វគ្គ១០
ឆ្នាំ ១៩៥៦ សម្តេចបានកសាងវិហារថ្មីក្នុងវត្តឧណ្ណាលោម ដែលជាវិហារធំបំផុតជាងវិហារទាំងអស់ ក្នុងប្រទេសកម្ពុជា។ វិហារនោះមាន ៣ជាន់, មានមុខ ៤ និងមានកំពូលជាប្រាង្គក្បាច់អង្គរ។ ក្នុងជាន់នីមួយៗ មានសម្ភារៈគ្រប់គ្រាន់គឺៈ ជាន់ក្រោមមានតុ កៅអី សម្រាប់ប្រជុំ និងសិក្សា, ជាន់កណ្តាលសម្រាប់ធ្វើសង្ឃកម្ម ព្រមទាំងប្រជុំធ្វើបុណ្យ ស្តាប់ធម៌ទេសនា, ជាន់លើបំផុត សម្រាប់តម្កល់បូជនីយវត្ថុ មានព្រះពុទ្ធរូបបុរាណជាដើម។
ឆ្នាំ ១៩៥៦ ដដែល សម្តេចបាននិពន្ធសៀវភៅវិន័យមួយឲ្យឈ្មោះថា បព្វជ្ជូបសម្បទា ដើម្បីបោះពុម្ពចែកក្នុងពិធីបុណ្យ ពុទ្ធសតវត្សរ៍ ២៥០០ ឬ បុណ្យពាក់កណ្តាលសាសនា។
ឆ្នាំ ១៩៥៧ សម្តេចបានចាត់ការអស់ពីព្រះទ័យ ក្នុងការរៀបចំពិធីបុណ្យពុទ្ធសតវត្សរ៍ ២៥០០ ឬបុណ្យពាក់កណ្តាលសាសនា ព្រមទាំងបញ្ចុះព្រះសារីរិកធាតុ ឆ្លងព្រះសត្យមុនីចេតីយ៍ ក្នុងពេលនេះតែម្តង។ នេះគឺជាពិធីបុណ្យប្លែក គិតតាំងពីព្រះពុទ្ធបរមគ្រូទ្រង់ចូលបរិនិព្វានកន្លងទៅ ២៥០០ឆ្នាំហើយ ពុំដែលមានប្រទេសណាធ្វើបុណ្យនេះម្តងសោះ។ បុណ្យនេះ ក៏អស្ចារ្យណាស់ដែរ។
ឆ្នាំ ១៩៥៧ ដដែល រដ្ឋាភិបាលនៃសហភាពភូមា បានតម្លើងព្រះឋានៈសម្តេចជា ព្រះអភិធជមហារដ្ឋគរុ នៃសហភាពភូមា ដែលជាសមណសក្តិដ៏ខ្ពង់ខ្ពស់បំផុតក្នុងសហភាពភូមា។
ឆ្នាំ ១៩៥៩ ព្រះរាជរដ្ឋាភិបាលបានតែងតាំងសម្តេច ជាប្រធានគណៈប្រតិភូខ្មែរ និមន្តទៅកាន់ទីក្រុងជៈកត៌ា (ហ្សាការតា) និងក្រុងស៊ីម៉ារាំង (កោះជ្វា) ប្រទេសឥណ្ឌូណេស៊ី ដើម្បីរួបរួមក្នុងពិធីបុណ្យពិសាខបូជា ព.ស ២៥០២ ពិធីបញ្ចុះខណ្ឌសីមា និងពិធីសន្មត់រោងឧបោសថ ព្រមទាំងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រអ្នកប្រទេសនោះ ចំនួនបីរូបផង…។
ខាងក្រោមនេះ ជារូបថតពិធីបុណ្យ ពុទ្ធសតវត្សរ៍ ២៥០០ ឬ បុណ្យពាក់កណ្តាលសាសនា នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ១២-១៨ ខែឧសភា ឆ្នាំ១៩៥៧…
ព្រះបរមសារីរិកធាតុនៃព្រះសត្យមុនីគោតម ក្នុងកញ្ចានុកោដ្ឋនេះ ជាព្រះរាជទ្រព្យសម្តេចព្រះឧបយុវរាជ នរោត្តម សីហនុ ដែលជាតង្វាយនៃពុទ្ធសាសនិកអ្នកលង្កាទ្វីប។ គ្រានោះទ្រង់ប្រគេនផ្ទាល់ព្រះហស្ថសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ លើព្រះទីន័ងទេវាវិនិច្ឆ័យ ដើម្បីតម្កល់លើយានបុស្បុក ដង្ហែទៅកាន់សត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ បានតម្កល់ព្រះបរមសារីរិកធាតុលើព្រះរាជរថបុស្បុក ហើយក្បួនហែជាមហោឡារិក ក៏ចេញពីមុខព្រះបរមរាជវាំង កាត់តាមវិថីនានាក្នុងរាជធានី រហូតដល់ព្រះសត្យមុនីចេតីយ៍ ដែលមានរោងពិធីសុទ្ធតែជាអាគារឆើតៗ សណ្ឋានដូចព្រះវិហារល្អៗ គួរអោយកើតសទ្ធា និងសេចក្តីជ្រះថ្លា រំភើបក្នុងហឫទ័យនៃទស្សនិកជន។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)
នៅថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យ, ឯកឧត្តមមហាមន្រ្តី ញ៉ឹក នូ បានរំកិលលើកព្រះកាញ្ចានុកោដ្ឋព្រះបរមសារីរិកធាតុពីបុស្បុកវិចិត្រ ប្រគេនមកសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ។ សម្តេចទទួលទ្រចុះបាន ១កាំជណ្តើរ បានថ្វាយព្រះកាញ្ចានុកោដ្ឋនោះមក ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ។ ព្រះភូមិន្ទទ្រង់ទ្រស្ទួយចុះមក យាងដល់ព្រះសត្យមុនីចេតីយ៍ ទើបព្រះនរបតីប្រគល់ទៅសម្តេចព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ ។ សម្តេចព្រះឧបយុវរាជ ទ្រង់ទ្រឡើងតាមព្រះអឌ្ឍច័ណ្ឌ(ជណ្តើរ) ដ៏ខ្ពស់ ទៅតម្កល់ជាស្ថាពរព្ធដ៏ព្រះថែនក្នុងកំពូលនៃព្រះសត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៧)
(នៅមានតទៅ…វគ្គ១១)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024