វគ្គ២
ពិសាខ ឆ្នាំច សម្រិទ្ធិស័ក ព.ស ២៤៤០ ត្រូវនឹងខែឧសភា គ.ស ១៨៩៧ នៅវត្តពោល្យំ សព្វថ្ងៃហៅវត្តពោធិព្រឹក្ស សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានលោកគ្រូម៉ា កេត ចៅអធិការវត្តនេះ ជាព្រះឧបជ្ឈាយ៍ ហើយសិក្សាបាលីព្រះត្រៃបិដក ក្នុងសំណាក់លោកគ្រូព្រះឧបជ្ឈាយ៍នេះបានពីរឆ្នាំ។
ព្រះគ្រូ ម៉ា កេត
រូបភាព
លុះដល់ ព.ស ២៤៤២ គ.ស ១៨៩៩ សាមណេរ ណាត និងកុមារ នុត បានលាមាតាបិតាមកនៅភ្នំពេញ តែមាតាបានឃាត់។ លោកទាំងពីរក៏ពណ៌នាផលនៃចំណេះវិជ្ជាជូនមាតាស្តាប់។ មាតាប្រាប់ថា៖ បើកូនទៅជួញប្រែ មួយខែចំណេញមួយពាន់រៀល ក៍ម្តាយមិនអោយទៅដែរ, ប៉ុន្តែកូនទៅរៀន ម្តាយមិនហ៊ានឃាត់អោយដាច់អហង្ការទេ។
សាមណេរ ណាត បានទទួលសម្តីប៉ុណ្ណោះ ក៏អោយញោមប្រុសជូនមកភ្នំពេញ។
លោកតា ជួន ទឹមរទេះគោ ជូនកូនទាំងពីរមកដល់ភ្នំពេញ ចូលទៅផ្ទះលោកគ្រូអាចារ្យ ភឹង ហាស់ (ដែលតមកបានជាឧកញ៉ាសុធម្មមេធា) ជាញាតិទាក់ទងពីភូមិភ្នំបាត-ពពែជ្រៃលាស់។ លោកតាអាចារ្យ ភឹង ហាស់ គិតរកកន្លែងអោយក្មួយទាំងពីររៀន។ លោករកបានកន្លែងនៅកុដិលោកគ្រូ ព្រះគ្រូ សោ ខាងជើងព្រះវិហារនៃវត្តឧណ្ណាលោម។ លោកគ្រូ ព្រះគ្រូ សោ បង្រៀនកុមារ នុត ខាងវិជ្ជាផ្លូវលោក ដើម្បីនឹងអោយធ្វើមន្រ្តី, បានអោយសាមណេរ ណាត រៀនប្រែគម្ពីរបាលីក្នុងសំណាក់លោកគ្រូអាចារ្យ ភឹង ហាស់ ។ តមក លោកគ្រូ ព្រះគ្រូ សោ បាននាំយកកុមារ នុត ទៅថ្វាយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ដើម្បីទ្រង់ប្រើប្រាស់ផ្ទាល់ព្រះអង្គ ក្នុងព្រះរាជដំណាក់(ជិតវត្តលង្កា)។ កុមារ នុត ទទួលភារៈខាងសរសេរថ្វាយ ហើយសូមព្រះរាជឳកាសរៀនអក្សរបារាំងផង។ ក្នុងឆ្នាំ…(អត់ចាំ) ព្រះអង្គម្ចាស់ មុនីវង្ស ទ្រង់ស្តេចទៅស្រុកបារាំង ទុកយុវជន ជួន នុត អោយនៅចាំព្រះរាជដំណាក់ ទ្រង់អនុញ្ញាតអោយយកគ្រូបារាំងមកបង្រៀនផង។
ចំណែកខាងសាមណេរ ជួន ណាត ខំសិក្សាបាលីព្រះត្រៃបិដក ក្នុងសំណាក់លោកអាចារ្យ ភឹង ហាស់, លោកអ្នកឧកញ៉ាសុធម្មប្រីជា កង, លោកគ្រូអាចារ្យ រ៉ត ។ ដល់បានព្រះជន្មាយុ ២១ឆ្នាំ នៅថ្ងៃ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៤៤៧ ត្រូវនឹងខែ មិថុនា គ.ស ១៩០៤ លោកបានទៅសូមបំពេញឧបសម្បទាជាភិក្ខុនៅវត្តពោធិព្រឹក្ស ជាវត្តដើម មានព្រះតេជព្រះគុណព្រះពុទ្ធឃោសាចារ្យ ម៉ា កេត(1) (សុវណ្ណប្បញ្ញោ) ជាព្រះឧបជ្ឃាយ៍, ព្រះតេជព្រះគុណ កែ ម៉ម (មិស្សនាគា) និងព្រះតេជព្រះគុណ អ៊ិន ខឹម (តិភ្ខប្បញ្ញោ) ជាឧបសម្បទាចារ្យ។ ភិក្ខុ ជួន ណាត បានទទួលនាមបញ្ញត្តិថា ជោតញ្ញាណោ ។ បានបួសជាភិក្ខុហើយ ត្រឡប់មកគង់នៅវត្តឧណ្ណាលោមវិញ ខំបន្តការសិក្សាគម្ពីរបាលីឥតមានការធុញទ្រាន់ បានសិក្សាមូល(វេយ្យាករណ៍បាលី) ក្នុងសំណាក់លោកអ្នកឧកញ៉ាសុធម្មមេធា អ៊ុង ទៀត បានជាអ្នកចេះដឹងគ្រាន់បើ ផ្សំទាំងវោហារការនិយាយស្តី ជាធម្មជាតិមានពីកំណើតស្រាប់ផង ក៏ភិក្ខុ ជួន ណាត បានជាទីរាប់អាននៃសហធម្មិក (ភិក្ខុសាមណេរដែលត្រូវការដោយធម៌ជាមួយគ្នា)។ ទាំងឧបាសក ឧបាសិកា ក៏ចូលចិត្តស្តាប់ធម៌អាថ៌ដែលភិក្ខុ ជួន ណាត សម្តែង។ ឧបាសកជាញាតិខ្លះ ដូចលោកអ្នកឧកញ៉ាមន្រ្តីរាជឫទ្ធិ យក់ ជាដើម ក៏ទទួលស្គាល់ថាជាអ្នកចេះ ហើយបានរៀបចង្ហាន់ប្រគេនឆាន់ រាល់ថ្ងៃតរៀងមក។
ក្នុងឆ្នាំ ១៩០៦ ភិក្ខុ ជួន ណាត មានអាពាធជាទម្ងន់ គឺរោគពិសក្តៅ ជាហេតុនាំអោយអ្នករាប់អាន ភ័យច្រួលច្របល់។ កាលនោះមានភិក្ខុមួយអង្គព្រះនាម ខេង គ្រាន់តែស្គាល់គ្នា ឥតជាប់ជាសាច់សាលោហិតទេ ទទួលខ្លួនទៅជំរាបលោកតា ជួន ឯភូមិកំរៀង ដោយមានពុទ្ធដីកាថា៖ ផ្លូវគេដើរមួយថ្ងៃ ខ្ញុំនឹងដើរតែមួយល្ងាចអោយដល់ បើដាច់ខ្យល់ស្លាប់ ក៏ស្លាប់ខ្ញុំចុះ កុំអោយស្លាប់លោកអាចារ្យ ណាត ។
លោកតា ជួន ទទួលដំណឹងហើយថា កូនខ្ញុំមិនស្លាប់ទេ។ ព្រឹកឡើង លោកយាយយក់ វេចបាយកញ្ចប់ប្រគេនលោកត្រឡប់មកភ្នំពេញវិញ។ លោកគ្រូ ខេង ត្រឡប់មកភ្លេចឆាន់បាយកញ្ចប់ អត់ចង្ហាន់មួយព្រឹក រហូតដល់ភ្នំពេញបាននឹកឃើញ។
ប៉ុន្មានថ្ងៃកន្លងមក គ្រាដែលជាចាករោគហើយ ភិក្ខុ ជួន ណាត ឆ្លៀតរៀនអក្សរភាសាសៀម អំពើលោកតា រើក ដរាបដល់ចេះសរសេរ ចេះនិយាយដូចសៀមសុទ្ធ ហើយគ្រាក្រោយមក ឆ្លៀតរៀនអក្សរ ភាសាបារាំងអំពីលោក ជួន នុត ជាប្អូនបង្កើតផង(2) ។
តមកព្រះភិក្ខុ ជួន ណាត និងព្រះភិក្ខុ ហួត តាត បានបន្តវិជ្ជាបារាំងអំពីលោកគ្រូ ឡាំ អ៊ុម និងលោក ប៉ូលិសេ ជាបារាំងសែស ជាចាងហ្វាងសាលា ឌូដារដឺឡាគ្រេ ទៀត។ ឆ្លៀតរៀនសំស្រ្កឹតអំពីក្លឹង្គឈ្មោះ ឧទម្ពៃ ដរាបដល់ចេះសរសេរ អានអក្សរទេវនាគរី ជាហេតុអោយផលដល់អនាគត បានទៅបន្តវិជ្ជានេះឯក្រុងហាណូយទៀត។
