នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន
ព្យញ្ជនៈខ្ជាក់ម្រឹគីម្រឹគា
បទកាកគតិ
| សម្បតិ្តធម្មជាតិ | សម្បូរព្រោងព្រាត | ជាតិជាម្រឹគា |
| ម្រឹគីតូចធំ | ជុំក្នុងព្រឹក្សា | ព្រៃស្រុកសីមា |
| ចាត់ជាជម្រក ។ | ||
| ខ្លះរស់ផ្ទាល់ដី | ខ្លះទៀតចេះច្នៃ | ធ្វើសំបុកជ្រក |
| ខ្លះរស់ក្នុងរន្ធ | ខ្លះអន់ស្មោកគ្រោក | ខ្លះចេះលៃលក |
| រស់យ៉ាងសង្ហា ។ | ||
| ខ្ញុំសូមរៀបរាប់ | រើសយកមកភ្ជាប់ | ជាប់តួអក្ខរា |
| ចារឆ្លាក់ខ្ជាក់ឈ្មោះ | អស់សព្វម្រឹគា | ម្រឹគីនានា១ |
| ទាំងស្រុកព្រៃភ្នំ ។ | ||
| ក មានក្របី | ឈ្លូសប្រើសក្តាន់ក្តី | ក្នុងព្រៃតូចធំ |
| កែសកាំប្រម៉ា | ត្រាទុកមួយដុំ | ក្រុមនេះមិនចំ |
| ម្រឹគីម្រឹគា ។ | ||
| ខ មានខ្លាធំ | ខ្លាតូចខ្លាឃ្មុំ | ខ្លាមាសលឿងផ្កា |
| ខ្លាត្រីរខិន | ដំបងផងណា | ខ្លាភ្ញីថ្មដា |
| ខ្លាខ្លោងខ្ទីងផង ។ | ||
| គ មានគោព្រៃ | គោស្រុកគោថ្លៃ | គោក្តាមគោខ្យង |
| គោកាត់គោបា | គោស្រង៉ែផង | គោឆ្មាត់គោគ្រោង |
| គោចំការស្រែ ។ | ||
| ឃ ឃើញតែឃ្មុំ | ស្រុកស្រែព្រៃភ្នំ | តូចធំហូរហែ |
| តែមិនមែនម្រឹគ | យប់ព្រឹកច្នៃកែ | ធ្វើឱសថខ្មែរ |
| ពូកែអស្ចារ្យ ។ | ||
| ង ងងឹតឈឹង | មិនមានដំណឹង | ដឹងនៅទីណា |
| ស្វះស្វែងរកដែរ | តែគ្មានសញ្ញា | ឬមួយមរណា |
| ផុតពូជសូន្យឈឹង ។ | ||
| ច មានចចក | ចង្ហិតចង្ហក | ចចកស្ទឹងបឹង |
| ចចកព្រៃភ្នំ | យប់យំរហឹង | ចុកជូក្រឡឹង |
| ចាប់សត្វហែកស៊ី ។ | ||
| ឆ មានឆ្កែឆ្មា | ឆ្កែព្រៃឆ្មាបា | ឆ្មាដាវឆ្មាញី |
| ឆ្មាទឹកឆ្មាគោក | ឆ្លកឆ្ការឆ្មារី | ឆ្មាសម្បុរពីរ |
| ចាញ់សម្បុរបី ។ | ||
| ជ មានជ្រូកស្រុក | ជ្រូកព្រៃជ្រៅស្តុក | ជ្រូកគោកទឹកក្តី |
| ជ្រូកព្រោនជ្រូកប្រែង | ជ្រូកបាសាឡី | ហៃណាំខ្លួនខ្លី |
| ជៀសជាំចុចពណ៌ ។ | ||
| ឈ មានឈ្លូសព្រៃ | ឈ្លូសយក្សធំក្រៃ | សព្វថ្ងៃក្រីក្រ |
| ឈ្មុសស្បូវឈ្មុសប្រែង | ឈ្មុសទេសទឹកល្អ | អប់ក្លិនបវរ |
| ល្អល្អះឥតទាស់ ។ | ||
| ញ មានរញី | ស្តាប់ដោយសំភី | មិនទំនងសោះ |
