| មួយសោតព្រះពុទ្ធ | ទេស្នាចំហុត | ថារីភរិយា |
| មានប្រាំពីរស្មោះ | បួននោះចិត្តជា | បីនោះមោហោ |
| ចិត្តខូចងាយដាយ ។ | ||
| ឯប្រពន្ធជា | ឯកឈ្មោះមាតា- | ភរិយាដូចម្ដាយ |
| ឈឺឆ្អាលកូនខ្លួន | រែងស្ងួនមិនណាយ | មិននឹករសាយ |
| ចិត្តចាំអាណិត ។ | ||
| កូនទុក្ខទោសម្ដេច | ខ្សត់ក្រច្រើនតិច | ខឹងខុសខូចចិត្ត |
| ព្រាត់ប្រាសយូរលង់ | ពុំបង់បែកចិត្ដ | គង់ចាំចិត្តគិត |
| ឈឺឆ្អាលកូនស្មោះ ។ | ||
| ប្រពន្ធណាគាប់ | ឈឺឆ្អាលប្ដីខ្ជាប់ | ចិត្តចាំកាន់កោះ |
| ដូចម្ដាយស្រឡាញ់ | កូនពេញពីពោះ | ហៅប្រពន្ធនោះ |
| ថ្លៃឥតផ្ទឹមដល់ ។ | ||
| ប្រពន្ធជាទ្វី | ឈ្មោះហៅទាសី- | ភរិយាដូចកល់ |
| ខ្ញុំនឹងអម្ចាស់ | ប្រើណាស់ខ្វាយខ្វល់ | អាចអត់ទប់ទល់ |
| ទម្ងន់បម្រើ ។ | ||
| មិនមានទំនេរ | ទោះម្ចាស់វាយជេរ | អត់ឱនស័រពើ |
| តាមតែបង្គាប់ | ប្រញាប់ចង់ធ្វើ | ចិត្តពុំសើវ៉ើ |
| ចៀសវាងក្រោធា ។ | ||
| ប្រពន្ធណាអត់ | ឱនអង្គអំណត់ | ខ្លាចប្ដីអាត្មា |
| ដូចខ្ញុំនឹងម្ចាស់ | ខ្លាចណាស់ធានា | ប្រពន្ធនោះជា |
| ប្រសើរសុខសូន្យ ។ | ||
| ប្រពន្ធជាត្រី | ឈ្មោះភគិនី- | ភរិយាដូចប្អូន |
| ស្រឡាញ់បងពិត | លំអិតលំអូន | ទទួលដំបូន |
| មានមាត់ពាក្យបង ។ | ||
| ផ្ដាច់ផ្ដួលតែមួយ | នឹងចងជាត្រួយ | ចិត្តចាំបំណង |
| ពំនាក់ពំនឹង | ពាក់ពឹងប៉ុនប៉ង | តែនឹងអង្គបង |
| ឥតម៉ែទីទៃ ។ | ||
| ប្រពន្ធណាចូល | នឹងប្ដីមួយមូល | ចិត្តជាប់អាល័យ |
| ដូចប្អូននិងបង | ចាំចងអាស្រ័យ | ប្រពន្ធនោះថ្លៃ |
| មធ្យមពេកពិត ។ | ||
| ប្រពន្ធចត្វា | ឈ្មោះហៅសខា- | ភរិយាដូចមិត្រ |
| សំឡាញ់ស្រឡាញ់ | អស់អញពេកពិត | ស្មើខ្លួនស្មើចិត្ត |
| ស្ម័គ្រស្មោះចិន្ដា ។ | ||
| បើមិត្រទៅបាត់ | ងប់ស្ងួតមុខមាត់ | ទុក្ខទន់ទយា |
| ឃើញមុខមកបាន | ចិត្តក្សាន្ដសោះសា | ស្រស់ស្រួលភក្ដ្រា |
| និរទុក្ខសោកសៅ ។ | ||
| ប្រពន្ធណាចិត្ | ស្រឡាញ់ប្ដីពិត | គ្មានក្នុងគ្មានក្រៅ |
| ដូចមិត្រនិងមិត្រ | ចងចិត្តជាប់នៅ | ប្រពន្ធនោះហៅ |
| ឧត្តមក្រមាន ។ | ||
| សម្ដែងភរិយា | ទាំងបួនសឹងជា | ក្រស្រីធ្វើបាន |
| បើស្រីណាគិត | ផ្ចង់ចិត្តសន្ដាន | ស្រឡាញ់ប្ដីប្រាណ |
| ដូចធម៌ទេស្នា ។ | ||
| លោកថាស្រីនោះ | ឮកេរិ៍្ដពីរោះ | ទួទៅនានា |
| បើអស់ជីវិត | នៅឋិតសួគ៌ា | ចៀសចាកចតុរា- |
| បាយបាបទុក្ខភ័យ ។ | ||
| ប្រពន្ធពុំជា | ឈ្មោះវធកា- | ភរិយាដូចនៃ |
| សត្រូវចាំចង | ទោសផងសព្វថ្ងៃ | ប្រពន្ធចង្រៃ |
| ប្ដីមានតែទុក្ខ ។ | ||
| បើប្ដីខុសចិត្ត | វាគ្មានអាណិត | ខេរខឹងច្រអុក |
| ចាំចងទោសប្ដី | ស្រដីកិកកុក | ឱ្យមាត់ឱ្យមុខ |
| វាសវាងវ្ហោះវ្ហើយ ។ | ||
| សុខទុក្ខសាំទាំ | វាមើលបំណាំ | នៅស្ងៀមព្រងើយ |
| ពុំជួយទុក្ខភ័យ | ដោះដៃកន្ដើយ | ស្លាប់ដោយរស់ដោយ |
| គ្មានចិត្តមេត្រី ។ | ||
| ចោរីភរិយា | ប្រពន្ធពុំជា | លបលួចទ្រព្យប្ដី |
| គ្មានចិត្តមេត្តា | ករុណាប្រណី | របស់ទ្រព្យអ្វី |
| លក់ចាយអស់ធួន ។ | ||
| អយ្យាភរិយា | ប្រពន្ធពុំជា | តម្កើងតែខ្លួន |
| ចេះតែប្រើប្ដី | ឥតបីមានស្ងួន | ធ្វើឫកណាំនួន |
| ទុកប្ដីដូចខ្ញុំ ។ | ||
| ប្រពន្ធទាំងបី | ធ្លាក់ទៅអវចី | រងទុក្ខដំណំ |
| ក្នុងខ្ទះភ្លើងក្ដៅ | យូរនៅក្រៀមក្រំ | ព្រោះចិត្តខ្លួនធំ |
| ជាងប្ដីអាត្មា ។ | ||
| ឯប្រពន្ធបួន- | មុខនោះគួរស្ងួន | យកជាភរិយា |
| នឹងកើតរបស់ | កេរ្ដិ៍យសសក្ដា | ថ្កើងពូជពង្សា |
| សោយសុខថេរឋិត ។ | ||
| សម្ដែងបរិយាយ | ភរិយាទាំងឡាយ | ប្រាំពីរចរិត |
| ទាំងជួទាំងជា | ពណ៌នាពោលពិត | ចែងចប់ពិនិត្យ |
| តាមអត្ថគាថា ។៚ |
ព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ(ព្រះអង្គដួង)
ទ្រង់និពន្ធទុកក្នុងឆ្នាំរកានព្វស័ក ព.ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា
វ.ជ.ណ. ទ. ៦៥៥ – ៦៥៦
តាអារាមប៊យ
១១ កុម្ភៈ ១៨


🔸កំណែចុងក្រោយ Last Updated on August 19, 2025 by Johnny ចន្នី


