ធម៌សុចរិត
បទពាក្យប្រាំបួន
ធម៌សុចរិតតាមការណ៍ពិតតែងរក្សា | នូវជនណាដែលប្រព្រឹត្តនូវធម៌នោះ |
ធម៌សុចរិតដែលបណ្ឌិតសន្សំស្មោះ | ពុំដែលផ្សោះតែងនាំសុខមកផ្តល់ឱ្យ ។ |
នេះគឺជាអានិសង្សការផ្ចង់ចិត្ត | ខំប្រព្រឹត្តសន្សំធម៌ពុំដែលធ្លោយ |
រីបុគ្គលអ្នកប្រព្រឹត្តធម៌ពុំខ្សោយ | លុះជាតិក្រោយតែងបានសោយសុខសួគ៌ា ។ |
រឿងពីព្រេងព្រះសម្តែងប្រាប់បញ្ជាក់ | ថាមានអ្នកប្រព្រឹត្តធម៌សុចរិតា |
ពូជធម្មបាលឥតមានសល់រូបជនណា | ទាំងអស់គ្នាសុទ្ធតែមានអាយុវែង។ |
ជនណាបានប្រព្រឹត្តធម៌នេះទៀងទាត់ | ពុំដែលភ្លាត់តែងរស់នៅយូរអង្វែង |
ដូចភាសិតដែលព្រះពុទ្ធទ្រង់សម្តែង | ជននោះឯងតែងបានសុខប្រសើរហោង។ |
កំណាព្យនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា គ.ស. ១៩៦៨ ព.ស. ២៥១២
🔸Last Updated កំណែចុងក្រោយ on November 10, 2024
Facebook Comments