បណ្តាំតាមព្យញ្ជនៈ

បណ្តាំតាមព្យញ្ជនៈ

បទភុជង្គលីលា

នេះបទភុជង្គលីលាសូមចាប់ចងជាឃ្លោងឃ្លាមួយថ្មី។
បំណងចងក្រងសេចក្តីផ្តាំជនប្រុសស្រីស្តីតាមព្យញ្ជនៈ ។
សាមសិបបីតួជាធ្នាក់ផ្សែផ្សំផ្គុំស្រៈស្រាក់ជាឃ្លោងឃ្លា។
ចុងជួនភុជង្គលីលាកំណាព្យកាព្យា ។ជូនជាសេចក្តី  
កើតកំណើតប្រុសស្រីកាន់កាប់ការអ្វី ។កុំបីកិច្ចកល់  
ខំសន្សំកុសលខិតខំខ្វាយខ្វល់ផ្តល់ផលជាបុណ្យ ។
គេងគិតគូរគយគន់រិះរេរកគុណទុនគង់គប្បី ។
ឃាត់ចិត្តគិតអប្រិយឃោរឃៅព្រៃផ្សៃ ឃាត់ ។គប្បីឃាំង  
កុំងប់ងល់ជ្រុលបទងីងើភ្លើភ្លាត់ប្រយ័ត្នងាប់ងាយ។
ចូរចរចារួសរាយចាត់ចែងចែកចាយឱ្យញាតិចូលចិត្ត ។
ឆោតកុំចោទបញ្ឆិតឆាឆៅផៅមិត្រ ឆា ។ពិតឆាប់ប្រេះ  
ជួយស្ទួយជាតិសាសនាជួបជុំញាតិសាជាតិជាក់ជោគជ័យ ។
ឈប់ឈូឆរលើដីឈានឈោងលកលៃឈប់បង្ហូរឈាម ។
ញឹមញញែមស្ងប់ស្ងៀមញញឹមបែបត្រៀមញញើតសន្តាន ។
ដេកដើរដឹងដើមដានដឹងដល់ប្រមាណដឹងឱ្យដល់ដប់ ។
ឋិតជិតឋានសុខស្ងប់ភថែថួនឱ្យជាប់ឆាប់បានសួគ៌ឋាន ។
ឌឺបញ្ឈឺដើមដានដៀមដាមបូរាណបាត់បង់ឧត្តម ។
មានធនធានស្តុកស្តម្ភធូរធារសន្សំនាំឱ្យធំធាត់ ។
អ្នកណាមួយអំណត់អ្នកនោះប្រាកដនឹងបានចំណាន ។
តបគុណកុំតឹងតានតបតាមលំអាននឹងបានសុខា ។
ថែរក្សាមេបាផលពិតថ្លៃថ្លាឋិតថេរយូរយារ ។
ទប់ទោសទាស់ទែងគ្នាទៅតាមធម្មាទើបជាផូរផង់ ។
ធនធូរធារគង់វង់ធានាយូរលង់ព្រោះគ្រងរក្សា ។
នាំអ្នកណានឹកនានឹកគុណធម្មាអ្នកនោះនឹងថ្លៃ ។
បោសបំបាត់ចង្រៃបោះបង់ព្រៃផ្សៃបានបុណ្យធំណាស់ ។
ផឹកផិតផាយផ្តេសផ្តាសផ្ដេកផ្ដួលចោលផ្ទះជះផលសៅហ្មង ។
‌‌ ពោលពាក្យពេចន៍ពិតត្រង់ពូជពង្សផូរផង់ ពេញពិតប្រពៃ ។
ភូតនាំជួបភិតភ័យអប្បអន់សំដីស្តីគេលែងស្តាប់ ។
មានមេត្តាជាទ្រព្យមានច្បាប់ទម្លាប់មិត្តរាប់មូលមីរ ។
យល់ស្គាល់តួនាទីហើយមិនយាយីញក់ញីក្បួនច្បាប់។
រស់មានសណ្តាប់ធ្នាប់រម្យទមសុភាពរាបទាបរាក់ទាក់ ។
លះលោភលន់លួចលាក់លូកលាន់ឥតល័ក្ខណ៍ជាក់លឿនលូតលាស់។
វាងវិវាទទោសទាស់វៀរវង្វេងឈ្លោះយសនឹងវឌ្ឍនា ។
ស៊ូប្តូរនឹងសិក្សាស៊ូសព្វសញ្ញាប្រាកដសុខសាន្ត ។
ហាត់លត់ពត់ដំប្រាណហ៊ឺហាសាមាន្យអស់ ។ហាមគ្រប់ទាំង  
ឡើងថ្កើងបុណ្ស័ក្តិយសសូមកុំឡេះឡោះនោះមិនល្អឡើយ ។
ឱនលំទោនអង្គអើយបើអង់អាចហើយអង្គកុំអួតអាង ។
ក ខ គ ឃ ឈរតាងទុកជាតំណាងតាងជាបណ្តាំ ។
បំណងប៉ុនប៉ងផ្តែផ្តាំចំណុចចុចចាំចំណាំព្យញ្ជនៈ ។
ផ្សែផ្សំផ្គួបផ្គុំផ្តុំស្រៈចែកជាឃ្លាវគ្គជាក់ជាមានន័យ ។
ជួយជាជំនួយស្មារតីជូនជនប្រុសស្រីលៃតាមចំណេះ ។
ចំណារចារមកប៉ុណ្ណេះសូមសង្ខេបស្លេះចប់ប៉ុណ្ណេះហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៧

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).