| ព្រោះមានលោក-រ | ឈរដើមបង្អស់ | តែរញីនោះ |
| ថ្នាំផ្លោះពូកែ ។ | ||
| ដ មានដំរី | ដេរដាសពេញដី | ស្រុកព្រៃហូរហែ |
| តែឥឡូវក្រ | កម្រឃើញដែរ | ព្រោះព្រានភ្លុកចែ |
| ប្រល័យច្នៃផល ។ | ||
| ឋ ឋិតឋានឆ្ងាយ | ហួសហារបរិយាយ | រាយរាប់ប្រាប់ដល់ |
| បងប្អូនញាតិមិត្រ | ឱ្យផុតចម្ងល់ | ទាស់តែត្រង់ទាល់ |
| មិនស្គាល់ថាបាន ។ | ||
| ឌ ដូចតែគ្នា | សួរសព្វដូនតា | សាច់សាសន្តាន |
| សួរសព្វកន្លែង | ស្វែងដឹងដើមដាន | បានត្រឹមខកខាន |
| មិនបានដូចប៉ង ។ | ||
| ឍ មាន ឍាមរា | បាលីភាសា | លោកប្រែថាហង្ស |
| មិនមែនម្រឹគទេ | សូមមេត្តាផង | នេះគ្រាន់ចងក្រង |
| សោះតែនឹងខាន ។ | ||
| ណ មានណូរី | មិនត្រូវពេញទី | ម្រឹគីតិច្ឆាន |
| ព្រោះជាបក្សី | ស្តីសោះតែខាន | សូមញាតិសន្តាន |
| ប្រោសប្រាណខន្តី ។ | ||
| ត មានតោសិង្ហ | តែសព្វថ្ងៃហ្នឹង | ស្រុកយើងក្រក្រី |
| នៅសល់តិចតួច | រួចពីប្រល័យ | នៃព្រានអប្រិយ |
| ប្រល័យគ្មានស្តាយ ។ | ||
| ថ ថាមិនត្រូវ | សួរសព្វម៉ែឳ | ញាតិមិត្តជិតឆ្ងាយ |
| មិនមានចម្លើយ | ឆ្លើយឆ្លងបរិយាយ | សូមញាតិទាំងឡាយ |
| អភ័យទោសផង ។ | ||
| ទ មានទន្សាយ | ទន្សោងទាំងឡាយ | ទ្រាយទោចទន្សង |
| ទន្សាយមានច្រើន | ស្លឹកផងគល់ផង | ទ្រាយទោចត្រសង |
| ត្រសុលរុលព្រៃ ។ | ||
| ធ ធីបសិនចុះ | សូមញាតិស្រីប្រុស | សន្តោសប្រណី |
| ចាំពេលរកឃើញ | ខ្មុំនឹងលកលៃ | ចារជូនជាថ្មី |
| ដោយក្តីជ្រះថ្លា ។ | ||
| ន ឃើញតែនាគ | តែសូមបញ្ជាក់ | នាគណូ២ម្រឹគា |
| នាគនោះជាល្មូន | មានរឹទ្ធិ៍ខ្លាំងក្លា | មិនមែនម្រឹគា |
| ម្រឹគីនោះឡើយ ។ | ||
| ប មានប្រើសព្រៃ | ប្រើសស្បូវក្រក្រៃ | ក្ស័យស្ទើរអស់ហើយ |
| ព្រោះព្រានអប្រិយ | ប្រល័យឥតស្បើយ | សូមបងប្អូនអើយ |
| ជួយថែរក្សា ។ | ||
| ផ មានផ្សោតទឹក | សណ្ឋានគួរភ្លឹក | នឹកគួរអនិច្ចា |
| ស្រដៀងនឹងមនុស្ស | ឈ្មោះជាមច្ឆា | មិនមែនម្រឹគា |
| សូមញាតិប្រណី ។ | ||
| ព មានពពែ | ពង្រូលមូរខ្វេរ | ពេលប៉ះពាល់អ្វី |
| ដើម្បីការពារ | គ្រាមានគ្រោះភ័យ | ពង្រូលលកលៃ |
| ច្នៃឥតភ្លេចភ្លឹក ។ | ||
| ភ មានតែភេ | មុជហែលហូរហែ | ហើបក្បែរមាត់ទឹក |
| មិនថាយប់ថ្ងៃ | ឬក៏ល្ងាចព្រឹក | មិនស្រពន់ស្ពឹក |
| ជួនទឹកជួនគោក ។ | ||
| ម មានរមាំង | រមាសកុយដាំង | ស្រដៀងនឹងជ្រូក |
| តែមានដុះកុយ | ឆ្ងុយនៅពីមុខ | ពោះធំទ្រយុក |
| ស្បែកគ្រើមក្រាសក្រៃ ។ | ||
| យ យក្ខយឹតអស់ | មិនមានសល់សោះ | ព្រោះយក្ខអប្រិយ |
| យឹតមិនមើលមុខ | យឹតយកឈ្នះដៃ | យឹតសព្វយប់ថ្ងៃ |
| យឹតឥតប្រណី ។ | ||
| រ មានរញី | រមាសពាសទី | រមាំងរាជសី |
| ឥឡូវរាវរោយ | សូមញាតិប្រុសស្រី | មេត្តាប្រណី |
| ជួយថែរក្សា ។ | ||
| ល ឮមានលា | គេប្រើពួកវា | គួរឱ្យអនិច្ចា |
| ដឹកអូសទំនិញ | ពេញលើបិដ្ឋា | កម្រមួយណា |
| បានរួចខ្លួនឡើយ ។ | ||
| វ ដូចជាវាក់ | វីរវរគេទាក់ | វាវាត់អស់ហើយ |
| បានជាវង្វេង | ព្រាត់កោះព្រាត់ត្រើយ | រកមិនឃើញឡើយ |
| ឬមួយមិនមាន ។ | ||
| ស មានសត្វសេះ | សំពោចស្វាក្រិស | ស្វាព្រាហ្មណ៍ស្វាហ៊ាន |
| សិង្ហតោរាជសីហ | ព្រៃស្រុកក៏មាន | ស្វារាប់សិបលាន |
| មានសព្វទីឋាន ។ | ||
| ហ ហាក់ហិនអស់ | នឹកគួរស្រណោះ | ដល់រឿងបុរាណ |
| ព្រះរាមព្រះលក្ខណ៍ | សេដាកល្យាណ | មានហនុមាន |
| ក្លាហានចំណាប់ ។ | ||
| ឡ មិនមានឡើយ | សួរសព្វឋានហើយ | ចម្លើយឆ្លើយប្រាប់ |
| ថាមិនដែលឮ | មានរស់ឬស្លាប់ | ឬមានក្នុងច្បាប់ |
| ក្បួនណាមួយសោះ ។ | ||
| អ ឮមានអូត | អង់អាចរហូត | តែដូចចន្លោះ |
| នៅក្នុងស្រុកយើង | មិនដែលឃើញសោះ | បានឮត្រឹមឈ្មោះ |
| រស់ដល់សព្វថ្ងៃ ។ | ||
| រៀបរាប់ម្រឹគា | រាយតាមអក្ខរា | ចារជូនខ្លីៗ |
| បើមានខុសឆ្គង | សូមទានប្រណី | សូមចប់សេចក្តី |
| ប៉ុណ្ណេះឯងហោង ៕ |
Footnotes
១- សូមបញ្ជាក់ថាៈ ឈ្មោះសត្វដែលមាននៅក្នុងអត្ថបទកំណាព្យនេះ មិនមែនសុទ្ធតែម្រឹគីម្រឹគាទាំងអស់នោះទេ, សូមមេត្តាអភ័យទោសផង!
២- ណូ មានន័យថា មិនមែន

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តខេមររតនារាម, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី







