ជីវប្រវត្តិសង្ខេប ព្រឹទ្ធាចារ្យ គង់ ណៃ

ព្រឹទ្ធាចារ្យ គង់ ណៃ ជាតន្រ្តីករខ្មែរម្នាក់ មកពីខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា ដែលលេងភ្លេងបុរាណគឺចាប៉ីដងវែង។ លោកគង់ ណៃ ជាសិល្បៈករ ដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរមួយចំនួន ដែលបានរស់រានមានជីវិតពីសម័យ ខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថាជា រេ ឆាលស៍ (Ray Charles) នៃកម្ពុជា។ ព្រឹទ្ធាចារ្យមានគោរមងារថា «ជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ»។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ លើសពីនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ជាតន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ។

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ថិតក្នុងវ័យចន្លោះ ៤ ឆ្នាំ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។ ក្រោយមកលោក គង់ ណៃ បានចាប់ផ្តើមការសិក្សា អំពីចាប៉ីដងវែងនៅអាយុ ១៣ ឆ្នាំ។ មកពីគ្រួសារតន្រ្តីលោក គង់ ណៃ បានរៀនឧបករណ៍ប្រភេទនេះពីលោកឪពុកមារបស់លោកឈ្មោះ គង់ ទិត។ ក្នុងយុវវ័យរបស់លោក គង់ ណៃ ជារឿយៗប្រឈមមុខនឹងការសើចចំអកពីមិត្តភក្តិព្រោះតែពិការភាពរបស់គាត់។ ទោះយ៉ាងណា ជាជាងត្រូវបានគេមើលងាយដោយការរើសអើង គង់ណៃ បានស្វែងរកចំណេះជំនាញប្រាកដមួយជាប់នឹងខ្លួន ដើម្បីទទួលបានជីវិតឯករាជ្យមួយ និងការឱ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការចាប់ផ្តើមសិក្សាចាប៉ី គឺគ្រាដែលលោកមាន អាយុដប់ប្រាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ចំពោះការសម្ដែងផ្សេងៗ ជានិច្ចកាលព្រឹទ្ធាចារ្យ គង់ ណៃ សំដែងកំណាព្យបុរាណដូចជាកំណាព្យរបស់ ភីរម្យង៉ុយ ជាដើម។

នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។ បន្ទាប់មកក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជធានីភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។ ចំណែកក្នុងឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។ លើសពីនេះ ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ បន្ថែមពីនេះ ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។ ជាងនេះទៅទៀត នៅឆ្នាំ ២០០៧ លោកបានទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា«កោសល្យវោហារ គង់ណៃ»។ ហើយនៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈនិងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ គួរបញ្ជាក់ដែរថា ហើយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និង លោក អាំង ជូលាន

បន្ថែម – លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បានទទួលមរណៈភាពនៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះរបស់លោក ស្ថិតក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។

👉ប្រភព Source: DamreyNews

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).