្នុង​ឆ្នាំ ១៩៦៥ ។ នៅ​ក្នុង​ស្រះ មាន​មច្ឆជាតិ​តូច​ធំ​ហិច​ហែល​ទាំង​ហ្វូង​ៗ ។ លោក-អ្នក​ទៅ​ទស្សនា​អាច​ដើរ​ព័ទ្ធ​ជុំ​វិញ​ស្រះ​បាន ដោយ​មាន​ផ្លូវ​ថ្នល់​វង់​ជុំ​វិញ ។

តាម​សេចក្ដី​និទាន​មួយ​បែប​ទៀត មាន​ន័យ​ជ្រលិះ​គ្នា​ដែរ គឺ​ថា ៖ មាន​ទ័ព​យក្ខ​ដេញ​តាម​ចាប់​បុត្រី​យក្ខ ដូច​រឿង​ខាង​លើ​នេះ​ដែរ ប្លែក​តែ​ខាង​ចុង​ថា កាល​ទ័ព​យក្ខ ឡោម​ព័ទ្ធ​ជុំ​វិញ​ភ្នំ ដែល​នាង​នេះ​នៅ​ពួន​ជ្រក​នោះ​ហើយ នាង​ក៏​យល់​ថា​គ្មាន​ផ្លូវ​ណា​ឲ្យ​គេច​រួច ទើប​នាង​អធិដ្ឋាន​សុំ​ឲ្យ​នាង​លិច​បាត់​ទៅ​ក្នុង​ដី ពេល​នោះ ព្រះ​ធរណី​ក៏​ស្រុត​នាំ​ទាំង​នាង​ស្រី​នោះ​ទៅ​ផង ។ ត្រង់​កន្លែង​ព្រះ​ធរណី​ស្រុត​នោះ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្រះ​ទឹក ដែល​ហៅ​ថា​យក្ខ​ឡោម ។

តាម​រឿង​ដំណាល​មួយ​ទៀត, មាន​សេចក្ដី​ផ្សេង​ពី​នេះ​ច្រើន ទំនង​ជា​រឿង​ពិត​របស់​ភូមិ​ស្រុក​ផង មាន​សេចក្ដី​ថា ៖ ពាក្យ “យាក់​ឡោម” ត្រូវ​សរសេរ​ដូច្នេះ​ទៅ​វិញ, ព្រោះ​ថា មក​ពី​ដើម​ហេតុ​ពាក្យ យាក់ ក្លាយ​មក​ពី “យ៉ាក់” ភាសា​អ្នក​ស្រុក​នោះ​បុរាណ ប្រែ​ថា មេ នាយ, ឯ​ឡោម​ជា​ឈ្មោះ​មនុស្ស, ដូច្នេះ បាន​សេចក្ដី​ថា មាន​នាយ​ក្រុម​ម្នាក់​ឈ្មោះ​ឡោម ជា​អ្នក​ត្រួត​ត្រា​នៅ​ភូមិ​ភាគ​ខាង​ជួរ​ភ្នំ​នោះ ម្ល៉ោះ​ហើយ​អ្នក​ផង ក៏​សន្មត​ហៅ​ឈ្មោះ​ទី​កន្លែង​នោះ​ឯង តាម​នាម និង ងារ​សក្ដិ អ្នក​ត្រួត​ត្រា​នោះ​ទៅ ។

រីឯ​ស្ថាន​ភាព​កន្លែង ដែល​ប្រាកដ​តាម​ការ​សង្កេត​ទៅ​វិញ អ្នក​ស្រាវ​ជ្រាវ​យល់​ថា ទី​ស្រះ​នេះ​ឯង ជា​រន្ធ​ភ្នំ​ភ្លើង​កាល​ពី​សម័យ​បុរាណ ហើយ​ផុត​រលត់​ទៅ នៅ​សល់​តែ​ស្នាម​ដាន, ហេតុ​នេះ បាន​ជា​មាន​ស្រះ​នោះ ជ្រៅ​ដល់​ទៅ​ជម្រៅ ៧០-៨០ ម៉ែត្រ ហើយ​មាន​រង្វះ​មាត់​មូល​ដូច​ថាស​ព័ទ្ធ​ជុំ​វិញ​សុទ្ធ​តែ​ភ្នំ ។

ហើយ​ដែល​សព្វ​ថ្ងៃ ទៅ​ជា​រមណីយដ្ឋាន​មួយ​យ៉ាង​ប្រសើរ សម្រាប់​អ្នក​ទៅ​ទស្សនា​ទី​តំបន់​នោះ ។

🔸Last Updated កំណែចុងក្រោយ on March 28, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace