វគ្គ៦
ឆ្នាំ ១៩១៩ ផ្នែកខាងជំនុំវចនានុក្រមខ្មែរ ដែលមានព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជាស្មៀន ចេះតែមានការបាត់បង់សមាជិក ម្ល៉ោះហើយសម្តេច ប៉ុណ្យ ជាប្រធាន បានសុំតាំងព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត ជាសមាជិកពេញទី ហើយជាអ្នកជំនាញការផង។
ឆ្នាំ ១៩២០ ផ្នែកខាងសាលាបាលី ដែលបង្រៀនតាមរបៀបបូរាណចំពោះមុខវេយ្យាករណ៍ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា អាចបង្រៀនសិស្សអោយយល់ អោយចេះឆាប់បាន, ប៉ុន្តែនៅមិនទាន់ធួនល្មមតាមកម្មវិធីដែលតម្រូវថា “រៀនវេយ្យាករណ៍មួយឆ្នាំអោយចេះស្ទាត់” នោះនៅឡើយ ព្រោះវេយ្យាករណ៍បាលីនេះ ពីដើមរៀងមកលោកបង្រៀនតាមមូលកច្ចាយនៈ ជាបាលីសុទ្ធ, ម្ល៉ោះហើយ សិស្សពុំអាចរៀនជាបាលីអោយយល់ប្រាកដ ក្នុងកំណត់ពេល ១ឆ្នាំបានទេ។ ហេតុដូច្នេះ ទើបលោកផ្តើមធ្វើវេយ្យាករណ៍បាលីមួយ អោយឈ្មោះថា កច្ចាយនូបត្ថម្ភកៈ (មាន ២ភាគ)។
សៀវភៅ កច្ចាយនូបត្ថម្ភកៈនេះ សេចក្តីព្រាងជាមុនដំបូងពិស្តារជាអនេក ដែលលោកសរសេរផ្តិតពុម្ពចាហួយ ចែកសហការីរបស់លោក, លុះមកដល់ឆ្នាំ ១៩២៤ ទើបលោកកែអោយខ្លីបន្តិច។ សៀវភៅនេះជាគ្រឿងគាប់ចិត្ត នៃអ្នកសិក្សាបាលីទួទៅ មិនរើសគណៈ ទោះបីគូបដិបក្ខក៏តែងលាន់មាត់សរសើរដែរ។ សាលាបាលីជាន់ខ្ពស់ និងវត្តលង្កា ជាប្រភពដើមនៃការផ្សាយវិជ្ជាបាលីតាមគម្រូសៀវភៅនេះ។
ជំនាន់នោះ ខ្ញុំបានសិក្សាផ្ទាល់នូវវិជ្ជានេះជាថ្មី អំពីព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថាជួន ណាត ហើយព្រះតេជព្រះគុណព្រះញាណបវរវិជ្ជា ល្វី ឯម ចាត់ខ្ញុំឲ្យបង្រៀនតាមគម្រូនេះក្នុងវត្តលង្កា អស់វេលា ៥ឆ្នាំ ខ្ញុំបានបំប្រួញឲ្យខ្លីដើម្បីឲ្យសិស្សងាយទន្ទេញ។ សេចក្តីបំប្រួញរបស់ខ្ញុំ ខ្ញុំហៅថា “វិធីមូល” គឺវេយ្យាករណ៍បាលីដែលប្រើសព្វថ្ងៃនេះ។ កាលនោះសិស្សវត្តលង្កា បានប្រឡងចូលសាលាបាលីជាន់ខ្ពស់ក្នុង ១ឆ្នាំៗ ជាប់ច្រើនជាងវត្តទាំងអស់ក្នុងក្រុងភ្នំពេញ។ ហេតុដូច្នេះបានជានៅឆ្នាំ ១៩៣២ ព្រះរាជបណ្ណាល័យកម្ពុជា បានចាត់ការបោះពុម្ពផ្សាយសៀវភៅកច្ចាយនូបត្ថម្ភកៈនេះ ហើយព្រះតេជព្រះគុណព្រះសិរីសម្មតិវង្ស ល្វី ឯម បានធ្វើសេចក្តីសរសើរសៀវភៅកច្ចាយនូបត្ថម្ភកៈនេះ បោះពុម្ពជាប់រហូតមកដល់សព្វថ្ងៃ។
ក្នុងសម័យជាន់មុន សេចក្តីធម៌វិន័យបានកប់នៅក្នុងសាលាបាលី និងពុំសូវចេញរួចពីគម្ពីរបាលីច្បាស់លាស់ទេ បានជាអ្នកនិយាយធម៌វិន័យ ច្រើនតែនិយាយតៗគ្នា យូរៗទៅនាំឲ្យប្រទាំងប្រទាស់គ្នា សូម្បីតែសូត្រធម៌អាថ៌ លោកនៅវត្តជិតគ្នា សូត្រពុំត្រូវគ្នាផង។ លុះសៀវភៅកច្ចាយនូបត្ថម្ភកៈកើតឡើង ទើបប្រទេសកម្ពុជា ហាក់ដូចជាបានកូនសោរសម្រាប់បើកទ្វារ ធ្វើអោយសេចក្តីធម៌វិន័យ ដែលពីដើមជាភាសាបាលី បានចេញមកបង្ហាញរូបរាងយ៉ាងច្បាស់លាស់។ មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះ ទាំងដែនកូសាំងស៊ីន (យៀកណាមខាងត្បូង) ទាំងប្រទេសលាវ ក៏ពួកពុទ្ធសាសនិកមានការភ្លឺស្វាងក្នុងផ្លូវធម៌វិន័យ ដោយសារសៀវភៅនេះជាដើមហេតុដែរ ព្រោះសៀវភៅនេះ និងវេយ្យាករណ៍បាលី មានគេប្រើព្រោងព្រាតក្នុងប្រទេសទាំងនោះរហូតដល់សព្វថ្ងៃ។
ឆ្នាំ ១៩២១ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា កំពុងជាប់ព្រះទ័យក្នុងការបង្ហាត់បង្រៀនភាសាបាលីតាមមូលកច្ចាយនៈ ព្រមទាំងកែសម្រួលសៀវភៅកច្ចាយនូបត្ថម្ភកៈនោះផង លោកមានសេចក្តីខ្នះខ្នែងជាទីបំផុតក្នុងការបង្រៀនសិស្សឲ្យឆាប់ចេះ ដើម្បីឲ្យមានទំពាំងស្នងឫស្សីឡើង ព្រោះលោកបានជ្រាបជាមុនថា លោកនឹងត្រូវនិមន្តទៅបន្តវិជ្ជាសំស្រ្កឹតក្នុងពេលខាងមុខឆាប់ៗ ។ លោកតែងឲ្យមហា អ៊ឹង ម៉ូត វត្តបទុមវតី បង្រៀនពិសោធន៍មើល ដើម្បីជំនួសលោក ក្នុងគ្រាដែលលោកមិននៅ។
លោក ល្វី ហ្វីណូត Louis Finot (១៨៦៤-១៩៣៥)
ឆ្នាំ ១៩២២ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត និង ព្រះតេជព្រះគុណព្រះគ្រូសង្ឃវិជ្ជា ហួត តាតដែលធ្លាប់សិក្សាសំស្រ្កឹតពីមុនខ្លះមកហើយនោះ បាននិមន្តទៅបំពេញវិជ្ជាសំស្រ្កឹតទៀត និងអក្សរសិលាចារឹកខ្មែរបុរាណ ព្រមទាំងភូមិសាស្រ្តប្រទេសឥណ្ឌាសម័យពុទ្ធកាល ប្រៀបធៀបនឹងសម័យបច្ចុប្បន្ន (ជំនាន់នោះ) ក្នុងសំណាក់លោក ល្វី ហ្វីណូត (Louis Finot អ្នកប្រាជ្ញ បារាំងសែស) ជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស។ ព្រះថេរៈទាំងពីរអង្គនេះ គង់នៅក្រុងហាណូយអស់វេលាពីរឆ្នាំ។ លោកឆ្លៀតឳកាសសន្ទនាគ្នារាល់ៗថ្ងៃ ជាមួយនឹងយួនឈ្មោះ អាដាប់ អ្នកសម្អាតអាគារសម្នាក់ ដរាបដល់បានចេះភាសាយួនល្មមដោះទាល់បានផង។
អ្នកស្រី ការប៉ីឡែស Suzanne Karpelès (១៨៩០-១៩៦៩)
ឆ្នាំ ១៩២៥ កាលព្រះរាជបណ្ណាល័យកម្ពុជា ដែលសព្វថ្ងៃជាវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ បានឧប្បត្តិឡើងថ្មីៗ ដោយសារស្នាដៃអ្នកស្រី ស៊ុយសានការប៉ីឡែស (Suzanne KARPELÉS ជាតិបារាំងសែស) ដែលមានលេខាធិការតែម្នាក់គត់ គឺលោក ជួន នុត ជាដៃគូរផងនោះ, ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំពិនិត្យសេចក្តីខុសត្រូវ នៃសៀវភៅរបស់សាលាបាលីជាន់ខ្ពស់ ដែលវិជ្ជាឋាននេះចាត់ការបោះពុម្ពផ្សាយ។ សៀវភៅរបស់សាលាបាលីជាន់ខ្ពស់ទាំងប៉ុន្មាន សុទ្ធតែត្រូវបានព្រះថេរៈអង្គនេះពិនិត្យទាំងអស់ តាំងពីច្បាប់ដើមរហូតដល់វិញ្ញាសាដែលរោងពុម្ព បោះពុម្ពតៗ មក។
ក្នុងឆ្នាំ ១៩២៥ ដដែលនោះ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត បានជាវដីពង្រីកវត្តពោធិព្រឹក្ស ពីរកន្លែងគឺ ១កន្លែង ពីត្រឹមជិតខឿនព្រះវិហារ មកខាងត្បូងទល់នឹងមាត់ស្ទឹង, ១កន្លែងទៀត ខាងឥសានព្រះវិហារ ជាដីរាងស្លាបក្តោង។ បានត្រួសត្រាយព្រៃធ្វើផ្លូវលំមួយបែកពីផ្លូវខេត្តកំពង់ស្ពឺ មកទល់នឹងព្រែទទឹង គឺបែកត្រង់ស្រែបន្ទាយចូលទៅវត្តពោធិព្រឹក្ស ប្រវែង ៣គ.ម គត់។ ការធ្វើផ្លូវលំនេះ អ្នកស្រុកជិតខាងពុំសូវចូលចិត្តជួយធ្វើទេ ព្រោះព្រះថេរៈអង្គនេះអ្នកស្រុកគេហៅថា លោកធម៌ថ្មី, គេពុំចង់ចូលដៃ ព្រោះខ្លាចឆ្លងធម៌ថ្មី។
សម័យនោះ ក្រៅពីព្រះគ្រូ កែ ម៉ម និងព្រះគ្រូ អ៊ិន ខឹម ជាគ្រូ និងជាញាតិផ្ទាល់របស់លោក មានតែមេស្រុក គាំ ម្នាក់ ជាចៅសង្កាត់រកាកោះនោះ ជួយខ្នះខ្នែងក្នុងការលើកថ្នល់នេះ ព្រោះមេស្រុកនេះក្រោយពីពេលដែលជជែកគ្នាពីរឿងធម៌ថ្មី ធម៌ចាស់ជាមួយនឹងអ្នកស្រុកជិតខាងក្នុងយប់នោះ គាត់យល់សប្តិឃើញថាៈ គាត់វង្វេងផ្លូវនៅក្នុងព្រៃងងឹតឥតយល់អ្វី ស្រាប់តែឃើញព្រះសង្ឃមួយអង្គ ប្រើស្បង់ចីពរជ្រលក់ក្រាក់ខ្នុរ កាន់ភ្លើងបំភ្លឺផ្លូវអោយគាត់ចេញរួចពីព្រៃងងឹត ដើរតាមផ្លូវថ្នល់ត្រង់ស្អាតរហូតដល់ប្រាសាទអង្គរវត្ត។ គាត់ភ្ញាក់ឡើងនឹកឃើញថា “មានតែលោកធម៌ថ្មីហ្នឹងហើយដែលជ្រលក់ក្រាក់ខ្នុរ” ទើបគាត់សសោះអន្ទងផង ប្រើអំណាចខ្លះផង ឲ្យអ្នកស្រុកជិតខាងខ្លះមានសទ្ធា ជួយធ្វើថ្នល់នេះល្មមបើកបររថយន្តបាន។ អមសងខាងផ្លូវលំនេះ លោកបានដាំដើមត្រាច និងដើមត្នោតរាប់រយដើមសម្រាប់ជាប្រយោជន៍ដល់បច្ឆាជនក្នុងអនាគត ដែលក្នុងជំនាន់នោះឥតនរណានឹកឃើញសោះថា ស្រុកខ្មែរតទៅនឹងខ្វះដើមឈើ។ បន្ទាប់ពីនោះ លោកបានសាងព្រះវិហារ សាលាបាលីរង សាលាក្មេងរៀនតៗរៀងមកទៀត។
ឆ្នាំ ១៩២៦ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត បានផ្តើមតែងអត្ថបទផ្សេងៗច្រើន បោះពុម្ពបញ្ចូលក្នុងទស្សនារដ្តីកម្ពុជសុរិយា រាល់ខែឆ្នាំតៗ មក។
មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ ១៩២៦ ដដែលនោះ លោក ប៊ុនចន្ទ មង្គល ចៅហ្វាយស្រុកកៀនស្វាយ បានពឹង ម៉ាដឺម៉ូហ្សែល ស៊ុយសានការប៉ីឡែស អ្នកត្រួតត្រាព្រះរាជបណ្ណាល័យកម្ពុជា ឲ្យបោះពុម្ពសៀវភៅ វិន័យគ្រហស្ថ ដើម្បីលោកនឹងជាវយកទៅចែកជាធម្មទានតមស្នងសងគុណមាតាបិតាលោក។ លោកអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យកម្ពុជា ក៏អារាធនាព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត ឲ្យប្រែគម្ពីរបាលីរៀបរៀងសេចក្តីជាវិន័យឧបាសក ជាមួយនឹងព្រះតេជព្រះគុណព្រះគ្រូវិមលប្បញ្ញា អ៊ុម ស៊ូរ ។ ព្រះថេរៈទាំងពីរព្រះអង្គ បានធ្វើសៀវភៅនេះហើយ ឲ្យឈ្មោះថា គិហិបដិបត្តិ ជូនលោកអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យ ឲ្យសុំអនុញ្ញាតរាជការ ហើយបោះពុម្ពតាមផ្លូវការ។
សៀវភៅនេះ ទោះបីស្របតាមច្បាប់ពុទ្ធចក្រ និងអាណាចក្រក៏ដោយ ក៏នៅតែជាហេតុចម្រូងជម្រះ ដូចសៀវភៅសាមណេរវិន័យដែរ, ប៉ុន្តែពុទ្ធសាសនិកចូលចិត្តសិក្សា ក៏សៀវភៅនេះនាំឲ្យចម្រើនក្នុងព្រះពុទ្ធសាសនា និងបានប្រាក់ជាថវិកាជាតិរាប់ម៉ឺនរៀល ក្នុង ១ឆ្នាំៗ រហូតដល់សព្វថ្ងៃនេះ។
ឆ្នាំ ១៩២៦ ដដែល និងឆ្នាំតៗ មកដ៏ច្រើន ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត បានទទួលការតែងតាំងជាមេប្រយោគក្នុងការប្រឡងយកវិញ្ញាបនប័ត្រ បឋមសិក្សាខ្មែរ និងការប្រឡងយកសញ្ញាប័ត្របឋមសិក្សាជាន់ខ្ពស់បារាំង-ខ្មែរ នៅក្រុងភ្នំពេញ…។
រូបភាពទាក់ទងនិងអត្ថបទនេះ
(នៅមានតទៅ…វគ្គ៧)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024