មាតាបិតុគុណកថា

មាតាបិតុគុណកថា

ព្រះញាណកោសល ញាណ – ឈឹន
ព.ស. ២៤៩៧ គ.ស.១៩៥៤


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

អាត្មាភាពសូមចំរើនពរ ៤ ប្រការគឺ អាយុ, វណ្ណៈ, សុខៈ, ពលៈ, ចំពោះពួកពុទ្ធ បរិស័ទទាំងឡាយ, ក្រែងអាត្មាភាពសំដែងទៅហើយ មានភ្លាំងភ្លាត់ឬឆ្គាំឆ្គងពាក្យពេចន៍ ក្នុងពេលសំដែងសូមខន្តីអភ័យទោស, អាត្មាភាពសូមស្រង់យកពាក្យប្រកាសរបស់លោក ចាប ពិន អម្បាញ់មិញត្រង់ដែលថា មតកភត្តទាន និង ជីវិតភត្តទាននោះ មកសំដែង ជាធម៌ទេសនាតទៅ ដើម្បីឱ្យសមរម្យដល់ពិធីបុណ្យដែលលោកទានិស្សរាធិបតី ព្រមទាំង ក្រុមញាតិកំពុងចាត់ចែងនេះ ដ្បិតបុណ្យបែបនេះ លុះតែសប្បុរសអ្នកមានសទ្ធាជ្រះថ្លា មោះមុត ចំពោះគុណលោកអ្នកមានគុណ ទើបអាចបរិច្ចាគធនធានធ្វើទៅកើត បើមាន សន្តានចិត្តស្ទាក់ស្ទើរមិនជឿស៊ប់ទេ ក៏មិនអាចនឹងបរិច្ចាគបានឡើយ ។

ពាក្យថាៈ “មតកភត្តទាន” គឺធ្វើទានឧទ្ទិសផលជូនចំពោះបុព្វការីជន ដែលចែក ស្ថានទៅកាន់បរលោកនាយ, ពាក្យថា “ជីវិតភត្តទាន” គឺធ្វើទានឧទ្ទិសផលជូនចំពោះ បុព្វការីជន ដែលកំពុងមានជីវភាពរស់នៅសព្វថ្ងៃ ។

បណ្តាបុណ្យទាំងពីរប្រការនេះ មតកភត្តទាន ធ្លាប់ឃើញគេធ្វើរឿយៗ ចំពោះ វេលាដែលមានញាតិទទួលមរណៈថ្មីៗ ឬយូរហើយ, ឯជីវិតភត្តទាន យូរៗទើបមានម្តង ព្រោះអ្នកដែលមានជីវិតរស់នៅ គេពុំសូវនឹកនាដល់ ទោះបីមាននឹកដល់ខ្លះហើយធ្វើ ក៏ច្រើនគេហៅថា ធ្វើបុណ្យឆាកឬបុណ្យវេរបច្ច័យ៤ទៅវិញ គេមិនហៅថា បុណ្យជីវិតភត្ត ទានទេ ព្រោះពាក្យនេះគេមិនធ្លាប់ហៅ, កែតាមការពិត បុណ្យឆាកឬបុណ្យវេរបច្ច័យ៤ ក៏គឺបុណ្យជីវិតភត្តទាននោះឯង ។

វេលានេះ អាត្មាភាពសូមសំដែងអំពីបុគ្គលរកបានដោយក្រក្នុងលោកជាមុនសិន រួចហើយសឹមត្រឡប់មកសំដែងបញ្ចប់ពាក្យថាជីវិតភត្ដទាននេះ ជាខាងក្រោយ ។

ព្រះពុទ្ធដីកាក្នុងព្រះសុត្ដន្ដបិដក អង្គុត្តរនិកាយខុទ្ទកនិបាត ថា ៖ ទ្វេមេ ភិក្ខវេ បុគ្គលា សន្តោ សំវិជ្ជមានា ទុល្លភា លោកស្មឹ ប៉ុណ្ណេះជាដើម ប្រែថា (ម្នាលភិក្ខុទាំងឡាយ! បុគ្គលពីរជំពូកនេះ រកបានដោយក្រក្នុងលោក) ។ កតមេ ទ្វេ (បុគ្គលពីរជំពូក តើអ្វីខ្លះ? បុគ្គលពីរជំពូកនោះគឺ បុព្វការីបុគ្គល (បុគ្គលអ្នកធ្វើឧបការ មុន)១ កតញ្ញូកតវេទីបុគ្គល (បុគ្គលអ្នកដឹងឧបការគុណដែលគេធ្វើចំពោះខ្លួន ហើយធ្វើ តបគុណវិញ)១ ទាំងពីរជំពូកនេះ រមែងរកបានដោយក្រក្នុងលោក) ។

