ព្រះរាជជីវប្រវត្តិ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ៧)

​វគ្គ៧

ឆ្នាំ ១៩២៧-២៨ លោកស្រី ឡុង​ ជា​ភរិយា​លោក​អ្នក​ឧកញ៉ា​មហា​មន្រ្តី ប៉ុក ឌុច បាន​និមន្ត​ ព្រះតេជ​ព្រះគុណ​​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត និងព្រះតេជ​ព្រះគុណ​​ព្រះ​ញាណ​​បវរវិជ្ជា ល្វី ឯម ឲ្យ​ប្រែ​រៀបរៀង​ព្រះវិន័យ បាតិមោក្ខសំវរសីល និងខ័ន្ធកវិន័យ (សម្រាប់ភិក្ខុ) ហើយ​ពឹង​​លោក​អ្នក​គ្រប់​គ្រង​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ឲ្យ​ចាត់ការ​សុំ​អនុញ្ញាត​​​ព្រមទាំង​បោះពុម្ព លោក​ស្រី​នឹង​ជាវ​​យក​ទៅ​ផ្សាយ​ជា​ធម្មទាន ដើម្បី​ជូន​កុសល​ដល់​សព​លោក​អ្នក​ឧកញ៉ា​មហា​មន្រ្តី ប៉ុក ឌុច ជា​ស្វាមី។ សៀវភៅ​នេះកើត​ឡើង ក៏​មាន​សេចក្តី​ចម្រើន​ដូច​គិហិបដិបត្តិ​ដែរ ប៉ុន្តែ​នៅ​តែ​មាន​គេ​នាំ​អោយ​កើត​ការ​ចម្រូង​ជម្រះ​ពុំ​អស់​នឹង​និយាយ។

គួរ​អោយ​អស់​សំណើច វត្ត​ខ្លះ​ភិក្ខុសាមណេរ​ចូល​ចិត្ត​រៀន លោកគ្រូ​ចៅ​អធិការ​ពុំ​ព្រម​ឲ្យ​រៀន។ លោក​គ្រូ​ទាំង​នោះ​អស់​ផ្លូវ​​និយាយ​ពី​រឿង​ខុស​ត្រូវ ទៅ​ជា​និយាយ​​បំភ័យ​សិស្ស​ថា៖ អាចារ្យ ឯម និង​សង្ឃ​សត្ថា ណាត ចេះបាលី​ណាស់ អាច​សូត្រ​បាលី​ធ្វើ​អោយ​មនុស្ស​ឆ្កួត​បាន (មេធ្មប់) មើលចុះ​សៀវភៅ​ដែល​​អាចារ្យ ឯម និង​សង្ឃ​សត្ថាណាត ធ្វើសុទ្ធតែ​មាន​បញ្ចុះ​យ័ន្ត(1) គាថា​ស្រេច។ វត្តខ្លះ​មិន​ត្រឹម​ហាម​តែ​ភិក្ខុ​សាមណេរ​ទេ ទោះ​បី​សិស្ស​ចាស់​ដែល​សឹក​ទៅ មានកូន​មានចៅ​ហើយ​ក៏​លោក​ហៅ​មក​ប្រាប់​មិន​ឲ្យ​កាន់​សៀវភៅ​នេះ​ដែរ ខ្លាច​ត្រូវ​មន្ត​វិជ្ជា​នាំ​អោយ​ឆ្កួត​ តពូជ។

ឆ្នាំ ១៩៣០ ក្នុងរជ្ជកាល​ព្រះបាទ​សម្តេច​ព្រះ មុនីវង្ស ព្រះតេជ​ព្រះគុណ​​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត បាន​ទទួល​ការ​តែង​តាំង​ក្នុង​មុខ​ងារ​ជា​ចាងហ្វាង​រង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុង​ភ្នំពេញ ជា​មួយ​នឹង​ព្រះតេជ​ព្រះគុណ​ព្រះសិរី​សម្មតិវង្ស ល្វី ឯម ដែល​បាន​ទទួល​ការ​​តែង​តាំង​ជា​ចាងហ្វាង​ធំ នៃ​សាលា​នេះ។

មិនតែ​ប៉ុណ្ណោះ ព្រះតេជ​ព្រះគុណ​​ព្រះគ្រូ​សង្ឃ​សត្ថា ទទួល​បាន​ការ​តែង​តាំង​ជា​សមាជិក​ជំនួយ​ នៃ​ក្រុម​ជំនុំ​ព្រះត្រៃបិដក នៅ​ពុទ្ធសាសនបណ្ឌិត្យ​ក្រុងភ្នំពេញ​ទៀត ជាអង្គការរដ្ឋ​មួយ​ដ៏​សំខាន់ ដែល​លោក​បាន​ផ្តើម​បង្កើត​ឡើង​ជា​មួយ​សហការី​ឆ្នើមៗ​ របស់លោក។

ឆ្នាំ ១៩៣១ ព្រះតេជ​ព្រះគុណ​​ព្រះគ្រូ​សង្ឃ​សត្ថា ជួន ណាត និង ព្រះតេជ​ព្រះគុណ​​ព្រះគ្រូ​សង្ឃ​វិជ្ជា ហួត តាត រដ្ឋាភិបាល​បាន​ចាត់​អោយឲ្យ​និមន្ត​ទៅ​កាន់​ក្រុង​វៀងចន្ទ និង​ក្រុង​ហ្លួង​ព្រះបាង​នៃ​ប្រទេស​លាវ ជា​តំណាង​ព្រះសង្ឃ​ប្រទេស​កម្ពុជា និង​សាលា​បាលី​ជាន់​ខ្ពស់ ដើម្បី​រួបរួម​សម្ពោធ​ពុទ្ធសាសន​បណ្ឌិត្យ​​ប្រទេស​លាវ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង នៅ​ប្រទេស​លាវ​ផង។

ក្នុង​ឆ្នាំ ១៩៣១ ដដែល​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ ព្រះបាទ​សម្តេច​ព្រះ មុនីវង្សទ្រង់​ប្រោស​ព្រះ​រាជ​ទាន​នូវ​សមណស័ក្តិ ចំពោះ​ព្រះតេជព្រះគុណ​ព្រះគ្រូសង្ឃសត្ថាជាព្រះសាសនសោភ័ណ, និង​ចំពោះ​​ព្រះតេជព្រះគុណ​ព្រះគ្រូសង្ឃវិជ្ជាជាព្រះវិសុទ្ធិវង្ស (ទីរាជា​គណៈកិត្តិយស)។

ឆ្នាំ ១៩៣២ ព្រះតេជ​ព្រះគុណ​​ព្រះ​សាសន​សោភ័ណ ជួន ណាត បាន​ទទួល​ឥស្សរិយ​យស មេដាយ​អស្សរឹទ្ធិ នៃ​ប្រទេស​កម្ពុជា និង​ មេដាយអស្សរឹទ្ធិ​ដំរី ១លាន នៃ​ប្រទេស​លាវ, បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាល់​ជ្រើស​រើស​យក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ​កវី​និពន្ធ​ខ្មែរ​បុរាណ​ មក​ពន្យល់​ន័យ​របស់​​ពាក្យនោះៗ ។

ឆ្នាំ​ ១៩៣៣ ព្រះតេជ​ព្រះគុណ​​ព្រះ​សាសន​សោភ័ណ ជួន ណាត បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។

ក្នុង​ឆ្នាំ​ដដែល​នេះ រដ្ឋា​ភិបាល​ចាត់​លោក​ឲ្យ​និមន្ត​ទៅ​ធ្វើ​ទស្សនាចរណ៍​ ចំពោះ​វត្ត​ខ្មែរ​ទាំង​ឡាយ​ក្នុង​ដែន​កូសាំងស៊ីន ប្រទេស​យៀកណាម​ខាង​ត្បូង​។ ក្នុង​ឆ្នាំ​​នេះដែរ លោក​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ ឲ្យ​ឈ្មោះ​ថា នាគោបមាទិកថា(2)

ឆ្នាំ ១៩៣៤ លោក​បាន​កសាង​សាលាបាលី​រង​មួយ​ខ្នង​ប្រក់ក្បឿង គ្រឿង​ឈើ​ខ្ពស់​ពីដី ចែក​ជា​ ៣ថ្នាក់ ក្នុង​វត្តពោធិព្រឹក្ស។ លោក​បាន​ជាវ​សៀវភៅ​កច្ចាយនូបត្ថម្ភកៈ របស់​លោក​ច្រើន​ក្បាល​ អំពី​ព្រះរាជ​បណ្ណាល័យ​កម្ពុជា  យក​ទៅ​ចែក​ក្នុង​ពិធី​សម្ពោធ​ឆ្លង​បើក​សាលា​រៀន​នេះ ក្នុង​ចំណោម​​ឥស្សរជន​មន្រ្តី​បារាំង-ខ្មែរ ជាច្រើន​រូប។

