ព្រះរាជជីវប្រវត្តិ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ១១)

វគ្គ១១

ឆ្នាំ ១៩៦១-៦២ សម្តេច​បាន​ស្ថាបនា​ស្ពាន​បេតុង​អារម៉េ​ពីរ​អន្លើរ ត្រង់ព្រំ​វត្តពោធិព្រឹក្ស ហើយ​បាន​ស្ថាបនា​មន្ទីរ​ពេទ្យ​មួយ​ខ្នង ដោយ​បេតុង​អារម៉េប្រក់​ក្បឿង ឲ្យ​ឈ្មោះ​ថា គិលានដ្ឋាន ចម្រើន​សុខភាព ត្រង់​ភូមិ​ស្រែបន្ទាយ សង្កាត់​រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយ​មាន​ឈ្មោះ យ៉ា ប្រពន្ធ​ឈ្មោះ ប៊ូ បាន​ថ្វាយ​ដី។ អាគារ​នេះ​ស្តុកស្តម្ភ​ ប្រកប​ដោយ​សម្ភារៈ​គ្រប់​យ៉ាង​ឥត​ខ្វះ និង​មាន​កំពែង​ឥដ្ឋ​ព័ទ្ធ​ជុំវិញ ទទឹង ៥២ម បណ្តោយ ១០០ម ។ កំពែងឥដ្ឋ​នោះ មាន​សួន​ច្បារ​ជា​គ្រឿង​លម្អ​នៅ​ខាង​មុខ, មាន​ដំណាំ​គ្រឿង​គ្រៅ​តាំងពី​ស្លឹក​គ្រៃ ជី ម្ទេស​ជា​ដើម ដែល​ដាំ​ជា​សង្កាត់​ដូច​សួន​ច្បារ​ដែរ​ នៅ​ខាង​ក្រោយ, មាន​រោង​ដាក់​ជី​សម្រាប់​ដំណាំ​ផ្សេងៗ, មាន​អណ្តូង​ទឹក ព្រម​ទាំង​ស្នប់​បូម​គ្រប់​គ្រាន់។ ក្នុង​អាគារ​ធំ​ខ័ណ្ឌ​ជា​កន្លែង​សម្រាប់​គ្រូ​ពេទ្យ​ ព្រម​ទាំង​គ្រួសារ​ស្នាក់​នៅ មាន​គ្រែ មាន​ពូក មាន​តុកៅអី​ និង​ទូ​ដាក់​ឥវ៉ាន់​សម្រាប់​ក្រូពេទ្យ​ប្រើ​ប្រាស់។ ខណ្ឌ​មួយ​សង្កាត់​ទៀត សម្រាប់​គ្រូពេទ្យ​ព្យាបាល​ជម្ងឺ និង​មួយ​សង្កាត់​ទៀត សម្រាប់​គ្រូពេទ្យ​ពិនិត្យ​រោគ។ បន្ទប់​ទាំង​ពីរ​នេះ មាន​សម្ភារៈ​សម្រាប់​ពេទ្យ សម្រាប់​អ្នក​ជម្ងឺ​គ្រប់​គ្រាន់។ ផ្ទះ​បាយ​ មាន​បាស្សាំង​តម្កល់​ទឹកភ្លៀង​ពេល​លើ​ដំបូល។ ក្នុង​បន្ទប់​ចង្ក្រាន មាន​ចង្ក្រាន​ចានឆ្នាំង រហូត​ដល់​កន្ត្រង​ប្រហុក។

កាល​គិលានដ្ឋានចម្រើន​សុខភាព នេះ​ហើយ​ស្រេច សម្តេច​បាន​គ្រួស​កិន​ផ្លូវលំ​ចម្ងាយ ៣គ.ម ទល់​នឹង​ស្ពាន​បេតុងអារម៉េ​​ព្រំ​វត្តពោធិព្រឹក្ស ទ្រង់​បាន​អោយ​ជីក​អណ្តូង​មាន​ប្រដាប់​យោង​ទឹក ១៦​កន្លែង និង​អណ្តូង​ប្រើ​ស្នប់​បូម​ទឹក ៣កន្លែង រាប់​តាំង​ពី​ក្នុង​មន្ទីរ​ពេទ្យ​តាម​ផ្លូវ​គ្រួស​ក្រហម រហូត​ដល់​វត្ត​ពោធិព្រឹក្ស ហើយ​ទ្រង់​ធ្វើ​បុណ្យ​សម្ពោធ​ឆ្លង ១យប់ ១ថ្ងៃ គឺ​ចូល​បុណ្យ​នៅ​ថ្ងៃ ១០កើត ខែមេឃ ឆ្នាំ​ឆ្លូវ​ត្រីស័ក ព.ស ២៥០៤ គ.ស ១៩៦៣ ។​

តមកសម្តេចបានស្ថាបនាមន្ទីរពេទ្យឆ្មបមួយខ្នង​ទៀត ទន្ទឹមគ្នា​នឹង​អាគារមុន ហើយ​បាន​ស្ថាបនា​អាគារ​មួយ​ខ្នង​ទៀត​ដោយ​បេតុង​អាម៉េដែរ សម្រាប់ស្រ្តី​មាន​គក៌សម្នាក់។ បានស្ថាបនា​អាគារ​មួយ​ខ្នងទៀត​ ខាងជើង​ស្រះ​ទល់មុខ​នឹង​មន្ទីរ​ពេទ្យ​នេះ ឲ្យឈ្មោះ​ថា អាស្រមមនោរម្យ សម្រាប់បព្វជិត​​សម្នាក់, បាន​ដាំ​ផលព្រឹក្ស ដែល​បាន​ពូជ​ពី​ស្រុក​ផ្សេងៗចំនួន​ច្រើន​មុខ ជាប្រយោជន៍​ដល់​មន្ទីរ​ពេទ្យ​នេះ។

ក្នុង​គ្រា​ជា​មួយ​គ្នា​នេះ សម្តេច​បាន​ឧបត្ថម្ភ​លើក​ផ្លូវ​លំ​មួយ​ទៀត តអំពី​ផ្លូវ​មុន​ បែក​គ្នា​ពី​ត្រឹម​ព្រំ​ខាង​ត្បូង​នៃ​វត្ត​ពោធិព្រឹក្ស បត់​កាត់​មុខ​វត្ត​ទៅ​ជើង ចម្ងាយ ៣គ.ម ទៀត​ដល់​ស្ទឹង​ធំ។ ផ្លូវនេះ​ក៏បាន​ចាក់គ្រួស​ក្រម​ដោយ​អន្លើ​ដែរ។

ឆ្នាំ ១៩៦២ ដដែល សម្តេច​បានទទួល មេដាយមហាសិរីវឌ្ឍន៍ នៃព្រះរាជាណាចក្រ​កម្ពុជា។

ឆ្នាំ ១៩៦៣ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​​ប្រគេន​ព្រះ​ឋានៈសម្តេចជា សម្តេច​ព្រះសង្ឃរាជ​ថ្នាក់ទី១ ។ នៅ​ក្នុង​ឆ្នាំនោះ សម្តេច​ទ្រង់​និពន្ធ​ប្រវត្តិនៃវត្ត​ឧណ្ណាលោម។

ឆ្នាំ ១៩៦៣ ដដែល សមាគមអ្នកនិពន្ធ​ខ្មែរមានលោក ហ៊ែល ស៊ុំផា ជា​ប្រធាន និង​ក្រសួង​ឃោសនាការ​ជាតិ បាន​និមន្ត​​សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់ ទៅ​ធ្វើ​ការ​សម្ភាសន៍​​អក្សរសាស្រ្ត​រាល់ថ្ងៃ​ពុធ នៅ​បន្ទប់​វិទ្យុ​ជាតិ ក្រុងភ្នំពេញ ចាប់តាំង​ពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ១៩៦៣ ជាប់​រហូត​មក​ដល់ឆ្នាំ១៩៦៩ ជា​ទី​បំផុត ដែល​មាន​អ្នក​ស្នេហា​អក្សរ​សាស្រ្ត​ជាតិចូលស្តាប់ ចូល​ក្រាបបង្គំ​ទូល​សួរកកកុញ​ជានិច្ច។ ជា​ពិសេស​ មាន​សហជីវិន គុយ ឡូត ជា​អ្នក​បំរើ​ខ្ជាប់​ក្នុង​មុខ​ការ​នេះ រហូត​ដល់​អវសានកាល។​

ឆ្នាំ​ ១៩៦៤ សមាគមអ្នកនិពន្ធ​ខ្មែរ​បាន​ថ្វាយ​ព្រះ​ឋានៈ ចំពោះ​សម្តេច​ព្រះសង្ឃ​រាជ​ជាព្រះអគ្គ​និពន្ធ​អក្សរសាស្រ្ត​ខ្មែរ ។ ក្នុង​ឆ្នាំ​ដដែល​នេះ សម្តេច​បាន​ប្រែ​រៀបរៀង​សៀវភៅ ប្រជុំធម៌កិច្ច​វត្ត​ព្រឹក​ល្ងាច ហើយ​ទ្រង់​តែង​សៀវភៅ​ វរប្បសិទ្ធិគាថា មួយ​ទៀត ជា​គាថា​ប្រសិទ្ធិពរ​សម្រាប់​សូត្រ​ក្នុង​វត្តជោតញ្ញាណ​ ក្រុង​ព្រះសីហនុ មានសេចក្តី​ប្រែ​ជា​សម្រាយ​ផង។

ឆ្នាំ ១៩៦៥ សម្តេច​បាន​និពន្ធ​សៀវភៅ មានកថា សៀវភៅ អនុស្សរណធម៌ និង​សៀវ​ភៅ ឧបស្សយានិសង្ស, បានឧបត្ថម្ភ​សាលាសម្នាក់​មួយ ដោយ​បេតុង​អារម៉េ​សុទ្ធ នៅ​ត្រង់ជិត​ស្ទឹង​ធំ ​ចុង​ផ្លូវលំ​ដែល​បែក​ចូល​ទៅ​វត្តពោធិព្រឹក្ស។ សាលានេះ ឯកឧត្តមស៊ុម ហៀង ចំណាយ​ប្រាក់​កសាង ព្រម​ទាំង​បាន​ជាវ​សៀវភៅឧបស្សយានិសង្ស ដើម្បី​ចែក​ជា​ធម្មទាន​ក្នុង​ពិធី​បុណ្យ​ឆ្លង​សាលា​នេះ។​​​

ឆ្នាំ ១៩៦៦ សម្តេច​បាន​និពន្ធ​សៀវភៅ កម្មជារបស់​ខ្លួន​រាល់ប្រាណ និង​សៀវភៅពិធីច្រូចទឹក ។

ឆ្នាំ ១៩៦៧ សម្តេច​បាន​និពន្ធ​សៀវភៅ បឋមកឋិនសិក្ខាបទ ជាវិន័យ​ប្បញ្ញតិ្ត​ខាង​ការ​ប្រើ​ប្រាស់​ស្បង់​ចីពរសម្រាប់​ពួក​ភិក្ខុ។

នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៦៧ ដដែល ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ បណ្ឌិត​អក្សសាស្រ្ត ពេញលក្ខណៈ​អំពី​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ ក្នុង​នាម​មហា​វិទ្យា​ល័យ​អក្សរ​សាស្រ្ត និង​មនុស្សសាស្រ្ត នៃ​សកលវិទ្យាល័យ​ភូមិន្ទ ក្រុងភ្នំពេញ។

ក្នុង​ឆ្នាំដដែល​នេះ សម្តេច​បាន​ផ្តើម​កសាង​ឧបដ្ឋាន​សាលា​ក្នុង​វត្តឧណ្ណាលោម សំរាប់​ប្រើ​ក្នុង​ពេល​ប្រជុំ, ប្រគេន​ភត្តាហារ​នា​ឳកាស​បុណ្យទាន​ធំៗ និង​ភ្ជុំ​បិណ្ឌ។ ឧបដ្ឋាន​សាលា​នេះ គហបតី លី ស៊ុនងន, មហាឧបាសិកា តាន់ ស៊ីប៊ី, ប្រធាន​គណៈកម្មការ​វត្ត​​នេះចេញប្រាក់ ព្រមទាំង​ចាត់ការ​សាង​ដោយ​ខ្លួន​ឯង។

