ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុពីររូប ដែលជាមិត្រសំឡាញ់ នឹងគ្នា ។ ភិក្ខុទាំងពីររូបនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ នៃព្រះ សាស្តា ហើយក្រាបថ្វាយបង្គំលាព្រះឣង្គទៅបំពេញសមណធម៌ នៅ ក្នុងវត្តមួយ ដែលនៅក្នុងព្រៃ ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុមួយរូប មានសេចក្តីព្យាយាម មិនប្រមាទ ខិតខំបំពេញសមណធម៌ជាប់ជានិច្ច មិនយូរប៉ុន្មាន ក៏បានសំរេចព្រះឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ ។
ចំណែកភិក្ខុមួយរូបទៀត លោកមិនបានធ្វើអ្វីបន្តិចសោះ គិតតែពីនិយាយគ្នាលេងសប្បាយ ជាមួយនឹងពួកភិក្ខុសាមណេរផងគ្នា ផ្សេងៗ ទៀត បានត្មះតិះដៀលភិក្ខុដែលបានខិតខំចម្រើនសមណធម៌នោះ ថា “ភិក្ខុ ឣង្គនេះ ជាឣ្នកខ្ជិលច្រឣូសណាស់ មិនចេះគិតធ្វើអ្វីនឹងគេសោះឡើយ” ។
លុះបវារណាចេញវស្សាហើយ ពួកភិក្ខុទាំងឣស់នោះ បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា ។ ភិក្ខុ ដែលខ្ជិលច្រឣូស បានក្រាបទូលឣំពីរឿងភិក្ខុដែលបានសម្រេច នូវព្រះឣរហត្តផល ដល់ព្រះសាស្តា ថា “ជាឣ្នកខ្ជិលច្រឣូសណាស់” ហើយបាននិយាយឣួតលើកខ្លួនឯង ថា “ជាឣ្នកមិនប្រមាទ មិនខ្ជិលច្រឣូស ខិតខំរកឧសមកដុត ទាំងព្រឹកល្ងាច គ្មានបានឈប់សម្រាកឡើយ” ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
ឣប្បមត្តោ បមត្តេសុ សុត្តេសុ ពហុជាគរោ |
ឣពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។ |
ប្រែថា👇
☸️បណ្ឌិត មានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងតែប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងតែដេកលក់ លោកភ្ញាក់រព្ញកច្រើន លោកលះបង់ចោលនូវបុគ្គលបែបនោះ ដូចជាសេះដែលមានល្បឿនលឿន បោលឈ្នះនូវសេះដែលមានកម្លាំងទន់ខ្សោយ យ៉ាងដូច្នោះឯង ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។
ចំនួនវគ្គក្នុងគម្ពីរធម្មបទ
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ គឺ៖
១. យមកវគ្គ មាន ១៤ រឿង ២០ គាថា ១៤. ពុទ្ធវគ្គ មាន ៩ រឿង ១៨ គាថា ២. អប្បមាទវគ្គ មាន ៩ រឿង ១២ គាថា ១៥. សុខវគ្គ មាន ៨ រឿង ១២ គាថា ៣. ចិត្តវគ្គ មាន ៩ រឿង ១១ គាថា ១៦. បិយវគ្គ មាន ៩ រឿង ១២ គាថា ៤. បុប្ផវគ្គ មាន ១២ រឿង ១៦ គាថា ១៧. កោធវគ្គ មាន ៨ រឿង ១៤ គាថា ៥. ពាលវគ្គ មាន ១៥ រឿង ១៦ គាថា ១៨. មលវគ្គ មាន ១២ រឿង ២១ គាថា ៦. បណ្ឌិតវគ្គ មាន ១១ រឿង ១៦ គាថា ១៩. ធម្មដ្ឋវគ្គ មាន ១០ រឿង ១៧ គាថា ៧. អរហន្តវគ្គ មាន ១០ រឿង ១៤ គាថា ២០. មគ្គវគ្គ មាន ១២ រឿង ១៧ គាថា ៨. សហស្សវគ្គ មាន ១៤ រឿង ១០ គាថា ២១. បកិណ្ណកវគ្គ មាន ៩ រឿង ១៦ គាថា ៩. បាបវគ្គ មាន ១២ រឿង ១៦ គាថា ២២. និរយវគ្គ មាន ៩ រឿង ១៤ គាថា ១០. ទណ្ឌវគ្គ មាន ១១ រឿង ១៧ គាថា ២៣. នាគវគ្គ មាន ៨ រឿង ១៤ គាថា ១១. ជរាវគ្គ មាន ៩ រឿង ១១ គាថា ២៤. តណ្ហាវគ្គ មាន ១២ រឿង ២៦ គាថា ១២. អត្តវគ្គ មាន ១០ រឿង ១០ គាថា ២៥. ភិក្ខុវគ្គ មាន ១២ រឿង ២៣ គាថា ១៣. លោកវគ្គ មាន ១១ រឿង ១២ គាថា ២៦. ព្រាហ្មណវគ្គ មាន ៤០ រឿង ៤២ គាថា
