បរាភវសូត្រមានអត្ថបទ

ស្មូតដោយ ព្រះភិក្ខុ វ៉ា ហៀន និង កញ្ញា អៀង ចាន់ថាវី
បរាភវន្ដំ បុរិសំ មយំបុច្ឆា ម គោតមំ
ភវន្ដំ បុដ្ឋុមាគមកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយមកសូមទូលសួរនូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាសដែលនឹងវិនាសសាបសូន្យចាកគុណ ។
ឆ្ពោះព្រះគោតមព្រះអង្គមានបុណ្យមេត្តានិមន្តសម្តែងឱ្យទាន
ធម្មជាតិដូចម្តេចដែលជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
សុវិជានោ ភវំ ហោតិសុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិធម្មទេស្សី បរាភវោ ។
អ្នកដែលចម្រើនតថាគតស្គាល់ងាយអ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្តហើយខំប្រព្រឹត្តនឹងបានចម្រើន
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើនឥតកើនចម្រើនវិនាសទៅមុខ ។
ឥតិ ហេតំ វិជានាមបឋមោ សោ បរាភវោ
ទុតិយំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី១ទាន់ហន់ ។
បពិតព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី២អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
អសន្តស្ស បិយា ហោន្តិសន្តេន កុរុតេ បិយំ
អសតំ ធម្ម រោចេតិតំ បរាភវតោ មុខំ ។
អ្នកដែលស្រលាញ់ពេញចិត្តស្នេហាតែនឹងមនុស្សណាអសប្បុរស
តែងមិនស្រលាញ់ពេញចិត្តទាំងអស់និងអ្នកសប្បុរសមកធ្វើជាមិត្រ ។
សេចក្តីស្រលាញ់ពេញចិត្តគំនិតហើយទៅគប់មិត្រអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់ហេតុនោះទាំងអស់នាំឱ្យវិនាស ។
ឥតិ ហេតំ វិជានាមទុតិយោ សោ បរាភវោ
តតិយំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី២ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៣អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
និទ្ទាសីលី សភាសីលីអនុដ្ឋាតា ច យោ នរោ
អលសោ កោធបញ្ញាណោតំ បរាភវតោ មុខំ ។
អ្នកដេកច្រើនមួយនិយាយច្រើនមួយនិងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូសមិនមានខ្នះខ្នែងខឹងច្រើនសម្តែងឱ្យគេឃើញបាន ។
ហេតុធម៌ទាំងនោះមិនជាកល្យាណនាំឱ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោចនាំបង់ប្រយោជន៍ហើយឱ្យវិនាស ។
ឥតិ ហេតំ វិជានាមតតិយោ សោ បរាភវោ
ចតុត្ថំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៣ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៤អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
យោ មាតរំ បិតរំ វាជិណ្ណកំ គតយោព្វនំ
បហុសន្តោ ន ភរតិតំ បរាភវតោ មុខំ ។
នរជនណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរាហេតុនោះទៅជានាំឱ្យវិនាស ។
ឥតិ ហេតំ វិជានាមចតុត្ថោ សោ បរាភវោ
បញ្ចមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៤ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៥អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
យោ ព្រាហ្មណំ សមណំ វាអញ្ញំ វាបិ វនិព្វកំ
មុសាវាទេន វញ្ចេតិតំ បរាភវតោ មុខំ ។
ជនបញ្ឆោតព្រាណ្មណ៍ឬពួកសមណៈពួកស្មូមឬអ្នកដ៏ទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃនោះប្រធាននៃសេចក្តីវិនាស ។
ឥតិ ហេតំ វិជានាមបញ្ចមោ សោ បរាភវោ
ឆដ្ឋមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៥ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៦អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
បហុតវិត្តោ បុរិសោសហិរញ្ញោ សភោជនោ
ឯកោ ភុញ្ជតិ សាទូនិតំ បរាភវតោ មុខំ ។
បុរសអ្នកមានទ្រព្យធនធានច្រើនមាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសាស៊ីម្នាក់ឯងជាសេចក្តីវិនាស ។
ឥតិ ហេតំ វិជានាមឆដ្ឋមោ សោ បរាភវោ
សត្តមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៦ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៧អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
ជាតិត្ថទ្ធោ ធនត្ថទ្ធោគោត្តត្ថទ្ធោ ច យោ នរោ
សញ្ញាតឹ អតិមញ្ញេតិតំ បរាភវតោ មុខំ ។
អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូលហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញាតិខ្លួនដោយអាងខ្លួនមាននោះជាប្រធានសេចក្តីវិនាស ។
ឥតិ ហេតំ វិជានាមសត្តមោ សោ បរាភវោ
អដ្ឋមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៧ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៨អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
ឥត្ថីធុត្តោ សុរាធុត្តោអក្ខធុត្តោ ច យោ នរោ
លទ្ធំ លទ្ធំ វិនាសេតិតំ បរាភវតោ មុខំ ។
ជនអ្នកប្រព្រឹត្តល្បែងបីប្រការល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយការល្បែងទាំងឡាយនោះនាំវិនាស ។
ឥតិ ហេតំ វិជានាមអដ្ឋមោ សោ បរាភវោ
នវមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៨ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី៩អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
សេហិ ទារេហិ អសន្តុដ្ឋោវេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុតំ បរាភវតោ មុខំ ។
ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួនហើយទៅជាប់ជួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានាហេតុនោះទៅជានាំឱ្យវិនាស ។
ឥតិ ហេតំ វិជានាមនវមោ សោ បរាភវោ
ទសមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី៩ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១០អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
អតីតយោព្វនោ បោសោអានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិតំ បរាភវតោ មុខំ ។
បុរសមានវ័យដែលចាស់ហួសពេកហើយមានតម្រេកដោយក្តីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយាហេតុនោះទៅជានាំឱ្យវិនាស ។
ឥតិ ហេតំ វិជានាមទសមោ សោ បរាភវោ
ឯកាទសមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី១០ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១១អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
ឥត្ថី សោណ្ឌី វិកិរណីបុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិតំ បរាភវតោ មុខំ ។
បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះអំពើទាំងនោះនាំឱ្យវិនាស ។
ឥតិ ហេតំ វិជានាមឯកាទសមោ សោ បរាភវោ
ទ្ធាទសមំ ភគវា ព្រូហិកឹ បរាភវតោ មុខំ ។
យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែងវិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្គ្រោះវិនាសនោះឈ្មោះទី១១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្តសូមទ្រង់និមន្តសម្តែងឱ្យទាន
វិនាសទី១២អ្វីជាប្រធាននាំសត្វឱ្យមានសេចក្តីវិនាស ។
អប្បភោគោ មហាតណ្ហោខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិតំ បរាភវតោ មុខំ ។
ជនណាកើតក្នុងត្រកូលជាក្សត្រអ្នកខ្សត់សម្បត្តិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភហេតុនោះនឹងនាំឱ្យវិនាស ។
ឯតេ បរាភវេ លោកេបណ្ឌិតោ សមវេក្ខិយ
អរិយទស្សនសម្បន្នោសលោកំ ភជតេ សិវំ ៕
ជនជាបណ្ឌិតគំនិតប្រសើរបានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាសគេចពីវិនាសគប់រកចម្រើន ៕
បរាភវសុត្តំ និដ្ឋិតំ
Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace