ផលកម្មមិនមានមែនឬ ?

បញ្ហាការឱ្យផលនៃកម្មល្អ-កម្មអាក្រក់ !!!

អ្នកខ្លះដែលខ្វះការពិចារណា អស់សទ្ធា មិនចង់ជឿ ឬមិនជឿថាផលនៃកម្មមានពិត!
អត្ថបទនេះ អាចជួយឱ្យមើលឃើញផលនៃកម្មជាក់ស្ដែងលើមនុស្សក្នុងសង្គម រួមទាំងខ្លួនឯងផងដែរ

បញ្ហាដែលជាចំណុចប្រកែកគ្នាច្រើនបំផុតទាក់ទងនឹងកម្ម គឺការឱ្យផលរបស់កម្ម ដោយសង្ស័យលើគោល “ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់” ថា តើពិតដូចថានេះដែរឬទេ? អ្នកខ្លះបានទាំងសំអាងយកភស្ដុតាងមកបញ្ជាក់ឱ្យឃើញថា ការពិតជាក់ស្ដែងក្នុងសង្គម មនុស្សដែលធ្វើអាក្រក់បានល្អ និងមនុស្សដែលធ្វើល្អបានអាក្រក់ មានច្រើនណាស់ ។ តាមពិត បញ្ហានេះគឺជាការយល់ច្របូកច្របល់រវាងកម្មនិយាមនិងសង្គមនិយម ដោយនាំយកការប្រព្រឹត្តិទៅនៃនិយាមនិងនិយមទាំងពីរនេះមកលាយឡំគ្នា មិនបានបែងចែកក្របខណ្ឌនិងលំដាប់ថ្នាក់ឱ្យបានត្រឹមត្រូវ បើត្រិះរិះពិចារណាឱ្យល្អិតល្អន់នឹងឃើញថា សូម្បីតែអត្ថន័យនៃពាក្យថា “ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់” នេះឯង អ្នកខ្លះក៏ចាប់ផ្ដើមច្របូកច្របល់ហើយ អត្ថន័យនៃការធ្វើល្អបានល្អដែលគួរយល់គឺថា ស្មើនឹងធ្វើសេចក្ដីល្អបានសេចក្ដីល្អ ឬធ្វើសេចក្ដីល្អក៏មានសេចក្ដីល្អ ឬធ្វើសេចក្ដីល្អក៏ជាហេតុឱ្យសេចក្ដីល្អកើតឡើង ឬធ្វើសេចក្ដីល្អ ផលល្អតាមកម្មនិយាមក៏កើតឡើង តែគេបែរជាយល់ថា ធ្វើសេចក្ដីល្អបានវត្ថុល្អ ឬធ្វើល្អហើយបានផលប្រយោជន៍ឬអាមិសដែលខ្លួនពេញចិត្ត កាលបើមានបញ្ហាកើតឡើងដូចដែលពោលមកនេះ យើងគប្បីសិក្សាស្វែងយល់រឿងនេះឱ្យបានច្បាស់លាស់ឡើង ។

ចំណុចសំខាន់ដែលជាបញ្ហា គឺការច្របូកច្របល់ក្របខណ្ឌដែលបែងចែកចេញផ្សេងពីគ្នា ព្រមទាំងទំនាក់ទំនងរវាងកម្មនិយាមនិងសង្គមនិយម ដើម្បីឱ្យច្បាស់លាស់ក្នុងរឿងនេះ ជាបឋម បុគ្គលគួរពិចារណាស្វែងយល់ការឱ្យផលរបស់កម្មដែលមានចំពោះអ្នកធ្វើ(ល្អ-អាក្រក់) ដោយបែងចែងជា ៤ លំដាប់ថ្នាក់គឺ

១. ផលលំដាប់ថ្នាក់ខាងក្នុងចិត្ត តើកម្មធ្វើឱ្យកើតផលខាងក្នុងចិត្ត មានការសន្សំគុណលក្ខណៈគឺកុសលកម្មនិងអកុសលកម្ម គុណភាពនិងសមត្ថភាពរបស់ចិត្ត ដែលមានឥទ្ធិពលចំពោះការតាក់តែងអារម្មណ៍ ការនឹកគិត និន្នាការ ការនិយម ចំណូលចិត្ត និងសេចក្ដីសុខទុក្ខ យ៉ាងណាខ្លះ ? ។

២. ផលលំដាប់ថ្នាក់អត្តចរិត តើកម្មធ្វើឱ្យកើតផលក្នុងការសន្សំបន្ទុំនិស្ស័យ តាក់តែងចេញជាអត្តលក្ខណៈ ការប្រព្រឹត្តិ កិរិយាមារយាទ ឫកពា ការសម្ដែងចេញ អាកប្បកិរិយា ការទុកដាក់ខ្លួន ការតបស្នង ការទំនាក់ទំនងជាមួយបុគ្គលដទៃ និងជាមួយស្ថានការណ៍ឬបរិស្ថានទូទៅយ៉ាងណាខ្លះ? ការឱ្យផលលំដាប់ថ្នាក់នេះមានលក្ខណៈបន្ដពីលំដាប់ទី ១ នោះឯង ដែលបំបែកចេញពិចារណាម្តងទៀតដើម្បីឱ្យមើលឃើញជ្រុងជ្រោយរឹតតែច្បាស់ឡើង ។

៣. ផលថ្នាក់ដំណើរជីវិតរបស់បុគ្គល គឺកម្មជាតួនាំការប្រព្រឹត្តក្នុងជីវិតរបស់បុគ្គល ធ្វើឱ្យគេបានទទួលបទពិសោធន៍ជាទីប្រាថ្នា មិនជាទីប្រាថ្នា ភប់ប្រសព្វនឹងផលតបស្នងពីខាងក្រៅ បានជួបប្រទះសេចក្ដីវិនាស-ចម្រើន បរាជ័យ ជោគជ័យ លាភ យស សុខ សរសើរ រួមទាំងការបាត់បង់ផ្សេងៗ ដែលផ្ទុយគ្នា ហៅរួមថាលោកធម៌ ។ ផលថ្នាក់នេះអាចបំបែកមើលបាន ២ ជ្រុងជ្រោយ គឺ
– ផលស្នងឱ្យពីបច្ច័យផ្នែកផ្សេងៗ នៃបរិស្ថានក្រៅពីមនុស្ស
– ផលស្នងឱ្យពីបច្ច័យផ្នែកបុគ្គលដទៃនិងសង្គម

៤. ផលថ្នាក់សង្គម គឺកម្មដែលបុគ្គលនិងមនុស្សទាំងឡាយបានធ្វើ មានផលចំពោះការប្រព្រឹត្តទៅនៃសង្គមយ៉ាងណាខ្លះ ដូចជាការធ្វើឱ្យកើតសេចក្ដីថមថោយឬសេចក្ដីរីកចម្រើន  សេចក្ដីសុខដមរមនាត្រជាក់ត្រជុំ សេចក្ដីតោកយាកក្ដៅក្រហាយរួមគ្នារបស់មនុស្សទាំងឡាយ រួមទាំងផលអំពីទង្វើរបស់មនុស្សធ្វើចំពោះបរិស្ថានផ្សេងៗ ផ្ដល់ផលបកមករកមនុស្សវិញ ។

បើពិចារណាតាមសេចក្ដីខាងលើនេះ នឹងឃើញច្បាស់ថា ផលថ្នាក់ទី ១ និងទី ២ គឺជាផលខាងក្នុងចិត្តនិងបុគ្គលិកភាព(personality) ជាក្របខណ្ឌដែលមានកម្មនិយាមជាធំ ផលថ្នាក់ទី ៣ គឺជាក្របខណ្ឌដែលកម្មនិយាមនិងសង្គមនិយមចូលមកសម្ពន្ធគ្នា ជាចំណុចដែលកើតការច្របូកច្របល់ បង្កឱ្យកើតបញ្ហាដែលគួរពិចារណា ចំណែកផលថ្នាក់ទី ៤ ថ្វីត្បិតតែជារឿងសំខាន់ តែនៅក្រៅក្របខណ្ឌនៃការស្នើឱ្យពិចារណាតាមបធានបទ(ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់)ខាងលើ ។

មនុស្សទូទៅ កាលមើលផលនៃកម្មដែលកើតចំពោះខ្លួនឬចំពោះអ្នកដទៃ រមែងសម្លឹងថា តើមានអ្នកណាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ពិតយ៉ាងណាខ្លះឬទេ? នេះគឺជាការមើលផលថ្នាក់ទី ៣ គឺការប្រព្រឹត្តទៅក្នុងចំណែកជីវិតដែលទទួលផលពីខាងក្រៅប៉ុណ្ណោះ ជាការមើលរំលងផលថ្នាក់ទី ១ និងទី ២ ដែលជាផលដ៏សំខាន់ក្រៃលែង សំខាន់ទាំងចំពោះខ្លួនឯង ជាសុខទុក្ខក្នុងចិត្ត ភាពរឹងប៉ឹងទន់ខ្សោយខាងក្នុង ភាពទន់ខ្សោយចាស់ក្លានៃឥន្ទ្រិយជាដើម សំខាន់ទាំងក្នុងផ្នែកដែលជាប្រភពដ៏ធំនៃផលថ្នាក់ទី ៣ ផង ពោលគឺផលថ្នាក់ទី ៣ នោះ ចំណែកដែលជាក្របខណ្ឌរបស់កម្មនិយាមក៏ជាផលបន្ដមកអំពីថ្នាក់ទី ១ និងទី ២ នោះឯង ឧ​ទាហរណ៍ដូចជា ដោយផលថ្នាក់ទី ១ ក្នុងចិត្តរបស់បុគ្គលនោះឯង គឺចំណាប់អារម្មណ៍ ចំណូលចិត្ត និន្នាការ ការស្វែងរកសេចក្ដីសុខ ឬបញ្ចេញទុក្ខខាងក្នុងបុគ្គលនោះឯង ដែលទាក់ទាញនាំឱ្យគេមើលរបស់នោះឬរឿងនោះ ក្នុងជ្រុងជ្រោយនោះៗ ទាក់ទាញឱ្យចូលទៅក្នុងស្ថានការណ៍នោះៗ មានប្រតិកម្មយ៉ាងនោះៗ ការសម្រេចចិត្តនឹងធ្វើឬមិនធ្វើនោះៗ ធ្វើឱ្យបុគ្គលដំណើរការជីវិតយ៉ាងនោះៗ ឱ្យបានពើបប្រទះបទពិសោធន៍ ឬបានទទួលផលយ៉ាងនោះៗ ទាំងមានអារម្មណ៍ឬអាកប្បកិរិយាចំពោះអ្វីៗ ដែលខ្លួនបានជួបប្រទះនោះៗ ជាដើម ជាពិសេសធ្វើឱ្យកើតផលថ្នាក់ទី ២ ដែលជួយបន្ថែមផលថ្នាក់ទី ១ ក្នុងការបង្កផលថ្នាក់ទី ៣ ដូចបានពោលមកនោះឯង រួមទាំងការដែលថា កាលគេនឹងធ្វើអ្វីៗ គេនឹងធ្វើរឿងនោះៗ តាមបែបផែនណាលក្ខណៈណា ដោយអាការណា នឹងមោះមុតធ្វើរហូតទៅឬទេ? ជួបឧបសគ្គរារាំងខ្លាំងកម្រិតណានឹងឈប់ឬនៅតែដើរមុខរហូតបានសម្រេច នឹងជាបុគ្គលគ្រោតគ្រាតប្រណីតយ៉ាងណា បុគ្គលិកភាពរបស់គេប្រាកដជារូបភាពចំពោះការនឹកគិតរបស់បុគ្គលដទៃ ដែលនឹងមានផលបកមករកគេវិញ ក្នុងរូបភាពជួយឧបត្ថម្ភគាំទ្រជ្រោមជ្រែងសហការ ឬក៏បដិសេធប្រឆាំងជាដើម ដែលជាចំណែកដែលបុគ្គលិកភាពរបស់គេទាក់ទាញអ្នកដទៃឱ្យជួយពាំនាំគេទៅកាន់ផលបំណងជាទីពេញចិត្តឬមិនពេញចិត្ត ទាំងអស់នេះ មិនបានបដិសេធកត្តាដទៃៗ ជាពិសេសបច្ចយបរិស្ថានផ្នែកសង្គម ដែលនឹងមានប្រតិកម្មតបតគ្នា និងមានឥទ្ធិពលចំពោះបុគ្គលដោយអាស្រ័យកម្មនិយាមនេះ ។

ក្នុងទីនេះគ្រាន់តែសង្កត់ចំពោះការមើលកម្មនិយាមអំពីខាងក្នុងចេញមកខាងក្រៅតែម្យ៉ាងប៉ុណ្ណោះ ចំណេះចេះយល់អំពីកម្មនិយាមតាមដែលពោលមកនេះ មិនគ្រាន់តែមានប្រយោជន៍ចំពោះចំណែកការកែខៃច្នៃកាយចិត្ត ឆ្លងកាត់ការប្រកបកម្ម(ទង្វើ)របស់បុគ្គលប៉ុណ្ណោះ ថែមទាំងមានប្រយោជន៍ចំពោះអ្នកដទៃឬសង្គមដែលនឹងជួយបុគ្គលឱ្យមាននិន្នាការទៅលើបាទវិថីនៃកុសលកម្ម ដោយការបែកចែករំលែកចាត់ចែងសភាពបរិស្ថានសង្គម ទាំងជាគ្រឿងទាក់ទាញដ៏ល្អប្រពៃតាមគោលបដិរូបបទេសនិងកល្យាណមិត្ត ឬសប្បុរិសូបស្សយៈទៀតផង ។(សូមសិក្សាគោលធម៌៖ កម្ម ១២ ផង ដែលមានអ្នកនិយាយច្រើនហើយ)

ពុទ្ធធម៌៖ សម្រួលអត្ថបទ ដោយតាអារាមប៊យ
២៨ មេសា ២០១៩

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram