វគ្គ៥
សម្តេចព្រះសង្ឃនាយក អ៊ុក(1) ក្រោយពេលដែលជំនុំសង្ឃ បានប្រជុំព្រមព្រៀងថា ត្រូវអោយបណ្តាញចេញហើយ ក៏ធ្វើដីការអមថ្វាយទៅព្រះករុណសជាអម្ចាស់ជីវិត (ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ)។ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ឲ្យប្រជុំព្រះសង្ឃច្រើនអង្គ ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។ លោកគ្រូព្រះញាណបវរវិជ្ជា ល្វី ឯម អោយក្មេងយកគម្ពីរបាលីដើម បីបួនគម្ពីរទៅទុកនៅថែវវាំងខាងកើត បម្រុងការទុកជាសំអាង។
ព្រះអង្គម្ចាស់ មុនីវង្ស ក្រោយពេលដែលទ្រង់ទតសៀវភៅសាមណេរវិន័យនោះសព្វគ្រប់ ទ្រង់ជ្រាបច្បាស់សេចក្តីព្រះវិន័យនោះ ដោយសារលោកគ្រូព្រះញាណបវរវិជ្ជា ល្វី ឯម បានយកទៅថ្វាយ បានពន្យល់សេចក្តីអធិប្បាយ ពីគ្រាមុនមកស្រេចហើយនោះ ទ្រង់ឡើងទៅក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិត។ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ត្រាស់ព្រះរាជឳង្ការថា៖ កូនអើយកូន! ឥឡូវគេប្តឹងពីគ្នាហើយ។ ព្រះអង្គម្ចាស់ក្រាបបង្គំទូលសួរថាៈ សូមទ្រង់ព្រះមេត្តាប្រោស! នរណាប្តឹងពីនរណា? នេះនែ៎! អស់លោកនេះណាកូន! ប្តឹងពីលោកអ្នកធ្វើសៀវភៅនេះ។ អស់លោកហ្នឹងដឹងអីលោក! សៀវភៅហ្នឹង ទូលព្រះបង្គន់ មើលសព្វគ្រប់ហើយ ត្រឹមត្រូវរបស់គេណាស់…។
លោកអ្នកឧកញ៉ាយោធានរិន្ទ ភូឈួយក្រសួងធម្មការ ដែលគេស្គាល់ថា ជាបរបក្សសោះ ក៏បែរជាកាន់សៀវភៅនេះដែរ ដោយប្រែគំនិតសង្ឃឹមថា នឹងបានជាគ្នាក្នុងអនាគត។
ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះបុច្ឆា (សួរ) លោកគ្រូសង្ឃសត្ថា ជួន ណាត ម្តេចក៏លោកបដិសេធគម្ពីរសាស្រ្តាបូរាណថា សុទ្ធតែខុស? អម្បាលគម្ពីរមហាជាតក ដែលគេចូលចិត្តស្តាប់ម្លឹងៗ ក៏លោកហ៊ានថាខុសដែរ?
“ថ្វាយព្រះពរ អាត្មាភាពបានថាខុសមែន ព្រោះសម្រាយចេះតែលើសពីបាលី ច្រើនអន្លើ, អាត្មាភាពយល់ថា អ្នកធ្វើសេចក្តីសម្រាយ គ្រាន់តែអោយអ្នកស្តាប់សប្បាយចិត្តប៉ុណ្ណោះទេ ដូចពាក្យថា៖ “ជូជក មានរូបអន្ធការ ស្គមខ្ពស់ជ្រដោង ខ្នងកោង លោងស្ពាតដំបារ ត្រចៀកយុរយារក្រាស់ដូចឃ្លង់ភ្លើង ជើងកោងដូចសេក ភ្នែកស្រលៀងស្រឡើ សាច់ពកដូចគេផ្ញើ រដិបរដុបយុរយារ” នេះក៏ឥតបាលីដែរ។ ឬដូចពាក្យថា “ជូជក បែកពោះផូង ដំរីរោងរោទ៍ខ្ទារ” ជាដើម ក៏សុទ្ធតែជាពាក្យលើសពីបាលីដែរ។ អាត្មាភាពមានបដិសេធឯណា គ្រាន់តែប្រាប់គ្នាថា បាលី និងសម្រាយខុសគ្នាប៉ុណ្ណោះទេតើ! សូមថ្វាយព្រះពរ”…។
តមក ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់និមន្តលោកគ្រូសង្ឃសត្ថា អោយទេសគាថាពាន់ (មហាជាតក), ទ្រង់បូជាបច្ច័យច្រើន ហើយទ្រង់ត្រាស់ព្រះរាជឳង្ការថា៖ លោកណាចង់កាន់វិន័យត្រឹមត្រូវ ក៏កាន់ទៅ, លោកណាមិនចង់កាន់ ក៏ស្រេចតែលោកចុះ កុំឈ្លោះគ្នា…។
សម្តេចព្រះធម្មលិខិត ល្វី ឯម ធ្លាប់ដំណាលរឿយៗថា៖ កាលនោះ គេយកលោកគ្រូអាចារ្យ គល់ និងលោកគ្រូអាចារ្យ បាន មកឃុំទុកក្នុងវត្តឧណ្ណាលោម។ ឆាន់ (ស្មើនឹងពាក្យ “ខ្ញុំ” ជាពាក្យសម្រាប់ព្រះថេរៈ និយាយចេញឈ្មោះខ្លួនថា ខ្ញុំ ទៅរកភិក្ខុខ្ចីវស្សា ឬសាមណេរ) បានធានាយកលោកគ្រូអាចារ្យទាំងពីរអង្គនេះ ទៅអោយគង់នៅឯវត្តលង្កាវិញ ដោយទទួលខុសត្រូវលើខ្លួន។ លោកអធិបតីសេនា កេត អញ្ជើញទៅវត្តលង្កាប្រាប់ឆាន់ថាៈ ក្រសួងធម្មការ អោយយកខោខ្មៅ អាវខ្មៅ មកទុកស្រេចហើយ ដើម្បីផ្សឹកលោកគ្រូអាចារ្យ គល់ និងលោកគ្រូអាចារ្យ បាន ធ្វើទោស ព្រោះជាអ្នកនាំបង្កើតចលាចល។ ឆាន់បានដឹងដំណឹងនេះ ក៏ទៅថ្វាយព្រះពរព្រះអង្គម្ចាស់ មុនីវង្ស។ ព្រះអង្គម្ចាស់ទ្រង់ស្តេចយាងទៅព្រះបរមរាជវាំង ក្រាបបង្គំទូល សុំព្រះករុណាជាអម្ចាស់ជីវិត ទារយកសំណុំរឿងមកពិនិត្យផ្ទាល់ព្រះអង្គ។ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់យកសំណុំរឿងពីក្រសួងធម្មការ ទ្រង់ពិគ្រោះជាមួយនឹងព្រះអង្គម្ចាស់ មុនីវង្ស ព្រះអង្គទ្រង់សព្វព្រះរាជហ្ឫទ័យ (ចង់) ទ្រង់ព្រះសណ្តាប់មហាជាតក ក៏ទ្រង់និមន្តលោកគ្រូសង្ឃសត្ថា ណាត អោយសម្តែង។ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់រីករាយក្នុងព្រះរាជហ្ឫទ័យណាស់ ទ្រង់បូជាដោយបច្ច័យទាំងក្រឡាន ទ្រង់បញ្ចប់រឿងនេះ ដោយព្រះរាជឳង្ការថា៖ លោកណាចង់បតិបត្តិព្រះវិន័យ ក៏ជាការល្អ, លោកណាចង់បតិបត្តិតាមទំនៀមទម្លាប់ ក៏ស្រេចតែនឹងលោកចុះ…។
តពីនោះមក មានមន្រ្តីម្នាក់សម្តែងកិរិយាស្និទ្ធស្នាល សង្ឃឹមថានឹងយកជាគ្នាបានហើយ ក៏និយាយថា ចៅហ្វាយធំរបស់ខ្ញុំ ចង់សុំព្រះតេជព្រះគុណធ្វើជាកូន, បើព្រះតេជព្រះគុណចាកសិក្ខាបទ, នឹងចែកមរត៌កស្មើនឹងកូនបង្កើត ហើយនឹងជ្រោងអោយដល់ឋានៈខ្ពង់ខ្ពស់, ឬបើនៅជាបព្វជិត អោយចេញទៅបួសនៅវត្តឯណោះវិញ, នឹងជ្រោងអោយដល់ឋានៈខ្ពស់បំផុត។ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ឆ្លើយថា៖ អាត្មាបួសតាំងពីក្មេង មកដល់អាយុប៉ុណ្ណេះ មិនមែនដើម្បីទ្រព្យសម្បត្តិ ឬឋានៈខ្ពង់ខ្ពស់អ្វីទេ! មួយទៀត អាត្មាគោរពត្រឹមតែព្រះករុណាជាអម្ចាស់ជីវិត និងច្បាស់របស់រដ្ឋ ព្រមទាំងវិន័យព្រះពុទ្ធប៉ុណ្ណោះ! ឥឡូវអាត្មាចេះមើលវិន័យព្រះពុទ្ធ យល់ច្បាស់ខ្លួនឯងហើយ មិនបាច់រកគ្រូណាបំបួសទៀតទេ…។
តពីនោះមកទៀត ការសម្តែងកិរិយាខឹងស្អប់ ចេញអំពីប្រភពនៃជនជាបរបក្ស កាន់តែមានប្លែកឡើងៗ គឺៈ ជនខ្លះលបចោលដោយដុំឥដ្ឋ ធ្លាយដំបូលកុដិញឹកៗ, ជនខ្លះយកសៀវភៅសាមណេរវិន័យ មកច្រៀករហែករហុយចងព្យួររតេងរតោងតែពាសតាមផ្លូវក្នុងវត្ត, ជនខ្លះមិនព្រមហៅឈ្មោះ ឬងារទេ គេបង្កើតងារថ្មីអោយថាៈ ពួកធម៌ថ្មី, ពួកធម្មកាយ, ពួកចីពរខ្មៅ, ពួកលោកសង្ឃបារាំង, ពួកលិង្គថេនកៈ(2) ពួកពុករលួយឫសគល់ (ព្រោះបួសមិនត្រឹមត្រូវ), ពួកបំបួសសត្វនាគ (ព្រោះសូត្រញត្តិថា នាគោ)…។
ក្នុងសម័យដែលគេកំពុងតែស្អប់ច្រើនគ្នា ស្រាប់តែមានព្រះរាជប្រកាស ១ច្បាប់ លេខ ៧១ កើតឡើងដោយសេចក្តីព្យាយាមរបស់អ្នកឈ្នានីស។ ព្រះរាជប្រកាសនោះ មានចំណុចមួយថាៈ គណៈមហានិកាយ ត្រូវប្រតិបត្តិតាមទំនៀមទម្លាប់សម្តេចព្រះមហាសង្ឃរាជ ទៀង, គណៈធម្មយុត្តិកនិកាយ ត្រូវប្រតិបត្តិតាមទំនៀមទម្លាប់សម្តេចព្រះសុគន្ធាធិបតី ប៉ាន ។
ចំណុចនេះ ជាហេតុអោយអ្នកប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធពិតៗ ទាល់ច្រក ម្ល៉ោះហើយ ក្រសួងព្រះសង្ឃនាយក បានចំណាប់កាន់តែខ្លាំង អោយតែមានពាក្យប្តឹងថា លោកនេះអោយលោកនេនឃ្លុំ អោយនេនសុំនិស្ស័យ ឬសូត្រធម៌វិន័យប្លែកពីទំនៀមទម្លាប់ដើម នោះគឺពឺតតែផ្សឹក ពឺតតែនិរទេសចេញពីស្រុក។ គេនាំគ្នាចាក់រុកគាបសង្កត់ ចោទដាក់កំហុសតែមកលើសាលាបាលីជាន់ខ្ពស់។ ឮថាក្រុមខ្លះបានរៃប្រាក់គ្នា សូកបារាំងអោយលុបសាលាបាលីជាន់ខ្ពស់ផង។ ប៉ុន្តែតមកទៀត ចំណុចនៃព្រះរាជប្រកាសខាងដើមនេះ អោយផលផ្ទុយទៅវិញគឺ នាំអោយអ្នកមានប្រាជ្ញាយល់ថា មានតែលោកសង្ឃសាលាបាលីទេ ទើបបួសតាមព្រះពុទ្ធ ក្រៅពីនោះ សុទ្ធតែបួសតាមទំនៀមទម្លាប់ ឥតស្តាប់បង្គាប់ព្រះពុទ្ធទេ។
ចំណែកខាងសាលាបាលីជាន់ខ្ពស់ ដោយហេតុតែមានជំនឿ ជឿអានុភាពនៃសាមគ្គី ក៏មូលត្រកូលគ្នាដូចខ្លួនមួយ នៅក្រោមឳវាទព្រះតេជព្រះគុណព្រះមហាវិមលធម្មថោង ជាចាងហ្វាង។ សព្វថ្ងៃនេះ ទាំងគេទាំងខ្ញុំ អោយតែនឹកដល់រឿងក្នុងសម័យនោះ តែងតែស្ញើបជានិច្ច ហើយយល់ថា “ធ្វើសង្រ្គាមធម៌ លំបាកជាងសង្គ្រាមអាវុធ” ។ ប៉ុន្តែខាងសាលាបាលី មានជោគជ័យដោយសារ៖
- ព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង ទុកដូចជាសេនាប្រមុខ
- ព្រះតេជព្រះគុណព្រះញាណបវរវិជ្ជា ល្វី ឯម ទុកដូចជាឧត្តមសេនីយ
- ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត ទុកដូចជាឧត្តមសេនីយ
- ព្រះតេជព្រះគុណព្រះគ្រូសង្ឃវិជ្ជា ហួត តាត ទុកដូចជាឧត្តមសេនីយ
- ព្រះតេជព្រះគុណព្រះគ្រូវិមលប្បញ្ញា អ៊ុម ស៊ូរ ទុកដូចជាឧត្តមសេនីយ
លុះអំណើះឥតអំពីព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង ទៅ ព្រះឧត្តមសេនីយ គង់នៅតែ ៣ព្រះអង្គ មានកិត្តិស័ព្ទ និងសេចក្តីរាប់អាន ព្រមទាំងមានជោគជ័យបណ្តាច់ដោយធម្មាវុធ គឺសៀវភៅធម៌វិន័យដែលលោកបានធ្វើ ហើយនឹងធម៌ទេសនាដែលលោកបានសម្តែង។
ឆ្នាំ ១៩១៧ ដដែល ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត សាស្រ្តាចារ្យសាលាបាលីជាន់ខ្ពស់ និងជាស្មៀនក្រុមជំនុំវចនានុក្រមខ្មែរ មានព្រះនាមល្បីថាពូកែ ចេះធ្វើការតាមមុខក្រសួងឥតអោយខ្ចោះ ចេះទេសពិរោះ ក៍ជាហេតុអោយព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ សព្វព្រះរាជហ្ឫទ័យ ទ្រង់ព្រះរាជទានផ្ទាល់ព្រះអង្គនូវមេដាយ មុនីសារាភរណ៍ ក្នុងគ្រាដែលគេកំពុងព្រួតគ្នាធ្វើបាប…។
(នៅមានតទៅ…វគ្គ៦)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
👇កំណត់សម្គាល់លេខយោងៈ
- សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់មានព្រះបន្ទូលប្រាប់ខ្ញុំថាៈ សម្តេចព្រះសង្ឃនាយក អ៊ុក មានយោបល់ល្អក្នុងរឿងនេះ ប៉ុន្តែជំនុំសង្ឃសម្រេចដូច្នោះស្រេចទៅហើយ លោកក៏ត្រូវតែធ្វើដីកាអមបញ្ជូន។ ↩︎
- ពាក្យថា លិង្គថេនកៈ ជាឈ្មោះនៃអភព្វបុគ្គលជំពូកមួយ ដែលមានទោសធ្ងន់ជាងបារាជិកទៅទៀត ព្រោះថា ភិក្ខុត្រូវអាបត្តិបារាជិកហើយសឹក អាចបួសជាសាមណេរវិញបាន។ ឯបុគ្គលជាលិង្គថេនកៈ កុំថាឡើយដល់បួសជាភិក្ខុ សូម្បីបួសជាសាមណេរក៍ពុំបានដែរ។ បុគ្កលលិង្គថេនកៈនេះ សំដៅទៅលើចោរដែលគេរកចាប់ខ្លួន វេះពួនក្នុងព្រៃ។ ↩︎
🔸Last Updated កំណែចុងក្រោយ on August 10, 2024