ព្រះគុណសម្បត្តិនៃ​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត

ព្រះគុណសម្បត្តិ

ព្រះគុណ​សម្បត្តិ​នៃ​សម្តេច​ជា​អម្ចាស់ មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់​ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​​ចំពោះ​តែ​គោល​ធំៗ ដោយសង្ខេប​មាន ៥យ៉ាង​ដូច​សេចក្តី​រៀបរៀង​តទៅនេះ៖

  1. វីរិយភាពក្នុងការសិក្សា
  2. បដិភាណប្បញ្ញា (ប្រាជ្ញាវាងវៃ)
  3. វេសារជ្ជប្បញ្ញា (ប្រាជ្ញា​ក្លៀវក្លា​អង់អាច)
  4. ធម្មទេសនា​កោសល្យ (ភាពឈ្លាសវៃ​ក្នុងធម្មទេសនា)
  5. បណីតសកម្មភាព (សកម្មភាពដ៏ប្រសើរ)

អធិប្បាយពង្រីកសេចក្តី ចំពោះគុណសម្បត្តិនីមួយៗ

១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។

វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះ​ពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។ ​កិច្ចការ​ទាំងឡាយ​​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គ្រឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា ​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត។ ​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ក៏​ព្រះអង្គ​នៅ​តែ​ប្រឹង ព្រះអង្គ​មិន​​​ចេះ​ត្អូញត្អែរ​ឡើយ។

ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដីអាច​សម្រេច​​​ទៅ​បាន​ដោយ​កម្លាំងនៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។

សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះ​កាយ​ពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ ថ្ងៃមួយ សម្ដេច​ទ្រង់​​ផ្ទុំ​បាន​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។

ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។

២. បដិភាណប្បញ្ញា​ (បញ្ញា​វាងវៃ)

ប្រាជ្ញាសំដៅ​យក​ការ​ចេះ​ដឹង​យល់​ទូទៅ ឬ​ការ​យល់​ច្បាស់លាស់​ចំពោះ​ហេតុការណ៍​ផ្សេង​ៗ​តាម​ធម្មតា។ ដែល​លោក​ហៅ​ថា បដិភាណប្បញ្ញា នោះ សំដៅ​យក​ប្រាជ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ ហើយ​អាច​ឆ្លើយ​តប​វិញ​បាន​ភ្លាម មិន​បាច់​គិតគូរ​អស់​វេលា​យូរ​ទេ។ ប្រាជ្ញា​របស់​សម្ដេច​កើត​ឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទ​សួរ ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ក៏​អាច​ដឹង​ទាន់​ចាប់​ភ្លឹក​នឹក​ឃើញ ឆ្លើយ​វិញ​បាន​ភ្លាម ហាក់​ដូច​ជា​បាន​គូស​ដៅ​ទុក​យូរ​ហើយ។ ប្រាជ្ញា​ស្មារតី​រហ័ស​វាងវៃ ប្រកប​ដោយ​សមត្ថភាព ឆាប់​យល់​ហេតុការណ៍​គ្រប់​យ៉ាង ដែល​អាច​ដឹង​ទាន់​ភ្លាម​ៗ ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ ហៅ​ថាបដិភាណប្បញ្ញា ។

សម្ដេច​ព្រះសង្ឃរាជ មាន​បដិភាណប្បញ្ញា​នេះ​បរិបូណ៌​ណាស់ ដូច​យ៉ាង​សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ណា​មួយ ដែល​មាន​សមាជិក​ជាន់​ខ្ពស់ ហើយ​គេ​ត្រូវ​​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំបាច់ ដែល​ទាក់ទង​មក​លើ​សម្ដេច​ភ្លាម ទ្រង់​ក៏​អាច​ឆ្លើយ​ដោះស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ។

មួយទៀត ដូច​កាល​ដើម​រាជ្យ​នៃ ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ ប្រទេស​ខ្មែរ​ត្រូវ​ការ ​បទអង្គររាជ ។ បារាំង​គ្រូភ្លេង បាន​តែង​បទនេះ​ជាភាសា​បារាំង។ ព្រះបរមរាជវាំង ឲ្យពួក​កវី​ខ្មែរ​ប្រែ​អោយ​នៅ​សេចក្តី​ដូច​ដើម ហើយ​ឲ្យ​ត្រូវ​បទ​ភ្លេង​បារាំង​ទៀត។ គេ​ធ្វើ​ពុំកើត។ សម្តេច​ព្រះសង្ឃរាជ អាច​ធ្វើ​កើត​ក្នុង​រវាង​ ១យប់​នោះ។

៣. វេសារជ្ជប្បញ្ញា (បញ្ញា​អង់អាចក្លៀវក្លា)

ភាព ​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវក្លា​នេះ ជា​គុណ​សម្បត្តិ​មួយ​ដ៏​ប្រសើរ​របស់​មនុស្ស។ ប្រាជ្ញា​របស់​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង រាប់​ថា​ជា​ប្រាជ្ញា​មួយ​ដ៏​ខ្ពង់ខ្ពស់ អាច​ពោល​បាន​ថា សម្ដេច​មាន​វេសារជ្ជប្បញ្ញា​គ្រប់គ្រាន់ ព្រោះ​ព្រះអង្គ​ បាន​ទទួល​ព្រះ​កិត្តិនាម​ដ៏​ខ្ចរខ្ចាយ​ទៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ដូច​យ៉ាង​សម្ដេច​ទ្រង់​យ៉ាង​ទៅ​កាន់​ទី​ប្រជុំ​ធំ​ៗ​ក្នុង​ប្រទេស​ដទៃ​ ព្រះអង្គ​តែង​បន្លឺ​សីហនាទ ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ក្លៀវក្លា អង់អាច​ឥត​ញាប់ញ័រ​តក់ស្លុត​ចំពោះ​ទី​ប្រជុំ​នោះ​ឡើយ។ សម្តេច​ជា​បុរស​អាជានេយ្យ រកបាន​ដោយ​ក្រណាស់។

ប្រាជ្ញា​ដែល​ក្លៀវក្លា​អង់អាច ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ហៅ​ថាវេសារជ្ជប្បញ្ញា ។

៤. ធម្មទេសនាកោសល្យ (ការ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា)

សម្តេចព្រះសង្ឃរាជ ទ្រង់​មាន​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា ដោយ​គ្រប់គ្រាន់។ ធម្មទេសនា​នៃ​សម្តេច ប្រកប​ដោយ​ប្រយោជន៍​ទាំង​ផ្លូវលោក​ ទាំងផ្លូវ​ធម៌ អាចបំភ្លឺ​ពុទ្ធបរិស័ទ​ ប្រជា​ពលរដ្ឋ​ឲ្យយល់​ផ្លូវ​ខុស ផ្លូវ​ត្រូវ ឲ្យ​ជឿ​ជាក់​ចំពោះ​ជាតិ សាសនា និង​ព្រះ​រាជបល្ល័ង្គ។ ព្រះធម្មទេសនា នៃ​សម្តេច​ព្រះសង្ឃរាជ​ ទុក​ថា​ជា​មូល​ដ្ឋាន​មួយ​ដ៏​ស្តុក​ស្តម្ភ អាច​បំភ្លឺ​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ព្យាយាមសិក្សា ប្រតិបត្តិ​ធម៌​វិន័យ​ឲ្យ​មាំមួន ឲ្យ​មាន​ជំហររឹង​ប៉ឹង ឲ្យ​ប្រឹង​ប្រែង​ប្រកប​ការងារ កុំ​ឲ្យ​ខ្ជិល​ច្រអូស ឲ្យ​មាន​ធម៌​សាមគ្គី មូល​មិត្រ​ជា​ឯកភាព​ក្នុង​រវាង​ជាតិ សាសនា និង​ព្រះរាជបល្ល័ង្គ​របស់​យើង ដើម្បី​ឲ្យ​ខ្ពង់​ខ្ពស់ថ្កើង​រុងរឿង​តទៅ​អនាគត។ ធម្មទេសនានៃ​សម្តេច ឈ្មោះថាជាធម្មទេសនា​ទ្រោល​បំភ្លឺ​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ឲ្យ​យល់​ប្រយោជន៍​គ្រប់​យ៉ាង គឺ​ទាំង​ខាង​គុណសម្បត្តិ ទាំង​ខាង​គុណវិត្តិ, ជា​ធម្មទេសនា​ ប្រកប​ដោយ​មធ្យោបាយ​ដ៏​ប្រសើរ​វិសេស​ អាច​ដឹក​នាំ​បង្អុល​បង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត ហៅថា ជា​ព្រះធម្មទេសនាដាស់​ពុទ្ធបរិស័ទ ឲ្យ​ភ្ញាក់​ខ្លួន​ក្រោក​ឡើងប្រកប​ការងារ ដើម្បី​ឲ្យ​មាន​ជីវភាព​ខ្ពង់​ខ្ពស់ ឲ្យ​សម​គួរ​ដល់​កិត្តិយសរបស់​យើង​រាល់​គ្នា ជា​ប្រជាពលរដ្ឋនៃ​ប្រទេស​ឯករាជ្យ ឲ្យ​ចេះ​ឈឺ​ឆ្អាល​ស្រឡាញ់​ជាតិ សាសនា និង​ព្រះរាជបល្ល័ង្គ​របស់​យើង។

សម្ដេច​ព្រះសង្ឃរាជ មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌។ ធម្មទេសនា​របស់​សម្ដេច ​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឺតយោង ស្រោចស្រង់​ប្រជាពលរដ្ឋ ឲ្យ​មាន​សតិសម្បជញ្ញៈ​រឹងប៉ឹងបរិបូណ៌​ឡើង ​ទាំង​ផ្លូវ​ពុទ្ធចក្រ និង​ផ្លូវ​អាណាចក្រ ដើម្បី​ឲ្យ​ចក្រ​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើ​ៗ គ្នា។ ធម្មទេសនា​របស់​សម្ដេច ​គួរ​លើក​ថា ជា​ធម្មទេសនា​បើក​លោក គឺបើក​ភ្នែក​អ្នក​​ប្រទេស​កម្ពុជា​ទាំង​មូល ​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ស្វាង រុង​រឿង​ឡើង​ដោយ​ពិត, ជា​ធម្មទេសនា​ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ខ្លួន​ប្រាណ​ ចេះ​ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង។

សម្ដេច​ព្រះសង្ឃរាជ ជា​ព្រះធម្មកថិក​មួយ​ព្រះអង្គ​យ៉ាង​ឯក ពុំ​មាន​ព្រះធម្មកថិក​ណា​មួយ​ប្រៀប​ស្មើ​បាន​ឡើយ។ ធម្មទេសនា​នៃ​សម្តេច ប្រកប​ដោយ​ឧត្តម​គតិ​ទាំង​ពិរោះ​ក្បោះក្បាយ ​ប្រកប​ដោយ​ពាក្យ​ពេចន៍ ប្រយោគ​ ​ប្រធាន ​មាន​របៀប​រៀបរយ មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹមត្រូវ​ឥត​ឃ្លៀងឃ្លាត ភ្លាំង​ភ្លាត់​​ ​ដូច​សេចក្ដី​អធិប្បាយ​​នេះ​ហៅ​ថា ធម្មទេសនាកោសល្យ ។

៥. បណីត​សកម្មភាព (សកម្មភាព​ដ៏​ប្រសើរ)

ការងារ​របស់​សម្ដេច​ព្រអសង្ឃរាជ សុទ្ធ​តែ​ជា​ការងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុងឧត្ដម ចំពោះ​ពុទ្ធ​បរិស័ទ ពុំមាន​ការងារ​ណា​មួយ ដែល​ឥត​ប្រយោជន៍​នោះ​ទេ។

ទ្រង់​​បាន​ធ្វើ​បុណ្យ​ផ្សេង​ៗ ​ជា​ច្រើន​ដង​ណាស់ មាន​កឋិន​ទាន​ជា​ដើម ក្នុង​ឆ្នាំ​នីមួយ​ៗ ​បាន​ធ្វើ​កឋិន​២ ឬ​៣​វត្ត រៀង​រាល់​ឆ្នាំ ឥត​ដែល​ខាន​ឡើយ។ កិច្ចការ​របស់​សម្ដេច ​សុទ្ធ​តែ​មាន​គោលដៅ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ សេចក្ដី​ចម្រើន ទាំង​លោក​នេះ ទាំង​លោក​ខាង​មុខ​ ដោយ​ពិត​ប្រាកដ សឹង​មាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ក្នុង​ព្រះរាជ​ជីវ​ប្រវត្តិ​នេះ។

ព្រះមុនីកោសល សូរ-ហាយ
ព្រះមុនីកោសល សូរ ហាយ

សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ សង្គ្រោះ​ដល់​សាធារណជន​មិន​ត្បិតត្បៀត​ពេក​ឡើយ។ កិច្ចការ​ដែល​ចេះ​តែ​មាន ចេះ​តែ​ដើរ​ទៅ​មុខ មិន​ចេះ​ឈប់ មិន​ចេះ​គាំងនៅ ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ ហៅ​ថា បណីត​សកម្មភាព ។

ព្រះមុនីកោសល សូរ ហាយ

ប្រភពអត្ថបទៈ ខេមរៈវប្បធម៌

ព្រលឹងជាតិរស់ ប្រជារីករាយ

🔸Last Updated កំណែចុងក្រោយ on August 10, 2024