នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸មាតានិងបិតាលោកហៅថា ព្រហ្ម (របស់បុត្រ)។
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្តេចសក្កទេវរាជ ។ សម័យថ្ងៃមួយ ក្សត្រលិច្ឆវី ព្រះនាមមហាលី ទ្រង់ព្រះសណ្តាប់ នូវសក្កបញ្ហសូត្រ ក៏កើតមានសេចក្តីសង្ស័យ ហើយទ្រង់យាងចូលទៅគាល់ព្រះពុទ្ធជាម្ចាស់ ស្រេចហើយ ក៏បានក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន តើព្រះឣង្គទ្រង់បានទតព្រះនេត្រឃើញ ទ្រង់បានស្គាល់ច្បាស់នូវសក្កទេវរាជ ដែរឬទេ?” ។
ព្រះសាស្តា ទ្រង់ត្រាស់ឆ្លើយថា “តថាគត ពិតជាបានឃើញ បានស្គាល់សក្កទេវរាជ ច្បាស់ណាស់ ហើយថែមទាំងដឹង នូវធម៌ដែលធ្វើឲ្យកើតទៅជាសក្កទេវរាជទៀតផង, សក្កទេវរាជ មានឈ្មោះថា “មឃវា” ព្រោះកាលនៅជាមនុស្ស មានឈ្មោះថា មឃមាណព, មានឈ្មោះថា “បុរិន្ទៈ” ព្រោះកាលនៅជាមនុស្ស បានផ្តើមធ្វើបុណ្យមុនជន ៣០ នាក់, មានឈ្មោះថា “វាសវៈ” ព្រោះកាលនៅជាមនុស្ស បានឲ្យនូវទីនៅ ទីសំណាក់ឣាស្រ័យ, មានឈ្មោះថា “សហស្សក្ខៈ” ព្រោះទ្រង់ព្រះតម្រិះ ក្នុងមួយប្រប្រិចភ្នែក បានមួយពាន់រឿង, មានឈ្មោះថា “សុជប្បតី” ព្រោះបាននាងសុជាតាដែលជាធីតា របស់ ឣសុរ ជាព្រជះយា ។ វត្តបទ គឺ ធម៌ដែលធ្វើឲ្យកើតជាសក្កទេវរាជ មាន ៧ ប្រការ គឺ ៖
- ចិញ្ចឹមមាតាបិតា,
- គោរពចាស់ទុំ ក្នុងត្រកូល,
- មានវាចា ពីរោះ,
- មិននិយាយចាក់ដោត,
- មិនកំណាញ់,
- ជាឣ្នក មានសច្ចៈ,
- ជាឣ្នកមិនចេះក្រោធខឹង ។
សក្កទេវរាជ មិនប្រមាទ ញ៉ាំងវត្តបទទាំង ៧ ប្រការនេះ ឲ្យពេញបរិបូណ៌ហើយ ទើបបានសម្រេចជាសក្កទេវរាជ” ដូច្នេះហើយ នៅទីបញ្ចប់ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ឣប្បមាទេន មឃវា ទេវានំ សេដ្ឋតំ គតោ |
| ឣប្បមាទំ បសំសន្តិ បមាទោ គរហិតោ សទា ។ |
ប្រែថា👇
☸️មឃមាណព បានដល់នូវភាពជាឣ្នកប្រសើរបំផុត ជាងទេវតាទាំងឡាយ ព្រោះសេចក្តីមិនប្រមាទ, ឣ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ, សេចក្តីប្រមាទ បណ្ឌិតលោកតិះដៀលគ្រប់ពេល ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។



