ពលធម៌
ព្រះមហា យ៉ត-ទ្រលន់ វត្តលង្កា ក្រុងភ្នំពេញ
ព.ស. ២៤៩១ គ.ស.១៩៤៨
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូមមនស្សការថ្វាយបង្គំ នូវព្រះភគវន្ដមុនី អរហំសម្មាសម្ពុទ្ធ ព្រមទាំងព្រះធម៌ និង ព្រះអរិយសង្ឃ ។ ដោយអានុភាពនៃកិរិយាមនស្សការសូមឲ្យឧបទ្រពអន្ដរាយទាំងឡាយ វិនាសខ្ចាត់ខ្ជាយចេញទៅដោយឆាប់រហ័ស ។ តាមលំដាប់ពីពេល មុនៗមក មករបៀបនៃការសំដែងនូវធម្មទេសនានេះ ក៏តែងមានរៀងមកដល់ឥឡូវនេះឯង ។ ក្នុងពេលនេះត្រូវលើវេនអាត្មាភាពសំដែងតាមសមគួរដល់កាលវេលា ។ ធម៌ដែលនឹង លើកយកមកសំដែងក្នុងវេលានេះ គឹពលធម៌ “ធម៌ជាកំឡាំង” ដោយព្រះពុទ្ធភាសិតថាៈ
បញ្ចិមានិ ភិក្ខវេ ពលានិ, កតមានិ បញ្ច?
សទ្ធាពលំ វីរិយពលំ សតិពលំ សមាធិពលំ បញ្ញាពលន្ដិ ។
សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ កំឡាំងទាំងឡាយ៥ នេះ, កម្លាំង៥ នោះដូចម្តេចខ្លះ? កំឡាំងទាំង៥នោះគឺៈ
១- សទ្ធាពលំ = កម្លាំងគឺសទ្ធា
២- វិរិយពលំ = កម្លាំងគឺសេចក្ដីព្យាយាម
៣- សតិពលំ = កម្លាំងគឺសេចក្ដីរឭកបាន
៤- សមាធិពលំ = កម្លាំងគឺសេចក្ដីតាំងចិត្តមាំ
៥- បញ្ញាពលំ = កម្លាំងគឺសេចក្ដីដឹងឆ្លៀវឆ្លាត ។
ធម៌ទាំង៥ប្រការនេះ ហៅថា ឥន្រ្ទិយដូច្នេះក៏បាន ព្រោះជាធំក្នុងកិច្ចរបស់ខ្លួនទាំងអស់ ។ អធិប្បាយថាៈ ធម៌ទាំង៥ប្រការនេះ ហៅថា ពលៈ គឺជាកំលាំង សំដៅសេចក្ដីថា អ្នកបរិបូណ៌ដោយធម៌៥ ប្រការនេះហើយឈ្មោះថា ជាអ្នកមានកំឡាំងដ៏ក្រៃលែងជាងកំឡាំងទាំងអស់ អាចប្រកបការងារហួសវិស័យដែលមនុស្សគប្បីធ្វើបាន ឲ្យសម្រេចគ្រប់យ៉ាងតាមសេចក្ដីប្រាថ្នា ឧបមាដូចជាបុរសមានកំឡាំងច្រើន អាចលីឬសែងវត្ថុគ្រប់យ៉ាងបាន ។ សេចក្ដីនេះ គួរជ្រាបអធិប្បាយដោយលើកការងារផ្លូវគតិលោកឡើងសំដែងដូចតទៅនេះ ។ បុគ្គលដែលនឹងប្រកបការងារណាមួយក្រក្ដី ងាយក្ដីត្រូវអាស្រ័យសទ្ធា គឺសេចក្ដីជឿជាមុន គឺជឿក្នុងការងារនោះ ថាជាការដែលមានប្រយោជន៍ពិតៗ ជាការងារអាចនឹងហុចប្រយោជន៍ឲ្យដល់ខ្លួន សមនឹងដើមទុនធនធាន ព្រមតាំងជឿចិត្តខ្លួនក្នុងការងារដែលធ្វើថាៈ អាចនឹងធ្វើបាន ឯការងារដែលធ្វើទាំងអម្បាលម៉ាន តែងនាទៅឲ្យសម្រេចប្រយោជន៍ ទាំងផលដែលខ្លួនប្រាថ្នានោះ ខ្លួននឹងបានក៏ព្រោះការងារដែលធ្វើហ្នឹងឯង មិនមែនបានដោយផ្លូវដទៃឡើយ យ៉ាងនេះកំឡាំងចិត្ត ដែលធ្វើនោះ ក៏រមែងកើតឡើង កាលបើកំឡាំងចិត្តកើតឡើងហើយ តែងដឹកនាំឲ្យឲ្យប្រកបការងារនោះ ។ ដោយឥតមានបង្អែបង្អង់ តែគង់រួញរាបានដោយអំណាចនៃសេចក្ដីខ្ជិលច្រអូស ដែលចាំស្ទាក់ដំណើរឲ្យយឺតយូរ ធ្វើខ្លះមិនធ្វើខ្លះ ដោយអាងចាំវេលានេះ វេលានោះ ការងារនោះ នឹងសំរេចមិនបានឡើយ ។ ព្រោះហេតុនេះឯងធម៌ក្នុងលំដាប់ពីរបន្ទាប់អំពីសទ្ធាមក គឺសេចក្ដីព្យាយាម ទើបជាគុណដែលត្រូវប្រាថ្នាមួយទៀត ព្រោះជាគុណធម៌ ដែលជំរុញទាញនាចិត្តឲ្យប្រកបកិច្ចការ មិនឲ្យរួញរា អាចជួយទំនុកបំរុងតាំងចិត្តធ្វើដោយសេចក្ដីក្លាហានប្រឹងប្រែង ។ ធម្មតាបុគ្គលតាំងព្យាយាម ប្រឹងក្នុងការងារនោះៗ ហើយតែងជួបប្រទះ នឹងសេចក្ដីជំពាក់ទាក់ទាមក្នុងចន្លោះៗ ដែលជាធម្មតារបស់ការងារក្នុងលោក កាលបើជួបប្រទះនឹងសេចក្ដីទាក់ទាមបែបនោះហើយ បើមិនមានសតិគ្រប់គ្រងរក្សាចិត្តទេ ចិត្តក៏មិនគួរដល់ការងារ គឺតែងលះចោលការងារនោះ បានដោយងាយ មិនត្រិះរិះរកឧបាយ មិនគិតរកផ្លូវដែលបន្ទោបង់ កែកុនឲ្យឃ្លាតផុតចាកសេចក្ដីជំពាក់ទាក់ទាមនោះៗ ចេញឡើយ កាលបើដូច្នេះការងារនោះ ក៏មិនសម្រេច ។ ដោយហេតុនេះ ក្នុងលំដាប់ទី ៣ បន្ទាប់អំពីសេចក្ដីព្យាយាមមក ទើបត្រូវអាស្រ័យសតិផង ព្រោះសតិជាគុណធម៌គ្រប់គ្រងរក្សាចិត្ត ឲ្យប្រព្រឹត្តទៅតែក្នុងការងារនោះៗ ដាស់តឿនចិត្តមិនឲ្យរុញរា ក្នុងកាលដែលជួបប្រទះសេចក្ដីជំពាក់ទាក់ទាម អាចជំរុញពុះពារឲ្យអង់អាចក្នុងការងារដែលត្រូវធ្វើរកឧបាយក្នុងវិធីកែកុន មិនតែប៉ុណ្ណោះ សតិនេះជាគ្រឿងការពារឲ្យធ្វើការងារនោះៗ មិនឲ្យភ្លាំងទៅបាន ទាំងជាហេតុ ឲ្យកត់ចំណាំនឹងឲ្យរឭកបាននូវការងារ ដែលធ្វើតទៅខាងមុខផង រួមសេចក្ដីថា “សតិជាគ្រឿងធ្វើចិត្តឲ្យគួរដល់ការងារ” ។ ធម្មតាចិត្ត សូម្បីតាំងនៅក្នុងសេចក្ដីគ្រប់គ្រងរក្សានឹងសេចក្ដីទំនុកបំរុងគាំទ្ររបស់សតិក៏ពិតមែនហើយ តែជួនកាលសតិមិនអាចរក្សាចិត្តបាន ព្រោះចិត្តមានអំណាចច្រើនជាង ដល់វេលាល្អក៏ល្អ ដល់វេលាអាក្រក់កើតឡើងហើយ សតិក៏នៅជាសតិ មិនអាចរក្សាការពារចិត្តបានបើមិនដូច្នោះ សតិដែលជាអ្នកគ្រប់គ្រងហ្នឹងឯង មានវេលាភ្លាត់ភ្លាំងខូចខាតដូចគ្នា កាលបើសតិភ្លាត់ភ្លាំងហើយ ចិត្តក៏តែងរាយមាយ មានសេចក្ដីប្រែប្រួលទៅជាច្រើនផ្លូវ មិនអាចត្រិះរិះដល់ការងារ ដែលខ្លួនធ្វើសោះឡើយ, ការងារនោះក៏ខានសំរេច ។ ព្រោះហេតុនោះ ក្នុងលំដាប់ទី៤ បន្ទាប់ពីសតិមក ត្រូវប្រើសាមាធិមួយទៀត ព្រោះសមាធិជាគុណធម៌គ្រប់គ្រងចិត្ត មិនឲ្យរាយមាយ ឲ្យប្រព្រឹត្តស្មោះស្មើដោយអាការដ៏មាំមួន មិនឲ្យចិត្តប្រែប្រួលទៅក្នុងអារម្មណ៍ដទៃគ្រប់យ៉ាង ឲ្យស្ដិតនៅតែក្នុងការងារនោះ ។ កាលបើដូច្នោះ ការងារដែលខ្លួនធ្វើនោះ រាប់ថាបានចូលទៅកាន់ សេចក្ដីសំរេច តែដែលមិនបានសំរេចនោះ ព្រោះខ្វះបញ្ញាដែលជាកំឡាំងសំខាន់បំផុតក្នុងកំឡាំងទាំង៥នោះ ។ ព្រោះហេតុនើ ក្នុងលំដាប់តី ៥ បន្ទាប់អំពីសមាធិនោះ ត្រូវប្រកបដោយបញ្ញាមួយទៀត ព្រោះបញ្ញាជាគុណធម៌ ធ្វើឲ្យឈ្លាសវៃអង់អាចតាមធម្មតានិយម បើបុគ្គលមានបញ្ញា ដឹងហេតុនៃសេចក្ដីវិនាសនឹងសេចក្ដីចំរើន ឲ្យដំណើរការងាររបស់ខ្លួននោះ ឃ្លាតចាកសេចក្ដីអាក្រក់ចេញ ឲ្យប្រព្រឹត្តទៅតែក្នុងផ្លូវល្អ ផ្លូវប្រពៃ, កាលបើដូច្នោះ ការងាររបស់ខ្លួនដែលប្រកបនោះ តែងបានសំរេចដោយងាយ ប្រយោជន៍ដែលប្រាថ្នា ផលដែលខ្លួនប៉ុនប៉ង ក៏តែងកើតឡើងតាមសេចក្ដីប្រាថ្នា ។ ធម៌៥ប្រការនេះ សុទ្ធតែជាកំឡាំងដ៏ក្រៃលែង ក្នុងការប្រកបការងារដូចសំដែងមកនេះ ទើបមានឈ្មោះថាពលៈ ។ មួយទៀតធម៌ទាំង៥ ប្រការនេះ មានឈ្មោះថា ឥន្រ្ទិយៈ ដោយអធិប្បាយថាៈ ជាធំក្នុងកិច្ចរបស់ខ្លួន គឺសទ្ធាក៏ជាធំខាងចំណែកសទ្ធា, វិរិយៈ ក៏ជាធំខាងវិរិយៈ សតិក៏ជាធំខាងចំណែកសតិ សមាធិក៏ជាធំខាងចំណែកសមាធិ, បញ្ញាក៏ជាធំខាងចំណែកបញ្ញា, ជាធំផ្សេងៗគ្នា មិនបាច់អាស្រ័យគ្នា ដូចពលៈទេ, ព្រោះហេតុនោះ ទើបមានឈ្មោះថាឥន្រ្ទិយ ។ ហេតុដូចម្តេចបានជា សទ្ធា, វិរិយ, សតិ, សមាធិ, បញ្ញា, ទើបមានឈ្មោះថាធម៌ជាកំលាំង ឬជាធំក្នុងកិច្ចរបស់ខ្លួន? កំលាំងជាគ្រឿង ទំនុកបំរុងឲ្យកិច្ចការ ដែលខ្លួនប្រាថ្នាប៉ុនប៉ងបានដល់សេចក្ដីសំរេច ដូចយ៉ាងស្រុកនគរ នឹងមានជ័យជំនះ ឈ្នះសត្រូវខាងក្រៅបាន ក៏ត្រូវអាស្រ័យកំលាំងទាហាន នឹងកំលាំងទ្រព្យ ដែលជាគ្រឿងចិញ្ចឹមគ្នា ដែលហៅថាកំលាំងកាយកំលាំងទ្រព្យ មួយទៀតការដែលឈ្នះសត្រូវខាងក្នុង ក៏ត្រូវអាស្រ័យកំលាំងការឆ្លៀវឆ្លាស ដែលប្រព្រឹត្តទៅដោយប្រពៃ បើមិនមានកំលាំងទាំងអម្បាលនេះទេ កិច្ចដែលខ្លួនប៉ុនប៉ងនោះ ក៏មិនបានសម្រេច, សេចក្ដីនេះ មានឧបមាយ៉ាងណា, កិច្ចខាងដើមដែលបុគ្គលគប្បីធ្វើ ក៏ដូច្នោះដែរ ។ បណ្ដាកិច្ចការទាំងពួង ដែលត្រូវធ្វើដោយកាយតែងអាស្រ័យចិត្ត ព្រោះចិត្តជាធំក្នុងកិច្ចការដែលបង្គាប់អវយវៈទាំងអស់, កាយប្រៀបដូចរូបតុក្កតា ចិត្តដូចមនុស្សអ្នកទាញ រូបតុក្កតានឹងប្រព្រឹត្តទៅយ៉ាងណាក៏ព្រោះមនុស្សទាញ ព្រោះហេតុនេះចិត្តមានកំលាំង ទើបញ៉ាំងកាយឲ្យក្លាហាន ប្រកបកិច្ចការសំរេចតាមសេចក្ដីប្រាថ្នាបាន បើមិនមានកំលាំងចិត្តទេ ក៏នឹងធ្វើកិច្ចការអ្វីមិនកើត ដូចបុគ្គលដែលមានកំលាំងខ្លាំង ល្មមនឹងនឹងធ្វើកិច្ចការទាំងពួងបានពិត, តែបើខ្វះសទ្ធាគឺសេចក្ដីជឿថា អំពើដែលត្រូវធ្វើនឹងបានផលយ៉ាងនេះហើយ កាយក៏មិនប្រាថ្នានឹងធ្វើ សូម្បីមានសទ្ធាជាគ្រឿងឧបត្ថម្ភហើយ ចិត្តក៏មិនងាយនឹងធ្វើអ្វីកើត បើមិនមានសេចក្ដីព្យាយាមកាយជួយជាកំលាំងផងទេ ក៏មិនអាចនឹងធ្វើអ្វីបាន គ្រាន់តែនឹកចង់មិនចេះអស់មិនចេះហើយប៉ុណ្ណោះ ។ ឯប្រយោជន៍ដែលត្រូវបាន ក៏មិនបានដូចបំណង, ព្រោះហេតុនោះ ទើបត្រូវអាស្រ័យសេចក្ដីព្យាយាម ។សេចក្ដីព្យាយាមនេះឯង អាចឲ្យបានសំរេចប្រយោជន៍គ្រប់យ៉ាងដល់បុគ្គល ដែលប្រឹងប្រែងឧស្សាហ៍ព្យាយាមសន្សំ ធ្វើនូវកិច្ចការសព្វសារពើ ដោយមិនទំរន់អាងដល់ទោសខ្ជោលទាំង៦យ៉ាង មានមិនធ្វើការងារដោយអាងថាត្រជាក់ណាស់ រងាណាស់ជាដើម កាលបើបុគ្គល មិនទំរន់អាងដល់ខ្ជិលហើយ មានសេចក្ដីឧស្សាហ៍ព្យាយាមប្រកបការងារទាំងពួង ទ្រព្យសម្បត្តិនឹងសម្បូណ៌ពោរពាសដល់បុគ្គលនោះ ដោយឆាប់រហ័ស ព្រោះតែបុគ្គលនោះ មិនមានសេចក្ដីរួញរាចំពោះក្ដៅនឹងត្រជាក់ ដូចជាស្មៅមិនអើពើនឹងកំដៅថ្ងៃ នឹងត្រជាក់ បើទុកជាក្ដៅត្រជាក់យ៉ាងណា ក៏ស្មៅមិនរួញតឿទាបចុះទៅឡើយ សេចក្ដីនេះសមដូចពុទ្ធភាសិតថាៈ
យោ ច សីតញ្ច ឧណ្ហញ្ច តិណភិយ្យោ ន មញ្ញតិ
ករំ បុរិសកិច្ចានិ សោ សុខា ន វិហាយតិ ។
សេចក្ដីថាៈ “ជនណាមួយ កាលបើកំពុងធ្វើការងារដែលបុរសត្រូវធ្វើនោះ មិនសំគាល់នូវត្រជាក់នឹងក្ដៅ ដោយក្រៃលែងជាងស្មោ គឺថាមិនអើពើក្នុងត្រជាក់នឹងក្ដៅ ដូចជាស្មៅ ជននោះឯងនឹងមិនសាបសូន្យ មិនឃ្លាតចេញពីសេចក្ដីសុខឡើយ” ។ ម្យ៉ាងទៀតជនណាដែលខ្ជិលច្រអូសមិនគិតប្រឹងប្រែងរកទ្រព្យសម្បត្តិ គិតតែដើរលេងស៊ីផឹក សេពគប់នឹងមិត្តអាក្រក់ ជាមនុស្ស កកែ កករ រកតែរឿងទាស់ទែង មនុស្សបែបនេះ មិនងាយនឹងធ្វើខ្លួនឲ្យបានសេចក្ដីសុខ-ចំរើន ទេមានតែសេចក្ដីវិនាសម្យ៉ាង កាលដែលខ្លួននៅមានកំលាំងកំហែងមាំមួនរឹងប៉ឹង មិនប្រឹងរកទ្រព្យសម្បត្តិមកទុកដាក់ ឲ្យគង់វង្សនៅស្ថិតស្ថេរចិរកាលតទៅទេ ព្រោះតែសេចក្ដីប្រមាទខ្ជិលច្រអូសចូលមកលុកលុយម្ល៉ោះហើយទ្រព្យសម្បត្តិពីណា នឹងកើតមាន? កាលបើមិនមានទ្រព្យសម្បត្តិហើយ សេចក្ដីសុខក៏មិនមានឡើយ លុះដល់យូរទៅសំលៀកបំពាក់ ក៏រហែកអស់ ដើរអាវ៉ាសែ អនាថាឥតទីពឹង ដេកដោយម្លប់ឆើ ចិញ្ចើមថ្នល់ធ្វើភ្នែកភ្លឹះៗ ទាំងចំណីអាហារសោតទៀត ស្ទើរតែរកបំពេញពោះមិនបាន បើបានក៏បានដោយថោកទាប មនុស្សដែលធ្លាក់ខ្លួនទៅកាន់ឋានៈ ដ៏ថោកទាបយ៉ាងនេះឯង ព្រោះតែមិនមានសេចក្ដីឧស្សាហ៍ព្យាយាមប្រឹងប្រែងរកទ្រព្យសម្បត្តិ ជាមនុស្សខ្ជិលច្រអូស បានជាធ្លាក់ខ្លួនទៅកាន់ឋានៈ ដើរថោកទាបយ៉ាងនេះ ។ ព្រោះហេតុនេះ គួរយើងខំប្រឹង ប្រកបការងារឲ្យម៉ឹងម៉ាត់ឡើង ត្រូវកំចាត់បង់សេចក្ដីខ្ជិលច្រអូសចេញពីខន្ធសន្ដាន ហើយញ៉ាំងវិរិយៈ សេចក្ដីព្យាយាមប្រឹងប្រែងឲ្យកើតមានឡើង, កាលណាបើមានវិរិយៈ ហើយទ្រព្យសម្បត្តិគង់តែកើតមានពិតប្រាកដ ។ មួយទៀត មានជនពួកខ្លះច្រើនប្រកាន់លទ្ធិយថាកម្ម គឺលទ្ធិដែលធ្វើអ្វីហើយមិនប្រឹងប្រែងធ្វើឲ្យមែនទេនទេ ធ្វើទៅតាមបុណ្យតាមកម្មដោយជឿថា បើបុណ្យយើងមានចាំបាច់ទៅធ្វើប៉ុន្មាន យើងគង់តែនឹងបានជាសេដ្ឋី ជាអ្នកមាន ជាដើមមិនខាន ដល់គិតដូច្នេះហើយ ធ្វើអ្វីក៏សុទ្ធតែសោះអង្គើយទាំងអស់ រៀនសូត្រក៏មិនពិតប្រាកដធ្វើជំនួញជួញប្រែអ្វីក៏មិនប្រឹងប្រែង ធ្វើស្រែកាប់ចំការច្បារដំណាំក៏មិនខ្នះខ្នែង អាងឡើងតែស្រែកបន់ស្រន់អំពាវនាវរកទេញ្ដ ឲ្យលោកចុះមកជួយ ។ ពុំគួរឲ្យទេញ្ដជួយទន្ទេញ ឲ្យជួយលក់ដូរឲ្យបានជាធំឆាប់ ឲ្យបានចំណេញមានកំរៃច្រើនដូច្នោះទេ បន់ស្រន់ឲ្យទេញ្ដជួយយកទឹកនឹងដីមកចាក់ស្រែចំការច្បារដំណាំឲ្យ ដើម្បីឲ្យលូតលាស់មានផ្លែផ្កាសម្បូណ៌ឡើងមិនគិតខំប្រឹងរៀនសូត្រឲ្យមែនទែនឡើយ តស៊ូនឹងសេចក្ដីលំបាកគ្រប់យ៉ាង មិនខំប្រឹងប្រែងធ្វើជំនួញជួញប្រែដោយយកចិត្តទុកដាក់ អត់ធន់នឹងឧបស័គ្គគ្រប់ផ្លូវ ស៊ូទ្រាំនឹងសេចក្ដីលំបាកនឿយហាត់គ្រប់ប្រការ មិនខំភ្ជួររាស់កាប់ឆ្កា ឲ្យម៉ឺងម៉ាត់ បាចទឹកបញ្ចូល ឬជីកប្រឡាយបង្ហូរទឹក រកជីចាក់ដោយសេចក្ដីខ្មីឃ្មាតនោះឡើយ គិតតែបន់ស្រន់ទេញ្ដតែម្យ៉ាងកាលបើមានសេចក្ដីសង្ឃឹម នៅលើទេញ្ដដូច្នោះហើយ សេចក្ដីប្រឹងប្រែងគ្រប់ផ្លូវ ក៏បន្ធូរបន្ថយចេញទៅអស់ដេកចាំមើលផ្លូវទេញ្ដចុះមកជួយ មិនដឹងទេញ្ដណា ក៏នឹងចាំតែចុះមកជួយអ្នកនោះ បើទៅកើតជាទេញ្ដហើយ នៅតែត្រូវវេនចុះមកជួយរៀនសូត្រសិក្សាជួយលក់ជួយដូរ ជួយភ្ជួរស្រែកាប់ចំការ ឲ្យមនុស្សឲ្យលំបាកដូច្នោះទៀត តើចាំបាច់ទៅកើត ជាទេញ្ដធ្វើអ្វី? នៅជាមនុស្សលោកវិញស្រួលជាងទៅកើតជាទេញ្ដ បើនៅតែមកជួយធ្វើការដដែលដូច្នោះ ។ បើបន់ស្រន់ទៅ លោកជួនជាថ្ងៃណា ខែណា ឆ្នាំណា បានប្រទះត្រូវបំណន់របស់ខ្លួន ក៏តាំងសរសើរភ័ព្វសំណាង ថាទេញ្ដជួយខ្លួន ទេញ្ដមានឫទ្ធិមានអំណាច លក់មិនដាច់ខាតទុន ធ្វើស្រែចំការមិនបានផល ក៏តោងជេរប្រទេចផ្ដាសាដល់ពួកទេញ្ដ ដោយពាក្យទ្រគោះបោះបោកផ្សេងៗ កាលបើមានសេចក្ដីប្រមាថចូលមកលុកលុយក្នុងខ្លួនធ្វើឲ្យចិត្តកករល្អក់សៅហ្មងដូច្នោះហើយ ក៏ចេះតែហិនហោចចុះឥតមានសេចក្ដីចំរើនលូតលាស់ដុះដាលទៅមុខឡើយ លទ្ធិបែបនេះហើយ ដែលហៅថា លទ្ធិយថកម្ម គឺធ្វើកិច្ចការអ្វីផងទាំងពួងសុទ្ធតែឲ្យទេញ្ដចុះមកជួយសំរេចឲ្យទាំងអស់ មិនប្រឹងឲ្យបានសំរេចដោយខ្លួនឯងទេ លទ្ធិយថាកម្មនេះ បើមាននៅលើរូបបុគ្គលណាហើយត្រូវលះចោលចេញកុំឲ្យអព្វមង្គលនេះ នៅបានឡើយ ។ ព្រោះហេតុនោះ ជនដែលប្រាថ្នានូវសេចក្ដីចំរើនដល់ខ្លួន ត្រូវប្រឹងឲ្យពេញដៃពេញជើងឡើង ប្រឹងឲ្យអស់ពីចិត្តឡើង កុំធ្វើអ្វី ។ ដោយផ្សងសំណាងថាៈ មើ! បើសំណាងយើងមាន យើងបានសាងទុកពីមុនមក កិច្ចការរបស់យើងនោះ គង់តែនឹងបានសំរេចដល់យើងជាមិនខានទេ ។ ការដែលជនធ្វើអ្វីៗ ហើយគិតដូច្នេះនេះពុំប្រពៃឡើយ សំណាងដែលយើងបានសាងមកនោះ ក៏គឺបានចាត់ឲ្យយើងមកកើត ជាមនុស្សចាត់ឲ្យយើងមានអវយវៈ គ្រប់គ្រាន់មិនខ្វះខាត មិនវិកលវិការដៃជើងបាក់ភ្នែកខ្វាក់ ត្រចៀកថ្លង់នោះហើយ ត្រង់ដែលធ្វើរបរអ្វីផងទាំងពួងនោះ ក៏ស្រេចតែនឹងយើងត្រូវធ្វើខ្លួនឯង សំណាងក៏មិនអាចនឹងបង្ហូរទ្រព្យសម្បត្តិ ឬកិចកចការសព្វជំពូកមកឲ្យយើងបាន ក្នុងពេលដែលយើងមិនធ្វើអ្វីសោះនោះទេ សំណាងក៏មិនលះបង់ចោលយើងស្មោះ គង់តែនឹងជួយយើងតទៅ បើយើងខំប្រឹងធ្វើកិច្ចការទាំងពួង ដោយយកចិត្តទុកដាក់តែសំណាងនឹងលះបង់ចោលយើងនោះ នឹងមិនជួយយើងក្នុងកាលដែលយើងដេកនៅស្ងៀមមិនធ្វើអ្វីៗ ខំតែស្រែកហៅព្រែងសំណាងទទេ ។ នោះហើយនឹងមិនជួយយើងក្នុងវេលាដែលធ្វើការងារ បែបសោះអង្គើយដោយមិនយកចិត្តទុកដាក់? ហើយត្រូវខំធ្វើកិច្ចការឲ្យពេញកំលាំងតែម្យ៉ាង បើមានឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់ ដោយម៉ឺងម៉ាត់ចំពោះកិច្ចការដែលខ្លួនត្រូវធ្វើនោះ ទ្រព្យសម្បត្តិនឹងកើតប្រាកដ កាលបើមានទ្រព្យសម្បត្តិហើយសេចក្ដីសុខចំរើន តែងតែហុចឲ្យរាល់កាលរាល់វេលា ក្នុងបច្ចុប្បន្ននេះ រហូតទៅដល់បរលោកនាយ ។ វិរិយៈសេចក្ដីព្យាយាមនេះ ជាហេតុឲ្យបានសំរេចសេចក្ដីប្រាថ្នាគ្រប់យ៉ាង ព្រោះហេតុនោះ បានជាចាត់ថាមានកំលាំង ទើបអាចធ្វើការទាំងពួងពេញកំលាំង ដែលគួរធ្វើទៅបាន ព្រោះហេតុនោះត្រូវប្រើកំលាំងសតិ បំពេញឡើងទៀត ដើម្បីជាជំនួយចិត្ត ឲ្យមានកំលាំងហើយបង្គាប់កាយ ឲ្យធ្វើការទាំងពួង ដែលខ្លួនយើងត្រូវការពិតៗ តែការដែលសតិជាគ្រឿងត្រួតត្រាកំលាំងក្លាហាននឹងនៅក្នុងអារម្មណ៍តែមួយៗ ដោយហេតុនេះត្រូវអាស្រ័យកំលាំងគឺសមាធិទៀត ទើបរិតតែមានកំលាំងច្រើនឡើង ។ ក៏កំលាំងត្រឹមតែប៉ុណ្ណេះ មិនសូវពូកែណាស់នៅឡោះយទេ បើការធំៗ ក៏ល្មមសំរេចបានដូចប្រាថ្នា បើកិច្ចណាដែលល្អិតជ្រាលជ្រៅ ជារបស់កំបាំងដូចជាកិលេស ដែលដេកគ្រាំនៅក្នុងសន្ដាន ហើយប្រើត្រឹមតែកំលាំងប៉ុណ្ណោះ ក៏មិនអាចនឹងកំចាត់ទៅបានឡើយ ។ លុះតែអាស្រ័យបញ្ញារកហេតុផល ឲ្យដឹងតាមពិតជាគ្រឿងយឹតយោងផង ទើបអាចឲ្យកិច្ចទាំងនោះសម្រេចទៅបាន ។
អធិប្បាយមកត្រឹមតែប៉ុណ្ណេះ ក៏អាចនឹងបានជាគ្រឿងសំគាល់កំលាំងចិត្តប្រការ ១ សមដូចជាពុទ្ធភាសិត ដែលសំដែងចំពោះព្រោះបាទបសេនទិកោសលថា អាបទាសុ ខោ មហារាជ ថាមោ វេទិតញ្វេ
សេចក្ដីថា “បពិត្រមហាររាជ! ក្នុងអន្ដរាយទាំងឡាយ កំលាំងចិត្តបណ្ឌិតគប្បីដឹងបាន” ។ កំលាំងចិត្តបែបនេះ អាចធ្វើបុគ្គលឲ្យជាឥស្សរជនបាន ឥស្សរជន ដែលប្រកបដោយកំលាំងចិត្តបែបនេះហើយ រមែងរក្សាសេចក្ដីសុខសំរាន្ដរបស់ខ្លួន នឹងបុគ្គលដទៃឲ្យស្ថិតស្ថេរនៅបានដូច្នេះជាដើម ទើបជាគុណគួរអស់សាធុជនទាំងឡាយប្រាថ្នាណាស់ ព្រោះថាមនុស្សទាំងឡាយជាច្រើន ដែលទៅជាមនុស្សឥតប្រយោជន៍ប្រើការមិនកើតនោះ ព្រោះខ្វះធម៌៥ប្រការនេះ ជាគ្រឿងជួយកំលាំងចិត្ត, ធម៌ទាំង៥ប្រការនេះមានអធិប្បាយថា ជាកំលាំងដូច្នេះឯង ។ អាត្មាភាព សំដែងមកដោយសេចក្ដីសង្ខេប សូមសន្មតថាចប់តាមសមគួរដល់ពេលវេលាឯវំ ។ ៚
ចប់
🔸Last Updated កំណែចុងក្រោយ on June 13, 2024