នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸មនុស្សពាល មិនគួរជាអ្នកនាំមុខគេទេ។
ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនិគមតិស្សត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានសេចក្តីប្រាថ្នាតិច និង សន្តោស នៅពេលដែលឣនាថបិណ្ឌិកសេដ្ឋី ថ្វាយមហាទានក្តី និង ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយឣសទិសទានក្តី ក៏លោកមិនព្រមនិមន្តទៅទទួលដែរ បែរជានិមន្តទៅបិណ្ឌបាត្រ តាមផ្ទះទៅវិញ បានយ៉ាងណា ឆាន់យ៉ាងនោះ ។ ពួកភិក្ខុទាំងឡាយ បានចោទដល់ព្រះថេរៈថា “ជាឣ្នកជាប់ជំពាក់ ក្នុង ពួកញាតិញោម” ។
ព្រះសាស្តា ទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តលោកមក ដើម្បីត្រាស់សួររឿងពិត ។ ព្រះថេរៈ បានក្រាបទូល នូវភាពនៃខ្លួនជាឣ្នកប្រាថ្នាតិច និង សន្តោស ថ្វាយព្រះឣង្គទ្រង់បានជ្រាប ។
ព្រះពុទ្ធឣង្គ ទ្រង់ត្រាស់ឣនុមោទនា ហើយទ្រង់បានត្រាស់សរសើរថា “នេះគឺជាប្រពៃណី របស់ព្រះឣង្គ ដែលទ្រង់ធ្លាប់បានប្រព្រឹត្តមក” រួចហើយទ្រង់ត្រាស់សម្តែងនូវឣតីតនិទាន របស់ព្រះ ឣង្គដែលបានយោនយកកំណើតកើតជាសត្វសេក ឈ្មោះសុវរាជ ក៏មានសេចក្តីប្រាថ្នាតិច និង សន្តោស ដូចជាព្រះថេរៈនេះដែរ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ឣប្បមាទរតោ ភិក្ខុ | បមាទេ ភយទស្សិ វា |
| ឣភព្វោ បរិហានាយ | និព្វានស្សេវ សន្តិកេ ។ |
ប្រែថា👇
☸️ភិក្ខុឣ្នកត្រេកឣរ ក្នុងសេចក្តីមិនប្រមាទ ឬ ឃើញភ័យ ក្នុងសេចក្តីប្រមាទ ជាឣ្នកមិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ស្ថិតនៅ ក្នុងទីជិតបង្កើយនៃព្រះនិព្វាន ។
☸️ចប់ ឣប្បមាទវគ្គ
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។



