វគ្គ៨
ក្នុងឆ្នាំ ១៩៣៥ ដដែល ព្រះតេជព្រះគុណព្រះសាសនសោភ័ណ ជួន ណាត បានទទួលការតែងតាំងជាសាស្រ្តាចារ្យបង្រៀនភាសាបាលី, សំស្រ្កឹត, ខ្មែរ និងលាវ ប្រចាំថ្នាក់ទីបំផុតនៃមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
ឆ្នាំ ១៩៣៧ ព្រះតេជព្រះគុណព្រះសាសនសោភ័ណ បានទទួល មេដាយសេនាពីបណ្ឌិតសភា នៃសាធារណរដ្ឋបារាំង។
ឆ្នាំ ១៩៣៩ រដ្ឋាភិបាលបានចាត់ ព្រះតេជព្រះគុណព្រះសាសនសោភ័ណ ជួន ណាត ឲ្យនិមន្តទៅកាន់ប្រទេសលាវម្តងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការនៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជនជាតិលាវ នៅក្នុងទីប្រជុំជន ក្នុងខេត្តនានា នៃព្រះរាជាណាចក្រលាវ ឲ្យខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឲ្យបានត្រឹមត្រង់តាមគន្លងព្រះពុទ្ធសាសនាផង។
សម្តេចបានប្រាប់ខ្ញុំញឹកៗថា៖ គ្រាជំនុំអំពីកិច្ចការនៃពុទ្ធសាសនបណ្ឌិត្យក្នុងប្រទេសលាវ ជាតិលាវភាគច្រើន ព្រមទាំងអាណាព្យាបាលបារាំងសែស ចង់អោយបោះពុម្ពព្រះត្រៃបីដក ទាំងបាលីទាំងសម្រាយដូចប្រទេសខ្មែរដែរ, ប៉ុន្តែទាល់ច្រកបោះពុម្ពពុំកើត ព្រោះរដ្ឋាភិបាលលាវ សម្រេចអោយ “លុបអក្សរបុរាណ” របស់លាវអស់ច្រើនតួហួសទៅហើយ ព្រោះផ្អើលតាម ហ្លួងពិបុលសង្គ្រាម (សៀម) ដែលគេថា ប្រុង “លុបអក្សរសៀម” ចោលខ្លះ ដោយគេគ្រាន់តែថា ប៉ុន្តែឥតលុបអក្សរសៀមខ្លះរបស់គេចោលសោះ, ឯលាវខ្លួនឯង បានលុបតួអក្សរខ្លះអស់ទៅ នាំឲ្យបោះពុម្ពព្រះត្រៃបីដកពុំកើត។ ខ្ញុំ (ឈឹម ស៊ុម) យល់ថា៖ ប្រទេសលាវ ជាប្រទេសអភ័ព្វក្នុងចំណោមប្រទេសកាន់ព្រះពុទ្ធសាសនា ព្រោះឆាប់ផ្អើលឥតពិចារណាទាំងផ្លូវលោក ទាំងផ្លូវធម៌។ សម្តេចទ្រង់ព្រួយ ខ្លាចក្រែងប្រទេសខ្មែរ ដូចលាវដែរ។
ឆ្នាំ ១៩៤០ កាលព្រះតេជព្រះគុណព្រះពុទ្ធឃោសាចារ្យ ម៉ា កេត ជាចៅអធិការវត្តវិហារសួគ៌ ទទួលអនិច្ចធម្មទៅ, ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់សព្វព្រះរាជហ្ឫទ័យ តែងតាំងព្រះតេជព្រះគុណព្រះសាសនសោភ័ណ ជួន ណាត ក្នុងតំណែងជាព្រះពុទ្ធឃោសាចារ្យ (ទីរាជាគណៈទោ, រំលងពីរថ្នាក់) ព្រោះព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ឈ្វេងយល់ថា ត្រូវតែអោយឡើងសមណសក្តិរំលងថ្នាក់ ដ្បិតលោកនេះចេះដឹងច្រើន ហើយជាសិស្សចម្បងរបស់លោកគ្រូព្រះពុទ្ធឃោសាចារ្យ ម៉ា កេត ផង។
ព្រះគ្រូបវរជោតញ្ញាណោ ហែម ជៀវ
ក្នុងឆ្នាំដដែលនេះ ព្រះតេជព្រះគុណព្រះពុទ្ធឃោសាចារ្យ ជួន ណាត បានសាងក្លោងទ្វារបេតុងអារម៉េមួយរចនាដោយក្បាច់អង្គរ នៅស្រែបន្ទាយ ត្រង់ដើមផ្លូវបំបែកចូលវត្តពោធិព្រឹក្ស, កសាងសាលាសម្នាក់មួយខ្នងប្រក់ក្បឿង គ្រឿងឈើខ្ពស់ពីដី, ជីកស្រះមួយខាងជើងសាលានោះទំហំ ១០០ម បួនជ្រុង។
ឆ្នាំ ១៩៤២ ព្រះតេជព្រះគុណព្រះពុទ្ធឃោសាចារ្យ ជួន ណាតបានទទួលការតែងតាំងជាចាងហ្វាងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ (តអំពីព្រះតេជព្រះគុណ ល្វី ឯម ដែលបារាំងអោយលាឈប់ពីតំណែង ក្នុងគ្រាដែលលោកសង្ឃក្រុមសាលាបាលីនេះ បះបោរទៅតវ៉ានឹងរាជការបារាំងសែស អំពីបារាំងផ្សឹកលោកអាចារ្យ ហែម ជៀវ ខុសច្បាប់)។
ក្នុងឆ្នាំដដែលនេះ ព្រះតេជព្រះគុណព្រះពុទ្ធឃោសាចារ្យ ជួន ណាត បានទទួលមេដាយអស្សរឹទ្ធិ ដឺឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង។
ឆ្នាំ ១៩៤៣ ព្រះតេជព្រះគុណព្រះពុទ្ធឃោសាចារ្យ ជួន ណាត បានទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែស នៅចុងបូព៌ាប្រទេស, ហើយឆ្នាំ ១៩៤៨ លោកបានទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបមក។
ឆ្នាំ ១៩៤៤ ព្រះតេជព្រះគុណព្រះពុទ្ធឃោសាចារ្យ ជួន ណាត បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម (តអំពីព្រះតេជព្រះគុណព្រះមហាវិមលធម្ម គង់ ដែលទទួលអនិច្ចធម្មទៅ)។ នៅក្នុងឆ្នាំដដែលនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ័្មន ទ្រង់ប្រោសព្រះរាជប្រទានសមណសក្តិជា ព្រះពោធិវ័ង្ស(រាជាគណៈឯក)។ បន្ទាប់គ្នានេះ លោកទទួលបាន មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំជាមួយគ្នានេះ លោកបានជាវដីមួយកន្លែងតាមផ្លូវលំដែលលោកបានលើកយូរហើយ ត្រង់ផ្លូវបំបែកចូលទៅវត្តសូរភី។ ជាវដីនោះបានហើយ លោកបានសង់សាលាបឋមសិក្សាបំពេញវិជ្ជា មានអាគារសិក្សាគ្រឿងឈើ ប្រក់ក្រឿងខ្លះស្លឹកខ្លះ តាំងពីថ្នាក់កុមារដ្ឋានដល់ឧត្តមដ្ឋាន។ លោកបានជីកស្រះតូចមួយ យកអាចម៍ដីចាក់បំពេញកីឡាដ្ឋានក្នុងបរិវេណសាលានេះ។
ឆ្នាំ ១៩៤៥ ព្រះតេជព្រះគុណព្រះពោធិវ័ង្ស ជួន ណាត បានទទួលនាទីជាអធិបតីនៃថេរសភា (ក្រុមជំនុំសង្ឃជាន់ខ្ពស់ សម្រាប់វិនិច្ឆ័យអធិករណ៍ និងសង្ឃកិច្ចផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា)។
ឆ្នាំ ១៩៤៧ ព្រះតេជព្រះគុណព្រះពោធិវ័ង្ស ជួន ណាត បានទទួលការតាំងជាអនុប្រធានគណៈកម្មការវប្បធម៌ ផ្នែកអក្សរ “ក” ។
ឆ្នាំ ១៩៤៨ ព្រះមហាថេរអង្គនេះ បានទទួលការតែងតាំងជាសមាជិកកិតិ្តយស នៃសាលាបារាំងសែសនៅចុងបូព៌ាប្រទេស។ ក្នុងឆ្នាំដដែលនេះ លោកបានទទួលនាទីជាប្រធាននៃគណៈកម្មការធម្មវិន័យ ពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាសាលាដែលលោកបានផ្តួចផ្តើមបង្កើតឡើង។
សម្តេចព្រះមហាសុមេធាធិបតី ប្រាក់ ហ៊ិន
ក្នុងឆ្នាំ ១៩៤៨ ដដែលនេះ ព្រះតេជព្រះគុណព្រះពោធិវ័ង្ស ជួន ណាត បានឡើងសមណសក្តិជាន់ខ្ពស់បំផុតជា ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ តអំពីសម្តេចព្រះសង្ឃនាយក ហ៊ិន មក។ ក្នុងឆ្នាំដដែលនេះដែរ ព្រះតេជព្រះគុណព្រះមហាសុមេធាធិបតី សង្ឃនាយក ជួន ណាត បានទទួល មេដាយសេនា ដឺឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង។
ឆ្នាំ ១៩៥០ ព្រះមហាថេរអង្គនេះ បានទទួលសមណសក្តិជាសម្តេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ។ ក្នុងឆ្នាំដដែលនេះ ព្រះរាជរដ្ឋាភិបាលបានតែងតាំងសម្តេច ជាប្រធានគណៈប្រតិភូខ្មែរ និមន្តទៅកាន់សន្និសីទជាបឋម ជំនុំព្រមគ្នាបង្កើតពុទ្ធិកសមាគមពិភពលោក នៅក្រុងកោលម្បូ លង្កាទ្វីប (ក្រុងកូឡុំបូ ប្រទេសស្រីលង្កា) ជាមួយនឹងគណៈប្រតិភូដែលមកពី ៣៨ប្រទេស។
ឆ្នាំ ១៩៥១ សម្តេចបានឧបត្ថម្ភដល់ការកសាង វត្តជោតរាម (បឹងកុក) ក្រុងកំពង់ចាម ដោយបាននិមន្តទៅផ្ទាល់ដល់ទីនោះ, បានពិនិត្យការវាស់វែងដីដែលគេប្រគេនស្រេច រួចបានគូរផែនទីផ្តល់ទៅរាជការ លុះត្រាតែបានសេចក្តីសម្រេចច្បាប់វត្តពេញទី ដែលមានព្រះរាជក្រឹត្យលេខ ៦៧ន.ស ចុះថ្ងៃទី ១៤ មីនា ឆ្នាំ១៩៥១ ជាសម្អាង។
ឆ្នាំ ១៩៥២ សម្តេចបានបង្កើត ពុទ្ធិកសមាគមពិភពលោក មជ្ឈមណ្ឌលកម្ពុជរដ្ឋ ។ នៅក្នុងឆ្នាំដដែលនេះ សម្តេចបានចាត់ពិធីហែ ព្រះសារីរិកធាតុ និងព្រះអរហន្តធាតុ ជាមហោឡារិក ក្រោមព្រះបរមរាជូបត្ថម្ភដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ។
ព្រះសារីរិកធាតុនៃព្រះ សត្យមុនីគោតម និងព្រះអរហន្តធាតុនៃព្រះ សារីបុត្ត និងព្រះមោគល្លាន ទាំង ៣ព្រះអង្គនេះ ពុទ្ធិកសមាគមពោធិគយា នៃប្រទេសឥណ្ឌាបានរក្សាទុក។ សម្តេចព្រះមហាសុមេធាធិបតី បានជាប់ព្រះទ័យនឹងព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុនោះ តាំងពីកាលនិមន្តទៅធ្វើសន្និសីទនៅលង្កាទ្វីបម្ល៉េះ។ កាលដែលសម្តេច បានថ្វាយព្រះពរស្នើនឹងព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ្ម័ន ជាអម្ចាស់ជីវិតហើយ ព្រះរាជរដ្ឋាភិបាលបានចាត់ការសុំឲ្យគណៈប្រតិភូពុទ្ធិកសមាគមឥណ្ឌា ដង្ហែព្រះសារីរិកធាតុនោះ មកតាមច្រកអាកាសយានដ្ឋានពោធិចិនតុង ក្រុងភ្នំពេញ។ ចំណែកខាងព្រះរាជរដ្ឋាភិបាលក្រុងភ្នំពេញ បានចាត់ការរៀបចំពិធីទទួលព្រះបរមសារីរិកធាតុនោះ ជាមហោឡារិកអធិកអស្ចារ្យ ដែលខ្ញុំពុំដែលឃើញពិធីបុណ្យក្នុងគ្រាណា សម្បើមអស្ចារ្យដូចបុណ្យនេះឡើយ…។
ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុវរ័្មន ជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភ ទ្រង់ទទួលព្រះបរមសារីរិកធាតុពីលោកប្រធានពុទ្ធិកសមាគមពោធិគយា ប្រទេសឥណ្ឌា ដែលដង្ហែចុះពីយន្តហោះ ជាមួយនឹងសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នៅអាកាសយានដ្ឋានពោធិចិនតុង នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ១៩៥២…
(នៅមានតទៅ…វគ្គ៩)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024