វគ្គ៩
៧យប់ ៧ថ្ងៃនៃពិធីបុណ្យព្រះបរមសារីរិកធាតុកន្លងទៅ ចូលដល់ថ្ងៃទី ៨ គឺនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ១៩៥២ ត្រូវរៀបចំជូនដំណើរព្រះសារីរិកធាតុ ទៅកាន់អាកាសយានដ្ឋានពោធិចិនតុងវិញ របៀបដូចគ្រាទទួលមកដែរ។ នៅវេលាព្រឹកថ្ងៃនោះពោរពេញជាមហាអស្ចារ្យ ដោយសារមនុស្សបានមកពេញវាលអាកាសយានដ្ឋានពោធិចិនតុង ហើយចាល់មនុស្សតាមផ្លូវមកភ្នំពេញចម្ងាយ ១០គ.ម នាំអោយអ្នកភ្នំពេញទៅពោធិចិនតុងពុំរួច។ ជិតដល់ពេលព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេចយាងចេញទៅពោធិចិនតុងហើយ ក៏នាយស្នងការដ្ឋានក្រុង បើកផ្លូវសម្រាប់ព្រះរាជដំណើរពុំរួច។ លុះសម្តេចព្រះមហាសុមេធាធិបតី និមន្តទៅមុនពុំរួចដែរ លោកគ្រាន់តែមានព្រះពុទ្ធដីកាដោយព្រះវាចាដ៏ផ្អែមត្រជាក់ ក៏រថយន្តបីបួនជួរលើថ្នល់នោះ ស្រាប់តែបែកគ្នាចុះទៅខាងថ្នល់អស់ ហើយមនុស្សសុខចិត្តដើរដោយជើងរហូតដល់ពោធិចិនតុងដោយក្តីរីករាយ។
ឆ្នាំ ១៩៥៣ ព្រះរាជរដ្ឋាភិបាល បានតែងតាំងសម្តេចជាប្រធានគណៈប្រតិភូខ្មែរ (តាមសេចក្តីនិមន្តរបស់រដ្ឋាភិបាលនៃប្រទេសភូមា) និមន្តទៅបំពេញបេសកកម្មសុឆន្ទៈ ប្រឹក្សាសម្រេចរឿងធ្វើឆដ្ឋសង្គាយនា នៅក្រុងរ័ង្គូន សហភាពភូមា។
គ្រាដែលទ្រង់និវត្តពីប្រទេសភូមាវិញ ទ្រង់ឆៀងចូលក្រុងបាងកក ប្រទេសថៃ, ទ្រង់បានទស្សនាឈាបនដ្ឋានរបស់សៀម ទ្រង់សព្វព្រះហ្ឫទ័យក៏និមន្តព្រះសង្ឃសៀមមួយអង្គ ដែលជាអ្នកស្ថាបនាឈាបនដ្ឋាននោះ ឲ្យមកធ្វើជាអ្នកបង្គាប់ការស្ថាបនាឈាបនដ្ឋានក្នុងវត្តឧណ្ណាលោម ក្រុងភ្នំពេញ ជាដំបូងបំផុត។ ឥឡូវនេះ ឈាបនដ្ឋានដែលវត្តឯទៀតៗ បានស្ថាបនាឡើងតាមគម្រូនេះ មានកាន់តែច្រើនឡើងហើយ។
ឆ្នាំ ១៩៥៤ ព្រះរាជរដ្ឋាភិបាលបានតែងតាំងសម្តេច ជាប្រធានគណៈប្រតិភូខ្មែរ និមន្តទៅកាន់ក្រុងរ័ង្គូន សហភាពភូមាម្តងទៀត ដើម្បីចូលរួមក្នុងការប្រជុំធ្វើឆដ្ឋសង្គាយនា សម័យប្រជុំដំបូង។ ក្នុងគ្រានោះ រដ្ឋាភិបាលនៃសហភាពភូមា បានថ្វាយប្រគេនព្រះឋានៈសម្តេចជា ព្រះអគ្គមហាបណ្ឌិត នៃសហភាពភូមា។
ក្នុងឆ្នាំដដែលនេះ សម្តេចបាននិពន្ធសៀវភៅមួយឲ្យឈ្មោះថា អក្ខរវិធីសង្ខេប ។
ឆ្នាំ ១៩៥៥ សម្តេចបានកសាង សត្យមុនីចេតីយ៍ នៅចំខាងមុខស្ថានីយ៍រាជាយស្ម័យយាន ក្រុងភ្នំពេញ ក្រោមព្រះរាជូបត្ថម្ភ នៃព្រះករុណាជាអម្ចាស់ជីវិត (ដោយមានប្រាក់សល់ច្រើនម៉ឺន ពីគ្រាហែព្រះសារីរិកធាតុជាដើមទុន)។ ព្រះសត្យមុនីចេតីយ៍នេះ កសាងឡើងសំរាប់តម្កល់ព្រះបរមសារីរិកធាតុ ដែលនឹងត្រូវប្រារព្ធពិធីបុណ្យ ពុទ្ធសតវត្សរ៍ ២៥០០ ឬ បុណ្យពាក់កណ្តាលសាសនា (២៥០០ព្រះវស្សា) នាឆ្នាំ១៩៥៧ (ពីរឆ្នាំក្រោយ)។
ក្នុងឆ្នាំដដែលនេះ សម្តេចបានទទួលនាទីជាប្រធានគណៈប្រតិភូខ្មែរ និមន្តទៅកាន់ទីឆដ្ឋសង្គាយនា ក្រុងរ័ង្គូន ប្រទេសភូមាជាលើកទីបី ដើម្បីប្រជុំ ហើយបិទសម័យប្រជុំប្រចាំឆ្នាំ។
ខាងក្រោមនេះ ជារូបថតពិធីបុណ្យបង្ហែព្រះសារីរិកធាតុនៃព្រះ សត្យមុនីគោតម និងព្រះអរហន្តធាតុនៃព្រះ សារីបុត្ត និងព្រះ មោគល្លាន នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ០៤-១១ ខែតុលា ឆ្នាំ១៩៥២…
អាចារ្យ ៤នាក់គឺ ម៉ី នាង, ទិន ហួត, ខ្ញុំ (ឈឹម ស៊ុម), និង ញូង សឿន ចាំគោរពព្រះបរមសារីរិកធាតុ ក្បែររថយន្តបុស្បុក ដែលស្អិតស្អាងសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ ដើម្បីដង្ហែចេញពីអាកាសយានដ្ឋានពោធិចិនតុង មកក្រុងភ្នំពេញ ក្នុងគ្រាចប់សេចក្តីស្វាគមន៍នៃសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ។ (រូបថតថ្ងៃទី ០៤ ខែតុលា ឆ្នាំ១៩៥២)
ក្រោយពេលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តី ដង្ហែព្រះបរមសារីរិកធាតុទៅតម្កល់លើរថយន្តបុស្បុក ដែលមានអាចារ្យ ៤នាក់អមព្រះកោដ្ឋ មានលោករវសេនីយ៍ ប៉ុក សំអាន ជានាយបញ្ជាការ ហើយព្រះករុណាទ្រង់រៀបឡើងគង់ព្រះទីនាំងរថយន្តដង្ហែមកក្រុងភ្នំពេញ។ (រូបថតថ្ងៃទី ០៤ ខែតុលា ឆ្នាំ១៩៥២)
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ កំពុងសន្ទនាដោយក្តីរីករាយជាមួយនឹងព្រះសង្ឃបរទេស រួមមាន អាល្លឺម៉ង់, ឥណ្ឌា និងលង្កា នៅក្នុងបរិវេណវិហារព្រះកែវមរកត ក្នុងគ្រាដែលតម្កល់ព្រះបរមសារីរិកធាតុ ក្នុងព្រះវិហារនេះហើយ។ (រូបថតថ្ងៃទី ០៤ ខែតុលា ឆ្នាំ១៩៥២)
រថយន្តបុស្បុកតម្កល់ព្រះបរមសារីរិកធាតុ ដង្ហែចេញពីក្រុងភ្នំពេញ ជូនព្រះដំណើរទៅកាន់អាកាសយានដ្ឋានពោធិចិនតុងវិញ មានរបៀបដូចគ្រាទទួលព្រះដំណើរចូលមកដូច្នោះដែរ, ប្លែកតែមនុស្សច្រើនជាងមុន ត្រៀមចាំគោរពពេញវាលពោធិចិនតុង ហើយចាល់កកកុញទញ់តាមផ្លូវចម្ងាយ ១០គ.ម ជាហេតុញ៉ាំងក្បួនហែពីភ្នំពេញ ចេញទៅកាន់អាកាសយានដ្ឋានពោធិចិនតុង បានដោយលំបាក។ (រូបថតថ្ងៃទី ១១ ខែតុលា ឆ្នាំ១៩៥២)
(នៅមានតទៅ…វគ្គ១០)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024