ហេតុដូចម្ដេចបានជាបុគ្គលពីរពូកនេះ គេរកបានដោយក្រក្នុងលោក? បានជាគេ រកបានដោយក្រក្នុងលោក ព្រោះបុព្វការីបុគ្គល ដូចជាមាតាបិតាកម្រនឹងមានព្រហ្មវិហារ ធម៌ទាំង៤ និងសង្គហធម៌ទាំង៤ ពេញលេញលើបុត្តធីតា ច្រើនតែបាននេះខ្វះនោះ ។ ចំណែកកតញ្ញូកតវេទីបុគ្គលដូចបុត្តធីតា ក៏កម្រនឹងធ្វើកិច្ចតបគុណលោកវេញ ឱ្យបាន ពេញបរិបូណ៌តាមស្ថាន៥យ៉ាង ។

មួយទៀត បុព្វការីបុគ្គល និងកតញ្ញូកតវេទីបុគ្គល ជាអ្នកប្រតិបត្តិការតាមធម៌ស្មើ គ្នាទៅវិញទៅមកនោះ កម្រនឹងមានច្រើន តែបានម្ខាងខ្វះម្ខាង គឺបើមាតាបិតាមាន ព្រហ្មវិហារធម៌និងសង្គហធម៌ទៅលើបុត្តធីតាៗ បែរជាបុត្តធីតា មិនមានធ្វើកិច្ចតបគុណ លោក ឬមាតាបិតាមិនមានធម៌គ្រប់គ្រាន់ទៅលោបុត្តធីតាៗ ត្រឡប់ជាបុត្តធីតាមានធម៌ គ្រប់គ្រាន់ទៅលើមាតាបិតា, អាស្រ័យហេតុនេះ បុព្វការីបុគ្គល និងកតញ្ញូកតវេទីបុគ្គល ទើបចាត់ជាបុគ្គលរកក្រក្នុងលោក ។ សូមសាធុសប្បុរសទាំងឡាយ ចាំស្តាប់អាត្មាភាព នឹងអធិប្បាយតទៅនេះ ។

ធម្មតាបុព្វការីបុគ្គល តួយ៉ាងមាតាបិតា លោករមែងធន់ទ្រាំអត់សម្រេកកំលាន អត់ទ្រាំការក្តៅត្រជាក់ អត់ទ្រាំការឆ្គាំឆ្គងរបស់បុត្តធីតា ពុំប្រកាន់ទោស ថែមទាំងពុំធុញ ទ្រាន់ការព្យាបាលបុត្តធីតាឡើយ ហើយក្រាលព្រហ្មវិហារធម៌ទៅលើបុត្តធីតាសព្វទិវារាត្រី តាំងពីពេលដែលបានជ្រាបថា ទារកចាប់ផ្ទៃដរាបដល់កើតឡើង នេះហើយជាឧបការ គុណ យ៉ាងធ្ងន់ខ្ពង់ខ្ពស់ឥតគូនឹងប្រៀបផ្ទឹមបាន មានតែកម្រាស់ប្រឹថពី ជម្រៅមហាសមុទ្ទ កំពស់ភ្នំព្រះសុមេរុ ជាគ្រឿងឧបមានុបមេយ្យប៉ុណ្ណោះ ។ ចំពោះសង្គហធម៌វិញ មាតាបិតា តែងបំពេញធម៌៥ប្រការគឺ៖

១- ហាមប្រាមបុត្តធីតា មិនឱ្យប្រព្រឹត្តអំពើអាក្រក់សព្វយ៉ាង មានហាមមិនឱ្យ ធ្វើវេរា៥ជាដើម ។

២- ដឹកនាំពន្យល់បុត្តធីតា ឱ្យជ្រះថ្លា ឱ្យតាំងនៅក្នុងគុណដ៏ល្អគ្រប់ជំពូក ដូចការ សែ្វងរកប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍ក្នុងបរលោក ដោយខានពុំបាន មានបំពេញ កុសលជាដើម ។

៣- ដឹកនាំពន្យល់បុត្តធីតា ឱ្យសិក្សាវិទ្យាសាស្រ្តទាំងផ្លូវលោក-ផ្លូវធម៌ ឧបត្ថម្ភ ប្រដាប់សម្រាប់រៀន សំលៀកបំពាក់ និងអាហារូបករណ៍តាមឋានៈរបស់ខ្លួន ។

៤- លុះបុត្តធីតា ចំរើនវ័យវឌ្ឍនាហើយ ក៏ចែកសវិញ្ញាណកទ្រព្យខ្លះ អវិញ្ញាណក- ទ្រព្យខ្លះ តាមមានតាមបាន ដើម្បីទុកជាកិត្តិយសជាទីរលឹក ។

៥- រៀបចំអាវាហ៍វិវាហមង្គល ឱ្យបុត្តធីតាមានគ្រួសារ តាមត្រកូលដែលសមគួរ ។

សង្គហធម៌ទាំង៥យ៉ាងនេះ សុទ្ធតែជាឧបការគុណដ៏ជា្រលជ្រៅ ទូលំទូលាយ ផុតវិស័យនៃជនដទៃនឹងអាចធ្វើត្រាប់បាន ។

មិនត្រឹមតែប៉ុណ្ណោះ ទោះទាំងដំបូន្មានដ៏ជ្រាលជ្រៅគម្ភីរភាព នឹងអាថ៌កំបាំងទាំង ប៉ុន្មាន ដែលជាប់ទាក់ទងដោយផ្លូវចំរើន ក្នុងឥធលោក-បរលោក សឹងនាំយកមកលាត ត្រដាងចង្អុលប្រាប់បុត្តធីតា ដូចពាក្យថា កូនអើយ! ការចាយវាយទ្រព្យខ្ជះខ្ជាយពុំសម ហេតុផល យូរៗទៅក៏គង់នឹងវិនាសហីនហោចពុំខាន ដូចថ្នាំសម្រាប់បន្តក់ភ្នែក, ទឹកព្រែក ត្រូវនាច, ដុំសាច់ក្នុងអំបែងក្តៅ, អំបិលត្រូវទឹកជាដើម ហេតុនោះ កូនកុំប្រមាទឱ្យសោះ, ឯការសន្សំទ្រព្យត្រូវទំនងសមតាមហេតុផលវិញ តែងបានលូតលាស់ចំរុងចំរើនកពូនឡើង រៀងរាល់ថ្ងៃ ដូចមេឃ្មុំ, មេកន្លង់ពាំកេសរផ្កាមកធ្វើសំបុក ធ្វើទឹកផ្អែម, ចាប់ធ្វើសំបុក, កណ្តៀរពូនត្រោក, ទឹកត្នោតក្នុងបំពង់, ទឹកព្រែកជន់ជោរដូច្នេះដែរ ហេតុនោះ កូនត្រូវ សំចៃទ្រព្យ ។

ដំបូន្មានដ៏ថ្លៃថ្នូរ ព្រោះប្រាថ្នាប្រយោជន៍ចំពោះបុត្តធីតានេះ សឹងជារស្មីនៃព្រហ្មវិ- ហារធម៌របស់បុព្វការីបុគ្គល ផ្សាយទៅលើបុត្តធីតាទាំងឡាយ ។ តែមានជនជាមាតាបិតា ខ្លះ កាលទារកមកចាប់ផ្ទៃ បែរជារកថ្នាំមកផឹករំលូតចោលចេញ, ខ្លះដល់ទារកប្រសូតមក យកទៅកប់ចោលទាំងរស់, ខ្លះគ្រាន់តែចិញ្ចឹមឱ្យរស គ្មានទំនុកបំរុងតាមសង្គហធម៌ទាំង៥ ម្ល៉ោះហើយបុត្តធីតានោះ ទៅជាល្ងីល្ងើស្មើគ្នានឹងសត្វ ជាមនុស្សខ្សត់វិជ្ជា ខ្សត់ទ្រព្យ- សម្បត្តិ ខ្សត់ធម៌ក្នុងខ្លួន ។ ហេតុនោះ បុព្វការីបុគ្គល ទើបលោកចាត់ថា ជាបុគ្គលរកបាន ដោយក្រក្នុងលោក ។

ឯកតញ្ញូកតវេទីបុគ្គលវិញ តួយ៉ាងដូចបុត្តធីតាត្រូវជាអ្នកទទួលស្គាល់ទម្ងន់ឧបការៈ នោះៗ ហើយតាំងចិត្តដូច្នេះថា អាត្មាត្រូវតែតបឧបការ នឹងអាក់ខានមិនបាន ហើយស៊ូ- ទ្រាំធ្វើការតបស្នងពេញកម្លាំង មិនបណ្តែតបណ្តោយឱ្យចិត្តលង់ទៅក្នុងអំណាចអវិជ្ជា គឺការមិនដឹងគុណនោះឡើយ ត្រូវតែប្រតិបត្តិតបឧបការធម៌របស់លោក ឱ្យពេញលេញ វិញដោយស្ថាន៥យ៉ាងដូច្នេះ

១- អាត្មាត្រូវតែចិញ្ចឹមលោកវិញ ។

២- អាតា្មត្រូវតែធ្វើកិច្ចជំនួសលោកវិញ ។

៣- អាត្មាត្រូវតែរក្សាវង្សត្រកូលលោកឱ្យល្អ ។

៤- អាត្មាត្រូវតែតាំងខ្លូនទុកក្នុងគុណធម៌ សមគួរជាអ្នកទទួលមត៌កបាន ។

៥- អាត្មាត្រូវតែធ្វើទក្ខិណាទាន ជូនចំពោះលោកទាំងកំពុងមានជីវភាព និង មរណភាពទៅហើយ ។

បុត្តធីតា មិនត្រឹមតែត្រូវធ្វើតបដោយបច្ចុប្បន្នធម៌ទាំង៥ប្រការប៉ុណ្ណេះឡើយ ត្រូវ ធ្វើតបដោយឧបការធម៌ជាន់ខ្ពស់៤យ៉ាង ដទៃទៀតគឺ ត្រូវញ៉ាំងមាតាបិតាឱ្យមានសទ្ធា ឱ្យមានសីល ឱ្យមានចាគៈ ឱ្យមានបញ្ញា ឱ្យសមដល់ទម្ងន់ព្រហ្មវិហារធម៌របស់បុព្វការីជន ទាំងនោះ ។

មានបុត្តធីតាខ្លះ ក្នុងលោកប្រកបដោយអវិជ្ជា ជាអ្នកវង្វេងមិនដឹងគុណ មិនធ្វើតប គុណ គឺធ្វើសន្តានព្រងើយៗមិននឹកនា មិនគោរពគុណលោក បែរជាប្រវត្តចិត្តទៅទីដទៃៗ មិនសមដល់តម្លៃទឹកចិត្តរបស់លោក ដែលអន្ទោលទៅរកបុត្តធីតា សមដូចបុរាណ ភាសិតថា “ម្តាយរឭកកូនដូចចង្វាប្រដេញ កូនរឭកម្តាយដូចព្រះប្រែក្រោយ” ប៉ុណ្ណេះ ជាដើម ។ ព្រោះហេតុនោះ ទើបកតញ្ញូកតវេទីបុគ្គល គេរកបានដោយក្រក្នុងលោក ។

មួយទៀត កតញ្ញូកតវេទីតាធម៌ មិនមែនជាធម៌ដទៃទេ ពិតជាធម៌របស់អ្នកប្រាជ្ញ ដ្បិតអ្នកប្រាជ្ញត្រូវមានអង្គធម៌៤ យ៉ាងជាគ្រឿងទ្រទ្រង់សម្រាប់ចង្អុលបង្ហាញឱ្យឃើញ ជាក់ស្តែងក្នុងទីប្រជុំជន, មិនចាំបាច់តែបុគ្គលអ្នកចេះដឹងសព្វវិទ្យា ជាលោកិយនិង លោកុត្តរៈ ទើបហៅថាអ្នកប្រាជ្ញទេ សូម្បីបុត្តធីតា ដែលមានអង្គធម៌ដូចខាងលើនេះ លោកក៏ហៅថាអ្នកប្រាជ្ញបានដោយពិត ។ ឯអង្គអ្នកប្រាជ្ញ៤យ៉ាងនោះគឺៈ កតញ្ញូកតវេទី តា១, អត្តសុទ្ធិ ១, បរិសុទ្ធិ១, សង្គហៈ១, រួមជា៤យ៉ាង ។

ត្រង់ កតញ្ញូកតវេទីតា ជាអង្គទី១ បានដល់ភាពនៃបុត្តធីតា ជាអ្នកដឹងឧបការគុណ លោក ហើយធ្វើការដឹងនោះឱ្យជាក់ស្តែងតបស្នងឧបការគុណវិញ ដូចអស់លោកជា ទានិស្សរាធិបតី កំពុងចាត់ចែងធ្វើនេះឯង ។

ត្រង់ អត្តសុទ្ធិ ជាអង្គទី២ បានដល់ការធ្វើខ្លួនឱ្យបរិសុទ្ធគឺ តាំងខ្លួនទុកក្នុងគុណធម៌ ថ្លៃថ្នូរ មានមិនសម្លាប់សត្វ មិនលួចទ្រព្យគេជាដើម ដែលជាអំពើថោកទាបដោយផ្ទាល់ ខ្លួន ដូចអស់លោកអ្នកធ្លាប់ភប់ប្រសប់កាន់កាប់មកហើយ ។

ត្រង់ បរសុទ្ធិ ជាអង្គទី៣ បានដល់ការធ្វើឱ្យបុគ្គលដទៃបរិសុទ្ធិ គឺមិនគ្រាន់តែតាំង ខ្លួនទុកក្នុងគុណធម៌ថ្លៃថ្នូរផ្ទាល់ខ្លួនប៉ុណ្ណោះទេ ត្រូវដឹកនាំពន្យល់អ្នកដទៃ ឱ្យតាំងនៅក្នុង គុណធម៌ដូចខ្លួនឯងដែរ ។

ត្រង់ សង្គហៈ ជាអង្គទី៤ បានដល់ការសង្គ្រោះជួយយឹតយោង សណ្តោងឱ្យរួច ចាកគ្រោះថ្នាក់ ដោយសង្គហធម៌៤យ៉ាងគឺ ការបរិចាគទាន១, និយាយពាក្យពីរោះ១, ធ្វើការងារជាប្រយោជន៍ជាតិ មាតុភូមិទុកជាស្នាដៃ១, មិនប្រកាន់ឫកពាឆ្មើងឆ្មៃ១, ។ ឯសង្គហធម៌ សម្រាប់គ្រួសារដែលជាប់ទាក់ទងមកក្នុងសិង្គាលោវាទសូត្រនោះ ក៏សឹង សង្គ្រោះចូលក្នុងអង្គទី៤នេះដែរ ។

អង្គអ្នកប្រាជ្ញទាំង៤យ៉ាង ដូចរៀបរាប់មកដោយត្រួសៗនេះ សុទ្ធតែជាអំពើរបស់ អ្នកប្រាជ្ញ ។ ព្រះភគវន្តមុនីសម្មាសម្ពុទ្ធទ្រង់សរសើរ អំពើរបស់អ្នកប្រាជ្ញនេះណាស់ ទ្រង់សំដែងបន្ទាបអំពើពាល ត្មះតិះដៀលជនពាល ហើយទ្រង់លើកដំកើងអំពើបណ្ឌិត សរសើរជនបណ្ឌិត ដូចមានក្នុងមង្គលសូត្រថា “ការមិនគប់រកបុគ្គលពាល គប់រកតែ បណ្ឌិតជាមង្គល” ដូច្នេះជាដើម ។

សប្បុរសទាំងឡាយ! អាត្មាភាពសំដែងអំពីបុគ្គល រកបានដោយក្រពីរជំពូក ដោយសេចក្តីបំប្រួញនេះ ដើម្បីជាផ្លូវគំនិតនៃសាធុសប្បុរស ។ បន្ទាប់ពីនេះ នឹងសូម សំដែងសាថយក្រោយវិញ ដើម្បីសំដែងបញ្ជាក់ត្រង់ពាក្យ “ជីវិតភត្តទាន” តទៅទៀត ។ ជីវិតភត្តទាន គឺធ្វើទានឧទ្ទិសផលជូនបុព្វការីជនគឺ មាតាបិតាដែលមានជន្មាយុរស់នៅ នាបច្ចុប្បន្ននេះឯង ទាំងជូនស្បៀងអាហារ គ្រឿងសំលៀកបំពាក់ ទីដេក ទីនៅ សមគួរ តាមឋានៈរបស់លោក ល្មមញ៉ាំងអត្តភាពឱ្យប្រព្រឹត្តទៅបានក្នុងកាលសព្វថ្ងៃនេះផង ក៏រាប់ ចូលក្នុងជីវិតភត្តទានដែរ ។ ចក្តីនេះសឹងមានរឿងគោឃាតកបុគ្គលក្នុងគម្ពីរធម្មបទ ជា គោលអាង ។

សេចក្តីថា មានបុរសម្នាក់នៅជិតក្រុងសាវត្ថីធ្វើរបរចិញ្ចឹមជីវិត ខ្លួននឹងគ្រួសារ ដោយការពិឃាតគោ ដើម្បីលក់សាច់តែមួយមុខប៉ុណ្ណោះ តាំងពីក្មេងដរាបដល់អាយុ៥៥ ឆ្នាំ ម៉្លោះហើយការទទួលទានសាច់គោរវាងប៉ុណ្ណោះឆ្នាំនោះ ធ្លាក់ទៅជាសម្ផស្សញ៉ាម ជាប់ចិត្ត នៃគោឃាតកបុរសនោះ ។ ថ្ងៃមួយក្នុងកាលជាខាងក្រោយគោឃាតកបុរស ត្រឡប់មកពីលក់សាច់វិញ បានប្រគល់សាច់១ដុំឱ្យភរិយាធ្វើម្ហូបទទួលទាន ហើយក៏ដើរ ទៅកាន់កំពង់ទឹក, លុះងូតទឹករួចវិលមក ភរិយាលើកស្ពកបាយមកជូនពិសា, ស្រាប់តែពុំ ឃើញសាច់ គោឃាតកបុរសក៏សួរទៅភរិយាៗ ជំរាបថា “ជនជាសំឡាញ់របស់អ្នកឯង គេ ថាមានភ្ញៀវទើបនឹងមកដល់ថ្មីគេរកម្ហូបទទួលភ្ញៀវនោះពុំបាន គេមកសួររកសាច់, ខ្ញុំប្រាប់ គេថា សាច់ក្រៅពីនេះទៀតពុំមានទេ, សូម្បីខ្ញុំឃាត់ហាមគេក៏ពុំស្តាប់, សំឡាញ់អ្នកឯង នោះ នៅចចេសកាន់យកសាច់នោះទៅ” ។ គោឃាតកបុរស និយាយថា “ឯងលើកស្ពក យកទៅវិញចុះ យើងមិនអាចបរិភោគបានដោយឥតមានសាច់គោបានទេ” លុះថាហើយ ក៏កាន់កាំបិតដើរតម្រង់ទៅកាន់ក្រោលគោក្រោយផ្ទះ ចាប់យកគោមួយមកហើយ លូកដៃ ទៅក្នុងមាត់គោ កាត់យកអណ្តាតគោត្រឹមគល់មកឱ្យភរិយាចំអិន ។ លុះភរិយាចំអិនឆ្អិន ស្រេចលើកមកជូនជាថ្មី, គាត់ក៏បរិភោគអណ្តាតគោបានមួយម៉ាត់, វេលានោះ គាត់ទំពារ សាច់គោក៏ខាំអណ្តាតរបស់ខ្លួនដាច់ ធ្លាក់ចុះមកក្នុងចានបាយមួយរំពេច ដោយអំណាច នៃកម្មជាមហស្ចារ្យនោះ, មានឈាមស្រក់ហូរសស្រាក់ប្រឡាក់សំពត់អាវ ។ គោឃាតក បុរសស្រែករោទិ៍ វារដោយជង្គង់៤ ដូចជាគោ មិនយូរថ្ងៃក៏ធ្វើកាលកិរិយាទៅរងទុក្ខក្នុង អវីចិនរក ។ ចំណែកគោ ក្រោយពីគោឃាតកបុរសនោះ កាត់អណ្តាតយកទៅ ក៏រងទុក្ខ វេទនា មានឈាមហូររហាមស្រែករោទិ៍ទាំងយប់-ថ្ងៃ មិនយូរប៉ុន្មានក៏ក្ស័យជីវិតទៅដែរ ។

