បទលើកទង់ព្រះពុទ្ធសាសនា
ស្តាប់សម្លេងសូត្រ ដោយព្រះភិក្ខុ សាន សុជា
បទលើកទង់ព្រះពុទ្ធសាសនា
សូធ្យជាបទបឋ្យាវត្ត
| សូមមើលទង់ជ័យ | ឆព្វណ្ណរង្សី | ដែលមានរស្មីភ្លឺស្រស់ល្អ |
| ខៀវលឿងក្រហម | ព្រមទាំងពណ៌ស | ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។ |
| ប្រទេសតូចធំ | បានស្ម័គ្រស្មាគម | ជំនុំគ្នាច្រើនអនេក |
| ព្រមយករស្មី | ព្រះពុទ្ធគួរត្រេក | ប្រសើរពន់ពេកក្រៃកន្លង ។ |
| ធ្វើជាសញ្ញា | ទង់ជ័យសាសនា | នៃព្រះសម្ពុទ្ធចម្បង |
| ចូរយើងរាល់គ្នា | យកចិត្តចាំចង | នឹកដល់ព្រះអង្គជាអម្ចាស់ ។ |
| ទោះជាតិផ្សេងគ្នា | ក៏ត្រូវដឹងថា | សុទ្ធសឹងតែជាពុទ្ធសាសន៍ |
| ត្រូវមានសាមគ្គី | ទាំងក្មេងទាំងចាស់ | ប្រឹងប្រែងឱ្យណាស់គ្រប់ៗគ្នា ។ |
| សូមសាសនា(ព្រះ)ពុទ្ធ | ថ្កុំថ្កើងខ្ពស់ផុត | រុងរឿងវិសុទ្ធថ្លៃថ្លា |
| ហើយមានជ័យជោគ | ផ្សាយពេញលោកា | ដោយជនជ្រះថ្លារាប់ច្រើនលាន។ |
| មានចិត្តស្នេហា | គោរពបូជា | ចំពោះព្រះធម៌ដ៏កល្យាណ |
| ទាំងមនុស្សទេវតា | ស្នេហាគ្រប់ប្រាណ | ប្រាថ្នាចង់បានសេចក្តីសុខ ។ |
| យើងខេមរជាតិ | នាំគ្នាខ្មីឃ្មាត | កាន់ធម៌នឹងបានផុតទុក្ខ |
| រួបរួមសាមគ្គី | ពីនេះទៅមុខ | យើងនឹងបានសុខក្សេមក្សាន្តត្រាណ។ |
| ព្រមព្រៀងប្រព្រឹត្ត | កាន់ធម៌សុចរិត | ឆ្ពោះទៅកាន់ស្ថាននិព្វាន |
| ជាទីផុតទុក្ខ | បានសុខក្សេមក្សាន្ត | ជាតិយើងនឹងបានសោយសុខា ។ |

ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ


🔸កំណែចុងក្រោយ Last Updated on July 16, 2024 by Johnny ចន្នី

