វគ្គ១២
តាំងពីព្រះអង្គបានទទួលព្រះឋានៈជាសម្តេចព្រះសង្ឃរាជមក ទ្រង់មានព្រះរាជករណីកិច្ចកាន់តែមមាញឹកឡើង គឺព្រះអង្គទ្រង់ប្រឹងខាងការស្ថាបនាសមិទ្ធិផលផ្សេងៗ ជាពិសេសគឺ មហាស្រះ ជិតមន្ទីរពេទ្យ ក្នុងសង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្តេចព្រះសង្ឃរាជជាអម្ចាស់ ទ្រង់បានជាវដីមួយមួយកន្លែងដើម្បីស្ថាបនាមហាស្រះមួយដ៏ធំ មានបណ្តោយប្រវែង ៨០០ម ទទឹង ៥០០ម ។ ទ្រង់បានផ្តើមជីកមហាស្រះនេះ តាំងពីឆ្នាំ១៩៦៧ ដោយពឹងផ្អែកលើសាលាខេត្តគំពង់ស្ពឺ រហូតមកដល់ឆ្នាំ១៩៦៩ នេះ ទើបសម្តេចព្រះប្រមុខរដ្ឋ ព្រះបាទនរោត្តម សីហនុ ទ្រង់ត្រាស់ព្រះរាជបញ្ជាទៅលោកអនុរដ្ឋលេខាធិការ ប៉ាវ អ៊ិត អោយរកគ្រឿងចក្រ មានត្រាក់ទ័រជាដើម បានចំនួនច្រើនគ្រឿង ទៅជីកបង្ហើយមហាស្រះនោះ។ មិនតែប៉ុណ្ណោះ ឯកឧត្តម រឿម សុផុន ក៏បានចាត់លោក និន នេរ៉ុម ឲ្យទៅជួយដែរ ទើបមហាស្រះនោះ បានការល្មមតម្កល់ទឹកទុកបានខួបប្រាំងខួបវស្សា។ ក្នុងវស្សានរដូវឆ្នាំ១៩៦៩ កន្លែងដែលជ្រៅជាងគេ មានទឹកជម្រៅ ៤ម, ឯកន្លែងដែលរាក់ជាងគេ មានទឹកជម្រៅពី ២ម-៣ម ។ លោក ប៉ាវ អ៊ិត បានចាត់អោយចាក់គ្រួសក្រហមលើខ្នងផ្លូវព័ទ្ធជុំវិញមហាស្រះនោះ ព្រមទាំងនាំពូជឫស្សីដើមធំៗ ពីខេត្តកំពង់ចាម មកដាំជុំវិញមហាស្រះផង, ប៉ុន្តែឫស្សីនេះប្រហែលមិនរស់ទេ ព្រោះដីត្រង់កន្លែងនោះ សម្តេចធ្លាប់យកពូជឫស្សីពីខេត្តក្រចេះ មកដាំពុំរស់ទៅហើយ។
ក្នុងគ្រាសម្តេចទៅគង់ទំនុកបំរុងបាយទឹក ដល់ពួកអ្នកជីកមហាស្រះនោះអស់រយៈពេល ៧ខែ ទ្រង់ចាត់ឲ្យធ្វើអាគារមួយខ្នងជូនរាជការ ជាសាលាសង្កាត់រកាកោះ ហើយមួយខ្នងទៀតជាសាលាសម្នាក់ ជិតៗគ្នានឹងសាលាសម្នាក់មុនៗ…។
ឯសមិទ្ធិផ្នែកខាងពុទ្ធសាសនា មិនត្រឹងតែវត្តឧណ្ណាលោមទេ វត្តឯទៀតៗ ក៏សម្តេចខំប្រឹងកសាងដែរ ដូចជា៖
- វិហារបេតុងអារម៉េមួយ ក្នុងវត្តកន្សែងសម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
- កសាងបន្ថែមនូវទីសេនាសនៈ ព្រមទាំងតុបតែងលម្អវត្តជោតញ្ញាណ ក្រុងព្រះសីហនុ។
- បានឧបត្ថម្ភក្នុងការកសាងវត្តនារាយណ៍មួយទាំងមូល នៅជិតភ្នំនារាយណ៍ ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត។
- កសាងវត្តមុនីរង្សី (ហៅវត្តឃ្លាំង) ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
- កសាងវត្តជោតញ្ញាណ ក្នុងខេត្តកោះកុង។
- វិហារមួយខ្នង នៅក្នុងបរិវេណមន្ទីរពេទ្យព្រះសង្ឃ ដែលមានគហបតី តាន់ ហុងអាន ជាអ្នកបរិច្ចាគប្រាក់កសាង។
ផ្នែកខាងធម្មវិន័យ ក៏សម្តេចខំប្រឹងប្រែងណាស់គឺ៖
- ទ្រង់បានដឹកនាំអោយតាំងសាលាធម្មវិន័យ មានថ្នាក់ត្រី ទោ ឯក ស្ទើរគ្រប់វត្ត ក្នុងប្រទេសកម្ពុជា។
- សម្តេចបានបង្កើតការអប់រំកុមារ សិស្សវត្តឧណ្ណាលោម ដោយការឲ្យប្រជុំរាល់សប្តាហ៍ ក្នុងព្រះវិហារថ្នាក់ក្រោមបំផុត។
- អនុសំវច្ឆរមហាសន្និបាត (ការប្រជុំមន្រ្តីសង្ឃនៅរាជធានី និងខេត្តក្រៅមួយឆ្នាំម្តង) ក្នុងវត្តឧណ្ណាលោម ដែលពីដើមធ្លាប់ប្រជុំ ៣ថ្ងៃ ឡើងមក ៥ថ្ងៃ រួចឡើងរហូតដល់ ៧យប់ ៧ថ្ងៃ ដើម្បីទ្រង់បានឳកាសពន្យល់ធម៌វិន័យ ព្រះរាជដំបូន្មាន ព្រមទាំងពន្យល់របៀបធ្វើការមានរបៀបដូចៗគ្នា។ ទាំងថ្ងៃទាំងយប់នៃអនុសំវច្ឆរមហាសន្និបាតម្តងៗ ឮតែព្រះសូរសៀងកកោកតាមឧឃោសនស័ព្ទ ដែលមានព្រះសង្ឃទាំងពាន់ៗ ចាំស្តាប់មិនចេះឆ្អែតឆ្អន់។ ព្រះអង្គឥតធុញទ្រាន់ក្នុងការនេះសោះ ព្រមទាំងឥតត្អូញថា អស់ព្រះកាយពលឡើយ។ ព្រះជន្ម ៨៦ឆ្នាំហើយ ប៉ុន្តែព្រះសូរសៀងនៅក្អេង ច្បាស់ទែងដូចជាស្ថិតក្នុងមជ្ឈិមវ័យ។
- ការនិពន្ធសៀវភៅធម៌វិន័យ សុទ្ធតែទ្រង់សរសេរផ្ទាល់ព្រះហស្ថរបស់ព្រះអង្គ បានសៀវភៅច្រើនក្បាលជាងកាលទ្រង់ឋិតនៅក្នុងមជ្ឈិមវ័យទៅទៀត។
- ការពន្យល់អក្សរសាស្រ្ត ក៏ទ្រង់ខំប្រឹងណាស់ ស្តេចទ្រង់និមន្តទៅកាន់វិទ្យុជាតិរាល់ថ្ងៃពុធ ដើម្បីដោះស្រាយអក្សរសាស្រ្ត តាមសំណួរដែលគេសួរដោយផ្ទាល់ក៏មាន គេផ្ញើសំណួរមកសមាគមអ្នកនិពន្ធខ្មែរក៏មាន ទ្រង់អាចដោះស្រាយផ្សាយតាមវិទ្យុជាតិ បំភ្លឺសាធារណជនទួទៅបានភ្លាមៗ ។
- ជាពិសេស សម្តេចព្រះសង្ឃរាជជាអម្ចាស់ ទ្រង់យកព្រះរាជហឫទ័យទុកដាក់ណាស់ចំពោះ វចនានុក្រមខ្មែរ ដែលជាស្នាព្រះហស្ថពីដើមរបស់ព្រះអង្គ គឺទ្រង់ខំរកពាក្យបំពេញបន្ថែមទៀត ទ្រង់ឆ្លៀតខំធ្វើការនេះទាំងយប់ទាំងថ្ងៃ ពុំសូវមានពេលផ្ទំសោះ ព្រះហស្ថមានដងប៉ាកាជាប់ជានិច្ចលើកលែងតែពេលផ្ទំស្កល់ និងពេលសោយព្រះស្ងោយចេញ, ក្រៅពីនេះ ទ្រង់គង់សរសេរលើក្រឡាព្រះបន្ទំទើសៗភ្លឺ ទើបីមានព្រះរាជដំណើរទៅតាមរថយន្តក្តី លើអាកាសយានក្តី ក៏ទ្រង់សរសេរដែរ គឺថា នឹកឃើញត្រង់ណា សរសេរត្រង់នោះ មិនបាច់មានតុកៅអីទេ ទល់គ្នានឹងថ្ងៃចាប់អាពាធក្នុងទីបំផុត ក៏ទ្រង់អាពាធដោយមានដងប៉ាកកាជាប់នឹងព្រះហស្ថដែរ។
(នៅមានតទៅ…វគ្គអវសានកថា)
មហាស្រះសម្តេចសង្ឃ នាពេលបច្ចុប្បន្ន នៅស្រែបន្ទាយ ឃុំរកាកោះ ដែលមានបណ្តោយ ៨០០ម ទទឹង ៥០០ម បានកសាងចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩…
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024