ឆ្នាំ ១៩០៨ លោកតា ជួន លោកយាយ យក់ តាមកូនទាំងពីរមកនៅភ្នំពេញ, នៅជាមួយលោក ជួន នុត អ្នកស្រី ព្រហ្ម ឳក ដែលតាំងលំនៅ នៅខាងអគ្នេយ៍វត្តសារាវ័ន ត្រង់កាច់ជ្រុងវិថីព្រះយុគន្ធរ និងមឃវ័ន គឺត្រង់គេហដ្ឋានសម្តេចជហ្វា ប៉ែន នុត សព្វថ្ងៃ។ តមក លោក ជួន នុត អ្នកស្រី ព្រហ្ម ឳក បានសង់ផ្ទះថ្មីនៅបឹងរាំងប្របវត្តលង្ការ ក៏នាំគ្នាទាំងអស់ទៅនៅផ្ទះថ្មីនោះជាប់រហូត។
ឧកញ៉ាសោភ័ណមន្រ្តី ជួន នុត
រូបភាព
មកដល់ថ្ងៃព្រហស្បត៏ ១១កើត ខែស្រាពណ៍ ឆ្នាំខាលអដ្ឋស័ក ព.ស ២៤៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែសីហា ឆ្នាំ១៩២៦ លោកយាយ យក់ ទទួលអនិច្ចកម្មទៅក្នុងកំណត់ជន្មាយុ ៧៥ឆ្នាំ។ កន្លងមក ៤ឆ្នាំ គឺនៅថ្ងៃសៅរ៍ ១០កើត ខែជេស្ឋ ឆ្នាំមមីទោស័ក ព.ស ២៤៧៣ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ១៩៣០ លោកតា ព្រហ្ម ជួន ទទួលអនិច្ចកម្មទៀត ក្នុងកំណត់ជន្មាយុ ៧៩ឆ្នាំ។ តមក ៤ឆ្នាំបន្ទាប់ទៀត គឺក្នុងឆ្នាំ ១៩៣៤ លោកយាយ គំ ម្តាយក្មេកលោក ជួន នុត ក៍ទទួលអនិច្ចកម្មទៀត អាយុ ៧៨ឆ្នាំ។ អដ្ឋិធាតុនៃជនទាំងបីរូបនេះ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត និងលោក ជួន នុត បានសាងចេតិយមួយ មានកំពូល ៤ ប្របមាត់ស្ទឹង ក្នុងវត្តពោធិព្រឹក្ស បញ្ចុះទុក, បានជាវដីប្របមាត់ស្ទឹងនោះ ផ្នែកខាងស្រុកគងពិសី បញ្ចូលមកជាដីវត្តពោធិព្រឹក្សទៀត។ ប្របចេតិយនោះ ម្ខាងជាដីស្រុកកណ្តាលស្ទឹង ម្ខាងទៀតជាដីស្រុកគងពិសី។
រូបភាពទាក់ទងនិងអត្ថបទនេះ
(នៅមានតទៅ…វគ្គ៣)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
👇កំណត់សម្គាល់លេខយោងៈ
- ព្រះករុណាព្រះបាទសម្តេចព្រះមុនីវង្ស ទ្រង់និមន្តព្រះតេជព្រះគុណអង្គនេះ ទៅធ្វើចៅអធិការវត្តវិហារសួគ៌។ ឯវត្តពោធិព្រឹក្ស បានលោកគ្រូសូត្រ ម៉ម ជាចៅអធិការតមក។ ↩︎
- សម្តេចព្រះសង្ឃនាយកព្រះនាម ហួត តាត បានថ្លែងបាឋកថាមួយ ក្នុងគ្រាបូជាសពអ្នកឧកញ៉ាសោភ័ណមន្ត្រី ជួន នុត ថា៖ លោកឧកញ៉ា ជួន នុត ជាគ្រូផ្ទាល់របស់អាត្មាក្នុងការសិក្សាអក្សរ ភាសាបារាំង ព្រោះគ្រាដែលលោកធ្វើលេខាធិការក្នុងក្រសួងសាធារណការ ដល់ពេលចេញពីការិយាល័យ លោកតែងចូលមកបង្រៀនសម្តេចជាបង និងអាត្មានេះផង ដែលក្នុងជំនាន់នោះ មានលោកសង្ឃតែពីររូបប៉ុណ្ណោះ រៀនបារាំងមុនគេ (សង្កថានេះ លោក ចាប បិន បានដាក់ក្នុងទស្សនាវដ្តី កម្ពុជសុរិយា)។ ↩︎
🔸Last Updated កំណែចុងក្រោយ on August 10, 2024