រឿង​សត្វ​សំពោច និង​មាន់​ចែ

មាន​សត្វ​សំពោច ១ ដើរ​ទៅ​ឃើញ​មាន់​ចែ​ទំ​នៅ​លើ​ប្រគាប​ឈើ ហើយ​សំពោច​នោះ​ចង់​ស៊ី​មាន់ ទើប​និយាយ​ជា​កល ឧបាយ​មុសាវាទ​ថា « នែ​មាន់​ចែ​ជា​សំឡាញ់​អើយ ! អើ​ឥឡូវ​អញ​កាន់​ព្រះអាជ្ញា ព្រះ​មហិស្សរាធិបតី ទ្រង់​ត្រាស់​ប្រើ​ឲ្យ​ប្រកាស​ប្រាប់​អស់​បណ្ដា​ពួក​សត្វ ដែល​ជា​ពៀរ​សត្រូវ​នឹង​គ្នា​នោះ​ថា ឲ្យ​ព្រមព្រៀង​ជា​នឹង​គ្នា ចាប់​ដើម​ពី​ថ្ងៃ​នេះ​ទៅ​កុំ​ឲ្យ​មាន​សត្វ​ណា​យាយី​គ្នា​ឡើយ, នែ​មាន់​ចែ យើង​បាន​សុខ​សប្បាយ​ហើយ ព្រោះ​ព្រះ​ជា​ម្ចាស់​លោក​ប្រោស​តាំង​ច្បាប់​ថ្មី​ថា ឲ្យ​យើង​ជា​នឹង​គ្នា ឥឡូវ​នេះ ខ្ញុំ​យល់​ថា បា​ឯង​ក៏​មក​ជា​សំឡាញ់​ដូច​បង​ប្អូន​គ្នា​ពិត​ៗ ចូរ​ឯង​ចុះ​មក​ឲ្យ​គ្នា​ឱប​ថើប​ជា​ការ​មេត្រី​បន្តិច​ទៅ​អេះ »។ ឯ​មាន់​ចែ​មាន​ប្រាជ្ញា​វាងវៃ​ក៏​តប​ភ្លាម​ទៅ​ថា « អើ​បង​សំពោច , បង​ឯង​កាន់​ព្រះ​រាជ​អាជ្ញា​ព្រះ​ជា​ម្ចាស់​មក​បង្គាប់​ថា ឲ្យ​យើង​ជា​នឹង​គ្នា​នេះ ជា​ការ​ល្អ​វិសេស​ណាស់​ហើយ​បង, ខ្ញុំ​ឃើញ​បង​ឯង​ហើយ​ក៏​មាន​ចិត្ត​ស្រឡាញ់ ចង​ចុះ​ទៅ​ទទួល​សេចក្ដី​ស្និទ្ធស្នាល​ស្នេហា​នឹង​អ្នក​បង​ដែរ តែ​ការ​នេះ​ឈប់​សិន​ចុះ ព្រោះ​ទីនេះ​មាន​ឆ្កែ​មួយ​វា​នៅ​ជា​មួយ​នឹង​ខ្ញុំ​នេះ ឥឡូវ​វា​ទៅ​រក​ស៊ី​ឯ​ទី​ព្រៃ​បាត់​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ យើង​ចាំ​ជុំ​គ្នា​ទាំង ៣ ប្រាណ ហើយ​សឹម​យើង​ជួប​ជុំ​គ្នា​នឹង​បាន​ក្រសោប​ឱប​គ្នា ជា​ការ​មេត្រី​យ៉ាង​ធំ​តែ​ម្ដង » , លុះ​មាន់​ចែ​និយាយ​ដូច្នោះ​ហើយ ធ្វើ​ជា​បែរ​មើល​ទៅ​ទិស​ខាង​ជើង ហើយ​ស្រែក​ថា « បង​ឆ្កែ​មក​ហើយ អើ​បង​សុនខ អញ្ជើញ​បោល​ចូល​មក​ឲ្យ​ឆាប់ ត្បិត​បង​សំពោច​គេ​មក​នៅ​រង់​ចាំ​បង​ឯង »។ ឯ​សំពោច​ឮ​ថា ឆ្កែ​មក​ដូច្នោះ​ហើយ​ក៏​ភិតភ័យ ព្រោះ​ខ្លួន​នឹង​ឆ្កែ​ជា​សត្រូវ​នឹង​គ្នា ទើប​ម្នីម្នា​រត់​ចេញ​អំពី​ទីនោះ​ចូល​ព្រៃ​ទៅ ។ មាន់​ចែ​ក៏​រឹង​តែ​បង្អៅ​ថា « បង​សុនខ​ចូរ​មក​ឲ្យ​ឆាប់​ៗ បង​សំពោច​កុំ​អាល​ទៅ​ណា​ឈប់​សិន បង​សុនខ​គេ​មក​ដល់​ហើយ » ។ ឯ​សំពោច​ក៏​ឆ្លើយ​ថា « អាជ្ញា​ក្ដៅ​ណាស់​នៅ​មិន​បាន​ទេ » , ថា​ហើយ​ក៏​រត់​ចូល​ព្រៃ​ទៅ ។

រឿង​នេះ ឯង​ស្ដាប់​មើល​ចុះ មាន់​ចែ​មាន​ប្រាជ្ញ​ស្គាល់​អាការ​សំពោច​កុហក​មុសាវាទ​ហើយ គឺ​ស្គាល់​អាការៈ​កុហក​បាន​មួយ​រំពេច ពាក្យ​មាន់​ចែ​ស្រែក​ឡក​ឲ្យ​សំពោច​ថា « អា​ចោល​ម្សៀត ចេះ​មក​ពោល​ពាក្យ​ថា ឯង​កាន់​ព្រះ​រាជ​អាជ្ញា​មក​ប្រកាស​ថា​ឲ្យ​សត្វ​ដែល​ជា​សឹក​សត្រូវ​នឹង​គ្នា​នោះ ត្រូវ​ឲ្យ​ជា​នឹង​គ្នា តែ​អញ​នឹង​ឯង ឯ​ត្រង់​ឆ្កែ​នឹង​ឯង​ត្រឡប់​ជា​មិន​សាមគ្គី​វិញ អាណា​ជឿ​ឯង​បាន ពាក្យ​មិន​សាធារណៈ​ទូទៅ​យ៉ាង​នេះ ។

(និទាន​នេះ​មាន​ដំណាល​ក្នុង​ក្បួន​បារាំង​សែស )

🔸Last Updated កំណែចុងក្រោយ on May 4, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).