ឆ្នាំ ១៩៦៨ សម្តេច​បាន​និពន្វ​សៀវភៅ​វិន័យ​មួយ​ឈ្មោះ​ថា ចីវក្ខន្ធកៈពិស្តារ ជា​វិន័យ​ចែង​យ៉ាង​ច្បាស់​អំពី​ការកាត់ដេរ​ស្បង់ចីពរ ។

ឆ្នាំ ១៩៦៩ សម្តេច​បាន​និពន្ធ​សៀវភៅ វឌ្ឍកីសូករជាតក ជាជាតក​មួយ ​ទាក់ទង​នឹង​​ព្រះ​រាជ​ប្បវេណី​​  ពិធី​ធ្វើ​រាជា​ភិសេក​​ ក្នុង​​​ព្រះ​បរម​រាជវាំង។ សៀវភៅ​នេះ​ ជា​ស្នា​ព្រះ​ហស្ថ​យ៉ាង​ឯក ដែល​ទ្រង់​ប្រែ​ពី​បាលី ព្រាង​សេចក្តី​ពី​ខ្មែរ ដោយ​ព្រះ​លាយ​លក្ខណ៍​អក្សរ​ផ្ទាល់​ព្រះ​ហស្ថ​ជា​តួ​អក្សរ​ច្រៀង​ ពេញតួ​ទាំងអស់ ល្អ​គួរ​អោយ​សរសើរ ឥត​មាន​ជួស​ចម្លង​ជា​ពីរ​ច្បាប់​ទេ។

ក្នុង​ឆ្នាំ​នេះ ទ្រង់​ចាត់​អោយរុះ​កំពែង​ចាស់​នៃ​វត្តឧណ្ណាលោម ដើម្បី​ធ្វើ​ជា​ថ្មី​ឡើង​វិញ រចនា​ដោយ​កង់​ធម្មចក្រ និង​ក្លោង​ទ្វារគ្រប់​ច្រក​ទាំងអស់ រចនា​ដោយ​ក្បាច់​អង្គរ…។

ស្ពានបេតុងអារម៉េ
ស្ពានបេតុងអារម៉េ ឆ្លងពីភូមិរកាកោះ ទៅវត្តពោធិព្រឹក្ស ដែលបានសម្ពោធអោយប្រើប្រាស់​នៅ ព.ស ២៥០៤ គ.ស ១៩៦២

ស្ពានបេតុងអារម៉េ ឆ្លងពីភូមិរកាកោះ ទៅវត្តពោធិព្រឹក្ស ដែលបានសម្ពោធអោយប្រើប្រាស់​នៅ ព.ស ២៥០៤ គ.ស ១៩៦២

ផ្លូវលំប្រវែង ៣គ.ម
ផ្លូវលំប្រវែង ៣គ.ម ចូលពីភូមិកំរៀង ទៅវត្តពោធិព្រឹក្ស ដែលបានកសាង​ក្នុង ព.ស ២៥០៤ គ.ស ១៩៦២ ដែរ

ផ្លូវលំប្រវែង ៣គ.ម ចូលពីភូមិកំរៀង ទៅវត្តពោធិព្រឹក្ស ដែលបានកសាង​ក្នុង ព.ស ២៥០៤ គ.ស ១៩៦២ ដែរ

សាលាសំណាក់របស់សម្តេចសង្ឃ
សាលាសំណាក់របស់សម្តេចសង្ឃ ដែល​ជួយឧបត្ថម្ភ​ដោយ​ឯកឧត្តម ស៊ុម ហៀង កសាងឡើងក្នុង ព.ស ២៥០៧ គ.ស ១៩៦៥

សាលាសំណាក់របស់សម្តេចសង្ឃ ដែល​ជួយឧបត្ថម្ភ​ដោយ​ឯកឧត្តម ស៊ុម ហៀង កសាងឡើងក្នុង ព.ស ២៥០៧ គ.ស ១៩៦៥

(នៅមានតទៅ…១២)

ប្រភពអត្ថបទៈ ខេមរៈវប្បធម៌

ព្រលឹងជាតិរស់ ប្រជារីករាយ

🔸Last Updated កំណែចុងក្រោយ on August 10, 2024