កាលគោឃាតកបុរសជិតនឹងស្លាប់នោះ នាងព្រាហ្មណីជាភរិយា និយាយនឹងបុត្រ របស់ខ្លួនម្នាក់ថា “នែកូន! មើលចុះបិតា របស់អ្នកវារដោយជង្គង់៤ ដូចគោស្រែករោទិ៍ ទាំងយប់ទាំងថ្ងៃ, សេចក្តីទុក្ខនេះក្រែងឆ្លងមកដល់អ្នកផងដឹង? ដូច្នេះអ្នកកុំគិតម្តាយឡើយ ត្រូវអ្នករត់ទៅរកទីណាដែលមានសួស្តីហើយនៅសុខចុះ(1) ។ ឯបុត្តហេតុតែខ្លាចសេចក្តី មរណៈ ក៏សំពះលាមាតារត់ទៅកាន់ដែនតក្កសិលា បានចូលទៅរៀនធ្វើការក្នុងផ្ទះនាយ ជាងមាសម្នាក់ នាយជាងក៏ស្រឡាញ់រាប់អានទុកចិត្តស្មោះអស់ពីដួងហ្ឬទ័យ ដរាបដល់ លើកធីតារបស់ខ្លួន ដែលមានវ័យគ្រប់ការ ឱ្យជាភរិយារបស់គោឃាតកបុត្តនោះ ។

តពីនោះមក ជាងមាសដែលជាបុត្តរបស់គោឃាតកក៏បានលូតលាស់ចំរុងចំរើន ដោយភោគទ្រព្យនឹងបុត្តធីតា។ លុះគាត់ចាស់ជរា ពួកបុត្តធីតានៃជាងមាសនេះ បានរៀន ចំណេះវិជ្ជាសិល្បសាស្រ្តរបរជាងមាសស្ទាត់ជំនាញ ហើយក៏ត្រឡប់មកកាន់ក្រុងសាវត្ថី ដែលជាមាតុប្រទេសរបស់ជីតាវិញ តាំងគេហដ្ឋាននៅក្នុងក្រុងសាវត្ថីនោះ ។ អាស្រ័យ ការសេពគប់នឹងសប្បុរស កូនជាងមាសក៏កើតសទ្ធាជ្រះថ្លា មុតមាំក្នុងសន្តាន ទើបប្រឹក្សា គ្នាថា “បិតារបស់យើង កាលនៅឯដែនតក្កសិលា លោកមិនដែលបានធ្វើការកុសលអ្វី មួយដែលជាអំពើគាប់ប្រសើរសោះ ឥឡូវលោកមានវ័យចាស់ជរាហើយ” ទើបបុត្តធីតា ទាំងនោះជំរាបបិតាថា “បពិត្របិតា! ពួកយើងខ្ញុំជាកូននឹងថ្វាយទានដល់ព្រះសង្ឃមាន ព្រះពុទ្ធជាប្រធាន ដើម្បីឧទ្ទិសផលជូនដល់បិតា ក្នុងថ្ងៃស្អែកនេះ ” ។ លុះព្រឹកឡើង បុត្តធីតាទាំងនោះក៏បានអង្គាសចង្ហាន់ថ្វាយព្រះសម្ពុទ្ធ ព្រមទាំងព្រះសង្ឃ កាលបើស្រេច កិច្ចហើយ ទើបក្រាប់ទូលព្រះមានព្រះភាគថា “បពិត្រព្រះសុគត! ខ្ញុំព្រះអង្គ ទាំងឡាយ ថ្វាយជីវិតភត្តនេះដល់ព្រះអង្គ ដើម្បីសម្រេចផលដល់បិតា, សូមព្រះអង្គ ធ្វើអនុមោទនា ចំពោះបិតារបស់ខ្ញុំព្រះអង្គឱ្យទាន” ។

ព្រះសម្ពុទ្ធក៏ទ្រង់ដាស់តឿនគោឃាតកបុត្ត (ជាងមាស) ដោយព្រះពុទ្ធដីកាថា នែ ឧបាសក! រូបអ្នកចាស់ហើយ មានសរីរៈទុំជោរហើយ ប្រហែលដូចស្លឹកឈើទុំ, ចំណែក កុសលជាស្បៀងក្នុងដំណើរតាមផ្លូវនឹងទៅកាន់លោករបស់អ្នកៗ ពុំទាន់មានសោះ ដូច្នេះ អ្នកត្រូវប្រញាប់ធ្វើនូវកុសលជាទីពឹងរបស់ខ្លួន អ្នកត្រូវតាំងខ្លួនជាបណ្ឌិត កុំតាំងខ្លួនជា ជនពាលឡើយ, ព្រះអង្គទេសនាទំនងនេះអស់វារៈពីថ្ងៃ។ លុះចប់ទេសនា ក្នុងថ្ងៃគម្រប់ពីរ គោឃាតកបុត្តនោះ ក៏បានតាំងនៅក្នុងអនាគាមិផល ។

បពិត្រសប្បុរសទាំងឡាយ! រឿងគោឃាតកបុត្ត ដែលអាត្មាភាព បាននាំមកដោយ សេចក្តីសង្ខេបនេះ ជាគោលសម្រាប់កាត់បង់នូវការងឿងឆ្ងល់ក្នុងជីវិតភត្តទានផង ហើយ ជាលំអានដ៏ថ្លៃថ្នូរសម្រាប់ពុទ្ធបរិស័ទផង ។

ធម្មតាបុគ្គលក្នុងលោក រមែងបានភប់ប្រសប់ទទួលដំណែងទាំងពីរគឺ ដំណែង បុព្វការីបុគ្គលនិងកតញ្ញូកតវេទីបុគ្គលរាល់រូប ឥតចៀសវាងបានឡើយ ។ បុព្វការីបុគ្គល ជាអ្នកមានឧបការមុន ។ ឯកតញ្ញូកតវេទីបុគ្គលត្រូវជាអ្នកធ្វើតបស្នងវិញ ។ តែការណ៍នេះ មិនមែនចេះតែបានសម្រេចលទ្ធផលតាមសមប្រកបទេ ព្រោះថា លុះតែបុគ្គលទាំងពីរ កុ្រមនេះ មានបញ្ញា មានការឈ្វេងយល់ស្របគ្នាឬមានបុណ្យភ័ព្វស្មើគ្នា ទើបសម្រេច លទ្ធផលទាំងសងខាងទៅបាន, ដូចសុភាសិតរបស់ដីការចារ្យថា កុបុត្តា អបុញ្ញកា ជនា ជនអ្នកឥតបុណ្យ តែងបានបុត្តធីតាមិនល្អ កុទាសា អបុញ្ញកា ជនា ជនអ្នកឥតបុណ្យ តែងបានខ្ញុំប្រុសស្រីមិនល្អប៉ុណ្ណេះជាដើម ។ ជាន័យសម្រាប់វិនិច្ឆ័យ ក្នុងរឿងនេះ ។

ក្នុងសម័យនេះ អស់លោកអ្នកជាបុត្តធីតានៃឧបាសិកានាម (…) សង្រ្គោះចូលក្នុង បុត្តធីតាល្អគួរជាទីសរសើរ ព្រោះមានកតញ្ញូកតវេទតាធម៌ ចំពោះមាតាត្រូវតាមគន្លង អ្នកប្រាជ្ញឥតមានឃ្លៀងឃ្លាត, គួរតែមានសេចក្តីរីករាយជាភិយ្យោភាព ចំពោះការបរិច្ចាគ ទេយ្យវត្ថុតបស្នងដ៏ថ្លៃថ្លាក្នុងបច្ចុប្បន្ននេះថា អាត្មាមានលាភបានធ្វើបុណ្យចំលើអង្គអរហន្តី គឺមាតា ដែលកំពុងមានជន្មាយុរស់នៅ ។ ទាំងឧបាសិកានាម (…) ជាមាតាសោត ក៏ សង្រ្គោះចូលក្នុងពួកជនអ្នកមានបុណ្យមានជោគវាសនាមួយដែរ ព្រោះបានទទួលបតិការៈ ការតបស្នងដ៏ខ្ពង់ខ្ពស់អំពីបុត្តធីតាទាំងនេះឃើញទាន់ភ្នែក ហើយគួរតែអង្អែលផ្ទៃពោះខ្លួន ដោយមនោសញ្ញាប្រាមោជ្ជរីករាយចំពោះការពផ្ទៃ ថាឳផ្ទៃពោះអញពេញជាមានភ័ពណាស់ ព្រោះបានកូនមកសុទ្ធតែប្រកបដោយធម៌, ដូចកាលព្រះសិរីមហាមាយាពុទ្ធមាតា ដែល បានស្តាប់ពាក្យសរសើរពុទ្ធគុណ និងពាក្យអញ្ជើញព្រះនាងមកស្តាប់ព្រះអភិធម្ម ឯស្ថាន តាវត្តិង្ស អំពីសំណាក់សក្កទេវរាជហើយ នាងក៏ស្ងើចសរសើរផ្ទៃព្រះនាងថា “ឳហ្ន៎! ផ្ទៃ របស់អាត្មា ហៅពេញជាមានលាភសំណាងបំផុត បានពព្រះពុទ្ធមួយព្រះអង្គ ជាអ្នកប្រាជ្ញ ឆ្នើមក្នុងលោក” ។ ព្រះនាងក៏ត្រេកអរឥតឧបមា ហើយគមនាការមកកាន់ ស្ថានតាវត្តិង្សា ជាមួយនឹងព្រះឥន្រ្ទាធិរាជ នាគ្រានោះឯង ។

មួយទៀត ពុទ្ធាទិបណ្ឌិត តែងសរសើរអ្នកដឹងគុណហើយធ្វើតបគុណនេះ ជា អនេកបរិយាយ ព្រោះការនេះជាប្រធាននៃកុសលទាំងពួង ដោយមានបទបាលីថា កតញ្ញុតា ធម្មមូលា សេចក្តីដឹងគុណ ធ្វើតបគុណ ជាឫសគល់នៃធម៌ទាំងឡាយ កតញ្ញុតា បធានតា លោកេ សេចក្តីដឹងគុណ ធ្វើតបគុណជា, ជាអំពើច្បងក្នុង លោក ។ បុរាណបណ្ឌិតទាំងឡាយ លោកតែងបំពេញធម៌នេះរៀងរាល់រូប ព្រោះជា បវេណីធម៌ សម្រាប់កាលទាំងពួង ទោះក្នុងពុទ្ធកាលក្តី ក្រៅពុទ្ធកាលក្តី ធម៌នេះគង់នៅថ្មី ស្រស់បំព្រងឥតមានចាស់ស្វិតស្រពោនសាបសូន្យទៅទេ ។ ជនដែលបានបំពេញធម៌ នេះ នឹងត្រូវទទួលផលគឺមានអាយុវែង រមែងជាអ្នកគេចផុតអំពីឧបសគ្គតូចធំផេ្សងៗ បានទាំង បច្ចុប្បន្ននិងបរលោក, ខាងនាយបំផុតនឹងបានសម្រេចពុទ្ធញ្ញាណ បច្ចេកពោធិញ្ញាណ សាវកពោធិញ្ញាណ ចូលកាន់សិវស្ថានគឺព្រះនិព្វាន សមគួរតាមវាសនាបារមី រៀងខ្លួនពុំសោះសូន្យឡើយ ។

អាត្មាភាពពណ៌នាមកក្នុងមត្តកភត្តទាន និងជីវិតភត្តទាន សូមបញ្ចប់ដោយសង្ខេប តែប៉ុណ្ណេះ ។ តែមុននឹងបញ្ចប់នេះ អាត្មាភាព សូមឱ្យតេជានុភាពបុណ្យនៃជីវិតភត្តទាន នេះ ជួយឧបត្ថម្ភគាំពារឧបាសិកា (…) ឱ្យបានជាសះស្បើយចាករោគាពាធ ឱ្យមាន កម្លាំងមាំមួនចាប់តាំងពីថ្ងៃនេះរៀងទៅ !

ចំណែកអស់លោកអ្នកជាបុត្តធីតាមានលោក (…) ជាដើម ដែលជាអ្នកមានកតញ្ញូ បានធ្វើកុសលនេះជូនមាតា សូមឱ្យកុសលនេះ ជួយឱ្យបានសម្រេចឥដ្ឋមនុញ្ញផលតាមក្តី ប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ ។ ៚

ចប់

វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃ២៣ ខែសីហា ឆ្នាំ២០០៩


  1. ១- សេចក្តីនេះ គួរនឹងចាប់ថ្នាក់ថា បិតាកំពុងវេទនាជិតនឹងស្លាប់បែរជារត់ចោល ប៉ុន្តែត្រង់នេះប្រហែលព្រះគន្ធរចនាចារ្យលោកស្រូតរូតទៅសំដែងខាងមុខ ត្រង់ជីវិកភត្តទាន ឱ្យជាសេចក្តីពិស្តារវិញ ។ ↩︎

🔸Last Updated កំណែចុងក្រោយ on August 4, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).