ឆ្នាំ ១៩៣៤ ដដែល​នេះ ព្រះតេជ​ព្រះគុណ​​ព្រះ​សាសន​សោភ័ណ ជួន ណាត បាន​ទទួល​​ការ​តែងតាំង​​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើស​រើស​ពាក្យ​ខ្មែរ​ប្រៀប​ធៀប​នឹង​ពាក្យ​បារាំង សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។

ឆ្នាំ ១៩៣៥ ព្រះតេជ​ព្រះគុណ​​ព្រះ​សាសន​សោភ័ណ ជួន ណាត បានជាវ​ព្រះពុទ្ធរូប​ថ្ម​កែវ​មួយ​ព្រះអង្គ​ពី​ប្រទេស​ភូមា ដើម្បី​តម្កល់​ទុក​ក្នុង​ព្រះ​វិហារ​បេតុង​អារម៉េ​សុទ្ធ ក្នុង​វត្តពោធិព្រឹក្ស ដែល​លោក​បាន​កសាង​រួច​ស្រេច​ក្នុង​ឆ្នាំ​នោះ។ គ្រានោះ​លោក​បាន​និពន្ធ​សៀវភៅ​មួយ ឲ្យ​ឈ្មោះ​ថា មហាបុរិស​លក្ខណៈ ជូន​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​ចាត់ការ​បោះពុម្ព ហើយ​លោក​ជាវ​សៀវភៅ​របស់​លោក​នោះ ទៅ​ចែក​ក្នុង​ពិធី​បុណ្យ​អភិសេក​ព្រះពុទ្ធរូប​ ព្រម​​ទាំង​សម្ពោធ​ឆ្លង​ព្រះវិហារ​នោះ​ផង។

តាំងពីលោក​បាន​ជាវ​ដី​បញ្ចូល​ជា​ដី​វត្តពោធិព្រឹក្ស ក៏បាន​ចាក់​ដី​លុប​ថ្លុក​ជង្ហុក​រាប​ស្មើ​ល្អ​ហើយ លោកក៏​បាន​សាង​សេនាសនៈ​ផ្សេងៗ និង​បាន​យក​ពូជ​រុក្ខជាតិ​ជា​ច្រើន​​ដែល​មាន​ប្រយោជន៍​ជា​គ្រឿង​ទព្វ​សម្ភារៈ​ក៏​មាន ជា​គ្រឿង​លម្អ​សួន​ច្បារ​ក៏​មាន ជា​ម្លប់​សំរាប់​​កំសាន្ត​ក៏​មាន យក​មក​ដាំ​ក្នុង​ទីវត្ត​ដូចជាៈ យក​ពូជ​ឬស្សី​ដើម​ធំៗ ពីខេត្តក្រចេះ, យក​ឬស្សី​កែវ​ពណ៌លឿងៗ ពី​ខេត្ត​កំពង់ចាម, យក​ឬស្សី​ពីងពង់​ពីខេត្ត​កំពង់ឆ្នាំង មក​ដាំ​ណែនណាន់​តាន់តាប់​តាម​មាត់​ស្ទឹង។ យក​ដើម​ស្រល់​ពី​ភ្នំដងរែក, យក​ពូជ​ដកខឹម​ដើម​ធំៗ ផ្កា​ចង្កោម​ពណ៌ក្រហម​ពី​ប្រទេស​លាវ និង​ដើម​ឈើ​ច្រើន​មុខ​សម្រាប់​សួន​ច្បារ​ ពី​ស្រុក​ផ្សេងៗ មក​ដាំ​តែង​ជា​សួន​ច្បារ​ខាង​ត្បូង​ព្រះវិហារ, យក​ពូជ​ចាមរី ពូជ​ជ្រៃ​ក្រឹម​ពីរ​បែប​ផ្សេង​ពី​គ្នា ដាំ​ក្បែរ​សាលាបាលី​រង និង​សាលា​ក្មេង​រៀន ដើម្បី​បង្កើត​ជា​ម្លប់, យក​ពូជ​ម៉ាក់​ប្រាង​ពី​ខេត្តកំពត ពូជ​ម៉ាក់ប្រេង​ពីខេត្ត​បាត់ដំបង-សៀមរាប មក​ដាំ​ឆ្លាស់​គ្នា​នឹង​ដើម​ខ្នុរ​អម​សងខាង​ផ្លូវ​ខាង​ក្រោយ​ព្រះវិហារ​ កាត់​ទៅ​ខាង​ជើង ហើយ​ខាង​មុខ​ព្រះ​វិហារ​ក្បែរ​មាត់​ស្រះ​ ​តាម​ផ្លូវ​កាត់​ទៅ​ខាង​ជើង លោកដាំ​ដើម​ដូង​ជាជួរៗ ។

ក្នុងវ័យជា​​បច្ឆិម ព្រះមហាថេរ​អង្គ​នេះ រឹត​តែ​ជាប់​ព្រះហ្ឫទ័យ​នឹង​រុក្ខ​ជាតិ​កាន់​តែ​ខ្លាំង​ឡើងៗ ដូចជា​កាល​និវត្ត​ពី​ប្រទេស​ភូមា យក​ពូជ​ដើម​ចំប៉ីស​មក, និវត្ត​ពី​ឥណ្ឌា យក​ព្រីង និង​សាលព្រឹក្សមក, និវត្ត​ពី​ប្រទេស​បារាំង យកពូជ​បុ័ង (Pin) មក…។ លោក​ដាំ​ក្នុង​វត្ត​ឧណ្ណាលោម​ផង ក្នុង​វត្ត​ពោធិព្រឹក្ស​ផង ហើយ​ចែក​អោយ​ដាំ​ពាស​វត្ត​អារាម​ស្ទើរ​គ្រប់​ស្រុក គ្រប់​ខេត្ត​នៃ​ប្រទេស​ខ្មែរ​ផង​ទៀត…។

ខាងក្រោមនេះ ជាបច្ចុប្បន្នភាព​នៃវត្តពោធិព្រឹក្ស ដែល​ខ្ញុំ​បាន​ថត​ក្នុង​ឳកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ ២០១២ នេះ…

(នៅមានតទៅ…វគ្គ៨)

ប្រភពអត្ថបទៈ ខេមរៈវប្បធម៌

ព្រលឹងជាតិរស់ ប្រជារីករាយ

👇កំណត់សម្គាល់លេខយោងៈ

  1. លោកអ្នកគ្រប់គ្រងព្រះរាជ​បណ្ណាល័យ ចូលចិត្ត​ឲ្យ​ជាង​សរសេរ​តួ​អក្សរ​ផ្កាប់ផ្ងា​ប្រទាក់​គ្នា​ធ្វើ​ជា​ក្បាច់ ដើម្បី​គ្លីស្សេ​បោះពុម្ព​ដាក់​ក្នុង​សៀវភៅ​ទាំង​នោះ​ជា​គ្រឿង​លម្អ, ប៉ុន្តែ​ការ​នោះ​ឲ្យ​ផល​ទៅ​ជា​នាំ​មតិ​មហា​ជន​​ឲ្យយតល់​ថា ជា​យ័ន្ត​គាថា​ទៅវិញ។ ↩︎
  2. សៀវភៅនេះ​តូច​ស្តើង​ទេ ប៉ុន្តែ​អាច​បំបាត់​ពាក្យ​ចាក់​ដោត​ដែល​ចោទ​ថា “បំបួស​នាគ​ជា​សត្វ​តិរិច្ឆាន” នោះ​បាន។ ផ្សំ​គ្នា​នឹង​សៀវភៅ​ បព្វជ្ជាខន្ធកសង្ខេប របស់​សម្តេច​ ល្វី ឯម ផង​អាចបំបាត់​បាន​រហូត​ដល់​ពាក្យ​ចាក់​ដោត​ថា “ពុករលួយ​ឫសគល់” និង​ពាក្យ​ថា “លិង្គថេនកៈ” ផង​ទៀត។ ↩︎

🔸Last Updated កំណែចុងក្រោយ on August 10, 2024