បរិភោគ៤យ៉ាង
☸️ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ ចែកចេញតាមប្រភេទរបស់បុគ្គល អ្នកបរិភោគប្រើប្រាស់ មាន ៤យ៉ាងគឺ:
👉១. ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។
👉២. ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់ភិក្ខុដែលមានសីល តែមិនបានពិចារណា។
👉៣. ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់សេក្ខបុគ្គល ៧ពួក។
👉៤. សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។
☸️អធិប្បាយ
១. ថេយ្យបរិភោគ ភិក្ខុដែលទ្រុស្តសីល ហើយនៅបំបាំងខ្លួន ពួនសម្ងំបរិភោគនូវបច្ច័យរបស់ទាយកជាមួយនឹងសង្ឃ ហៅថា លួចបច្ច័យរបស់ទាយកមកបរិភោគ ព្រោះថា ទាយកដែលគេបូជានូវបច្ច័យមក គេចំពោះរកតែលោកដែលមានសីល ដោយគេប្រាថ្នាចង់បានផលច្រើន គេមិនបានចំពោះរកភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីល នៅក្លែងបំភាន់យកបច្ច័យរបស់គេមកបរិភោគ ទើបបានឈ្មោះថា លួចយកនូវបច្ច័យរបស់ទាយកមកបរិភោគ មិនត្រឹមតែប៉ុណ្ណោះសោត បានឈ្មោះថា បានលួចបច្ច័យរបស់ភិក្ខុដែលមានសីលទាំងប៉ុន្មាន មកបរិភោគទៀតផង ព្រោះបច្ច័យដែលទាយកគេឲ្យមកដោយសទ្ធានោះ ព្រះមានព្រះភាគទ្រង់អនុញ្ញាតទុកឲ្យភិក្ខុដែលមានសីលតែម្យ៉ាង ព្រះអង្គមិនបានអនុញ្ញាតទុកឲ្យដល់ភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីលនោះ មកនៅបំបាំងរាំងមុខស្កាត់យកបច្ច័យទាំងនោះមកបរិភោគ ទើបបានឈ្មោះថា លួចយកនូវបច្ច័យរបស់ភិក្ខុដែលមានសីល មកបរិភោគ។
២. ឥណបរិភោគ ភិក្ខុដែលមានសីលបរិសុទ្ធហើយ តែបរិភោគប្រើប្រាស់នូវបច្ច័យ មិនបានពិចារណាក្នុងកាលទាំង៣ ដោយបច្ចវេក្ខណៈទាំង ៤ ឯណានីមួយសោះ បែបនេះហៅថា បរិភោគដោយបំណុល ទុកដូចជាជំពាក់បំណុលរបស់ទាយក មិនអាចនឹងរលាស់ខ្លួនឲ្យរួចអំពីសំសារទុក្ខទៅបាន ប្រៀបដូចបុគ្គលដែលជំពាក់បំណុលរបស់អ្នកដទៃ ក៏មិនងាយនឹងទៅកាន់ប្រទេសណាដែលខ្លួនត្រូវការទៅនោះ តាមសេចក្តីគាប់ចិត្តរបស់ខ្លួននោះបានឡើយ ហេតុនោះ ភិក្ខុដែលមានសីលបរិសុទ្ធ គប្បីពិចារណាក្នុងចីវរបច្ច័យឲ្យរាល់ប្រយោគដែលប្រើប្រាស់ ក្នុងបិណ្ឌបាតបច្ច័យឲ្យរាល់ពំនូត ក្នុងសេនាសនបច្ច័យ ឲ្យរាល់វារៈដែលចូលទៅ ឯក្នុងគិលានភេសជ្ជបច្ច័យ ឲ្យពិចារណាទាំងក្នុងកាលដែលបានទទួលផង ក្នុងកាលដែលបរិភោគផង។
៣. ទាយជ្ជបរិភោគ សេក្ខបុគ្គល ៧ពួក ទុកថាជាបុត្ររបស់ព្រះមានព្រះភាគ ដែលត្រូវទទួលនូវមត៌ករបស់ព្រះអង្គ បច្ច័យទាំង ៤ ដែលទាយកគេឲ្យដោយសទ្ធា ទុកថាជាមត៌កដែលព្រះអង្គប្រទានទុកឲ្យដល់បុត្រ ព្រោះហេតុនោះ កិរិយាបរិភោគនូវបច្ច័យ ៤ របស់សេក្ខបុគ្គល ៧ពួក ហៅថា បរិភោគនូវមត៌កដែលលោកត្រូវការបាន។ ឯបរិភោគរបស់ភិក្ខុដែលមានសីលហើយ បានពិចារណានោះ នឹងហៅថា អានណ្យបរិភោគ គឺបរិភោគមិនមានបំណុលដូច្នេះ ក៏បាន ព្រោះជាបដិបក្ខដល់ឥណបរិភោគ ឬនឹងហៅថា ទាយជ្ជបរិភោគដូច្នេះផង ក៏បាន ព្រោះភិក្ខុដែលមានសីល លោកប្រកបដោយសីលសិក្ខា ហាក់ដូចជាសេក្ខបុគ្គលដែរ។
៤. សាមិបរិភោគ ព្រះខីណាស្រពទាំងឡាយ លោកកន្លងផុតហើយនូវភាពដែលជាខ្ញុំនៃតណ្ហា លោកបាននាមថា ជាម្ចាស់នៃបច្ច័យ ព្រោះលោកបរិភោគរបស់បុគ្គលណា អាចញុំាងសេចក្តីប្រាថ្នារបស់បុគ្គលនោះឲ្យពេញបរិបូណ៌បាន។
ក្នុងបរិភោគទាំង ៤ យ៉ាងនេះ សាមិបរិភោគ ប្រសើរជាងគេបំផុត ទាយជ្ជបរិភោគ ប្រសើរបន្ទាប់ ឯថេយ្យបរិភោគ និងឥណបរិភោគ មិនប្រសើរឡើយ។
សូមអនុមោទនា !!!
🔸🔸❁🙏❁🔸🔸
ប្រភព-Source: ឈូកក្រហម
🔸Last Updated កំណែចុងក្រោយ on September 14, 2024