វគ្គ៤
ឆ្នាំ ១៩១២ ព្រះតេជព្រះគុណ ព្រះគ្រូសង្ឃសត្ថា ជួន ណាត បានងារថ្មី បានសេចក្តីរាប់អានច្រើនអំពីក្រុមពុទ្ធសាសនិក ហើយប្រហែលជាមានព្រះទ័យរំភើបដោយលោកធម៌ខ្លះដែរដឹង? បានជាក្នុងគ្រានោះ លោកសរសេរអត្ថបទកំណាព្យមួយ អោយឈ្មោះថា កាព្យលោកធម៌ ដែលជានិពន្ធដំបូងបំផុតរបស់លោក (មាននៅខាងចុង)។
ខ្ញុំយល់តាមការសង្កេតឃើញផ្ទាល់៖ ព្រះថេរៈអង្គនេះ មិនចេះអួតខ្លួន ព្រមទាំងស្អប់មនុស្សអួតខ្លួនឯងផង, មិនចេះឡើងជោរ ព្រមទាំងស្អប់មនុស្សជោរផង, មិនចេះត្អូញត្អែរពីការខ្វះខាត និងសេចក្តីទុក្ខលំបាក ព្រមទាំងពុំសូវពេញព្រះទ័យនឹងមនុស្សត្អូញច្រើនផង…។ ទោះបីព្រះថេរៈអង្គនេះ មានចរិយាដូច្នេះក៏មែនពិត, ប៉ុន្តែក្នុងគ្រានោះ ប្រហែលជាមានព្រះទ័យរំភើបខាងក្នុងខ្លះ បានជាលោកទាញគម្ពីរបាលីមកបើកទតត្រង់រឿងលោកធម៌ ហើយសរសេរប្រែមកជាសម្រាយចងក្រងជាពាក្យកាព្យទៀត ដើម្បីសង្កត់នូវសេចក្តីរំភើបខ្លះដែលមានក្នុងព្រះទ័យ។
ឆ្នាំ ១៩១៣ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ប្រារព្ធអោយចាត់ការប្រឡងអ្នកចេះបាលី ដែលជំនាន់នោះហៅថា ដេញប្រយោគ។ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា បានចូលជាបេក្ខជនដេញប្រយោគដែរ ប្រែបាលីគម្ពីរ ធម្មបទ តាមរបៀបលោតប្រយោគ ព្រមទាំងសួរវេយ្យាករណ៍ឥតទាល់ បានជាប់ជាមហា ៣ប្រយោគ ហើយប្រែគម្ពីរមង្គលត្ថទីបនី ទៀតឥតទាល់ បានជាប់ជាមហា ៤ប្រយោគ ផុតថ្នាក់ត្រឹមប៉ុណ្ណេះ ក្នុងជំនាន់នោះ។ ក្នុងសម័យប្រឡងនោះ សម្តេចព្រះសង្ឃនាយក ហួត តាត បានជាប់ជាមហា ៤ប្រយោគដែរ។ សម្តេចព្រះសព ល្វី ឯម ជាបេក្ខជនមួយរូបដែរ ចូលដេញប្រយោគមុនគេ ឈ្លោះនឹងមេប្រយោគពីរឿងបាលី “កថេសិ” មិនព្រមថា “កថែសិ”, គេថា “ពោលហើយ” លោកថា “សម្តែងហើយ” ជាដើម, មិនព្រមចុះសម្រុងគ្នា មិនបានបន្តការដេញប្រយោគតទៅទៀត ព្រោះគេចាត់ជាមនុស្សរបឹង…។
ឆ្នាំ ១៩១៥ រាជការព្រះករុណាជាអម្ចាស់ជីវិត និងរាជការអាណាព្យាបាលបារាំង អោយលើកសាលាបាលីពីអង្គរវត្ត ខេត្តសៀមរាប មកតាំងនៅភ្នំពេញវិញ ជាសាលាបាលីជាន់ខ្ពស់ បង្កើនថ្នាក់ចាត់របៀបថ្មី ត្រូវជ្រើសរើសរកសាស្រ្តាចារ្យដោយការប្រឡង។ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា បានជាបេក្ខជនសាស្រ្តាចារ្យមួយរូបដែរ, បានប្រឡងជាប់លេខ២ មានសេចក្តីសរសើរខ្ពស់បំផុត ខាងមុខប្រែបាលីជាខ្មែរ និងប្រែខ្មែរជាបាលីត្រង់រឿងសុវណ្ណសាមជាតក ឥតមានតក់ឆ្គង ហើយឧកញ៉ាភក្តីរាជា យ៉ាំង បាឡាត់ខេត្តគងពិសី ជាប់លេខ១, សម្តេច ល្វី ឯម ជាប់លេខ៣, ឧកញ៉ាសុធម្មប្រីជា កង រាជបណ្ឌិត (គ្រូសម្តេច) ជាប់លេខ៤ ។
ឆ្នាំ ១៩១៥ ដដែល រាជការព្រះករុណា និងរាជការអាណាព្យាបាលបារាំង បានបង្កើតគណៈកម្មការមួយធ្វើវចនានុក្រមខ្មែរ ដែលមានសម្តេចចក្រី ពេជ្រ ប៉ុណ្យ សេនាបតីក្រសួងសិក្សាធិការជាប្រធាន។ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ត្រូវបានតាំងដោយព្រះរាជប្រកាស អោយធ្វើជាស្មៀន (លេខាធិការ) សម្រាប់កត់ត្រា ព្រមទាំងរៀបចំពាក្យពេចន៍ដែលក្រុមជំនុំបានសម្រេចហើយ។
ឆ្នាំ១៩១៧ ព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង បានចាត់តាមពាក្យសុំនៃលោកអ្នកឧកញ៉ាអធិបតីសេនា កេត អោយព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត, ព្រះតេជព្រះគុណព្រះគ្រូសង្ឃវិជ្ជា ហួត តាត, ព្រះតេជព្រះគុណព្រះគ្រូវិមលប្បញ្ញា អ៊ុម ស៊ូរ ធ្វើសៀរភៅ សាមណេរវិន័យ ។ ព្រះថេរៈទាំង ៣អង្គបានធ្វើមានទាំងបាលីសម្រាយ និយាយអំពីសិក្ខាបទ ១០, ទណ្ឌកម្ម ១០, នាសនង្គៈ ១០ សេក្ខិយវត្ត ៧៥ និង បច្ចវេក្ខណវិធីទាំង ៤ សុទ្ធតែមានអាងគម្ពីរបាលីដើមយ៉ាងជាក់ច្បាស់។ ប៉ុន្តែសៀវភៅនោះ កើតឡើងជាទំនាស់នឹងទំនៀមទម្លាប់បព្វជិតខ្មែរ ដែលកាន់ពុទ្ធសាសនារៀវរោយដោយស្រុកកើតកលយុគ យូរឆ្នាំមកហើយ។
ខ្ញុំ (ឈឹម ស៊ុម) បានបួសទាន់សម័យនោះ ខ្ញុំដឹងថា បព្វជិតខាងគណៈមហានិកាយ មានតែលោកភិក្ខុ ទើបមានត្រៃចីវរគ្រប់គ្រាន់ ព្រមទាំងចេញក្រៅវត្ត ឃ្លុំចីពរជិតស្មាទាំងសងខាង ជាបរិមណ្ឌលផង។ ប្លែកតែសាមណេរ ដែលគេហៅថា នេនៗ នោះកម្មក្រាស់ណាស់ វត្តខ្លះគេអោយប្រើតែស្បង់ និងហង្សៈ ពាក់សំបត់ងូតលើស្មា, វត្តខ្លះគេអោយមានចីពរដែរ ប៉ុន្តែទៅកាន់ទីណាក៏ដោយ គេអោយគ្រាន់តែគ្រងឆៀងស្មាម្ខាង ហើយឆាន់ចង្ហាន់សល់ពីលោកភិក្ខុ និងក្រោយលោកភិក្ខុទៀត។ សមណេរទាំងនោះ កាលបួស ក៏លោកអ្នកបំបួសអោយសមាទានត្រឹមតែសរណគមន៍ ៣ និងសីល ១០ ប៉ុណ្ណោះ។ លុះបួសហើយ លោកគ្រូខំបន្តឹងខាងបច្ចវេក្ខណវិធីឯណោះទៅវិញ គឺតឹងត្រង់អតីតបច្ចវេក្ខណៈដែលជំនាន់នោះហៅថា ចម្រើនអជ្ជៈ ។ លោកគ្រូអោយសូត្របាលីសុទ្ធដល់ទៅ ១០៨ចប់ ក្នុងមួយថ្ងៃៗ, ប៉ុន្តែឥតអោយដឹងសេចក្តីដូចម្តេចទេ។
សៀវភៅ សាមណេរវិន័យ កើតឡើង ជាទំនាស់នឹងទំនៀមនេះច្រើនអន្លើគឺៈ អោយសាមណេរបួសដូចខាងដើមនេះហើយ ត្រូវអោយសុំនិស្ស័យទៀត, ត្រូវអោយរក្សាសិក្ខាបទ ១០, ទណ្ឌកម្ម ១០, នាសនង្គៈ ១០ សេក្ខិយវត្ត ៧៥ ហើយត្រូវចូលវស្សា ត្រូវមានសិទ្ធិទទួលសំពត់ចំណាំវស្សា ដូចលោកភិក្ខុដែរ ត្រូវឃ្លុំចីពរជាបរិមណ្ឌល (ឃ្លុំលើស្មាសងខាង) ក្នុងពេលចេញក្រៅវត្ត ដូចលោកភិក្ខុដែរ។ ឯបច្ចវេក្ខណវិធី មិនមានកំរិតអោយសូត្រដល់ទៅ ១០៨ ចប់ទេ, ប៉ុន្តែមានកម្រិតថា លុះណាតែយល់សេចក្តីនៃធម៌ដែលភាវនានោះ ទើបពេញលក្ខណៈត្រឹមត្រូវ។
សម្តេចព្រះសង្ឃនាយកព្រះនាម ហួត តាត ដែលខ្ញុំក្រាបបង្គំទូលសួរ លោកមានព្រះពុទ្ធដិកាថា៖ សៀវភៅសាមណេរវិន័យកើតឡើង នៅជាសរសេរអក្សរដោយដៃ ក៏លោកអ្នកឧកញ៉ាមហាឥស្សរា កេត សុំអោយអាត្មាចាត់ការបោះពុម្ព។ អាត្មាប្រគល់ជូនលោក ដើម្បីសុំអនុញ្ញាតអំពីសម្តេចព្រះសង្ឃនាយក។ កាលសម្តេចព្រះសង្ឃនាយកពុំព្រមអនុញ្ញាត, លោកក៍កាន់សៀវភៅនេះ ទៅជម្រាបលោក ឡឺរ៉េស៊ីដង់ត៍ ស៊ូប៉េរីយើរ (បារាំងសែស ជាប្រមុខនៃរដ្ឋការបារាំងនៅប្រទេសកម្ពុជា) ហើយលោកយកមកប្រគល់អោយអាត្មាវិញថាៈ សូមចាត់ការបោះពុម្ពចុះ។ អាត្មាអោយបោះពុម្ព ៥០០០ក្បាល ចេញថ្លៃខ្លួនឯង ១០០០ក្បាល, សម្តេចព្រះសង្ឃរាជ ជួន ណាត កាលនៅជាព្រះគ្រូសង្ឃសត្ថា យក ១០០០ក្បាល, លោកគ្រូវិមលប្បញ្ញា យក ១០០០ក្បាល, លោកមហាឥស្សរា យក ១០០០ក្បាល, សម្តេច ល្វី ឯម កាលលោកនៅជាព្រះញាណបវរវិជ្ជា យកប៉ុន្មានរយក្បាល ដើម្បីចែកក្នុងពិធីបុណ្យខ្លះ ចែកមិត្តភក្តិរៀនសូត្រខ្លះ។ លោកគ្រូព្រះញាណបវរវិជ្ជា ល្វី ឯម យកទៅថ្វាយព្រះអង្គម្ចាស់ មុនីវង្ស ខ្លះព្រមទាំងពន្យល់សេចក្តីថ្វាយសព្វគ្រប់ផង។
លោកគ្រូអាចារ្យ បាន នៅវត្តកោះសុទិន និងលោកគ្រូអាចារ្យ គល់ នៅស្វាយរៀង អោយនេនឃ្លុំផង ជាអ្នកទេសនាផង និយាយផង តាមទំនងសៀវភៅនេះ នាំអោយស្រកៀរត្រចៀកនៃអ្នកបួសតាមទំនៀមទម្លាប់ ថែមទាំងមានការអោយដៃ ពីភ្នំពេញទៅខ្លះផង ក៏បុព្វជិតខេត្តក្រៅទាំងអស់ស្ទើរគ្រប់វត្ត ធ្វើពាក្យប្តឹងចោទប្រកាន់ពីលោកអ្នកធ្វើសៀវភៅ សាមណេរវិន័យ នេះថាៈ
- លោកទាំង ៣អង្គនេះ បដិសេធគម្ពីរសម្រាយខ្មែរបូរាណថា សុទ្ធតែខុសប្រើការពុំបាន, អម្បាលគម្ពីរមហាជាតក ក៏គេបដិសេធថាខុសដែរ។
- លោកទាំង ៣អង្គនេះ ដៀលត្មះអ្នកបួសមុនៗ ថាពុំត្រឹមត្រូវ ព្រោះបួសនេន ឥតសុំនិស្ស័យ។
- លោកទាំង ៣អង្គនេះ ធ្វើអោយលោកនេន និងលោកភិក្ខុ ច្រឡំគ្នាអស់។
កំហុសឆ្គងខាងលើនេះ សូមជំនុំសង្ឃជាន់ខ្ពស់ ផ្សឹក និងបណ្តេញលោកទាំង ៣អង្គនេះចេញពីវត្ត…។
ព្រះគ្រូសង្ឃសត្ថា ជួន ណាត, ព្រះគ្រូសង្ឃវិជ្ជា ហូត តាត, និងព្រះគ្រូវិមលប្បញ្ញា អ៊ុម ស៊ូរ ដែលបានតាក់តែងសៀវភៅ សាមណេរវិន័យ ធ្វើអោយក្រុមសង្ឃអភិរក្សមិនពេញចិត្ត រួចបានជំនុំសង្ឃជាន់ខ្ពស់ បំរុងចាប់ផ្សឹកព្រះគ្រូទាំង ៣អង្គនេះ ដើម្បីបណ្តាញចេញពីវត្ត នៅក្នុង គ.ស ១៩១៧… (រូបថតព្រះឆាយាលក្ខណ៍ របស់គេហទំព័រវត្តខេមររតនារាម)
(នៅមានតទៅ…វគ្គ៥)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024